Tuesday, October 24, 2017

ហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសកើតចេញពីការចរចាដំបូង «សីហនុ-ហ៊ុន សែន»

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស កើតចេញពីការចរចាដំបូង «សីហនុ-ហ៊ុន សែន»។
ខាងក្រោមនេះ គឺជាខ្លឹមសារនៅក្នុងហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖

ការពិតនៃកើតចេញ «កិច្ចព្រមព្រៀងទីក្រុងប៉ារីស» ២៣ តុលា ១៩៩១ គឺបានកើតចេញពីការចរចាដំបូង «សីហនុ-ហ៊ុន សែន» នៅថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅ Fère-en-Tardenois, ប្រទេសបារាំង។ នេះជាប្រវត្កិសាស្រ្តពិតដែលបាននាំមកដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។ បើគ្មានការបើកផ្លូវចរចានៅពេលនោះទេក៏គ្មានកិច្ចព្រៀមព្រៀងទីក្រុងប៉ារីសដែរ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសមានគោលបំណងបីសំខាន់ៗដូចជា៖ ទី១៖ កិច្ចព្រមព្រៀងលើដំណោះស្រាយនយោបាយរួមលើជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសកម្ពុជា តាមរយៈការអនុវត្តកិច្ចឈប់បាញ់គ្នា និងការរំសាយអាវុធនៅក្នុងជួរទ័ពនៃភាគីជម្លោះទាំងអស់ មានអាណត្តិរបស់អាជ្ញាធរបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិ ( អ.ស.ប. ) នៅកម្ពុជា រៀបចំការបោះឆ្នោតសកលមួយ រៀបចំបញ្ចូលមកវិញជនភៀសខ្លួន និងរៀបចំរដ្ឋធម្មនុញ្ញថ្មី មួយសម្រាប់ប្រទេសកម្ពុជា។ ទី២៖ ការពារប្រទេសកម្ពុជាក្នុងនាមជាប្រទេសពេញសិទ្ធិមួយតាមរយៈការធានានូវអធិបតេយ្យភាព ឯក្យរាជភាព បូរណភាពដែនដី និងភាពពុំអាចរំលោភបំពានបានឡើយទឹកដីអព្យាក្រឹតភាព និងឯកភាពជាតិ នៃប្រទេសកម្ពុជា។ និងទី៣៖ សេចក្តីថ្លែងការណ៍មួយទាក់ទងនឹងការកសាងប្រទេសកម្ពុជាឡើងវិញ។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីសពិតជាបាននាំមកនូវពន្លឺថ្មីនៃវិថីសន្តិភាពនៅកម្ពុជា និងជាការត្រួសត្រាយផ្លូវសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការឈានទៅប្រើនយោបាយឈ្នះ-ឈ្នះ អន្ទងយកកងទ័ពខ្មែរក្រហម ចេញពីព្រៃផងដែរ បញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម នាំយកសន្តិភាពពេញលេញជូនជាតិនិងប្រជាជនកម្ពុជា៕


No comments:

Post a Comment