Tuesday, October 24, 2017

ស្ពានឆ្លងកាត់ទន្លេសាបដែលត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃនេះ នឹង ជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ

នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងមួយខ្សែប្រវែងជិត១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេសាប ពីតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារទៅកាន់ផ្លូវជាតិលេខ៥ ដែលគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិកនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ស្ពាននេះនឹងជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះបានមួយកម្រិតទៀតផង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផលស្ពានថ្មីឆ្លងកាត់ទន្លេសាបនេះ ដែលជាសមិទ្ធផលរួមរបស់ប្រទេសកម្ពុជា ក៏ដូចជាសមិទ្ធផលរបស់រាជធានីភ្នំពេញផងដែរ។ តាមរយៈសមិទ្ធផលស្ពានបេតុងថ្មីនេះគឺនឹងជួយរំដោះចរាចរណ៍លើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក្នុងពេលដែលស្ពានជ្រោយចង្វារចាស់កំពុងដាក់ឱ្យជួសជុល និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនទំនិញពីបណ្តាខេត្តមករាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនានាដែលកំពុងដែលមានកំណើនឥតឈប់ឈរ ជាពិសេសជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរពីតំបន់ឬស្សីកែវ ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ដែលនឹងធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានជីវភាពល្អប្រសើរឡើង។

លោកនាយករដ្ឋមន្រ្តី ក៏បានរំលឹកថា កាលពីមុនរាជធានីភ្នំពេញ មានតែផ្ទៃដីប្រមាណ៣០០គីឡូមែត្រការ៉េ តែពេលនេះ បានពង្រីកឡើងដល់៧០០គីឡូម៉ែត្រការ៉េជាមួយសមិទ្ធផលថ្មីៗ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ កាលពីមុនតំបន់ព្រែកតាសេកក្នុងខេត្តកណ្តាលមិនមានមនុស្សរស់នៅច្រើននោះទេ ហើយមិនស្ថិតនៅក្នុងរាជធានីភ្នំពេញដែរប៉ុន្តែពេលនេះតំបន់នេះបានកាត់បញ្ចូលនៅក្នុងទីក្រុងភ្នំពេញ។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជាផ្លូវ និងស្ពានឆ្លងកាត់ទន្លេ និងមានគម្រោងជាច្រើនទៀត៕









No comments:

Post a Comment