Tuesday, October 24, 2017

លោកនាយករដ្ឋមន្រ្តី លើកឡើងថា ភាពរីកចម្រើនដូចសព្វថ្ងៃនេះមិនមែនជាអភិបាលកិច្ចស្មោគគ្រោកដូចជាការចោទប្រកាន់ឡើយ

នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា សមិទ្ធផលដែលយើងកំពុងទទួលបាននាពេលបច្ចុប្បន្នជាពិសេសទីក្រុងដ៏រីកចម្រើនរស់វើករបស់រាជធានីភ្នំពេញ គឺបានបង្ហាញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងអស់គ្នា ហើយក៏បានបង្ហាញថា វាមិនមែនជាអភិបាលកិច្ចស្មោគគ្រោកដូចការចោទប្រកាន់ របស់មនុស្សមួយចំនួននោះឡើយ។ លោកបានថ្លែងដូចនេះក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងអាមេខ្សែកាបឆ្លងកាត់ទន្លេសាបមួយខ្សែប្រវែងបណ្តោយជិត១គីឡូម៉ែត្រឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារទៅកាន់ផ្លូវជាតិលេខ៥ ដោយគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក។

លោក ហ៊ុប សែន បានបន្តថា យើងបានប្រឹងប្រែងរួមគ្នា ធ្វើការច្រើនណាស់ ដូច្នេះត្រូវក្តាប់ឱ្យជាប់នូវអ្វីដែលយើងមាននៅក្នុងដៃ មិនត្រូវឱ្យរបូតទៅវិញនោះឡើយ។ ជាក់ស្តែងការសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាបនេះ គឺជាការរីកចម្រើនរបស់រាជធានីភ្នំពេញ ដែលបានផ្តើមចេញពីស្ថានភាពដ៏យ៉ាប់យឺន និងគ្មានមនុស្សរស់នៅនោះឡើយ ក្រោយការផ្តួលរំលំរបបប្រល័យពូជសាសន៍។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងថា នៅពេលខាងមុខនេះ នឹងមានការសាងសង់ស្ពានសម្រាប់តភ្ជាប់ពីស្រុកស្ទឹងត្រង់ ទៅស្រុកក្រូចឆ្មាខេត្តកំពង់ចាម។ រាជរដ្ឋាភិបាល ក៏កំពុងមានគម្រោងសាងសង់ស្ពានតភ្ជាប់ពីក្រចេះ ទៅត្រើយម្ខាងដើម្បីភ្ជាប់ទៅខេត្តកំពង់ធំ និងការសាងសង់ស្ពានភ្ជាប់ពីជ្រោយចង្វារទៅអរិយក្សត្រ និងក្តីតាកុយផងដែរ៕









No comments:

Post a Comment