Monday, August 14, 2017

អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ប្រជាពលរដ្ឋ​ ឲ្យចូលរួមសហការ​ និងស្ម័គ្រចិត្ត​ក្នុងការរុះរើ​សំណង់​ខុសច្បាប់​ដោយខ្លួនឯង​

គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ គឺរយៈពេល៤ថ្ងៃហើយនៃយុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ ដែលអនុវត្តដោយក្រុមគណៈកម្មការចម្រុះ រួមមានអាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ។

លទ្ធផលការងារដែលទទួលបានពីគោលដៅមាន ក្រុងសៀមរាប ស្រុកបន្ទាយស្រី ស្រុកប្រាសាទបាគង និងស្រុកអង្គរធំ គឺមានសំណង់ខុសច្បាប់ចំនួន១០៩ករណី ដែលក្នុងនោះ៦៥ករណីត្រូវបានរុះរើរួចរាល់ជាស្ថាពរដោយក្រុមគណៈកម្មការចម្រុះ និង៤៤ករណីម្ចាស់សំណង់បានស្ម័គ្រចិត្តធ្វើកិច្ចសន្យារុះរើដោយខ្លួនឯង តែនៅមិនទាន់រុះរើរួចរាល់នៅឡើយ។

ក្រុមគណៈកម្មការចម្រុះនឹងបន្តកិច្ចការនេះរហូតបញ្ចប់ទៅតាមគម្រោង ហើយអំពាវនាវដល់ប្រជាជនឱ្យស្ម័គ្រចិត្តក្នុងការរុះរើសំណង់ខុសច្បាប់ និងចូលរួមសហការជាមួយក្រុមការងារជាបន្តទៀត ជៀសវាងការខូចខាតទ្រព្យសម្បត្តិ និងផលប្រយោជន៍របស់បងប្អូនធ្ងន់ធ្ងរ។ ការអនុវត្តតាមច្បាប់នេះ គឺដើម្បីរួមគ្នាការពាររមណីយដ្ឋានអង្គរឱ្យមានភាពស្រស់ស្អាត រក្សាបាននូវទីតាំងប្រវត្តិសាស្ត្រ ដែលជាមរតកជាតិដ៏សំខាន់សម្រាប់កូនខ្មែរគ្រប់រូប គ្រប់ជំនាន់ឱ្យស្ថិតស្ថេរ៕








សួន សេរីរដ្ឋា ការពារប្រយោជន៍បរទេស ក្បត់ប្រយោជន៍ជាតិខ្លួនឯង!

