Tuesday, October 24, 2017

រាជរដ្ឋាភិបាលកម្ពុជាកំពុងរកវិធីដើម្បីលើកយកបញ្ហាគ្រាប់បែកគីមីដែលអាមេរិក   ទម្លាក់ជំនាន់សង្គ្រាមឥណ្ឌូចិនទៅអង្គការសហប្រជាជាតិ

(ភ្នំពេញ)៖ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ៥ពាន់នាក់ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន អះអាងថា កម្ពុជាកំពុងស្វែងរកវិធី និងលទ្ធភាពដើម្បីលើកបញ្ហាគ្រាប់បែកគីមី នៅខេត្តស្វាយរៀង ទៅអង្គការសហប្រជាជាតិដើម្បីជួយដោះស្រាយ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចង់ឲ្យមានវត្តមានអ្នកជំនាញផ្នែកអាវុធជីវសាស្ត្រ របស់អង្គការសហប្រជាជាតិ  មកធ្វើអធិការកិច្ច ស្រាវជ្រាវ ដោះស្រាយបញ្ហាអាវុធគីមីជាមួយអាជ្ញាធរកម្ពុជា ដើម្បីឲ្យប្រជាជននៅតំបន់នោះស្ងប់ចិត្ត និងរស់នៅដោយគ្មានការភ័យខ្លាចសារ ធាតុគីមីតទៅទៀត។

ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ គឺក្រោយតែបីថ្ងៃ បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយនៅ លើហ្វ៊េសប៊ុករបស់ខ្លួនដោយបានអះអាងថាគ្រាប់បែកគីមីដែលស៊ីម៉ាក់បានរកឃើញនោះ គ្រាន់តែជាឧស្ម័នបង្ហូរទឹកភ្នែកទៅវិញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំអក ដល់មន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជាថា មិនស្គាល់បញ្ហាដែលបានកើតមាន ក្នុងសង្គ្រាមនៅឥណ្ឌូចិន ព្រោះកាលនោះគ្រាប់បែកអាមេរិកដែលទម្លាក់នៅ កម្ពុជា ឡាវ និងវៀតណាម សុទ្ធតែគ្រាប់បែកគីមីដើម្បីកម្ទេចព្រៃឈើងាយស្រួល កងទ័ពអាមេរិកបើកការវាយប្រហារ។ ជាថ្មីម្តងទៀតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍បានស្នើឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា រួមទាំងមន្ត្រី Peace Cop របស់អាមេរិក ទៅទស្សនកិច្ច ដើម្បីពិនិត្យ ប៉ះពាល់ផ្ទាល់ជាមួយគ្រាប់បែកគីមីនោះមើល ថាវាគ្រាន់តែជា ឧស្ម័នបង្ហូរទឹកភ្នែករឺយ៉ាងណា។

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ និងអាជ្ញាធរមីនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយដែលបានបដិសេធការលើករបស់ស្ថានទូតអាមេរិកដោយអះអាងថា មិនមែនត្រឹមតែជាគ្រាប់បែកបង្ហូរទឹកភ្នែកធម្មតាឡើយ ព្រោះថាគ្រាប់ បែកប្រភេទនេះ ធ្លាប់បានរកឃើញនៅខេត្តរតនគីរី ហើយមន្ត្រីជំនាញអង្គការសហប្រជាជាតិ ក៏ចេញរបាយការណ៍បញ្ជាក់ថា គ្រាប់បែកប្រភេទនេះក៏ជាគ្រាប់បែកគីមីដែរ។ បើតាមស៊ីម៉ាក់ និងអាជ្ញាធរមីននៃក្រសួងការពារជាតិ បានរកឃើញទីតាំងច្រើនជាង១០កន្លែងដែលមាន គ្រាប់បែកគីមីរបស់អាមេរិក ហើយថាមានប្រជាពលរដ្ឋ១៩នាក់ដែលរងផលប៉ះពាល់ ពីសារធាតុគីមីទាំងនោះ រួមទាំងមានការកើតមកមិនគ្រប់អវៈយវៈផងដែរ៕










No comments:

Post a Comment