Friday, December 17, 2021

អគ្គរដ្ឋទូតឡាវ ចប់អាណត្តិការងារនៅកម្ពុជា ស្ញែប់ស្ញែងចំពោះការរីកចម្រើនរបស់កម្ពុជា និងអរគុណអនេក ចំពោះជំនួយប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

 (ភ្នំពេញ)៖ លោក អ៉ឹមផាយ គីនដាវង្ស (Amphay Kindavong) ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ដែលទើបនឹងបញ្ចប់បេសកកម្មការងារ បានបង្ហាញនូវការស្ញប់ស្ញែងចំពោះភាពរីកចម្រើន និងការអភិវឌ្ឍនៅកម្ពុជា។ លោក ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយបរិក្ខារពេទ្យ វ៉ាក់សាំង រថយន្ត និងថវិកាជាបន្តបន្ទាប់ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅក្នុងប្រទេសឡាវ។


លោក គីនដាវង្ស បានថ្លែងដូចខាងលើនេះ ក្នុងពេលរូបលោកអញ្ជើញជួបជម្រាបលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ។

ក្នុងជំនួបជម្រាបលានេះ លោក គីនដាវង្ស បានថ្លែងអំណរគុណសម្ដេចតេជោ ថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ធ្វើឱ្យបានបំពេញបេសកកម្មកាទូតនៅកម្ពុជា ទទួលបានជោគជ័យរយៈពេល៣ឆ្នាំកន្លងទៅនេះ។

លោក គីនដាវង្ស ក៏បានជម្រាបជូនសម្ដេចតេជោផងដែរថា រយៈពេលជាង ៣មកនេះ លោកបានឃើញកម្ពុជា មានការអភិវឌ្ឍជាលំដាប់។ លោកសូមសម្ដែងការអបអរសាទរជូនចំពោះប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោ ដែលបានដឹកនាំកម្ពុជា ឈានឆ្ពោះទៅកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ឯកអគ្គរដ្ឋទូតឡាវចប់អាណត្តិការងាររូបនេះ ក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្ដល់ជាជំនួយដល់ប្រជាជន និងរដ្ឋាភិបាលឡាវ ជាបរិក្ខារពេទ្យ វ៉ាក់សាំង រថយន្ត និងថវិកា សម្រាប់ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩នៅប្រទេសឡាវ។

លោក គីនដាវង្ស បានគូសបញ្ជាក់ថា ប្រជាជនឡាវ រដ្ឋាភិបាលឡាវ ពិតជាមានសេចក្ដីរីករាយ និងដឹងគុណជាអនេកចំពោះសមានចិត្តរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

ក្នុងជំនួបជម្រាបលានេះ លោក គីនដាវង្ស បានជូនពរសម្តេចតេជោ ហ៊ុន សែន ទទួលបានជោគជ័យក្នុងការបំពេញការងារជាប្រធានអាស៊ាននៅឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់លោក គីនដាវង្ស នៅកម្ពុជា ដោយបានបំពេញការងារជាច្រើន ដើម្បីចូលរួមចំណែកក្នុងការពង្រីកពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ចំពោះជំនួយដែលកម្ពុជា បានជូនដល់ប្រជាជន និងរដ្ឋាភិបាលឡាវនោះ សម្ដេចតេជោ បានលើកឡើងថា នេះគឺជាជំនួយជួយដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដែលកំពុងមានសេចក្ដីត្រូវការ៕










ពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្តរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត

សៀមរាប៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅរដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលេីកទិសដៅសកម្មភាពការងារឆ្នាំ២០២២  ក្រោមអធិបតីភាពលោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងលោក  ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានវត្តមានចូលរួមពីសំណាក់លោក លោកស្រី អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្ត្រីបុគ្គលិកក្រុមការងារនៃក្រសួងមហាផ្ទៃ នាយក-នាយករងរដ្ឋបាលរាជធានី-ខេត្ត និងប្រធាន-អនុប្រធានអង្គភាពច្រកចេញចូលតែមួយទាំង ២៥ រាជធានី-ខេត្ត សរុបចំនួន ៦០រូប។ 


