ប្រមុខរាជរដ្ឋាភិបាល បានថ្លែងថាការអនុវត្តសម្រាប់លោក កឹម សុខា គ្មានការរាថយនោះឡើយប៉ុន្តែការអនុវត្តផ្លូវច្បាប់នេះគឺជារឿងប្រសើរជាងការប្រើអាវុធ ហើយការចាប់ខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារនេះក៏ព្រោះតែការប្រព្រឹត្តខុសច្បាប់។ ដោយឡែកចំពោះការអំពាវនាវរបស់លោក សម រង្ស៊ី ដែលបានលើកឡើងថាឱ្យកងទ័ពបែរចុងកាណុងមកកាន់លោកហ៊ុន សែននោះ ត្រូវបានលោកនាយករដ្ឋមន្រ្តីឆ្លើយតបថាអ្នកដែលចង់លេងជាមួយលោក តាមកម្លាំងប្រដាប់អាវុធសូមឱ្យធ្វើក្តារមឈូសឱ្យហើយទៅ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា «សូមមេត្តាកុំមកចង់ផ្តួលរំលំលេងផ្លូវកាត់ឱ្យសោះ អ្នកមិនអាចទៅរួចទេ ហើយអ្នកក៏មិនអាចគេចវេសពីសំណាញ់ច្បាប់បានដែរ។ អំពើរបស់អ្នកត្រូវផ្តន្ទាទោសហើយ ហើយការអនុវត្តផ្លូវច្បាប់ប្រសើរជាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធដូចដែលមានការញុះញង់ដោយជនក្បត់ដែលចង់ប្រើប្រាស់ការបះបោរប្រដាប់អាវុធ។ ការបះបោរប្រដាប់អាវុធវានឹងនាំដល់ការហូរឈាមនិងស្លាប់ជីវិតមនុស្ស ប៉ុន្តែការអនុវត្តផ្លូវច្បាប់គឺវាមិនស្លាប់មនុស្សទេគ្រាន់តែជាប់គុក ព្រោះការជាប់គុកមិនមែនបណ្តាលមកពីគេធ្វើបាបអ្នកឯងទេ មកពីអ្នកឯងធ្វើខុសបានវាជាប់គុក។ គ្មានអ្នកណាដែលគេទៅចាប់អ្នកដែលមិនបានប្រព្រឹត្តខុសដាក់គុកនោះទេ»៕
No comments:
Post a Comment