Tuesday, October 24, 2017

តើនរណាជាស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស?

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៧ គឺជាគម្រប់ខួប ២៦ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ ខ្មែរទាំងបួនភាគីមានជម្លោះប្រដាប់អាវុធ នឹងគ្នារួមមានអ្នកសីហនុនិយម តំណាងដោយសម្តេចឪ នរោត្តម សីហនុ អ្នកជាតិនិយមដឹកនាំដោយលោក សឺន សាន ក្រុមខ្មែរក្រហមដឹកនាំដោយ ខៀវ សំផន និងក្រុមរដ្ឋកម្ពុជាដែលគ្រប់គ្រងទឹកដីភាគច្រើនរបស់ប្រទេសកម្ពុជាដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឯកភាពរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស នៅប្រទេសបារាំង ដោយមានអគ្គលេខាធិការនៃអង្គការសហប្រជាជាតិរួមនឹងតំណាងប្រទេសហត្ថលេខីចំនួន ១៧ ទៀតធ្វើជាសាក្សីក្នុងនោះប្រទេសបារាំង និងឥណ្ឌូនេស៊ីជាសហប្រធាននៃសន្និសីទនេះ។

កិច្ចព្រមព្រៀងនេះ គឺជាការបើកទំព័រប្រវត្តិសាស្រ្តថ្មី និងបានផ្តល់ក្តីសង្ឃឹមដល់ប្រជាជនកម្ពុជាក្នុងការទទួលបានមកវិញ នូវសុខសន្តិភាព និងកសាងឡើងវិញនូវខឿនសេដ្ឋកិច្ច និង លទ្ធិប្រ​ជាធិបតេយ្យ បន្ទាប់ពីបានបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិលជិតពីរទសវត្សរ៍រួចមក។ ភាគីខ្មែរទាំងបួនដែលមានជម្លោះជាហត្ថលេខីនៃកិច្ចព្រមព្រៀងនោះ រួមមាន កិច្ចព្រមព្រៀងសន្តិភាពនេះ ទម្រាំនឹងប្រសូតចេញមកបានគឺត្រូវបានគេពិពណ៌នាថា មាន «ការលំបាកយ៉ាងខ្លាំង» និងបានចំណាយពេលជាច្រើនឆ្នាំដោយចាប់ផ្តើមពីជំនួបលើកទី១ រវាងសម្តេចឪ នរោត្តម សីហនុ តំណាងឲ្យរដ្ឋាភិបាលត្រីភាគីកម្ពុជាប្រជាធិបតេយ្យនិងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តំណាងភាគីរដ្ឋកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅទីក្រុងហ្វែរអង់តាដឺន័រ (Fere-en Tardenois) នៃប្រទេសបារាំង។

សម្តេច ហ៊ុន សែន ដែលនៅពេលនោះ ធ្វើជានាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីក្រសួងការបរ​ទេសកម្ពុជាផង បានដឹកនាំការចរចាយ៉ាងស្វិតស្វាញជាមួយនឹងរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យចូលរួមដោយត្រីភាគីដើម្បីបញ្ចប់សង្គ្រាម។ បើទោះបីជាលោកមានវ័យក្មេង ប៉ុន្តែសម្តេច ហ៊ុន សែន ត្រូវបានគេវាយតម្លៃថា មានភាពចាស់ទុំខាងផ្នែកនយោបាយ ជាអ្នកស្រលាញ់សន្តិភាព ព្រោះលោកមិនចង់ឲ្យពលរដ្ឋខ្មែរជំនាន់ក្រោយបន្តរងគ្រោះដោយសារ សង្គ្រាម ដូចជំនាន់លោកឡើយ។ សម្តេច ហ៊ុន សែន ធ្លាប់បានបញ្ជាក់ទស្សនៈរបស់លោកថា៖ «វាមានសារៈសំខាន់ណាស់ក្នុងការរកដំណោះស្រាយនយោបាយតាមរយៈការចរចា។ កំណែទម្រង់សេដ្ឋកិច្ចបានដើរជាមួយកំណែ ទម្រង់នយោបាយ។ ប៉ុន្តែស្ថិរភាពនយោបាយត្រូវបានរក្សាទុក ធ្វើដូច្នេះដើម្បីកែទម្រង់ខាងសេដ្ឋកិច្ចអាចអនុវត្តបានស្របជាមួយ នឹងការស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាព»។