ជាមួយគ្នានោះ លោក ទៀ  សីហា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ  និងលទ្ធផលការងារដែលសម្រេចបានកន្លងមកក្នុងឆ្នាំ២០២១នេះ  របស់អង្គភាពច្រកចេញចូលតែមួយរបស់រាជធានី-ខេត្ត  ពិសេសខេត្តសៀមរាប  ដែលជាខេត្តប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជាយេីង។ 


ក្នុងនោះ លោក ប្រាក់ សំអឿន បានវាយតម្លៃខ្ពស់លើលទ្ធផលការងាររបស់អង្គភាពច្រកចេញចូលតែមួយទាំង២៥រាជធានី-ខេត្ត ព្រមទាំងមានប្រសាសន៍ថ្លែងកោតសរសើរមន្រ្តីនៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលបានខិតខំផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ដែលមានតម្រូវការចាំបាច់ក្នុងការស្នើសុំសេវារដ្ឋបាល បានយ៉ាងល្អ ប្រសើរបើទោះបីជាមានតំបន់មួយចំនួនត្រូវបានបិទដោយសារការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ក៏ដោយ។ 


លោកបានបញ្ជាក់ទៀតថា ជារៀងរាល់ឆ្នាំ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តែងតែរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលប្រចាំឆ្នាំ និងលើកទិសដៅការងារឆ្នាំបន្ទាប់សម្រាប់ការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានសមាសភាពចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរួមមានទាំងថ្នាក់រាជធានី ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌរួមគ្នា ប៉ុន្ដែដោយសាររយៈពេលពីរឆ្នាំនេះ ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានានៅក្នុងសកលលោកកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ហេតុដូច្នេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានសម្រេចរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២២ សម្រាប់តែការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដាច់ដោយឡែក។ 


លើសពីនោះ លោក ប្រាក់ សំអឿន ក៏បានគូសបញ្ជាក់អំពីគោលបំណងសំខាន់ៗ នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំនេះ ដូចខាងក្រោម៖ 

១.បង្ហាញលទ្ធផលនៃការអនុវត្តការងារទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិពាក់ព័ន្ធនឹងការគាំទ្រ និងការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងរយៈពេល១១ខែ ឆ្នាំ២០២១

២.ចែករំលែកបទពិសោធន៍នៃការអនុវត្តការងារ ព្រមទាំងវិធីសាស្រ្តនៃការដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់អង្គភាពច្រកចេញចូលតែមួយ

៣.  ជជែកពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមជារួមលើការផ្តល់សេវារដ្ឋបាល

៤.លើកទិសដៅសកម្មភាពការងារសំខាន់ៗទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសម្រាប់តម្រង់ទិសយកទៅអនុវត្តក្នុងឆ្នាំ២០២២៕






សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសថៃ

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងទៅកាន់លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃថា នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ខាងមុខនេះ កម្ពុជា នឹងប្រឹងប្រែងពង្រឹងមិត្តភាព សាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ានឱ្យកាន់តែល្អប្រសើរ។

ការគូសបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់រដ្ឋមន្ត្រីបរទេសថៃ គឺបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ។ លោក ដន ប្រាម៉ាត់វីណៃ កំពុងនឹងបំពេញទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា និងថៃ លើកទី១១។

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ លោករដ្ឋមន្ត្រីការបរទេសថៃ ក៏បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន។ បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់អ្នកព័ត៌មានឱ្យដឹងថា ក្នុងជំនួបនេះលោករដ្ឋមន្ត្រីការបរទេស បានជម្រាបសួរសម្តេចតេជោ ហ៊ុន សែន លើការងារអាទិភាពដែលកម្ពុជានឹងត្រូវបំពេញពេលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។

តបនឹងការចង់ដឹងរបស់រដ្ឋមន្ត្រីការបរទេសថៃនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការងារអាទិភាពដែលកម្ពុជា នឹងប្រឹងប្រែងដោះស្រាយនោះរួមមាន៖ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើយ៉ាងណាបើកសេដ្ឋកិច្ច សង្គមកិច្ច និងតភ្ជាប់រវាងប្រជាជន និងប្រជាជននៅអាស៊ាន។ បន្ថែមពីលើនោះ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជា ក៏នឹងប្រឹងប្រែងពង្រឹងមិត្តភាព សាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ានផងដែរ។

