Tuesday, October 24, 2017

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិលោក ឡុង ប៊ុន្នី ប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា, លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងស្វាគមន៍ចំពោះការចុះចូល

(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីការចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ទាំងតំណាងរាស្រ្ត ចៅសង្កាត់ មេឃុំ ឬជំទប់ ឬជំទប់ ឬសមាជិករបស់គណបក្សសង្រ្គោះជាតិ, ​នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ឡុង ប៊ុន្នី ប្រចាំមណ្ឌលព្រៃវែង ប្រកាសដាក់លិខិតគោរពជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីចុះចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

នៅក្នុងលិខិតរបស់លោក ឡុង ប៊ុន្នី បានសរសេរយ៉ាងដូច្នេះថា៖ «កម្មវត្ថុ សំណើសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា, សេចក្តីដូចមានចែងក្នុងខាងលើ ខ្ញុំបាទសូមគោរពជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា បន្ទាប់ពីបានដឹងថា លោក កឹម សុខា ជាជនក្បត់ជាតិ ខ្ញុំបាទសូមសម្តេច អគ្គមហាសេនាបតីតេជោ មេត្តាអនុញ្ញាតឲ្យខ្ញុំបាទបានចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសេចក្តីអនុគ្រោះ»។

លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News បានសុំធ្វើកិច្ចសម្ភាសន៍ពិសេសមួយ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ស្វាគមន៍ទាំងអស់ចំពោះការចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា និងសូមអំពាវនាវបន្តទៀត ប្រសិនបើតំណាងរាស្រ្ត មេឃុំ ចៅសង្កាត់ ឬសមាជិកគណបក្សសង្រ្គោះជាតិ ដែលមានបំណងចុះចូល គឺគណបក្សប្រជាជនកម្ពុជា ស្វាគមន៍ទាំងអស់»។

នៅព្រឹកថ្ងៃអាទិត្យនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសក្នុងពេលដែល លោកអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករ និយោជិត ជាង៤ពាន់នាក់ នៅសាលមហោស្រពកោះពេជ្រ ឲ្យដឹងថា នៅពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែល ប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញជំនឿចិត្តរហូតដល់ជាង ៩៩ភាគរយ ថាគណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយ ហើយមិនអាចយកសហគមន៍អន្តរជាតិមកដាក់សម្ពាធបាននោះឡើយ៕

(ប្រភព FRESH NEWS)


No comments:

Post a Comment