Tuesday, October 24, 2017

វីដេអូឯកសារ៖ តើកម្ពុជាពិតជាកើតមានបដិវត្តន៍ពណ៌តាមគំរូបដិវត្តន៍ពណ៌ នៅតាមបណ្តាប្រទេសក្នុងពិភពលោកមែនរឺទេ ?

នៅថ្ងៃទី២៣ តុលា ២០១៧ នេះ​អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី  បានបញ្ចេញវីដេអូឯកសារ ជាភាសាខ្មែរ ដែលមានរយៈពេល ៤៦នាទី និង ៥១វិនាទី ។ វីដេអូនេះបានបង្ហាញអំពីសោកនាតកម្ម នៃបដិវត្តន៍ព៌ណ នៅមជ្ឈិមបូព៌ា និងផែនការរៀបចំបង្កើតបដិវត្តន៍ព៌ណ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយ​ត្រូវ​បាន​រាជ​រដ្ឋាភិបាល ធ្នើការបង្រ្កាបទាន់ពេលវេលា វីដេអូឯកសារមានចំណងជើងថា «តើកម្ពុជាពិតជាកើតមានបដិវត្តន៍ពណ៌តាមគំរូបដិវត្តន៍ពណ៌ នៅតាមបណ្តាប្រទេសក្នុងពិភពលោកមែនរឺទេ ?»


សមាគមខ្មែរចំនួន៧ នៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ធ្វើសេចក្តីថ្លែងការណ៍វាយតម្លៃខ្ពស់ពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍន៏ប្រទេស ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ ២៣ តុលា

សមាគមខ្មែរចំនួន៧ នៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ធ្វើសេចក្តីថ្លែងការណ៍វាយតម្លៃខ្ពស់ពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍន៏ប្រទេស ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ ២៣ តុលា





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថាលោកជាស្ថាបនិកនៃកងកម្លាំងប្រដាប់អាវុធសាមគ្គី សង្រ្គោះជាតិកម្ពុជា

នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោកបាននិងកំពុងថែរក្សាការពារសេចក្តីសុខរបស់ប្រជាជាតិកម្ពុជាដែលមិនត្រូវឱ្យជនក្បត់ក្រោមការបង្គាប់បញ្ជារបស់បរទេស ណាមកបំផ្លាញម្តងទៀតដូចសោកនាដកម្មដែលយើងធ្លាប់ឆ្លងកាត់កាលពីអតីតកាលនៅពេលដែលគេផ្តួលរំលំសម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋស្របច្បាប់នៃកម្ពុជា។  លោកបានថ្លែងដូចនេះក្នុងពិធីបើកការដ្ឋាន សាងសង់ស្ពានបេតុងអាមេខ្សែកាបឆ្លងកាត់ទន្លេសាបមួយខ្សែប្រវែងបណ្តោយជិត១គីឡូម៉ែត្រឆ្លងកាត់ទន្លេ សាបពីតំបន់អភិវ​ឌ្ឍន៍ក្រុងរណបជ្រោយចង្វារទៅកាន់ផ្លូវជាតិលេខ៥ ដោយគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក។

ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា លោកមានសិទ្ធិគ្រប់បែបយ៉ាងដើម្បីការពារជាតិដោយ​សារលោកមានតួនាទីជាប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ហើយពិសេសជាងនេះទៅទៀតនោះលោកក៏ជាស្ថាបនិកនៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា។ លោកបានមានប្រសាសន៍ថា «ខ្ញុំមានសិទ្ធិនឹងធ្វើបែបបនេះនិយាយបែបនេះព្រោះលោកស្ថិតនៅក្នុងឋានៈដែលតម្រូវឱ្យនិយាយបែបនេះ ប៉ុន្តែអ្នកបានបំពានសិទ្ធិញុះញង់បង្កចលាចលឱ្យកម្លាំងប្រ​ដាប់អាវុធបែរចុងកាណុងមកប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាល ប៉ុន្តែអ្នកស្គាលទាហានរបស់កម្ពុជាតិចពេកហើយ អ្នកស្គាល់ហ៊ុន សែន តិចពេកហើយមិនទាន់ដល់ពេលដែលអ្នកអាចធ្វើបែបនេះចំពោះហ៊ុន សែន ទេ។ ហ៊ុន សែន ជាអ្នកចិញ្ចឹមបីបាច់កសាងកម្លាំងប្រដាប់អាវុធនេះឱ្យរីកធំធាត់តាំងពីកាលចាប់ផ្តើមផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ទប់ស្កាត់របបប្រល័យពូជសាសន៍ប៉ុល ពត រហូតមកដល់សព្វថ្ងៃនេះ»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា សមិទ្ធផលដែលខិតខំសម្រេចបាននេះ ត្រូវតែរួមគ្នាការពារមិនត្រូវឱ្យជនក្បត់ជាតិក្រោមការបង្គាប់បញ្ជារបស់បរទេសណាម្នាក់មកបំផ្លិចបំផ្លាញបាននោះឡើយជាពិសេសគឺពាក្យសម្តីញុះញង់របស់ជនក្បត់ជាតិដែលបានប្រកាសថាកងកម្លាំងប្រដាប់អាវុធត្រៀមនឹងធ្វើការបះបោរហើយត្រូវរៀបចំការគាំទ្រ។ ការប្រកាសបែបនេះគឺជាការប្រមាថធ្ងន់ធ្ងរដែលមិនត្រឹមតែចង់បំផ្លាញរូបលោកនោះទេ ថែមទាំងចង់បំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ដែលមានប្រជាជនរាប់លាននាក់បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសបញ្ជាក់ថា ឈប់និយាយថាលោកកម្ចាយដៃគូនយោបាយ តែដោយសារតែដៃគូនយោ​បា​យនោះតាំងខ្លួនជាសត្រូវជាមួយលោកដែលមិនត្រឹមតែបំផ្លាញលោកនោះទេ ថែមទាំងបំផ្លាញដល់សេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសតាមរយៈការធ្វើបដិវត្តន៍ពណ៌។ ដើម្បីការពារសមិទ្ធផលកិច្ចព្រមព្រៀង២៣តុលា ការពារសមិទ្ធផលនៃនយោបាយឈ្នះ-ឈ្នះ ការពារសមិទ្ធផលសង្គមជាតិដែលយើងកសាងបានទាំងលំបា​ករហូតមកដល់ពេលនេះ យើងប្តេជ្ញាអនុវត្តន៍ច្បាប់ដើម្បីការពារជាតិ ការពារប្រជាជន ហើយបើចាំបាច់ កម្លាំងប្រដាប់អាវុធត្រូវត្រៀមជាស្រេចដើម្បីឆ្លើយតបនឹងសភាពការណ៍ដែលអាចកើតឡើង៕







លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថាអ្នកដែលចង់លេងជាមួយលោកតាមកម្លាំងប្រដាប់អាវុធធ្វើក្តារមឈូសឱ្យហើយទៅ

នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាដើម្បីការពារសុខសន្តិភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងហ៊ានកម្ចាត់ចោលមនុស្សមួយចំ​នួនប្រសិនបើចាំបាច់ ហើយអ្នកដែលចង់លេងជាមួយលោកតាមកម្លាំងប្រដាប់អាវុធ សូមធ្វើក្តារមឈូសឱ្យហើយទៅ។ លោកបានបន្ថែមថា វ៉ៃពោះត្រូវតែក្បាលមិនវ៉ៃកន្ទុយទេក្នុងន័យនេះគឺកម្ចាត់រាល់ក្រុមថ្នាក់ដឹកនាំរបស់បក្សក្បត់ជាតិដែលព្យាយាមបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ។ លោកបានថ្លែងដូចនេះក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងអាមេខ្សែកាបឆ្លងកាត់ទន្លេសាបមួយខ្សែប្រវែងបណ្តោយជិត១គីឡូម៉ែត្រឆ្លងកាត់ទន្លេសាបពីតំបន់អភិវ​ឌ្ឍន៍ក្រុងរណបជ្រោយចង្វារទៅកាន់ផ្លូវជាតិលេខ៥ ដោយគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក។

ប្រមុខរាជរដ្ឋាភិបាល បានថ្លែងថាការអនុវត្តសម្រាប់លោក កឹម សុខា គ្មានការរាថយនោះឡើយប៉ុន្តែការអនុវត្តផ្លូវច្បាប់នេះគឺជារឿងប្រសើរជាងការប្រើអាវុធ ហើយការចាប់ខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារនេះក៏ព្រោះតែការប្រព្រឹត្តខុសច្បាប់។ ដោយឡែកចំពោះការអំពាវនាវរបស់លោក សម រង្ស៊ី ដែលបានលើកឡើងថាឱ្យកងទ័ពបែរចុងកាណុងមកកាន់លោកហ៊ុន សែននោះ ត្រូវបានលោកនាយករដ្ឋមន្រ្តីឆ្លើយតបថាអ្នកដែលចង់លេងជាមួយលោក តាមកម្លាំងប្រដាប់អាវុធសូមឱ្យធ្វើក្តារមឈូសឱ្យហើយទៅ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា «សូមមេត្តាកុំមកចង់ផ្តួលរំលំលេងផ្លូវកាត់ឱ្យសោះ អ្នកមិនអាចទៅរួចទេ ហើយអ្នកក៏មិនអាចគេចវេសពីសំណាញ់ច្បាប់បានដែរ។ អំពើរបស់អ្នកត្រូវផ្តន្ទាទោសហើយ ហើយការអនុវត្តផ្លូវច្បាប់ប្រសើរជាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធដូចដែលមានការញុះញង់ដោយជនក្បត់ដែលចង់ប្រើប្រាស់ការបះបោរប្រដាប់អាវុធ។ ការបះបោរប្រដាប់អាវុធវានឹងនាំដល់ការហូរឈាមនិងស្លាប់ជីវិតមនុស្ស ប៉ុន្តែការអនុវត្តផ្លូវច្បាប់គឺវាមិនស្លាប់មនុស្សទេគ្រាន់តែជាប់គុក ព្រោះការជាប់គុកមិនមែនបណ្តាលមកពីគេធ្វើបាបអ្នកឯងទេ មកពីអ្នកឯងធ្វើខុសបានវាជាប់គុក។ គ្មានអ្នកណាដែលគេទៅចាប់អ្នកដែលមិនបានប្រព្រឹត្តខុសដាក់គុកនោះទេ»៕






លោកនាយករដ្ឋមន្រ្តី លើកឡើងថា ភាពរីកចម្រើនដូចសព្វថ្ងៃនេះមិនមែនជាអភិបាលកិច្ចស្មោគគ្រោកដូចជាការចោទប្រកាន់ឡើយ

នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា សមិទ្ធផលដែលយើងកំពុងទទួលបាននាពេលបច្ចុប្បន្នជាពិសេសទីក្រុងដ៏រីកចម្រើនរស់វើករបស់រាជធានីភ្នំពេញ គឺបានបង្ហាញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងអស់គ្នា ហើយក៏បានបង្ហាញថា វាមិនមែនជាអភិបាលកិច្ចស្មោគគ្រោកដូចការចោទប្រកាន់ របស់មនុស្សមួយចំនួននោះឡើយ។ លោកបានថ្លែងដូចនេះក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងអាមេខ្សែកាបឆ្លងកាត់ទន្លេសាបមួយខ្សែប្រវែងបណ្តោយជិត១គីឡូម៉ែត្រឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារទៅកាន់ផ្លូវជាតិលេខ៥ ដោយគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក។

លោក ហ៊ុប សែន បានបន្តថា យើងបានប្រឹងប្រែងរួមគ្នា ធ្វើការច្រើនណាស់ ដូច្នេះត្រូវក្តាប់ឱ្យជាប់នូវអ្វីដែលយើងមាននៅក្នុងដៃ មិនត្រូវឱ្យរបូតទៅវិញនោះឡើយ។ ជាក់ស្តែងការសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាបនេះ គឺជាការរីកចម្រើនរបស់រាជធានីភ្នំពេញ ដែលបានផ្តើមចេញពីស្ថានភាពដ៏យ៉ាប់យឺន និងគ្មានមនុស្សរស់នៅនោះឡើយ ក្រោយការផ្តួលរំលំរបបប្រល័យពូជសាសន៍។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងថា នៅពេលខាងមុខនេះ នឹងមានការសាងសង់ស្ពានសម្រាប់តភ្ជាប់ពីស្រុកស្ទឹងត្រង់ ទៅស្រុកក្រូចឆ្មាខេត្តកំពង់ចាម។ រាជរដ្ឋាភិបាល ក៏កំពុងមានគម្រោងសាងសង់ស្ពានតភ្ជាប់ពីក្រចេះ ទៅត្រើយម្ខាងដើម្បីភ្ជាប់ទៅខេត្តកំពង់ធំ និងការសាងសង់ស្ពានភ្ជាប់ពីជ្រោយចង្វារទៅអរិយក្សត្រ និងក្តីតាកុយផងដែរ៕









ស្ពានឆ្លងកាត់ទន្លេសាបដែលត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃនេះ នឹង ជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ

នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងមួយខ្សែប្រវែងជិត១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេសាប ពីតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារទៅកាន់ផ្លូវជាតិលេខ៥ ដែលគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិកនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ស្ពាននេះនឹងជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះបានមួយកម្រិតទៀតផង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផលស្ពានថ្មីឆ្លងកាត់ទន្លេសាបនេះ ដែលជាសមិទ្ធផលរួមរបស់ប្រទេសកម្ពុជា ក៏ដូចជាសមិទ្ធផលរបស់រាជធានីភ្នំពេញផងដែរ។ តាមរយៈសមិទ្ធផលស្ពានបេតុងថ្មីនេះគឺនឹងជួយរំដោះចរាចរណ៍លើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក្នុងពេលដែលស្ពានជ្រោយចង្វារចាស់កំពុងដាក់ឱ្យជួសជុល និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនទំនិញពីបណ្តាខេត្តមករាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនានាដែលកំពុងដែលមានកំណើនឥតឈប់ឈរ ជាពិសេសជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរពីតំបន់ឬស្សីកែវ ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ដែលនឹងធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានជីវភាពល្អប្រសើរឡើង។

លោកនាយករដ្ឋមន្រ្តី ក៏បានរំលឹកថា កាលពីមុនរាជធានីភ្នំពេញ មានតែផ្ទៃដីប្រមាណ៣០០គីឡូមែត្រការ៉េ តែពេលនេះ បានពង្រីកឡើងដល់៧០០គីឡូម៉ែត្រការ៉េជាមួយសមិទ្ធផលថ្មីៗ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ កាលពីមុនតំបន់ព្រែកតាសេកក្នុងខេត្តកណ្តាលមិនមានមនុស្សរស់នៅច្រើននោះទេ ហើយមិនស្ថិតនៅក្នុងរាជធានីភ្នំពេញដែរប៉ុន្តែពេលនេះតំបន់នេះបានកាត់បញ្ចូលនៅក្នុងទីក្រុងភ្នំពេញ។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជាផ្លូវ និងស្ពានឆ្លងកាត់ទន្លេ និងមានគម្រោងជាច្រើនទៀត៕









លោក ហ៊ុន សែន ថ្លែងថាអង្គការសហប្រជាជាតិចាយលុយអស់ ២ពាន់លានដុល្លារនៅតែមិនអាចសម្រេចបំណងកិច្ចព្រមព្រៀងប៉ារីសនាំសន្តិភាពសម្រាប់កម្ពុជាទេ

នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា អង្គការសហប្រជាជាតិចាយលុយអស់ ២ពាន់លានដុល្លារសហរដ្ឋអាមេរិកក៏នៅតែមិនអាចសម្រេចបំណងកិច្ចព្រមព្រៀងប៉ារីសនាំសន្តិភាពសម្រាប់កម្ពុជាបាននោះទេ ពោលគឺនៅតែមានសង្រ្គាមប្រដាប់អាវុធនៅលើទឹកដីកម្ពុជាដែលបានបែកបាក់គ្នា។ លោកបានថ្លែងដូចនេះក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងអាមេខ្សែកាបឆ្លងកាត់ទន្លេសាបមួយខ្សែប្រវែងបណ្តោយជិត១គីឡូម៉ែត្រឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារទៅកាន់ផ្លូវជាតិលេខ៥ ដោយគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក។

ប្រមុខរាជរដ្ឋាភិបាល បានបន្តរំលឹកថា កងទ័ពរបស់អង្គការសហប្រជាជាតិដែលចាយលុយអស់២ពាន់លានដុល្លារមិនអាចសម្រេចបំណងកិច្ចព្រមព្រៀងប៉ារីសដោយបញ្ចប់កម្លាំងប្រដាប់អាវុធនៅតាមព្រៃបាននោះទេហើយក៏ចាកចេញពីកម្ពុជាទៅ។ កម្ពុជានៅតែមិនទាន់ទទួលបានអ្វីដែលយើងត្រូវការនៅឡើយពោលគឺកម្ពុជានៅមានតំបន់ត្រួតត្រាពីរ មានរដ្ឋាភិបាលពីរនៅឡើយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថាការដាក់ចេញនយោបាយឈ្នះ-ឈ្នះរបស់លោកដោយធានាឱ្យបងប្អូនខ្មែរក្រហមរក្សាបាននូវអត្ថប្រយោជន៍ និងការធានាចំនួន៣យ៉ាងរួមមាន៖ ១- ការធានាបាននូវសុវត្ថិភាពគ្រប់យ៉ាងសម្រាប់ពួកគេមិនអាចមានការចាប់ខ្លួន ២- ធានាអាជីព និងមុខរបរដោយផ្តល់ទុកឱ្យនូវអ្វីដែលធ្លាប់ធ្វើឱ្យនៅដដែល និងទី៣- ទទួលស្គាល់កម្មសិទ្ធិទាំងចលនទ្រព្យ និងអចលនាទ្រព្យដែលនាំឱ្យកងទ័ពខ្មែរក្រហមចុះចូលទាំងអស់។ ដោយសារនយោបាយឈ្នះ-ឈ្នះនេះហើយ គឺជាការបង្រ្គប់ឱ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីសដើម្បីនាំមកនូវការបង្រួបបង្រួបជាតិ បង្រួបបង្រួមទឹកដីនាំមកនូវសុខសន្តិភាពពេញលេញជូនជាតិមាតុភូមិរហូតមកដល់សព្វថ្ងៃនេះ៕








ហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសកើតចេញពីការចរចាដំបូង «សីហនុ-ហ៊ុន សែន»

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស កើតចេញពីការចរចាដំបូង «សីហនុ-ហ៊ុន សែន»។
ខាងក្រោមនេះ គឺជាខ្លឹមសារនៅក្នុងហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖

ការពិតនៃកើតចេញ «កិច្ចព្រមព្រៀងទីក្រុងប៉ារីស» ២៣ តុលា ១៩៩១ គឺបានកើតចេញពីការចរចាដំបូង «សីហនុ-ហ៊ុន សែន» នៅថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅ Fère-en-Tardenois, ប្រទេសបារាំង។ នេះជាប្រវត្កិសាស្រ្តពិតដែលបាននាំមកដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។ បើគ្មានការបើកផ្លូវចរចានៅពេលនោះទេក៏គ្មានកិច្ចព្រៀមព្រៀងទីក្រុងប៉ារីសដែរ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសមានគោលបំណងបីសំខាន់ៗដូចជា៖ ទី១៖ កិច្ចព្រមព្រៀងលើដំណោះស្រាយនយោបាយរួមលើជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសកម្ពុជា តាមរយៈការអនុវត្តកិច្ចឈប់បាញ់គ្នា និងការរំសាយអាវុធនៅក្នុងជួរទ័ពនៃភាគីជម្លោះទាំងអស់ មានអាណត្តិរបស់អាជ្ញាធរបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិ ( អ.ស.ប. ) នៅកម្ពុជា រៀបចំការបោះឆ្នោតសកលមួយ រៀបចំបញ្ចូលមកវិញជនភៀសខ្លួន និងរៀបចំរដ្ឋធម្មនុញ្ញថ្មី មួយសម្រាប់ប្រទេសកម្ពុជា។ ទី២៖ ការពារប្រទេសកម្ពុជាក្នុងនាមជាប្រទេសពេញសិទ្ធិមួយតាមរយៈការធានានូវអធិបតេយ្យភាព ឯក្យរាជភាព បូរណភាពដែនដី និងភាពពុំអាចរំលោភបំពានបានឡើយទឹកដីអព្យាក្រឹតភាព និងឯកភាពជាតិ នៃប្រទេសកម្ពុជា។ និងទី៣៖ សេចក្តីថ្លែងការណ៍មួយទាក់ទងនឹងការកសាងប្រទេសកម្ពុជាឡើងវិញ។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីសពិតជាបាននាំមកនូវពន្លឺថ្មីនៃវិថីសន្តិភាពនៅកម្ពុជា និងជាការត្រួសត្រាយផ្លូវសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការឈានទៅប្រើនយោបាយឈ្នះ-ឈ្នះ អន្ទងយកកងទ័ពខ្មែរក្រហម ចេញពីព្រៃផងដែរ បញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម នាំយកសន្តិភាពពេញលេញជូនជាតិនិងប្រជាជនកម្ពុជា៕


ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋបានតស៊ូលះបង់និងបូជាគ្រប់យ៉ាងដើម្បីឯករាជ្យជាតិ និងសន្តិភាពជាតិខ្មែរ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនដោយបានបញ្ជាក់ថាព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានតស៊ូលះបង់ និងបូជាគ្រប់យ៉ាងដើម្បីឯករាជ្យជាតិនិងសន្តិភាពជាតិខ្មែរ។

ខ្លឹមសារនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា «ថ្ងៃនេះគឺជាខួបលើកទី២៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០១៧) ដែលបាននាំមកនូវសន្តិភាពសម្រាប់កម្ពុជា។ ពិតប្រាកដណាស់ គឺយើងចងចាំ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានតស៊ូលះបង់ និងបូជាគ្រប់យ៉ាងដើម្បីឯករាជ្យជាតិនិងសន្តិភាពជាតិខ្មែរ។ ទន្ទឹមនឹងដំណោះស្រាយសន្តិភាពដែលផ្សាភ្ជាប់ជាមួយនយោបាយឈ្នះ-ឈ្នះ គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងដែលធ្វើអោយខ្មែរគ្រប់និន្នាការឈ្នះទាំងអស់គ្នា។ ដោយសារសន្តិភាព និងនយោ​បាយឈ្នះ-ឈ្នះ នេះហើយ ដែលបានផ្តល់ឱកាសគ្រប់យ៉ាងអោយកម្ពុជាបានកសាងសង្គមគ្រួសារ និងអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើនមកទល់សព្វថ្ងៃនេះ។ បើគ្មានសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍដែរ»។

នៅក្នុងឱកាសនៃថ្ងៃដ៏វិសេសវិសាលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជូនពរជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស សូមជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា និងសូមអរគុណជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាព ដើម្បីកម្ពុជាកាន់តែមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿង៕


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាបដែលមានតម្លៃ ៣៥លានដុល្លារ

នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងមួយខ្សែប្រវែងជិត១គីឡូម៉ែត្រឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារទៅកាន់ផ្លូវជាតិលេខ៥ ដោយគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានបេតុងនេះ មានប្រវែង៩២២ម៉ែត្រ, ទទឹង២០,៥ម៉ែត្រ។ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសងខាង, កម្ពស់សសរស្ពានសម្រាប់ព្យួរខ្សែកាប្លិ៍ធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ សសរសម្រាប់ព្យួរខ្សែកាប្លិ៍មានសសរចំនួន៤, គន្លងខ្សែយានយន្តទទឹង ៣.៧៥ម៉ែត្រ, គន្លងធ្វើចរាចរ ២ខ្សែទៅ ២ខ្សែមក, កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ, កម្ពស់នាវាចរក្រោមស្ពានអប្បរមានៅរដូវប្រាំង ២០.៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរផងដែរ។

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានឲ្យដឹងថា ស្ពានបេតុងគ្រោងប្រើពេលសាងសង់ ២៨ខែ ដោយចំណាយថវិកា ៣៥លានដុល្លារអាមេរិក ជាថវិការបស់រាជរដ្ឋាភិបាល។ បើតាមលោក ទូច សំណាង ទន្ទឹមនឹងការបើកការដ្ឋានសាងសង់ស្ពានបេតុងស្ពានដែកបាឡេមួយខ្សែ ដែលមានទទឹង ១២ម៉ែត្រ និងបណ្ដោយ ៥០០ ម៉ែត្រ ដែលចំណាយថវិកាចំនួន ៩លានដុល្លារ ក៏ត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃស្អែកនេះផងដែរដោយប្រើពេលសាងសង់៦ខែ។

ស្ពានបេតុងថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែករំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិ លេខ៥ ក៏ដូចច្រកចេញចូលរាជធានីភ្នំពេញ។ ស្ពាននេះក៏ជាសមិទ្ធផលថ្មីមួយទៀត ដែលជាចំណងដៃសម្រាប់រាជធានីភ្នំពេញនិងប្រជាពលរដ្ឋ។ ស្ពាននេះក៏ក្លាយជាស​រសៃ​ឈាម​សេដ្ឋកិច្ចដ៏សំខាន់សម្រាប់តភ្ជាប់ការដឹកជញ្ជូនពីបណ្តាខេត្តមករាជធានីភ្នំពេញនិងពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តផងដែរ៕






តើនរណាជាស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស?

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៧ គឺជាគម្រប់ខួប ២៦ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ ខ្មែរទាំងបួនភាគីមានជម្លោះប្រដាប់អាវុធ នឹងគ្នារួមមានអ្នកសីហនុនិយម តំណាងដោយសម្តេចឪ នរោត្តម សីហនុ អ្នកជាតិនិយមដឹកនាំដោយលោក សឺន សាន ក្រុមខ្មែរក្រហមដឹកនាំដោយ ខៀវ សំផន និងក្រុមរដ្ឋកម្ពុជាដែលគ្រប់គ្រងទឹកដីភាគច្រើនរបស់ប្រទេសកម្ពុជាដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឯកភាពរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស នៅប្រទេសបារាំង ដោយមានអគ្គលេខាធិការនៃអង្គការសហប្រជាជាតិរួមនឹងតំណាងប្រទេសហត្ថលេខីចំនួន ១៧ ទៀតធ្វើជាសាក្សីក្នុងនោះប្រទេសបារាំង និងឥណ្ឌូនេស៊ីជាសហប្រធាននៃសន្និសីទនេះ។