ក្រៅតែពីបញ្ហារបស់អាស៊ានហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដែនសមុទ្ររវាងប្រទេសចិន និងប្រទេសសមាជិកអាស៊ានផងដែរ។ ពាក់ព័ន្ធជម្លោះដែនសមុទ្រនេះ សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា នឹងជំរុញការអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមសេចក្តីថ្លែងការណ៍ស្តីពីដំណោះស្រាយលើជម្លោះដែនសមុទ្រចិនខាងត្បូង (DOC) ដែលដាក់ចេញពេលកម្ពុជាជាម្ចាស់ផ្ទះអាស៊ានកាលពីឆ្នាំ២០០២។

បន្ថែមពីលើនោះ កម្ពុជា ក៏នឹងជំរុញឱ្យប្រទេសជាប់ពាក់ព័ន្ធទាំងអស់ចរចាគ្នា ហើយក៏នឹងប្រឹងប្រែងសម្រេចឱ្យបាននូវការកសាងក្រមប្រតិបត្តិនៅសមុទ្រមានជម្លោះ ដែលហៅកាត់ថា COC ឱ្យបានផងដែរ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» របស់ក្រុមហ៊ុនជីបម៉ុង កាលពីថ្ងៃទី១៥ ខែធ្នូ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញការងារអាទិភាពមួយពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ាន គឺការនាំយកប្រទេសមីយ៉ាន់ម៉ា មកកាន់វេទិការបស់អាស៊ានឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញជំហរក្នុងការប្រឹងប្រែងដោះស្រាយវិវាទដែនសមុទ្ររវាងចិន និងប្រទេសសមាជិកអាស៊ានផងដែរ។ ប៉ុន្តែសម្តេចតេជោ បានប្រកាសព្រមានទុកជាមុន កុំឱ្យមានការស្តីបន្ទោសមកលើកម្ពុជា ក្នុងករណីមិនអាចដោះស្រាយបាននោះ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចមិនចង់ឱ្យមានការបោះ «ដុំថ្មក្តៅ» លើបញ្ហាដែនសមុទ្រនេះមកកម្ពុជានោះឡើយ តែកម្ពុជាអាចទទួលយក «ដំឡូងក្តៅ» បាន។

សូមបញ្ជាក់ថា ក្នុងជំនួបនាព្រឹកមិញនេះ លោករដ្ឋមន្ត្រីការបរទេសថៃ បាននាំមកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងការអបអរសាទរចំពោះការក្លាយជាប្រធានអាស៊ាន ជូនសម្តេចតេជោ ហ៊ុន សែន ហើយក៏បានជូនពរសម្តេចតេជោ ដឹកនាំអាស៊ានទទួលបានជោគជ័យ។

លោករដ្ឋមន្ត្រីការបរទេសថៃ ក៏បានសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទទួលបានជោគជ័យ។ ជាពិសេសបានចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋបានប្រមាណ ៩០ភាគរយ។

លោក ដន ប្រាម៉ាត់វីណៃ ក៏បានសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ ដែលបានអភិវឌ្ឍន៍កម្ពុជាបានយ៉ាងឆាប់រហ័ស៕












អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

បន្ទាយមានជ័យ៖នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យ និងដោះស្រាយកិច្ចការសំខាន់ៗមួយចំនួនប្រចាំខែធ្នូ។


កិច្ចប្រជុំមានរបៀបវរៈសំខាន់ៗមួយចំនួនដូចខាងក្រោម:

១.ត្រួតពិនិត្យលទ្ធផលការងារស្រាវជ្រាវការទន្ទ្រានកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ  និងត្រៀមដាំដើមឈើ កូនឈើឡើងវិញនៅដីតំបន់២ តំបន់៣ដែលបានប្រមូលមកជាទ្រព្យសម្បត្តិរដ្ឋវិញ

២.ប្រជុំត្រៀមរៀបចំការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ នាថ្ងៃទី២៧-២៨ ខែធ្នូខាងមុខនេះ

