Friday, December 17, 2021

អគ្គរដ្ឋទូតឡាវ ចប់អាណត្តិការងារនៅកម្ពុជា ស្ញែប់ស្ញែងចំពោះការរីកចម្រើនរបស់កម្ពុជា និងអរគុណអនេក ចំពោះជំនួយប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

 (ភ្នំពេញ)៖ លោក អ៉ឹមផាយ គីនដាវង្ស (Amphay Kindavong) ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ដែលទើបនឹងបញ្ចប់បេសកកម្មការងារ បានបង្ហាញនូវការស្ញប់ស្ញែងចំពោះភាពរីកចម្រើន និងការអភិវឌ្ឍនៅកម្ពុជា។ លោក ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយបរិក្ខារពេទ្យ វ៉ាក់សាំង រថយន្ត និងថវិកាជាបន្តបន្ទាប់ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅក្នុងប្រទេសឡាវ។


លោក គីនដាវង្ស បានថ្លែងដូចខាងលើនេះ ក្នុងពេលរូបលោកអញ្ជើញជួបជម្រាបលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ។

ក្នុងជំនួបជម្រាបលានេះ លោក គីនដាវង្ស បានថ្លែងអំណរគុណសម្ដេចតេជោ ថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ធ្វើឱ្យបានបំពេញបេសកកម្មកាទូតនៅកម្ពុជា ទទួលបានជោគជ័យរយៈពេល៣ឆ្នាំកន្លងទៅនេះ។

លោក គីនដាវង្ស ក៏បានជម្រាបជូនសម្ដេចតេជោផងដែរថា រយៈពេលជាង ៣មកនេះ លោកបានឃើញកម្ពុជា មានការអភិវឌ្ឍជាលំដាប់។ លោកសូមសម្ដែងការអបអរសាទរជូនចំពោះប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោ ដែលបានដឹកនាំកម្ពុជា ឈានឆ្ពោះទៅកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ឯកអគ្គរដ្ឋទូតឡាវចប់អាណត្តិការងាររូបនេះ ក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្ដល់ជាជំនួយដល់ប្រជាជន និងរដ្ឋាភិបាលឡាវ ជាបរិក្ខារពេទ្យ វ៉ាក់សាំង រថយន្ត និងថវិកា សម្រាប់ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩នៅប្រទេសឡាវ។

លោក គីនដាវង្ស បានគូសបញ្ជាក់ថា ប្រជាជនឡាវ រដ្ឋាភិបាលឡាវ ពិតជាមានសេចក្ដីរីករាយ និងដឹងគុណជាអនេកចំពោះសមានចិត្តរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

ក្នុងជំនួបជម្រាបលានេះ លោក គីនដាវង្ស បានជូនពរសម្តេចតេជោ ហ៊ុន សែន ទទួលបានជោគជ័យក្នុងការបំពេញការងារជាប្រធានអាស៊ាននៅឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់លោក គីនដាវង្ស នៅកម្ពុជា ដោយបានបំពេញការងារជាច្រើន ដើម្បីចូលរួមចំណែកក្នុងការពង្រីកពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ចំពោះជំនួយដែលកម្ពុជា បានជូនដល់ប្រជាជន និងរដ្ឋាភិបាលឡាវនោះ សម្ដេចតេជោ បានលើកឡើងថា នេះគឺជាជំនួយជួយដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដែលកំពុងមានសេចក្ដីត្រូវការ៕










No comments:

Post a Comment