Tuesday, October 24, 2017

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់នូវអនុសាសន៍សំខាន់ៗ ៥ចំណុច ដល់និយោជក និងនិយោជិត ដើម្បីធ្វើការរួមគ្នា ធានាដល់លក្ខខណ្ឌការងារ និងធ្វើយ៉ាងឲ្យមានប្រាក់ចំណូលខ្ពស់

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ-កម្មការិនី ជាង៤ពាន់នាក់។ ថ្លែងក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា “ទន្ទឹមនឹងការដាក់ចេញនូវគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ខ្ញុំផ្តល់នូវអនុសាសន៍សំខាន់ៗ ៥ចំណុច ដល់និយោជក និងនិយោជិត ដើម្បី ធ្វើការរួមគ្នា ធានាដល់លក្ខខណ្ឌការងារ និងប្រាក់ចំណូលល្អ”។

លក្ខខណ្ឌការងារទាំង ៥ចំណុចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនោះរួមមាន៖

១- ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាព សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ

២- រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗអោយបានច្រើនថែមទៀត ដោយធ្វើការពង្រីក និងបង្កើនទីផ្សារបន្ថែម

៣- រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ កើន ទាំងប្រាក់បៀវត្សន៍អប្បបរិមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ

៤- ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករចាប់ពីខែមករា ឆ្នាំ២០១៨ ខាងមុខ និយោជក ម្ចាស់ក្រុមហ៊ុន នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករ-កម្មការិនី ដែលអាចនៅសល់ប្រាក់ប្រមាណពី ៨,០០០៛-១២,០០០៛ ក្នុង១ខែ

៥- បន្តផ្តល់កិច្ចគាំពារ និងយកចិត្តទុកដាក់ចំពោះកម្មករ-កម្មការិនី ដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូ ដើម្បីផ្តល់នូវលក្ខខណ្ឌការងារល្អៗ ព្រមទាំងជួយសម្រួល នូវលិខិតបទដ្ឋាននានាដែលពាក់ព័ន្ធនឹងការងាររបស់កម្មករ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់សារជាថ្មីទៅកាន់កម្មករ-កម្មការិនីទូទាំងប្រទេសថា នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈឥតគិតថ្លៃរយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ ២០១៩  កម្មករទាំងអស់ នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន ៨០% នៃប្រាក់ខែដែលខ្លួនធ្លាប់បានទទួលពេលនៅធ្វើការចុងក្រោយ ។

ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូន ទទួលបានការឈប់សម្រាកពីការងាររយៈពេល៣ខែ ហើយនៅទទួលបានប្រាក់ខែ១២០% ៥០% ដោយក្រុមហ៊ុន និង៧០% ដោយបេឡាជាតិ។ លើសពីនេះទៅទៀតចាប់ពីខែមករា ឆ្នាំ២០១៨ សម្រាប់កម្មការិនីមានផ្ទៃពោះ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនៅពេលសម្រាលកូន ដោយអ្នកសម្រាលបានកូន១ ទទួលបាន៤០ម៉ឺនរៀល អ្នកសម្រាលបានកូនភ្លោះ២ ទទួលបាន៨០ម៉ឺនរៀល និងអ្នកសម្រាលកូនភ្លោះ៣ ទទួលបាន១លាន២០ម៉ឺនរៀល រួមនឹងការឧបត្ថម្ភបន្ថែមទៀតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

សួមបញ្ជាក់ថា នៅកម្ពុជាមានរោងចក្រកាត់ដែរ និងសហគ្រាស ទាំងអស់ចំនួន ១១,១៦៨ ដែលបានផ្តល់ការងារដល់ពលរដ្ឋកម្ពុជាប្រមាណជាង១លាននាក់៕










No comments:

Post a Comment