៣.ត្រៀមលក្ខណៈរៀបចំកម្មវិធីសម្ភោធផ្លូវជាតិលេខ៥ 

នាពេលខាងមុខនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន។

លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថ្លែងការកោតសរសើរដល់មេបញ្ជាការ ស្នងការកងកម្លាំងទាំង៣គ្រប់កងឯកភាព ថ្នាក់ដឹកនាំមន្ទីរអង្គភាព ក្រុង/ស្រុក បានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចការងារដោះស្រាយបញ្ហាមួយចំនួនប្រកបដោយស្មារតីទទួលខុសត្រូវ លទ្ធផលល្អប្រសើរ។

ជាមួយគ្នានោះ អភិបាលខេត្តបន្ទាយមានជ័យ បានជម្រុញដល់កងកម្លាំងទាំង៣ មន្ទីរអង្គភាពក្រុង/ស្រុក បន្តចូលរួមសហការដោយស្មារតីយកចិត្តក្នុងកិច្ចការងារទាំង៣សំខាន់ខាងលើរបៀបវរៈនៃកិច្ចប្រជុំថ្ងៃនេះ ដើម្បីឲ្យទទួលបានជោគជ័យសម្រាប់ខេត្តបន្ទាយមានជ័យរបស់យើង៕







ស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ ចំពោះកិច្ចអភិរក្ស ថែរក្សា និងលើកតម្លៃរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក

សៀមរាប ៖  នាឱកាសដ៏ថ្លៃថ្លានៃព្រឹត្តិការណ៍រំលឹកគុណអង្គរ អាជ្ញាធរជាតិអប្សរាសូមសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌ និងព្រះរាជតម្រិះដ៏ឈ្លាសវៃ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់អស់ពីកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណបំពេញព្រះរាជសកម្មភាព ដ៏ឧត្តុង្គឧត្តម បម្រើជាតិ មាតុភូមិ និងប្រជានុរាស្រ្ត ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ព្រះអង្គនៅគ្រប់កាលៈទេសៈ។


គួររំលឹកផងដែរថា ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ គឺជាថ្ងៃប្រវត្តិសាស្រ្ត ដែលកម្ពុជាទទួលបានជោគជ័យដ៏អស្ចារ្យក្នុងការដាក់បញ្ចូលរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមព្រះរាជបញ្ញាញាណដ៏ថ្លៃថ្លា និងឈ្លាសវៃបំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋបន្ទាប់ពីព្រះអង្គបានអំពាវនាវទៅកាន់អង្គការយូណេស្កូ សុំឱ្យជួយស្រោចស្រង់អង្គរ។ 


បន្ទាប់ពីព្រះរាជបំណងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ បានសម្រេចដោយដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយនោះ សន្និសីទអន្តរជាតិមួយត្រូវធ្វើឡើងនៅទីក្រុងតូក្យូ កាលពីថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលបារាំង និងមានការគាំទ្រពីអង្គការយូណេស្កូផង ហើយបានសម្រេចបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលបច្ចុប្បន្ន ត្រូវបានស្គាល់ថា ជា អាយ ស៊ី ស៊ី-អង្គរ  (ICC- Angkor)។


សមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ គឺជាស្នាព្រះហស្ថដ៏ធំធេងរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានខិតខំប្រឹងប្រែងត្រួសត្រាយផ្លូវលើកិច្ចការអភិរក្ស ថែរក្សា និងលើកតម្លៃរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីទុកជូនដល់កូនចៅ និងប្រជាជាតិខ្មែរជំនាន់ក្រោយ៕




ពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងជាប្រធាន-អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ

ក្រចេះ៖  នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក  វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធីបតីក្នុងពិធីប្រកាសតែងតាំងប្រធាន-អនុប្រធានមន្ទីរសុខាភិបាលចំនួន០២រូប ដោយលោក ងី ប៊ុនឡែន ឲ្យកាន់មុខតំណែងជាប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ ជំនួសលោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលចាស់ចូលនិវត្តន៍ និងលោក លាង ឌីណា ឲ្យកាន់មុខតំណែងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បន្តពីលោក ងី ប៊ុនឡែន ។