កិច្ចព្រមព្រៀងនេះ គឺជាការបើកទំព័រប្រវត្តិសាស្រ្តថ្មី និងបានផ្តល់ក្តីសង្ឃឹមដល់ប្រជាជនកម្ពុជាក្នុងការទទួលបានមកវិញ នូវសុខសន្តិភាព និងកសាងឡើងវិញនូវខឿនសេដ្ឋកិច្ច និង លទ្ធិប្រ​ជាធិបតេយ្យ បន្ទាប់ពីបានបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិលជិតពីរទសវត្សរ៍រួចមក។ ភាគីខ្មែរទាំងបួនដែលមានជម្លោះជាហត្ថលេខីនៃកិច្ចព្រមព្រៀងនោះ រួមមាន កិច្ចព្រមព្រៀងសន្តិភាពនេះ ទម្រាំនឹងប្រសូតចេញមកបានគឺត្រូវបានគេពិពណ៌នាថា មាន «ការលំបាកយ៉ាងខ្លាំង» និងបានចំណាយពេលជាច្រើនឆ្នាំដោយចាប់ផ្តើមពីជំនួបលើកទី១ រវាងសម្តេចឪ នរោត្តម សីហនុ តំណាងឲ្យរដ្ឋាភិបាលត្រីភាគីកម្ពុជាប្រជាធិបតេយ្យនិងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តំណាងភាគីរដ្ឋកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅទីក្រុងហ្វែរអង់តាដឺន័រ (Fere-en Tardenois) នៃប្រទេសបារាំង។

សម្តេច ហ៊ុន សែន ដែលនៅពេលនោះ ធ្វើជានាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីក្រសួងការបរ​ទេសកម្ពុជាផង បានដឹកនាំការចរចាយ៉ាងស្វិតស្វាញជាមួយនឹងរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យចូលរួមដោយត្រីភាគីដើម្បីបញ្ចប់សង្គ្រាម។ បើទោះបីជាលោកមានវ័យក្មេង ប៉ុន្តែសម្តេច ហ៊ុន សែន ត្រូវបានគេវាយតម្លៃថា មានភាពចាស់ទុំខាងផ្នែកនយោបាយ ជាអ្នកស្រលាញ់សន្តិភាព ព្រោះលោកមិនចង់ឲ្យពលរដ្ឋខ្មែរជំនាន់ក្រោយបន្តរងគ្រោះដោយសារ សង្គ្រាម ដូចជំនាន់លោកឡើយ។ សម្តេច ហ៊ុន សែន ធ្លាប់បានបញ្ជាក់ទស្សនៈរបស់លោកថា៖ «វាមានសារៈសំខាន់ណាស់ក្នុងការរកដំណោះស្រាយនយោបាយតាមរយៈការចរចា។ កំណែទម្រង់សេដ្ឋកិច្ចបានដើរជាមួយកំណែ ទម្រង់នយោបាយ។ ប៉ុន្តែស្ថិរភាពនយោបាយត្រូវបានរក្សាទុក ធ្វើដូច្នេះដើម្បីកែទម្រង់ខាងសេដ្ឋកិច្ចអាចអនុវត្តបានស្របជាមួយ នឹងការស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាព»។

កិច្ចចរចារវាងសម្តេច ហ៊ុន សែន និងសម្តេចព្រះ នរោត្តម សីហនុ បានធ្វើជាបន្តបន្ទាប់ក្រោយពីជួបគ្នាលើកទី១ នៅទីក្រុងហ្វែរអង់តាដឺន័រ។ កិច្ចចរចាសន្តិភាពទីក្រុងប៉ារីសដំបូង ត្រូវបានចាប់ផ្តើមឡើងជាផ្លូវការ នៅក្នុងខែសីហា ឆ្នាំ ១៩៨៩ គឺមួយខែមុនការដកកងទ័ពស្ម័គ្រចិត្តវៀតណាមចេញពីប្រទេសកម្ពុជា បន្ទាប់ពីបានជួយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ផ្តួលរំលំរបបខ្មែរក្រហម រំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ការដកកងទ័ពវៀតណាមដែលត្រូវបានធ្វើឡើង នៅខែកញ្ញា ឆ្នាំ ១៩៨៩។ ទាក់ទងនឹងបញ្ហានេះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនាពេលកន្លង មកដោយស្រង់បន្ទូលរបស់សម្តេចឪដែលបានប្រាប់លោកថា ភាគីខ្មែរក្រហមដែលដឹកនាំដោយលោក ខៀវ សំផន បានសន្យាចំពោះព្រះអង្គថា នៅពេលដែលកងទ័ពវៀតណាមដកចេញ នោះ «រដ្ឋាភិបាលរបស់រដ្ឋកម្ពុជានឹងប៉ើងដូចក្រដាស»។ ប៉ុន្តែសម្តេច ហ៊ុន សែន បានឆ្លើយនៅពេលនោះថា ៖ «ចាំមើល មើល! តើនរណាប៉ើង នរណាមិនប៉ើង»។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៀតថា៖ «ឆ្នាំ១៩៨៩ កងទ័ពវៀតណាមបានដកចេញអស់ពីប្រទេសកម្ពុជា ប៉ុន្តែសង្គ្រាមនៅតែបន្ត ហើយចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ ១៩៨៩ គេធ្វើសង្គ្រាមប្រឆាំងនឹងកងទ័ពស្ម័គ្រចិត្តវៀតណាម។ ប៉ុន្តែពេលកងទ័ពវៀតណាមដកអស់ គេនៅតែបន្តសង្គ្រាមប្រឆាំងជាមួយប្រជាជនកម្ពុជា។ យើងស្អប់សង្រ្គាម ប៉ុន្តែយើងទទួលស្គាល់សង្គ្រាម ដែលសត្រូវតម្រូវឲ្យយើងធ្វើ។ ដូច្នេះការប្រយុទ្ធរបស់យើងនៅពេលនោះ មិនមែនជាការនិយមសង្រ្គាមឡើយ ប៉ុន្តែវាជាសង្គ្រាមក្នុងការស្វែងរកសន្តិភាព និងរកភាពសុខសាន្តជូនប្រជាជន បន្ទាប់មកភាគីជម្លោះព្រម មកតុចរចារកសន្តិភាពនៅឆ្នាំ១៩៩១»។

ដំណើរការចរចាដោយមានការជំរុញពីមហាអំណាចទាំង ៥ (បារាំង សហរដ្ឋអាមេរិក ចិន អង់​គ្លេស និងសហភាពសូវៀត) ព្រមទាំងមានប្រទេសផ្សេងៗជាសាក្សីបានឈានដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពមួយនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១។ ដំណោះស្រាយជ​ម្លោះកម្ពុជាដែលសម្រេចចេញមកនេះកត្តាប្រែប្រួលក្នុងបរិបទអន្តរជាតិ។ កត្តាសំខាន់ជាងគេមួយទៀត ដែលបានជំរុញឲ្យសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលាឆ្នាំ១៩៩១ គឺដោយសារតែគុណសម្បត្តិ និងទេពកោសល្យនយោបាយរបស់សម្តេចឪ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលមានភាពស៊ីចង្វាក់គ្នាយ៉ាងល្អរវាងបុគ្គលិកលក្ខណៈ​របស់ព្រះអង្គ និងបុគ្គលិកលក្ខណៈរបស់ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលត្រូវបានពិភពលោកកត់សម្គាល់ថា ជាអ្នកបញ្ចប់ទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម និងនាំសន្តិភាពពេញលេញ និងគ្មានការបែងចែកទឹកដីកម្ពុជាជាពីរចាប់តាំងពីចុងឆ្នាំ១៩៩៨ មក ក្រោមការអនុវត្តនយោបាយឈ្នះ-ឈ្នះ។

