Tuesday, October 24, 2017

ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋបានតស៊ូលះបង់និងបូជាគ្រប់យ៉ាងដើម្បីឯករាជ្យជាតិ និងសន្តិភាពជាតិខ្មែរ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនដោយបានបញ្ជាក់ថាព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានតស៊ូលះបង់ និងបូជាគ្រប់យ៉ាងដើម្បីឯករាជ្យជាតិនិងសន្តិភាពជាតិខ្មែរ។

ខ្លឹមសារនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា «ថ្ងៃនេះគឺជាខួបលើកទី២៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០១៧) ដែលបាននាំមកនូវសន្តិភាពសម្រាប់កម្ពុជា។ ពិតប្រាកដណាស់ គឺយើងចងចាំ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានតស៊ូលះបង់ និងបូជាគ្រប់យ៉ាងដើម្បីឯករាជ្យជាតិនិងសន្តិភាពជាតិខ្មែរ។ ទន្ទឹមនឹងដំណោះស្រាយសន្តិភាពដែលផ្សាភ្ជាប់ជាមួយនយោបាយឈ្នះ-ឈ្នះ គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងដែលធ្វើអោយខ្មែរគ្រប់និន្នាការឈ្នះទាំងអស់គ្នា។ ដោយសារសន្តិភាព និងនយោ​បាយឈ្នះ-ឈ្នះ នេះហើយ ដែលបានផ្តល់ឱកាសគ្រប់យ៉ាងអោយកម្ពុជាបានកសាងសង្គមគ្រួសារ និងអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើនមកទល់សព្វថ្ងៃនេះ។ បើគ្មានសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍដែរ»។

នៅក្នុងឱកាសនៃថ្ងៃដ៏វិសេសវិសាលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជូនពរជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស សូមជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា និងសូមអរគុណជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាព ដើម្បីកម្ពុជាកាន់តែមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿង៕


No comments:

Post a Comment