កិច្ចចរចារវាងសម្តេច ហ៊ុន សែន និងសម្តេចព្រះ នរោត្តម សីហនុ បានធ្វើជាបន្តបន្ទាប់ក្រោយពីជួបគ្នាលើកទី១ នៅទីក្រុងហ្វែរអង់តាដឺន័រ។ កិច្ចចរចាសន្តិភាពទីក្រុងប៉ារីសដំបូង ត្រូវបានចាប់ផ្តើមឡើងជាផ្លូវការ នៅក្នុងខែសីហា ឆ្នាំ ១៩៨៩ គឺមួយខែមុនការដកកងទ័ពស្ម័គ្រចិត្តវៀតណាមចេញពីប្រទេសកម្ពុជា បន្ទាប់ពីបានជួយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ផ្តួលរំលំរបបខ្មែរក្រហម រំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ការដកកងទ័ពវៀតណាមដែលត្រូវបានធ្វើឡើង នៅខែកញ្ញា ឆ្នាំ ១៩៨៩។ ទាក់ទងនឹងបញ្ហានេះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនាពេលកន្លង មកដោយស្រង់បន្ទូលរបស់សម្តេចឪដែលបានប្រាប់លោកថា ភាគីខ្មែរក្រហមដែលដឹកនាំដោយលោក ខៀវ សំផន បានសន្យាចំពោះព្រះអង្គថា នៅពេលដែលកងទ័ពវៀតណាមដកចេញ នោះ «រដ្ឋាភិបាលរបស់រដ្ឋកម្ពុជានឹងប៉ើងដូចក្រដាស»។ ប៉ុន្តែសម្តេច ហ៊ុន សែន បានឆ្លើយនៅពេលនោះថា ៖ «ចាំមើល មើល! តើនរណាប៉ើង នរណាមិនប៉ើង»។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៀតថា៖ «ឆ្នាំ១៩៨៩ កងទ័ពវៀតណាមបានដកចេញអស់ពីប្រទេសកម្ពុជា ប៉ុន្តែសង្គ្រាមនៅតែបន្ត ហើយចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ ១៩៨៩ គេធ្វើសង្គ្រាមប្រឆាំងនឹងកងទ័ពស្ម័គ្រចិត្តវៀតណាម។ ប៉ុន្តែពេលកងទ័ពវៀតណាមដកអស់ គេនៅតែបន្តសង្គ្រាមប្រឆាំងជាមួយប្រជាជនកម្ពុជា។ យើងស្អប់សង្រ្គាម ប៉ុន្តែយើងទទួលស្គាល់សង្គ្រាម ដែលសត្រូវតម្រូវឲ្យយើងធ្វើ។ ដូច្នេះការប្រយុទ្ធរបស់យើងនៅពេលនោះ មិនមែនជាការនិយមសង្រ្គាមឡើយ ប៉ុន្តែវាជាសង្គ្រាមក្នុងការស្វែងរកសន្តិភាព និងរកភាពសុខសាន្តជូនប្រជាជន បន្ទាប់មកភាគីជម្លោះព្រម មកតុចរចារកសន្តិភាពនៅឆ្នាំ១៩៩១»។

ដំណើរការចរចាដោយមានការជំរុញពីមហាអំណាចទាំង ៥ (បារាំង សហរដ្ឋអាមេរិក ចិន អង់​គ្លេស និងសហភាពសូវៀត) ព្រមទាំងមានប្រទេសផ្សេងៗជាសាក្សីបានឈានដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពមួយនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១។ ដំណោះស្រាយជ​ម្លោះកម្ពុជាដែលសម្រេចចេញមកនេះកត្តាប្រែប្រួលក្នុងបរិបទអន្តរជាតិ។ កត្តាសំខាន់ជាងគេមួយទៀត ដែលបានជំរុញឲ្យសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលាឆ្នាំ១៩៩១ គឺដោយសារតែគុណសម្បត្តិ និងទេពកោសល្យនយោបាយរបស់សម្តេចឪ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលមានភាពស៊ីចង្វាក់គ្នាយ៉ាងល្អរវាងបុគ្គលិកលក្ខណៈ​របស់ព្រះអង្គ និងបុគ្គលិកលក្ខណៈរបស់ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលត្រូវបានពិភពលោកកត់សម្គាល់ថា ជាអ្នកបញ្ចប់ទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម និងនាំសន្តិភាពពេញលេញ និងគ្មានការបែងចែកទឹកដីកម្ពុជាជាពីរចាប់តាំងពីចុងឆ្នាំ១៩៩៨ មក ក្រោមការអនុវត្តនយោបាយឈ្នះ-ឈ្នះ។