ក្នុងពីធីលោក ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលដែលបានឡើងតែងតាំងថ្មី បានធ្វើការប្ដេជ្ញាចិត្តថា នឹងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិត បទដ្ឋានគតិយុត្ត ជាធរមាន និងគោលការណ៍ណែនាំនានារបស់ក្រសួងសុខាភិបាល-ប្តេជ្ញាគោរពអនុវត្តតាមការណែនាំចង្អុលបង្ហាញ ផ្ដល់អនុសាសន៍ពីក្រសួងសុខាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំប្រកបដោយប្រសិទ្ធភាព-ប្តេជ្ញាប្រកាន់ខ្ជាប់នូវគុណសម្បត្តិ០៤យ៉ាងគឺឆន្ទៈ ម្ចាស់ការ មនសិការវិជ្ជាជីវៈ ភក្តីភាព និងវប្បធម៌សេវាសាធារណៈ-ប្ដេជ្ញាពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ពង្រឹងរបៀបរបបការងារឈរលើ ទស្សនៈសមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ ក្នុងការគោរពវិន័យបទបញ្ជាផ្ទៃក្នុង និងលើកទឹកចិត្តមន្ត្រីឲ្យខិតខំបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់-ប្ដេជ្ញាពង្រឹងគុណភាពសេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព គុណភាព សមធម៌ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ-សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាព និងអង្គការដៃគូគួរឲ្យបានល្អប្រសើរ និងជំរុញការងារបណ្ដុះបណ្ដាលបន្តដល់មន្ត្រីជំនាញ ។


លោក វ៉ា ថន បានកោតសសើរ  និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីសុខាភិបាលខេត្តក្រចេះបានខិតខំយកចិត្តទុកដាក់ ធ្វើការងារបម្រើជាពលរដ្ឋនៅពេលជំងឺកូវីដ-១៩ កំពុងរាតត្បាតនៅក្នុងប្រទេស ត្រូវបានពិនិត្យ និងព្យាបាលដោយយកចិត្តទុកដាក់ ដោយមិនខ្លាចនឿយហត់ឡើយ ។ ម្យ៉ាងវិញទៀត ក្រុមការងាររបស់បុគ្គលិកសុខាភិបាលជួរមុខ បានខិតខំយ៉ាងយកចិត្តទុកដាក់ ក្នុងការចាំទទួលពិនិត្យសុខភាព ជូនបងប្អូនពលករដែលត្រលប់ចូលប្រទេស ពីពេលកន្លងទៅក៏ដូចជាបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហានេះ ដោយបានដាក់វិធានការបង្ការ និងទប់ស្កាត់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ។


លោក វ៉ា ថន ក៏បានត្រើនរំលឹកដោយសង្កត់ធ្ងន់ដល់មន្ត្រីសុខាភិបាល លើការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាល និងការបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា ដោយត្រូវបន្តខិតខំផ្សព្វផ្សាយ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានឲ្យមាន ការយល់ដឹង និងត្រូវចូលរួមអនុវត្តន៍វិធានការបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ដោយត្រូវអនាម័យខ្លួនប្រាណ និងលាងសម្អាតដៃ ជាមួយសាប៊ូ ឬអាកុល ពាក់ម៉ាស់នៅពេលធ្វើដំណើរចេញក្រៅផ្ទះ៕






អាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រៀមទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងពេញលេញ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបើកប្រទេសឡើងវិញ

សៀមរាប៖ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តតំណាងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយនឹងគណៈប្រតិភូកុងស៊ុលនៃបណ្តាប្រទេសជាមិត្តមួយចំនួនប្រចាំខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា កំពុងបំពេញទស្សនកិច្ចស្វែងយល់អំពីការរៀបចំអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីត្រៀមទទួលភ្ញៀវទេសចរវ៉ាក់សាំងពេញលេញនោះ គឺនៅមានគម្លាតមិនលើសពី២៤ម៉ោងនោះទេ ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងត្រូវមានកំណត់ត្រាជាថ្មីនៃការចុះចតជើងយន្តហោះដឹកអ្នកទេសចរមកពីប្រទេសសឹង្ហបូរី ។ 


