ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា លោកមានសិទ្ធិគ្រប់បែបយ៉ាងដើម្បីការពារជាតិដោយសារលោកមានតួនាទីជាប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ហើយពិសេសជាងនេះទៅទៀតនោះលោកក៏ជាស្ថាបនិកនៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា។ លោកបានមានប្រសាសន៍ថា «ខ្ញុំមានសិទ្ធិនឹងធ្វើបែបបនេះនិយាយបែបនេះព្រោះលោកស្ថិតនៅក្នុងឋានៈដែលតម្រូវឱ្យនិយាយបែបនេះ ប៉ុន្តែអ្នកបានបំពានសិទ្ធិញុះញង់បង្កចលាចលឱ្យកម្លាំងប្រដាប់អាវុធបែរចុងកាណុងមកប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាល ប៉ុន្តែអ្នកស្គាលទាហានរបស់កម្ពុជាតិចពេកហើយ អ្នកស្គាល់ហ៊ុន សែន តិចពេកហើយមិនទាន់ដល់ពេលដែលអ្នកអាចធ្វើបែបនេះចំពោះហ៊ុន សែន ទេ។ ហ៊ុន សែន ជាអ្នកចិញ្ចឹមបីបាច់កសាងកម្លាំងប្រដាប់អាវុធនេះឱ្យរីកធំធាត់តាំងពីកាលចាប់ផ្តើមផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ទប់ស្កាត់របបប្រល័យពូជសាសន៍ប៉ុល ពត រហូតមកដល់សព្វថ្ងៃនេះ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា សមិទ្ធផលដែលខិតខំសម្រេចបាននេះ ត្រូវតែរួមគ្នាការពារមិនត្រូវឱ្យជនក្បត់ជាតិក្រោមការបង្គាប់បញ្ជារបស់បរទេសណាម្នាក់មកបំផ្លិចបំផ្លាញបាននោះឡើយជាពិសេសគឺពាក្យសម្តីញុះញង់របស់ជនក្បត់ជាតិដែលបានប្រកាសថាកងកម្លាំងប្រដាប់អាវុធត្រៀមនឹងធ្វើការបះបោរហើយត្រូវរៀបចំការគាំទ្រ។ ការប្រកាសបែបនេះគឺជាការប្រមាថធ្ងន់ធ្ងរដែលមិនត្រឹមតែចង់បំផ្លាញរូបលោកនោះទេ ថែមទាំងចង់បំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ដែលមានប្រជាជនរាប់លាននាក់បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសបញ្ជាក់ថា ឈប់និយាយថាលោកកម្ចាយដៃគូនយោបាយ តែដោយសារតែដៃគូនយោបាយនោះតាំងខ្លួនជាសត្រូវជាមួយលោកដែលមិនត្រឹមតែបំផ្លាញលោកនោះទេ ថែមទាំងបំផ្លាញដល់សេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសតាមរយៈការធ្វើបដិវត្តន៍ពណ៌។ ដើម្បីការពារសមិទ្ធផលកិច្ចព្រមព្រៀង២៣តុលា ការពារសមិទ្ធផលនៃនយោបាយឈ្នះ-ឈ្នះ ការពារសមិទ្ធផលសង្គមជាតិដែលយើងកសាងបានទាំងលំបាករហូតមកដល់ពេលនេះ យើងប្តេជ្ញាអនុវត្តន៍ច្បាប់ដើម្បីការពារជាតិ ការពារប្រជាជន ហើយបើចាំបាច់ កម្លាំងប្រដាប់អាវុធត្រូវត្រៀមជាស្រេចដើម្បីឆ្លើយតបនឹងសភាពការណ៍ដែលអាចកើតឡើង៕
No comments:
Post a Comment