លោក សួន សេរីរដ្ឋា ដែលគេស្គាល់ថា ជាអ្នកនយោបាយស្ទើរភ្លើង ហើយតែងតែការពារប្រយោជន៍បរទេស និងក្បត់ប្រយោជន៍ជាតិខ្លួនឯង នៅមិនចោលចរិតដដែល។ បុគ្គលរូបនេះធ្វើនយោបាយមិនដែលគិតពីប្រយោជន៍ជាតិទេ តែចូលចិត្តយករឿងអាយុជីវិតជាតិទៅទៅលេងសើច។
ជាក់ស្តែង ជាថ្មីម្តងទៀត នៅពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញប្រតិកម្មខ្លាំងៗទៅកាន់ភាគីឡាវអំពីបញ្ហាបូរណភាពទឹកដី និងបានបញ្ជាឲ្យកងទ័ពត្រៀមខ្លួនប្រយុទ្ធ ប្រសិនបើឡាវមិនព្រមដកទ័ពចេញពីទឹកដីកម្ពុជាទេនោះ សួន សេរីរដ្ឋា បែរជាបង្ហោះសារប្រមាថមាក់ងាយនាយករដ្ឋមន្ត្រីខ្មែរ និងប្រមាថជីវិតកងទ័ពដូចសត្វធាតុទៅវិញ។ តើអ្នកនយោបាយដូចជា សួន សេរីដ្ឋា ចង់បានអ្វី?
នេះមិនមែនជាលើកទី១ទេ ដែល សួន សេរីរដ្ឋា បញ្ចេញអាកប្បកិរិយាក្បត់ជាតិខ្លួនឯង និងការពារប្រយោជន៍បរទេស។ គេនៅចាំបានថា កាលពីអំឡុងខែឧសភា ឆ្នាំ ២០១១ ពេលដែលរដ្ឋាភិបាលថៃរបស់លោក អាភីស៊ីត បានបញ្ជាឲ្យកងទ័ពទន្ទ្រានចូលទឹកដីព្រះវិហាររបស់ខ្មែរទាំងបំពាន ហើយថែមទាំងបានប្រកាសសង្គ្រាមជាមួយកម្ពុជាទៀតនោះ លោក សួន សេរីរដ្ឋា តាមរយៈទូរទស្សន៍ ASTV របស់ថៃ បាននិយាយក្នុងវេទិការបស់ក្រុមអាវលឿងថៃ ដោយបានការពារប្រយោជន៍ថៃ ហើយចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីបញ្ហាជម្លោះទឹកដីនេះទៅវិញ។ គេមិនអាចគិតដល់ទាល់តែសោះថា នៅពេលដែលប្រជាពលរដ្ឋទូទាំងប្រទេស សម្តែងកំហឹង និងនាំគ្នាចូលរួមជាមួយរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធដើម្បីការពារបូរណភាពទឹកដី បែរជាមានអ្នកនយោបាយខ្មែរវង្វេងជាតិទៅនិយាយលើកទឹកចិត្តបរទេសឈ្លានពានទឹកដីទៅវិញ?
នៅលើពិភពលោកនេះ រឿងធំបំផុតសម្រាប់ជាតិសាសន៍នីមួយៗគឺបញ្ហាបូរណភាពទឹកដី និងមោទនភាពជាតិ។ ទោះបីជាពួកគេមានទស្សនៈនយោបាយខុសគ្នាយ៉ាងណាក៏ដោយ ឲ្យតែមានបញ្ហាអ្វីប៉ះពាល់ដល់បូរណភាពទឹកដី ប៉ះពាល់ដល់មោទនភាពជាតិ និងអាយុជីវិតរបស់ប្រទេសជាតិ អ្នកនយោបាយ និងពលរដ្ឋទូទៅ ទោះជានៅក្នុងនិន្នាការនយោបាយណាក៏ដោយ ក៏ត្រូវទុករឿងនយោបាយមួយឡែកសិន ហើយងាកមករួមគ្នាដើម្បីការពារផលប្រយោជន៍ជាតិរបស់គេ។ ប៉ុន្តែ ចម្លែកតែនៅកម្ពុជា មានអ្នកនយោបាយខ្មែរមួយចំនួនមិនបានគិតប្រយោជន៍ជាតិជាធំទេ តែបែរជាគិតតែផលប្រយោជន៍នយោបាយធំជាងប្រយោជន៍ជាតិទៅវិញ។ ជាក់ស្តែង មានព្រឹត្តិការណ៍ធំៗពីរដែលយើងអាចលើកមកធ្វើជាឧទាហរណ៍បាន។ ព្រឹត្តិការណ៍ទី១ ទាក់ទងនឹងការចុះបញ្ជីប្រាសាទសម្បូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក។ គឺជាព្រឹត្តិការណ៍ដែលខ្មែរគ្រប់គ្នាមានមោទនភាព។ រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន បានរៀបចំប្រារព្ធពិធីអបអរសាទរយ៉ាងកងរំពង រីឯប្រជាពលរដ្ឋខ្មែរទូទាំងនគរក៏បានរីករាយអបអរសាទរយ៉ាងក្លៀវក្លាដែរ។ ប៉ុន្តែ អ្នកនយោបាយប្រឆាំង និងអ្នកគាំទ្របក្សប្រឆាំងផ្កាប់មុខមួយចំនួន មិនបានសម្តែងការអបអរសាទរសូម្បីមួយម៉ាត់។ មិនត្រឹមតែ មិនអបអរសាទរ បែរជានាំគ្នារិះគន់គេថែមទៀត តាមរបៀបមិនជួយចូកចែវ តែយកជើងរាទឹក។ ព្រឹត្តិការណ៍ធំទី២ គឺចំណាត់ការរបស់រាជរដ្ឋាភិបាលតបនឹងទាហានបរទេសដែលចូលទន្ទ្រានទឹកដីខ្មែរ ដូចជាបញ្ហាព្រះវិហារជាមួយថៃកាលពីពេលកន្លងទៅ និងបញ្ហាជាមួយឡាវកាលពីប៉ុន្មានថ្ងៃមុននេះជាដើម។ វាគឺជាបញ្ហាអាយុជីវិតរបស់ជាតិ ប៉ុន្តែ ក្រុមប្រឆាំងមិនដែលបានចូលរួមជាកម្លាំងកាយ ឬកម្លាំងចិត្តជាមួយរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនទេ។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងរិះគន់បន្ទុចបង្អាក់ ថែមទៀត។
ករណី សួន សេរីរដ្ឋា ជាឧទាហរណ៍ដ៏ជាក់ស្តែងបំផុត។ នៅពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមផ្តល់កម្លាំងចិត្តដល់ប្រមុខរដ្ឋាភិបាល និងដល់កងកម្លាំងប្រដាប់អាវុធដ៏ក្លាហានដែលត្រៀមខ្លួនប្រយុទ្ធការពារទឹកដី ដោយមានពលរដ្ឋជាច្រើននាំគ្នាអបអរ និងបរិច្ចាគទ្រព្យសម្បត្តិមួយចំនួនដើម្បីជួយឧបត្ថម្ភដល់កងទ័ពសមរភូមិមុខ សួន សេរីរដ្ឋា បែរជាបង្ហោះសារមាក់ងាយនាយករដ្ឋមន្ត្រី និងប្រមាថជីវិតកងទ័ពយ៉ាងថោកទាបបំផុតទៅវិញ។ មិនមែនមានតែ សួន សេរីរដ្ឋា ម្នាក់ទេដែលមានអាកប្បកិរិយាប្រមាថផលប្រយោជន៍ជាតិបែបនេះ នៅមានអ្នកនយោបាយប្រឆាំង និងសកម្មជនប្រឆាំងផ្កាប់មុខជាច្រើនទៀត ក៏ធ្វើសកម្មភាពក្នុងន័យប្រហាក់ប្រហែលគ្នានេះដែរ។
អំពើក្បត់ផលប្រយោជន៍ជាតិខ្លួនឯង និងការពារផលប្រយោជន៍បរទេសបែបនេះ មិនអាចអត់ឱនអោយបានឡើយ។ សារតាមហ្វេសប៊ុករបស់ សួន សេរីរដ្ឋា បានធ្វើឲ្យពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាច្រើន ផ្ទុះកំហឹងនិងទាមទារឲ្យរដ្ឋាភិបាលមានចំណាត់ការជាបន្ទាន់។ ឆ្លើយតបនឹងប្រតិកម្មរបស់មហាជន សមត្ថកិច្ចបានចាប់ខ្លួន សួន សេរីរដ្ឋាដើម្បីដំណើរការតាមផ្លូវច្បាប់ហើយ។ ចាំមើលថា តើមានអ្នកណាខ្លះចេញមុខការពារមនុស្សក្បត់ប្រយោជន៍ជាតិដូច សួន សេរីរដ្ឋា នេះ? បើមានមែន ពួកគេទាំងនោះជាបក្សពួកតែមួយ ដែលធ្វើសកម្មភាពដើម្បីបំផ្លាញជាតិ ទោះជ្រកក្រោមស្លាកបក្សនយោបាយ  ឬអង្គការសង្គមស៊ីវិលក្តី។ ពួកអ្នកទាំងនោះស័ក្តិសមនឹងចាត់វិធានការតាមផ្លូវច្បាប់ពីព្រោះប្រសិនបើមិនដូច្នោះទេ ប្រទេសជាតិ នឹងរលាយក្រោមស្នាដៃរបស់ពួកគេជាមិនខានឡើយ៕