នាឱកាសនោះដែរ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ដែរថា ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋបាលខេត្តបានអញ្ជើញចូលរួម អគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉  ប្រធានការិយាល័យកុងស៊ុលនៃសាធារណរដ្ឋប្រជាមានិតចិន ការិយាល័យកុងស៊ុលជប៉ុន និងប្រធានស្ថានកុងស៊ុលនៃព្រះរាជាណាចក្រហូឡង់ប្រចាំខេត្តសៀមរាប។ លោក បានបន្តថាអាកាសយានដ្ឋានអន្តរជាតិសៀមរាបបានរៀបចំរួចជាស្រេចដើម្បីត្រៀមទទួលភ្ញៀវទេសចរជាមួយនឹងការត្រៀមបើកទំព័រកំណត់ត្រាជាថ្មីនៃចំនួនភ្ញៀវទេសចរ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បើកប្រទេសឡើងវិញ និងទទួលទេសចរវ៉ាក់សាំងពេញលេញ។ 


លោក ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានឲ្យដឹងដែលថា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសឡើងវិញ និងប្រកាសទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញនោះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួនពីរ បានប្រកាសចាប់ផ្តើមហោះហើរមកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២១នេះ ទី១គឺ ក្រមហ៊ុនអាកាសចរណ៍សាំងហ្គាពួអែរឡាញ នឹងធ្វើការហោះហើរដឹកអ្នកដំណើរមកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅសិង្ហបុរីវិញជារៀងរាល់ថ្ងៃ និងទី២គឺក្រុមហ៊ុនអាកាសចរណ៍ ឡាយម៉ីអែរឡាញ (Lamei Airlines) នឹងធ្វើការហោះហើរពីភ្នំពេញមកសៀមរាប និងពីសៀមរាបទៅបាងកក ពីបាងកកមកសៀមរាបវិញ ដោយឆ្លងកាត់ភ្នំពេញ ក្នុងមួយសប្តាហ៍ពីរជើង។ លោកក៏បានបង្ហាញឲ្យដឹងផងដែរ នូវកិច្ចសហការរវាងប្រតិបត្តិករព្រលានយន្តហោះជាមួយសមត្ថកិច្ចនិងក្រុមជំនាញ ហើយអ្វីដែលជាការទទួលខុសត្រូវនោះ គឺការផ្សព្វផ្សាយជួបភ្ញៀវ អំពីនីតិវិធីប្រតិបត្តិស្តង់ដាSOP នៅពេលយន្តហោះត្រូវចុះចតដល់គោលដៅនោះ។ 


លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាខេត្តសៀមរាប និងក្រុមការងារអនុវត្តនីតិប្រតិបត្តិស្តង់ដា SOP បានបង្ហាញបន្ថែមដែលថា ការត្រួតពិនិត្យនឹងត្រូវបានធ្វើឡើងដោយហ្មត់ចត់បំផុត ទី១ភ្ញៀវដែលត្រូវឆ្លងកាត់អាកាសយានដ្ឋានត្រូវតែមានប័ណ្ណចាក់វ៉ាក់សាំងពេញលេញ ទី២ត្រូវមានប័ណ្ណបញ្ជាក់ថាបានធ្វើ PCR ៧២ម៉ោង មុនមកដល់គោលដៅ និងប័ណ្ណប្រកាសសុខភាព។ ម្យ៉ាងទៀតភ្ញៀវទេសចរអន្តរជាតិដែលត្រូវឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រូវតែទទួលការធ្វើតេស្តរហ័សពីក្រុមការងារ បើអវិជ្ជមានគឺអាចធ្វើដំណើរកំសាន្តបាន  បើស្ថិតក្នុងករណីវិជ្ជមាន ត្រូវទទួលការថែទាំនិងព្យាបាល តាមការជ្រើសរើសមន្ទីរព្យាបាលតាមការចង់បានរបស់ភ្ញៀវ តែបើលទ្ធផលវិជ្ជមានពុំមានអាការៈសម្គាល់ គឺត្រូវធ្វើចត្តាឡីស័កនៅក្នុងបន្ទប់ដាច់ដោយឡែក នៃសណ្ឋាគារស្នាក់នៅនោះតែម្តង៕