Tuesday, October 24, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាបដែលមានតម្លៃ ៣៥លានដុល្លារ

នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងមួយខ្សែប្រវែងជិត១គីឡូម៉ែត្រឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារទៅកាន់ផ្លូវជាតិលេខ៥ ដោយគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានបេតុងនេះ មានប្រវែង៩២២ម៉ែត្រ, ទទឹង២០,៥ម៉ែត្រ។ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសងខាង, កម្ពស់សសរស្ពានសម្រាប់ព្យួរខ្សែកាប្លិ៍ធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ សសរសម្រាប់ព្យួរខ្សែកាប្លិ៍មានសសរចំនួន៤, គន្លងខ្សែយានយន្តទទឹង ៣.៧៥ម៉ែត្រ, គន្លងធ្វើចរាចរ ២ខ្សែទៅ ២ខ្សែមក, កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ, កម្ពស់នាវាចរក្រោមស្ពានអប្បរមានៅរដូវប្រាំង ២០.៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរផងដែរ។

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានឲ្យដឹងថា ស្ពានបេតុងគ្រោងប្រើពេលសាងសង់ ២៨ខែ ដោយចំណាយថវិកា ៣៥លានដុល្លារអាមេរិក ជាថវិការបស់រាជរដ្ឋាភិបាល។ បើតាមលោក ទូច សំណាង ទន្ទឹមនឹងការបើកការដ្ឋានសាងសង់ស្ពានបេតុងស្ពានដែកបាឡេមួយខ្សែ ដែលមានទទឹង ១២ម៉ែត្រ និងបណ្ដោយ ៥០០ ម៉ែត្រ ដែលចំណាយថវិកាចំនួន ៩លានដុល្លារ ក៏ត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃស្អែកនេះផងដែរដោយប្រើពេលសាងសង់៦ខែ។

ស្ពានបេតុងថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែករំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិ លេខ៥ ក៏ដូចច្រកចេញចូលរាជធានីភ្នំពេញ។ ស្ពាននេះក៏ជាសមិទ្ធផលថ្មីមួយទៀត ដែលជាចំណងដៃសម្រាប់រាជធានីភ្នំពេញនិងប្រជាពលរដ្ឋ។ ស្ពាននេះក៏ក្លាយជាស​រសៃ​ឈាម​សេដ្ឋកិច្ចដ៏សំខាន់សម្រាប់តភ្ជាប់ការដឹកជញ្ជូនពីបណ្តាខេត្តមករាជធានីភ្នំពេញនិងពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តផងដែរ៕






No comments:

Post a Comment