Tuesday, October 24, 2017

លោក ហ៊ុន សែន ថ្លែងថាអង្គការសហប្រជាជាតិចាយលុយអស់ ២ពាន់លានដុល្លារនៅតែមិនអាចសម្រេចបំណងកិច្ចព្រមព្រៀងប៉ារីសនាំសន្តិភាពសម្រាប់កម្ពុជាទេ

នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា អង្គការសហប្រជាជាតិចាយលុយអស់ ២ពាន់លានដុល្លារសហរដ្ឋអាមេរិកក៏នៅតែមិនអាចសម្រេចបំណងកិច្ចព្រមព្រៀងប៉ារីសនាំសន្តិភាពសម្រាប់កម្ពុជាបាននោះទេ ពោលគឺនៅតែមានសង្រ្គាមប្រដាប់អាវុធនៅលើទឹកដីកម្ពុជាដែលបានបែកបាក់គ្នា។ លោកបានថ្លែងដូចនេះក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងអាមេខ្សែកាបឆ្លងកាត់ទន្លេសាបមួយខ្សែប្រវែងបណ្តោយជិត១គីឡូម៉ែត្រឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារទៅកាន់ផ្លូវជាតិលេខ៥ ដោយគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក។

ប្រមុខរាជរដ្ឋាភិបាល បានបន្តរំលឹកថា កងទ័ពរបស់អង្គការសហប្រជាជាតិដែលចាយលុយអស់២ពាន់លានដុល្លារមិនអាចសម្រេចបំណងកិច្ចព្រមព្រៀងប៉ារីសដោយបញ្ចប់កម្លាំងប្រដាប់អាវុធនៅតាមព្រៃបាននោះទេហើយក៏ចាកចេញពីកម្ពុជាទៅ។ កម្ពុជានៅតែមិនទាន់ទទួលបានអ្វីដែលយើងត្រូវការនៅឡើយពោលគឺកម្ពុជានៅមានតំបន់ត្រួតត្រាពីរ មានរដ្ឋាភិបាលពីរនៅឡើយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថាការដាក់ចេញនយោបាយឈ្នះ-ឈ្នះរបស់លោកដោយធានាឱ្យបងប្អូនខ្មែរក្រហមរក្សាបាននូវអត្ថប្រយោជន៍ និងការធានាចំនួន៣យ៉ាងរួមមាន៖ ១- ការធានាបាននូវសុវត្ថិភាពគ្រប់យ៉ាងសម្រាប់ពួកគេមិនអាចមានការចាប់ខ្លួន ២- ធានាអាជីព និងមុខរបរដោយផ្តល់ទុកឱ្យនូវអ្វីដែលធ្លាប់ធ្វើឱ្យនៅដដែល និងទី៣- ទទួលស្គាល់កម្មសិទ្ធិទាំងចលនទ្រព្យ និងអចលនាទ្រព្យដែលនាំឱ្យកងទ័ពខ្មែរក្រហមចុះចូលទាំងអស់។ ដោយសារនយោបាយឈ្នះ-ឈ្នះនេះហើយ គឺជាការបង្រ្គប់ឱ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីសដើម្បីនាំមកនូវការបង្រួបបង្រួបជាតិ បង្រួបបង្រួមទឹកដីនាំមកនូវសុខសន្តិភាពពេញលេញជូនជាតិមាតុភូមិរហូតមកដល់សព្វថ្ងៃនេះ៕








No comments:

Post a Comment