ដោយ៖ និស្សិតឆ្នាំទី៤សាកលវិទ្យាល័យសេដ្ឋកិច្ចនិងនីតិសាស្ត្រ

(សូមទស្សនាវីដេអូ) សម្ព័ន្ធគ្រូពេទ្យ​របស់លោក ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជម្ងឺ​ជូនកម្មករ និងប្រជា​ពលរដ្ឋ​បានចំនួន ៤០៣១ នាក់នៅ​ខណ្ឌឬស្សីកែវ

អភិបាលរងក្រុងបាវិត ស្នើបងប្អូនប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​ជួយថែរក្សាផ្លូវ​ ព្រោះវាជា​ផលប្រយោជន៍​រួមរបស់យើង​ទាំងអស់គ្នា​

ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង អភិបាលរងក្រុងបាវិត និងជាអនុប្រធានចុះជួយពង្រឹងគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រៃអង្គុញបានថ្លែងថា បន្ទាប់ពីទទួលបានសមិទ្ធផលផ្លូវចាក់ក្រាលថ្មម៉ិចមួយខ្សែ ដែលស្ថាបនាជួសជុលនេះហើយ សូមបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានចេះជួយថែរក្សាអោយបានគង់វង្ស ព្រោះវាជាផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា។
លោកបានថ្លែងបែបនេះនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីលោកបានអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងផ្លូវចាក់ក្រាលថ្មម៉ិចមួយខ្សែជាង២០០ម៉ែត្រ ដែលទើបនិងស្ថាបនាជួសជុលរួចហើយក្នុងភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។
អភិបាលរងក្រុងបាវិត បានបន្តថា ដោយមើលឃើញផ្លូវលំមួយខ្សែនេះ មានសភាពតូចចង្អៀត ហើយពិបាកក្នុងការធ្វើដំណើរ ទើបអាជ្ញាធរសង្កាត់បានស្នើរសុំបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវជួយសម្រួលក្នុងការពង្រីកបន្ថែមហើយមិនតែប៉ុណ្ណោះដោយមានបងៗសប្បុរសជននានានៅក្រុងបាវិតក៏ដូចជារូបលោក និងលោក ជ័យ សុន ប្រធានក្រុមការងារសង្កាត់ព្រមទាំងសហការី ក៏បានកៀគរគ្នាបានជាថវិកាមួយចំនួនក្នុងការរួមចំណែកជួសជុលនិងស្ថាបនាផ្លួវនេះតែម្ដង។
ជាមួយគ្នានេះដែរ លោកក៏បានជម្រុញដល់លោកមេភូមិ ចៅសង្កាត់ព្រៃអង្គុញត្រូវមានការស្វែងយល់អំពីតម្រូវការសុខទុក្ខកង្វល់នានា របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបន្ថែមទៀត ដើម្បីត្រៀមដោះស្រាយនាពេលខាងមុខអោយកាន់តែប្រសើរឡើងបន្ថែមទៀត៕





ស.ស.យ.ក ខេត្តកំពង់ឆ្នាំង នាំយកអំណោយ​ចែកជូន​គ្រួសារចាស់​ជរាគ្មានទីពឹង​ និងគ្រួសារក្រីក្រ​ ចំនួន​៣គ្រួសារ​ ក្នុងឃុំពន្លៃ​


