Wednesday, April 18, 2018

អភិបាលក្រុងកំពង់ឆ្នាំងថ្លែងថា ប្រជាពលរដ្ឋដើរកំសាន្តសប្បាយរីករាយបានធ្វើបុណ្យធ្វើទានដោយសារប្រទេសយើងមានសុខសន្តិភាព

កំពង់ឆ្នាំង៖ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៧ បានថ្លែងថា ប្រជាពលរដ្ឋដើរកំសាន្តសប្បាយរីករាយ បានធ្វើបុណ្យធ្វើទានដោយសារប្រទេសយើងមានសុខសន្តិភាព។ លោកបានថ្លែងដូចនេះ នៅវត្តយាយទេព ស្ថិតក្នុងសង្កាត់ផ្សារកំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ក្នុងឱកាសដែលលោក និងលោកស្រី អញ្ជើញចូលរួមក្នុងពិធីងូតទឹកជូនចាស់ៗ ជាង២៥០នាក់។ ក្នុងពិធីនោះក៏មានការនិមន្តចូលរួមពីព្រះចៅអធិការវត្តយាយទេព លោក គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត លោក វង្ស ឌីណា ប្រធានសាខាពន្ធដារខេត្ត អាជ្ញាធរសង្កាត់កំពង់ឆ្នាំង និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក យិន សាវ៉េន បានមានប្រសាសន៍បន្តថា ពិធីងូតទឹកជូនចាស់ៗគឺដើម្បីតបស្នងសងគុណ ដែលគាត់បានបន្សល់ទុកកេរ្តិ៍ តំណែលវប្បធម៌ពីដូនតាជាច្រើន ជាពិសេសវប្បធម៌សាមគ្គីភាពឯកភាពជាតិ ក្នុងបុព្វហេតុដើម្បីសន្តិភាព ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋនិងអភិវឌ្ឍន៍ ប្រទេសមានការរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

លោក យិន សាវ៉េន បានមានប្រសាន៍បន្តទៀតថា ការងូតទឹកជូនចាស់ៗគឺដើម្បីជម្រះនូវចិត្តស្មៅហ្មងពីឆ្នាំចាស់ អោយវិនាសសាបសូន្យនាំយកនូវអំពើល្អ និងចិត្តជ្រះថ្លាសុំពរថ្មីសេចក្តីសុខសាន្ត ដល់កូនចៅដើម្បីរួមគ្នាថែរក្សាសន្តិភាព អោយបានគង់វង្សទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

នៅចុងបញ្ចប់ព្រះចៅអធិការវត្តយាយទេព និងលោក យិន សាវ៉េន ព្រមទាំងអាជ្ញាធរសង្កាត់ផ្សារឆ្នាំង បានងូតទឹកជូនចាស់ៗដោយការគោរពស្រឡាញ់ ដូចមាតាបិតារបស់ខ្លួនផងដែរ និងបានចែកអំណោយជូនចាស់ៗទាំង២៥០នាក់ ក្នុងម្នាក់ៗទទួលបានទឹកផ្លែឈើ២កំប៉ុង ទឹកសុទ្ធ១ដប និងថវិកា៣ពាន់រៀល ដែលជាអំណោយរបស់លោកស្រី ជូន ប៊ុនអេង និងក្រុមការងារចុះសង្កាត់ផ្សាឆ្នាំងផងដែរ៕






No comments:

Post a Comment