សម្តេចឪ នរោត្តម សីហនុ ទ្រង់ក៏បានឈ្វេងយល់ថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន គឺជាតួអង្គដ៏សំខាន់ម្នាក់ ក្នុងការនាំមកនូវសន្តិភាពជូនប្រទេសកម្ពុជាដែលហែកហួរដោយភ្លើងសង្គ្រាមស៊ីវិលជាងពីរទសវត្សរ៍។ យោងតាមសៀវភៅ «ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា» សម្តេចឪ នរោត្តម សីហនុ បានមានបន្ទូលថា៖ «លោកហ៊ុន សែន ជាមេដឹកនាំគួរឲ្យកត់សម្គាល់ម្នាក់។ គាត់ក្មេងតែវាងវៃ ហើយលោកមានបទពិសោធក្នុងកិច្ចការប្រទេសទៀតផង។ គាត់ជាជនស្នេហាជាតិ ហើយមានសេចក្តីស្នេហាពិតប្រាកដចំពោះប្រជាជន របស់គាត់។ គាត់មានមោទនភាពជាតិ។ កាលដែលខ្ញុំនៅក្មេង ខ្ញុំដូចគាត់ ប្រកបដោយថាមពល ចិត្តខ្លាំងដូចព្យុះសង្ឃរា ហិង្សាក្នុងសម្តីតែនេះជាយុវវ័យ។ យើងទាំងអស់គ្នាទុំជោរតាមអាយុ។ ប្រទេសកម្ពុជាមានសំណាង ដោយមានលោក ហ៊ុន សែន។ យើងត្រូវការហ៊ុន សែន ច្រើននាក់ទៀត»។

កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៧ ពោលគឺមួយថ្ងៃមុននឹងប្រារព្ធពិធីខួប ៥ ឆ្នាំនៃការសោយទីវង្គតរបស់ព្រះបរមរតនកោដ្ឋសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាហត្ថលេខីនៃកិច្ចចរចាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានប្រសាសន៍ថា សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ នរោត្តម សីហនុ និងរូបសម្តេចផ្ទាល់ គឺជាតួអង្គដ៏សំខាន់សម្រាប់កិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ហើយបើគ្មានតួអង្គទាំងពីរនេះទេ គឺមិនមានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «បើគ្មានព្រះវត្តមានរបស់ព្រះអង្គ ក៏គ្មានវត្តមាន ក៏គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ហើយបើគ្មានវត្តមាន ហ៊ុន សែន ក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ»។ សម្តេចតេជោ បានបន្តថា៖ «គេអាចបោះបង់ចោលការចរចាជាមួយខ្មែរក្រហម ជាមួយក្រុមរបស់លោក សឺន សាន បាន ប៉ុន្តែមិនអាចបោះបង់ចោលការចរចាជាមួយសម្តេច នរោត្តម សីហនុ និងមិនអាចបោះបង់ចោលការចរចាជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទេ»។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកបន្ថែមទៀតថា បើគ្មានជំនួបលើកដំបូងរវាងសម្តេច និងសម្តេចព្រះបរមតនកោដ្ឋនៅ FERE-EN-TARDENOIS នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ និងបើគ្មានជំនួបនាពេលបន្តបន្ទាប់ទៀតទេនោះ គឺនឹងគ្មានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសនោះឡើយ។

កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលភាគីខ្មែរក្នុងជម្លោះទាំងបួនយល់ព្រមមានគោលបំណងបីសំខាន់ៗ។