សម្តេចឪ នរោត្តម សីហនុ ទ្រង់ក៏បានឈ្វេងយល់ថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន គឺជាតួអង្គដ៏សំខាន់ម្នាក់ ក្នុងការនាំមកនូវសន្តិភាពជូនប្រទេសកម្ពុជាដែលហែកហួរដោយភ្លើងសង្គ្រាមស៊ីវិលជាងពីរទសវត្សរ៍។ យោងតាមសៀវភៅ «ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា» សម្តេចឪ នរោត្តម សីហនុ បានមានបន្ទូលថា៖ «លោកហ៊ុន សែន ជាមេដឹកនាំគួរឲ្យកត់សម្គាល់ម្នាក់។ គាត់ក្មេងតែវាងវៃ ហើយលោកមានបទពិសោធក្នុងកិច្ចការប្រទេសទៀតផង។ គាត់ជាជនស្នេហាជាតិ ហើយមានសេចក្តីស្នេហាពិតប្រាកដចំពោះប្រជាជន របស់គាត់។ គាត់មានមោទនភាពជាតិ។ កាលដែលខ្ញុំនៅក្មេង ខ្ញុំដូចគាត់ ប្រកបដោយថាមពល ចិត្តខ្លាំងដូចព្យុះសង្ឃរា ហិង្សាក្នុងសម្តីតែនេះជាយុវវ័យ។ យើងទាំងអស់គ្នាទុំជោរតាមអាយុ។ ប្រទេសកម្ពុជាមានសំណាង ដោយមានលោក ហ៊ុន សែន។ យើងត្រូវការហ៊ុន សែន ច្រើននាក់ទៀត»។

កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៧ ពោលគឺមួយថ្ងៃមុននឹងប្រារព្ធពិធីខួប ៥ ឆ្នាំនៃការសោយទីវង្គតរបស់ព្រះបរមរតនកោដ្ឋសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាហត្ថលេខីនៃកិច្ចចរចាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានប្រសាសន៍ថា សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ នរោត្តម សីហនុ និងរូបសម្តេចផ្ទាល់ គឺជាតួអង្គដ៏សំខាន់សម្រាប់កិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ហើយបើគ្មានតួអង្គទាំងពីរនេះទេ គឺមិនមានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «បើគ្មានព្រះវត្តមានរបស់ព្រះអង្គ ក៏គ្មានវត្តមាន ក៏គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ហើយបើគ្មានវត្តមាន ហ៊ុន សែន ក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ»។ សម្តេចតេជោ បានបន្តថា៖ «គេអាចបោះបង់ចោលការចរចាជាមួយខ្មែរក្រហម ជាមួយក្រុមរបស់លោក សឺន សាន បាន ប៉ុន្តែមិនអាចបោះបង់ចោលការចរចាជាមួយសម្តេច នរោត្តម សីហនុ និងមិនអាចបោះបង់ចោលការចរចាជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទេ»។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកបន្ថែមទៀតថា បើគ្មានជំនួបលើកដំបូងរវាងសម្តេច និងសម្តេចព្រះបរមតនកោដ្ឋនៅ FERE-EN-TARDENOIS នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ និងបើគ្មានជំនួបនាពេលបន្តបន្ទាប់ទៀតទេនោះ គឺនឹងគ្មានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសនោះឡើយ។

កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលភាគីខ្មែរក្នុងជម្លោះទាំងបួនយល់ព្រមមានគោលបំណងបីសំខាន់ៗ។

ទី១៖ កិច្ចព្រមព្រៀងលើដំណោះស្រាយនយោបាយរួមលើជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសកម្ពុជា តាមរយៈការអនុវត្តកិច្ចឈប់បាញ់គ្នា និងការរំសាយអាវុធនៅក្នុងជួរទ័ពនៃភាគីជម្លោះទាំងអស់ មានអាណត្តិរបស់អាជ្ញាធរបណ្តោះអាសន្ន របស់ អ.ស.ប.នៅកម្ពុជា រៀបចំការបោះឆ្នោតសកលមួយ រៀបចំបញ្ចូលមកវិញជនភៀសខ្លួន និងរៀបចំរដ្ឋធម្មនុញ្ញថ្មី មួយសម្រាប់ប្រទេសកម្ពុជា។

ទី២៖ ការពារប្រទេសកម្ពុជាក្នុងនាមជាប្រទេសពេញសិទ្ធិមួយតាមរយៈការធានានូវអធិប​តេយ្យ​ភាព ឯករាជភាព បូរណភាពដែនដី និងភាពពុំអាចរំលោភបំពានបានឡើយទឹកដីអព្យា​ក្រឹតភាព និងឯកភាពជាតិ នៃប្រទេសកម្ពុជា។

ទី៣៖ សេចក្តីថ្លែងការណ៍មួយទាក់ទងនឹងការកសាងប្រទេសកម្ពុជាឡើងវិញ។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីសពិតជាបាននាំមកនូវពន្លឺថ្មីនៃវិថីសន្តិភាពនៅកម្ពុជានិងជាការត្រួសត្រាយផ្លូវសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការឈានទៅប្រើនយោបាយឈ្នះ-ឈ្នះ អន្ទងយកកងទ័ពខ្មែរក្រហមចេញពីព្រៃផងដែរបញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម នាំយកសន្តិភាពពេញលេញជូនជាតិនិងប្រជាជនកម្ពុជា។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាការត្រួសត្រាយផ្លូវថ្មីសម្រាប់កម្ពុជា កសាងនូវរបបមួយថ្មីមានការបោះឆ្នោត មានរដ្ឋធម្មនុញ្ញ និងបញ្ចប់វត្តមានកងទ័ពស្ម័គ្រចិត្តវៀតណាមលើទឹកដីកម្ពុជាផងដែរ ជាពិសេសកិច្ចព្រមព្រៀងនេះបានយាង ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះ​បាទសម្តេច នរោត្តម សីហនុ យាងចូលមាតុកម្ពុជាវិញ និងបង្កើតព្រះរាជាណាចក្រកម្ពុជាទី២។ កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ក៏បានជួយឲ្យកម្ពុជា មានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ពីប្រទេស ដែលស្ងាត់ជ្រងុំ ពីប្រទេសហ៊ុមព័ទ្ធសេដ្ឋកិច្ច មកជាប្រទេសមួយ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ ជាថ្មីទាំងកត្តាសេដ្ឋកិច្ច នយោបាយ ការអភិវឌ្ឍ បូករួមនិងវិស័យផ្សេងៗជាច្រើនទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា មកពីគណបក្សប្រជាជនកម្ពុជា កើតចេញពីការបោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក៏បានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែល​​​​ជាច្បាប់កំពូលរបស់ជាតិដែលកម្ពុជាកំពុងតែអនុវត្ត មានតម្លៃខ្ពង់ខ្ពស់បំផុតមិន អាចយកអ្វីមកប្រៀបផ្ទឹមបាន និងគ្របដណ្តប់លើរដ្ឋធម្មនុញ្ញឡើយ។