បន្ទាប់ពីបានបោះឆ្នោតរៀបចំរចនាសម្ព័ន្ធសមាជិក សមាជិកា គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ស្រុកបរិបូណ៌ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ លោក លៀង ជុំសុបិន្ត អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពជា ខេត្ត តំណាងលោក ហេង ពិទូ ប្រធាន ស.ស.យ.ក ខេត្តកំពង់ឆ្នាំង លោក ឃួន សៅរុំ អភិបាលនៃគណៈអភិបាលស្រុកបរិបូណ៌ និងលោក ផល សុភាព ប្រធាន ស.ស.យ.ក ស្រុកបរិបូណ៌ បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក ស្រុក និងឃុំ បាននាំយកនូវអំណោយចែកជូនគ្រួសារដែលក្រីក្រខ្វះខាតចំនួនបីគ្រួសាររួមមាន៖ ១- ឈ្មោះ លឹម អឿន ភេទស្រី អាយុ៦៥ឆ្នាំ ចាស់ជរាគ្មានទីពឹង រស់នៅជាមួយអ្នកជិតខាង នៅភូមិជើងខ្នារ ឃុំពន្លៃ។ ២- ឈ្មោះ គឹម ភូ អាយុ ៧៥ឆ្នាំ ចាស់ជរាគ្មានទីពឹង រស់នៅភូមិ ស្វាយគយ ឃុំពន្លៃ។ និង ៣- ឈ្មោះ ម៉ុន ចាន់សុខ ភេទស្រី អាយុ៣២ឆ្នាំ មានជីវភាពក្រីក្រ មានកូន៤នាក់ក្នុងបន្ទុក រស់នៅភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង៕



មេបញ្ជាការ និងទាហានទាំងអស់នៅកងពលតូចលេខ៧០ ប្រកាស​ថ្កោល​ទោស​ការ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងររបស់ សួន សេរីរដ្ឋា មកលើបងប្អូនកងទ័ព និង​ស្នើឱ្យតុលាការផ្តន្ទាទោស ឱ្យ​ខ្លាំង​ក្លា​បំផុត

មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំង​អស់​នៃ​កង​ពល​តូច​លេខ៧០ ដែលកំពុងតែរួមគ្នាការពារបូរណភាពទឹកដី កុំឱ្យ​មានការ​រំលោភ​បំពាន​ពី​ប្រទេស​ជិត​ខាង​នៅ​តំបន់​ព្រំដែន ខ្មែរ-ឡាវ បានសម្តែងការខឹងសម្បា ហើយ​ថ្កោល​ទោស​ដាច់​អហង្កា​ចំពោះ​សម្តី​ប្រមាថ​របស់លោក សួន សេរីរដ្ឋា មេបក្សអំណាចខ្មែរ ទៅលើលោក ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​កម្ពុជា ដែលបានប្រឹងប្រែងរិះរកគ្រប់យុទ្ធ​វិធី ដើម្បី​រក្សា​បាន​នូវ​សុខ​សន្តិភាព បញ្ចៀស​​ភ្លើង​សង្រ្គាម និង​រក្សា​បានមិត្តភាពជាមួយប្រទេសជិតខាង។
មេបញ្ជាការ និងទាហានទាំងអស់របស់កងពល បាន​សម្តែង​ការ​កោត​សរ​សើរ​ជា​ខ្លាំង​ចំពោះ​សមត្ថកិច្ច​កម្ពុជា ដែល​បាន​ចេញ​ចំណាត់​ការ​បន្ទាន់ ក្នុង​ការ​ចាប់​ខ្លួន​លោក សួន សេរីរដ្ឋា ហើយ​​បាន​ចាត់​ទុក​សម្តី​របស់​លោក សួន សេរីរដ្ឋា គឺ​ជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​លោក ហ៊ុន សែន និង​កង​កម្លាំង​ការ​ពា​រជាតិ។ ជាមួយគ្នានេះ មេបញ្ជាការ និងទាហាន បានចាត់ទុក​សម្តី​នេះ ជា​ការ​បំបែក​បំបាក់​សាមគ្គី​ជាតិថែមទៀតផង ហើយ​ទាម​ទារឱ្យ​តុលាការ​ចា​ត់វិធាន​ការ​​តាម​វិធាន ការ​ច្បាប់ឱ្យ​បាន​ម៉ឺង​ម៉ាត់​បំផុត ដោយគ្មាន​ការ​លើក​លែង​នោះឡើយ។
លោកឧត្តមសេនីយ៍ផ្កាយ៣ ម៉ៅ សុផាន់ មេបញ្ជាការកង​ពលតូចលេខ៧០ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «យើងខ្ញុំជាមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហារង និង​ពល​ទាហាន​ទាំងអស់ នៃ​កង​ពល​តូច​លេខ​៧០ សូម​ធ្វើ​ការ​ថ្កោល​ទោស​ចំពោះលោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដែលបានបង្ហោះសារ នៅ​លើ​គេ​ហទំព័រ​របស់​ខ្លួនកាល​ពីថ្ងៃទី១២ ខែ​សីហា ឆ្នាំ២០១៧ ដែល​មាន​ខ្លឹម​សារថា ពេល​សង្គ្រាម​កើត​ឡើង​ជាមួយ​នឹង​ប្រទេស​លាវនោះ លទ្ធផល​វា​ហ្នឹង​មិន​ខុស​ពី​សង្គ្រាម​ដែល​កើត​ឡើង​ជាមួយ​នឹង​ប្រទេស​សៀមទេ! គឺ​កូន​ខ្មែរ​ កង​ទ័ព​​ជាតិ នឹង​ស្លាប់​ក្នុង​សមរ​ភូមិ​យ៉ាង​វេទនា… ហើយ​មេទ័ព​ចោរ នឹង​ឡើង​បុណ្យ​សក្តិ ប្រមូល​បាន​លុយ​កាក់ សប្បាយ​ជា​មួយ​ស្រី​ញី​យ៉ាង​គគ្រឹក​គគ្រេង!។ ពី​ព្រោះ​កន្លង​មក​ដូច​យើង​ដឹង​ហើយ សង្គ្រាម​ដែល​កើត​ឡើង​ជាមួយ​នឹង​ប្រទេស​សៀម គឺស្លាប់​តែ​កូន​ខ្មែរ ​អ្នក​ស្នេហា​ជាតិ ដែល​ចូល​ប្រយុទ្ធ​នៅ​ជួរ​មុខ​ទេ។ ចំណែក​ឯ​ពួក​មេ​ៗ​ពាក់​ផ្កាយ និង​កូន​លោក​ធំៗ​ដែល​នៅ​ជួរ​ក្រោយ ចេញមុខ​ចេញ​មាត់​នោះ ប្រមូល​លុយ ប្រមូល​លាភ ហើយ​​ដេក​​តែ​ម៉ាស៊ីន​ត្រជាក់​ជាមួយ​ស្រី​កំដរ ក៏ឡើង​បុណ្យ​ឡើង​ផ្កាយដែរ»
លោកឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបញ្ជាក់ទៀតថា «ខ្លឹមសារនេះមានន័យញុះញង់ អុជអាល បង្ក​អសន្តិ​សុខ​ដល់​ប្រទេស​ជាតិ ដែល​មិន​ត្រឹម​តែ​មិន​ចូល​រួម ជួយ​លើក​ទឹក​ចិត្ត ដល់​កង​ទ័ព​ដែល​​ពលី លះ​បង់​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​ការ​ពារ​ទឹក​ដី​ប៉ុណ្ណោះ​ទេ បែរ​ជា​ប្រមាថ មើល​ងាយ​ដល់​​កង​ទ័ព​ទៅ​វិញ​ដែល​ទង្វើ​នេះ គឺ​ជា​ការ​បំបាក់​ស្មារ​តី​ទាំង​ស្រុង ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ក៏​ដូចជា​កង​​ទ័ព​ទាំង​មូល។ ដូច្នេះ យើង​ខ្ញុំជា​មេ​បញ្ជាការ មេបញ្ជា​ការរង នាយទា​ហាន នាយទាហានរង និង​ពល​ទាហាន​ទាំង​អស់​នៃ​កង​ពលតូច​លេខ៧០ ស្នើ​សុំ​តុលាការ​ផ្ត​ន្ទាទោស​ជន​នេះឱ្យ​ធ្ងន់ សក្តិ​សម​នឹង​ទង្វើ ជេរ​ប្រមាថ​បង្ក​អសន្តិសុខ​ដល់​ប្រទេស​ជាតិ​នេះផង។ យើង​ខ្ញុំទាំង​អស់គ្នា​ដែល​ជា​មេបញ្ជា​ការ មេបញ្ជាការរង នាយ​ទាហាន នាយទាហានរង និងពល​ទាហាន​ទាំង​អស់​នៃ​កង​ពល​តូច​លេខ៧០ ក៏​សូម​គាំ​ទ្រ​ដាច់​ខាត​ចំពោះ​ចំណាត់​ការ រាជ​រដ្ឋាភិបាល ក្នុង​ការ​ការ​ពារ​បូរណ​ភាព​ទឹកដី និង​រង​ចាំ​បទ​បញ្ជា​ជា​និច្ច​ក្នុង​ការ​រក្សា​សន្តិភាព ការ​ពាររាជរដ្ឋាភិបាល​ស្រប​ច្បាប់​នេះ​»​
មន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ និងមន្រ្តីជាន់ខ្ពស់នគរបាលជាតិ បាន​អះ​អាង​ថា ការ​ចាប់​ខ្លួនលោក សួន សេរីរដ្ឋា បាន​ធ្វើ​ឡើង​ខណៈ​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​ពី​ខេត្ត​កំពង់​ចាម ចូល​មក​រាជធានី​ភ្នំពេញ ត្រង់​ចំណុច​ស្ពាន​ព្រែក​ព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បន្ទាប់ពីចាប់ខ្លួនវ៉ៃខ្នោះហើយ លោក សួន សេរីរដ្ឋា ត្រូវបានបញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរ​បាល​​រាជ​ធានីភ្នំ​ពេញ និង​ត្រៀម​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​កាត់​ទោស​ភ្លាមៗ​តែម្តង។
មន្រ្តីយោធាកំពូលៗរបស់កម្ពុជា ក៏បានបញ្ជាក់ភ្លាមៗថា បង​ប្អូន​កង​ទ័ព​កំពុង​មាន​កំហឹង​យ៉ាង​ខ្លាំង​ជា​មួយ​លោក សួន សេរីរដ្ឋា ហើយ​នៅ​ពេល​នេះ​ជា​ការ​ល្អ​ទៅ​វិញ​ទេ ដែល​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ចាប់​ខ្លួន​ភ្លាមៗ​ទាន់​ពេល បើ​មិ​ន​ដូច្នេះ​បង​ប្អូន​កងទ័​ព​នឹង​មិន​អត់ឱនឱ្យ​ជន​ប្រមាថ​ជាតិ​​ខ្មែរ សួន សេរីរដ្ឋា នោះ​ទេ ប្រាកដ​ជា​ទៅ​រក​រឿង​មិន​ខាន។ លោក សួន សេរីរដ្ឋា ទៅ​ដេក​នៅ​ក្នុង​គុក​ប្រសើរជាង​នៅ​ខាង​ក្រៅ ព្រោះបើ​នៅខាង​ក្រៅអាច នឹង​មាន​បញ្ហា​ដល់​អាយុ​ជីវិត ដោយ​សារ​កំហឹង​របស់​បង​ប្អូន​កងទ័ព។