ទី១៖ កិច្ចព្រមព្រៀងលើដំណោះស្រាយនយោបាយរួមលើជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសកម្ពុជា តាមរយៈការអនុវត្តកិច្ចឈប់បាញ់គ្នា និងការរំសាយអាវុធនៅក្នុងជួរទ័ពនៃភាគីជម្លោះទាំងអស់ មានអាណត្តិរបស់អាជ្ញាធរបណ្តោះអាសន្ន របស់ អ.ស.ប.នៅកម្ពុជា រៀបចំការបោះឆ្នោតសកលមួយ រៀបចំបញ្ចូលមកវិញជនភៀសខ្លួន និងរៀបចំរដ្ឋធម្មនុញ្ញថ្មី មួយសម្រាប់ប្រទេសកម្ពុជា។

ទី២៖ ការពារប្រទេសកម្ពុជាក្នុងនាមជាប្រទេសពេញសិទ្ធិមួយតាមរយៈការធានានូវអធិប​តេយ្យ​ភាព ឯករាជភាព បូរណភាពដែនដី និងភាពពុំអាចរំលោភបំពានបានឡើយទឹកដីអព្យា​ក្រឹតភាព និងឯកភាពជាតិ នៃប្រទេសកម្ពុជា។

ទី៣៖ សេចក្តីថ្លែងការណ៍មួយទាក់ទងនឹងការកសាងប្រទេសកម្ពុជាឡើងវិញ។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីសពិតជាបាននាំមកនូវពន្លឺថ្មីនៃវិថីសន្តិភាពនៅកម្ពុជានិងជាការត្រួសត្រាយផ្លូវសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការឈានទៅប្រើនយោបាយឈ្នះ-ឈ្នះ អន្ទងយកកងទ័ពខ្មែរក្រហមចេញពីព្រៃផងដែរបញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម នាំយកសន្តិភាពពេញលេញជូនជាតិនិងប្រជាជនកម្ពុជា។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាការត្រួសត្រាយផ្លូវថ្មីសម្រាប់កម្ពុជា កសាងនូវរបបមួយថ្មីមានការបោះឆ្នោត មានរដ្ឋធម្មនុញ្ញ និងបញ្ចប់វត្តមានកងទ័ពស្ម័គ្រចិត្តវៀតណាមលើទឹកដីកម្ពុជាផងដែរ ជាពិសេសកិច្ចព្រមព្រៀងនេះបានយាង ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះ​បាទសម្តេច នរោត្តម សីហនុ យាងចូលមាតុកម្ពុជាវិញ និងបង្កើតព្រះរាជាណាចក្រកម្ពុជាទី២។ កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ក៏បានជួយឲ្យកម្ពុជា មានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ពីប្រទេស ដែលស្ងាត់ជ្រងុំ ពីប្រទេសហ៊ុមព័ទ្ធសេដ្ឋកិច្ច មកជាប្រទេសមួយ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ ជាថ្មីទាំងកត្តាសេដ្ឋកិច្ច នយោបាយ ការអភិវឌ្ឍ បូករួមនិងវិស័យផ្សេងៗជាច្រើនទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា មកពីគណបក្សប្រជាជនកម្ពុជា កើតចេញពីការបោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក៏បានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែល​​​​ជាច្បាប់កំពូលរបស់ជាតិដែលកម្ពុជាកំពុងតែអនុវត្ត មានតម្លៃខ្ពង់ខ្ពស់បំផុតមិន អាចយកអ្វីមកប្រៀបផ្ទឹមបាន និងគ្របដណ្តប់លើរដ្ឋធម្មនុញ្ញឡើយ។

នៅក្នុងខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ យើខ្ញុំជាប្រជាពលរដ្ឋខ្មែរពិតជាបានចងចាំមិនភ្លេចចំពោះការលះបង់សព្វបែបយ៉ាងនៃតួអង្គដ៏សំខាន់ទាំងពីរគឺ សម្តេចព្រះបរមរតនាកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែននៅក្នុងជីវិតនយោបាយរបស់កម្ពុជារហូតឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពមួយនេះឡើងដើម្បី នាំសន្តិភាព ការបង្រួបបង្រួមជាតិ ការអភិវឌ្ឍជូនជាតិនិងមាតុភូមិរហូតមកទល់សព្វថ្ងៃ និងតទៅមនុស្សរាប់ជំនាន់ថែមទៀត៕

ដោយ៖ ចៅចាក់ស្មុក






No comments:

Post a Comment