នៅក្នុងខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ យើខ្ញុំជាប្រជាពលរដ្ឋខ្មែរពិតជាបានចងចាំមិនភ្លេចចំពោះការលះបង់សព្វបែបយ៉ាងនៃតួអង្គដ៏សំខាន់ទាំងពីរគឺ សម្តេចព្រះបរមរតនាកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែននៅក្នុងជីវិតនយោបាយរបស់កម្ពុជារហូតឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពមួយនេះឡើងដើម្បី នាំសន្តិភាព ការបង្រួបបង្រួមជាតិ ការអភិវឌ្ឍជូនជាតិនិងមាតុភូមិរហូតមកទល់សព្វថ្ងៃ និងតទៅមនុស្សរាប់ជំនាន់ថែមទៀត៕

ដោយ៖ ចៅចាក់ស្មុក






រាជរដ្ឋាភិបាលកម្ពុជាកំពុងរកវិធីដើម្បីលើកយកបញ្ហាគ្រាប់បែកគីមីដែលអាមេរិក   ទម្លាក់ជំនាន់សង្គ្រាមឥណ្ឌូចិនទៅអង្គការសហប្រជាជាតិ

(ភ្នំពេញ)៖ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ៥ពាន់នាក់ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន អះអាងថា កម្ពុជាកំពុងស្វែងរកវិធី និងលទ្ធភាពដើម្បីលើកបញ្ហាគ្រាប់បែកគីមី នៅខេត្តស្វាយរៀង ទៅអង្គការសហប្រជាជាតិដើម្បីជួយដោះស្រាយ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចង់ឲ្យមានវត្តមានអ្នកជំនាញផ្នែកអាវុធជីវសាស្ត្រ របស់អង្គការសហប្រជាជាតិ  មកធ្វើអធិការកិច្ច ស្រាវជ្រាវ ដោះស្រាយបញ្ហាអាវុធគីមីជាមួយអាជ្ញាធរកម្ពុជា ដើម្បីឲ្យប្រជាជននៅតំបន់នោះស្ងប់ចិត្ត និងរស់នៅដោយគ្មានការភ័យខ្លាចសារ ធាតុគីមីតទៅទៀត។

ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ គឺក្រោយតែបីថ្ងៃ បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយនៅ លើហ្វ៊េសប៊ុករបស់ខ្លួនដោយបានអះអាងថាគ្រាប់បែកគីមីដែលស៊ីម៉ាក់បានរកឃើញនោះ គ្រាន់តែជាឧស្ម័នបង្ហូរទឹកភ្នែកទៅវិញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំអក ដល់មន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជាថា មិនស្គាល់បញ្ហាដែលបានកើតមាន ក្នុងសង្គ្រាមនៅឥណ្ឌូចិន ព្រោះកាលនោះគ្រាប់បែកអាមេរិកដែលទម្លាក់នៅ កម្ពុជា ឡាវ និងវៀតណាម សុទ្ធតែគ្រាប់បែកគីមីដើម្បីកម្ទេចព្រៃឈើងាយស្រួល កងទ័ពអាមេរិកបើកការវាយប្រហារ។ ជាថ្មីម្តងទៀតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍បានស្នើឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា រួមទាំងមន្ត្រី Peace Cop របស់អាមេរិក ទៅទស្សនកិច្ច ដើម្បីពិនិត្យ ប៉ះពាល់ផ្ទាល់ជាមួយគ្រាប់បែកគីមីនោះមើល ថាវាគ្រាន់តែជា ឧស្ម័នបង្ហូរទឹកភ្នែករឺយ៉ាងណា។

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ និងអាជ្ញាធរមីនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយដែលបានបដិសេធការលើករបស់ស្ថានទូតអាមេរិកដោយអះអាងថា មិនមែនត្រឹមតែជាគ្រាប់បែកបង្ហូរទឹកភ្នែកធម្មតាឡើយ ព្រោះថាគ្រាប់ បែកប្រភេទនេះ ធ្លាប់បានរកឃើញនៅខេត្តរតនគីរី ហើយមន្ត្រីជំនាញអង្គការសហប្រជាជាតិ ក៏ចេញរបាយការណ៍បញ្ជាក់ថា គ្រាប់បែកប្រភេទនេះក៏ជាគ្រាប់បែកគីមីដែរ។ បើតាមស៊ីម៉ាក់ និងអាជ្ញាធរមីននៃក្រសួងការពារជាតិ បានរកឃើញទីតាំងច្រើនជាង១០កន្លែងដែលមាន គ្រាប់បែកគីមីរបស់អាមេរិក ហើយថាមានប្រជាពលរដ្ឋ១៩នាក់ដែលរងផលប៉ះពាល់ ពីសារធាតុគីមីទាំងនោះ រួមទាំងមានការកើតមកមិនគ្រប់អវៈយវៈផងដែរ៕










តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិលោក ឡុង ប៊ុន្នី ប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា, លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងស្វាគមន៍ចំពោះការចុះចូល

(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីការចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ទាំងតំណាងរាស្រ្ត ចៅសង្កាត់ មេឃុំ ឬជំទប់ ឬជំទប់ ឬសមាជិករបស់គណបក្សសង្រ្គោះជាតិ, ​នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ឡុង ប៊ុន្នី ប្រចាំមណ្ឌលព្រៃវែង ប្រកាសដាក់លិខិតគោរពជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីចុះចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

នៅក្នុងលិខិតរបស់លោក ឡុង ប៊ុន្នី បានសរសេរយ៉ាងដូច្នេះថា៖ «កម្មវត្ថុ សំណើសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា, សេចក្តីដូចមានចែងក្នុងខាងលើ ខ្ញុំបាទសូមគោរពជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា បន្ទាប់ពីបានដឹងថា លោក កឹម សុខា ជាជនក្បត់ជាតិ ខ្ញុំបាទសូមសម្តេច អគ្គមហាសេនាបតីតេជោ មេត្តាអនុញ្ញាតឲ្យខ្ញុំបាទបានចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសេចក្តីអនុគ្រោះ»។

លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News បានសុំធ្វើកិច្ចសម្ភាសន៍ពិសេសមួយ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ស្វាគមន៍ទាំងអស់ចំពោះការចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា និងសូមអំពាវនាវបន្តទៀត ប្រសិនបើតំណាងរាស្រ្ត មេឃុំ ចៅសង្កាត់ ឬសមាជិកគណបក្សសង្រ្គោះជាតិ ដែលមានបំណងចុះចូល គឺគណបក្សប្រជាជនកម្ពុជា ស្វាគមន៍ទាំងអស់»។

នៅព្រឹកថ្ងៃអាទិត្យនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសក្នុងពេលដែល លោកអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករ និយោជិត ជាង៤ពាន់នាក់ នៅសាលមហោស្រពកោះពេជ្រ ឲ្យដឹងថា នៅពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែល ប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញជំនឿចិត្តរហូតដល់ជាង ៩៩ភាគរយ ថាគណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយ ហើយមិនអាចយកសហគមន៍អន្តរជាតិមកដាក់សម្ពាធបាននោះឡើយ៕

(ប្រភព FRESH NEWS)


នាយករដ្ឋមន្ត្រីកម្ពុជា រំលឹកថា កាលពីឆ្នាំ ១៩៩៧ ក្មួយៗកម្មករយើងមានប្រាក់ខែត្រឹម ៤០ដុល្លារ ប៉ុណ្ណោះ

ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា កាលពីឆ្នាំ១៩៩៧ ក្មួយៗកម្មករមានប្រាក់ខែត្រឹម ៤០ដុល្លារ ប៉ុណ្ណោះ។ ប៉ុន្តែសព្វថ្ងៃនេះកូនក្មួយកម្មករមានប្រាក់ខែ ១៥៣ដុល្លារ ដែលបូកប្រាក់អត្ថប្រយោជន៍ផ្សេងៗ គឺបាន២០០ដុល្លារ ឬលើសពី ២០០ដុល្លារ។

ចាប់ពីឆ្នាំ ២០១៨ គឺប្រាក់ខែក្មួយៗកម្មករនឹងឡើងដល់ ១៧០ដុល្លារ បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតគឺអាចបានច្រើនជាង២០០ដុល្លារទៀត។ តាមពិតក្រុមហ៊ុនបើកជូនក្មួយៗ ១៦៥ដុល្លារ តែរាជរដ្ឋាភិបាលបានប៉ះប៉ូវប្រាក់ជូនក្មយៗកម្មករបន្ថែម ៥ដុល្លារ ដែលប្រាក់នេះគឺបានមកពីប្រាក់ពន្ឋកាត់ទុក ដែលត្រូវពន្យារការប្រមូលហូតដល់ឆ្នាំ ២០២២ និងប្រាក់កម្រៃនាំចេញ។ គឺមានន័យថា រដ្ឋាភិបាលបានត្រៀមថវិកាប្រមាណ៤០ លានដុល្លារក្នុង១ឆ្នាំៗ ដើម្បីបន្ថែមជូនកូនក្មួយកម្មករ កម្មការនី៕







ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់នូវអនុសាសន៍សំខាន់ៗ ៥ចំណុច ដល់និយោជក និងនិយោជិត ដើម្បីធ្វើការរួមគ្នា ធានាដល់លក្ខខណ្ឌការងារ និងធ្វើយ៉ាងឲ្យមានប្រាក់ចំណូលខ្ពស់

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ-កម្មការិនី ជាង៤ពាន់នាក់។ ថ្លែងក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា “ទន្ទឹមនឹងការដាក់ចេញនូវគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ខ្ញុំផ្តល់នូវអនុសាសន៍សំខាន់ៗ ៥ចំណុច ដល់និយោជក និងនិយោជិត ដើម្បី ធ្វើការរួមគ្នា ធានាដល់លក្ខខណ្ឌការងារ និងប្រាក់ចំណូលល្អ”។

លក្ខខណ្ឌការងារទាំង ៥ចំណុចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនោះរួមមាន៖

១- ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាព សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ

២- រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗអោយបានច្រើនថែមទៀត ដោយធ្វើការពង្រីក និងបង្កើនទីផ្សារបន្ថែម

៣- រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ កើន ទាំងប្រាក់បៀវត្សន៍អប្បបរិមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ

៤- ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករចាប់ពីខែមករា ឆ្នាំ២០១៨ ខាងមុខ និយោជក ម្ចាស់ក្រុមហ៊ុន នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករ-កម្មការិនី ដែលអាចនៅសល់ប្រាក់ប្រមាណពី ៨,០០០៛-១២,០០០៛ ក្នុង១ខែ

៥- បន្តផ្តល់កិច្ចគាំពារ និងយកចិត្តទុកដាក់ចំពោះកម្មករ-កម្មការិនី ដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូ ដើម្បីផ្តល់នូវលក្ខខណ្ឌការងារល្អៗ ព្រមទាំងជួយសម្រួល នូវលិខិតបទដ្ឋាននានាដែលពាក់ព័ន្ធនឹងការងាររបស់កម្មករ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់សារជាថ្មីទៅកាន់កម្មករ-កម្មការិនីទូទាំងប្រទេសថា នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈឥតគិតថ្លៃរយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ ២០១៩  កម្មករទាំងអស់ នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន ៨០% នៃប្រាក់ខែដែលខ្លួនធ្លាប់បានទទួលពេលនៅធ្វើការចុងក្រោយ ។

ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូន ទទួលបានការឈប់សម្រាកពីការងាររយៈពេល៣ខែ ហើយនៅទទួលបានប្រាក់ខែ១២០% ៥០% ដោយក្រុមហ៊ុន និង៧០% ដោយបេឡាជាតិ។ លើសពីនេះទៅទៀតចាប់ពីខែមករា ឆ្នាំ២០១៨ សម្រាប់កម្មការិនីមានផ្ទៃពោះ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនៅពេលសម្រាលកូន ដោយអ្នកសម្រាលបានកូន១ ទទួលបាន៤០ម៉ឺនរៀល អ្នកសម្រាលបានកូនភ្លោះ២ ទទួលបាន៨០ម៉ឺនរៀល និងអ្នកសម្រាលកូនភ្លោះ៣ ទទួលបាន១លាន២០ម៉ឺនរៀល រួមនឹងការឧបត្ថម្ភបន្ថែមទៀតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

សួមបញ្ជាក់ថា នៅកម្ពុជាមានរោងចក្រកាត់ដែរ និងសហគ្រាស ទាំងអស់ចំនួន ១១,១៦៨ ដែលបានផ្តល់ការងារដល់ពលរដ្ឋកម្ពុជាប្រមាណជាង១លាននាក់៕