មន្រ្តីយោធាកំពូលៗ បានចេញ​មក​ថ្កោលទោស និង​ទាម​ទារ​ឱ្យ​តុលា​ការ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ និង​ដាក់​ទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​បំផុត ដោយ​គ្មាន​ការ​លើក​លែង​នោះឡើយ៕






និស្សិតស្ម័គ្រចិត្តសាកលវិទ្យាល័យកសិកម្មចំការដូង ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីសំណង់ស្ថាបត្យកម្មប្រាសាទនៅខេត្តកំពង់ឆ្នាំង

លោកស្រី ឈឹម ស្រីមុំ តំណាងលោក ឈួរ ចន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំយុវជននិស្សិតស្ម័គ្រចិត្តចំការដូងនៃសាកលវិទ្យាល័យកសិកម្មចំការដូង ចុះធ្វើទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ពីសំណង់ស្ថាបត្យកម្មប្រាសាទ និងព្រះវិហារវត្តទួលស្រីពិជ័យសូរ្យវង្ស ហៅវត្តកំពង់ព្រះដែលស្ថិតនៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៣ខែ សីហា ឆ្នាំ២០១៧ ។

នាឱកាសនោះដែរ លោកស្រី ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន ក៏បានជូនថវិកាលោកយាយលោកតាចំនួន៧១នាក់ ក្នុងម្នាក់ៗទទួលបាន១០ ០០០រៀល សិស្សានុសិស្ស សាលាបឋមសិក្សាកំពង់ព្រះចំនួន៧០នាក់  ក្នុងម្នាក់ៗទទួលបាន១០០០រៀល និងចូលរួមចំណែកជាមួយមូលនិធិមនុស្សធម៌ចំនួន១០០ដុល្លាផងដែរ។ ដោយឡែកក្រុមយុវជននិស្សិតស្ម័គ្រចិត្តចំការដូងក៏បាននាំមកនូវមូលនិធិសប្បុរសធម៌និងសម្ភារៈសិក្សាមួយចំនួនផងដែរ និងបានប្រគេនព្រះសង្ឃ នូវសម្ភារៈបរិក្ខាមួយចំនួន និងបច្ច័យចំនួន១,១៥១,៥០០រៀល និងប្រាក់ដុល្លារចំនួន៥០០ដុល្លារ និងចែកជូនសិស្សានុសិស្ស ដោយម្នាក់ៗទទួលបានសៀវភៅ០១ក្បាល ខ្មៅដៃ០១ដើម ប៊ិច០១ដើម បន្ទាត់០១ដើម ទឹកក្រូច០១ដប នំ០១កញ្ចប់ និងវិកាចំនួន១០០០រៀល។

នៅក្នុងដំណើរទស្សនកិច្ចសិក្សា និងមូលនិធិមនុស្សធម៌នេះ លោកស្រី ឈឹម ស្រីមុំ ឈួរច័ន្ទឌឿន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចសិក្សានេះ គឺជាការសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់ពីស្ថាបត្យកម្មសំណង់ប្រាសាទបុរាណនិងទីអារាមនេះ។  លោកស្រីបានបញ្ជាក់ថា ដោយផ្អែកលើកត្តាប្រវត្តិសាស្ត្រ និងការស្រាវជ្រាវដោយបុរាណវិទូ គឺថាសំណង់ប្រាសាទបុរាណនេះ ត្រូវបានកសាងឡើងនៅសតវត្សទី២០ រចនាបថកំពង់ព្រះ ។ បើតាមការពិនិត្យ ទិដ្ឋភាពតួប្រាសាទទាំងមូល ឃើញថាប្រាសាទ មានសភាពចាស់ទ្រុឌទ្រោម ដែលតម្រូវឱ្យមានការរួបរួមគ្នាយកចិត្តទុកអភិរក្ស និងថែរក្សាឱ្យបានគង់វង្សសម្រាប់ក្មេងៗជំនាន់ក្រោយៗទៀតបានដឹង និងសិក្សាស្វែងយល់ជាបន្តបន្ទាប់ទៀត៕










កម្ពុជា-ឡាវ ប្តេជ្ញាដោះស្រាយបញ្ហាដោយសន្តិវិធីដើម្បីចៀសវាងការបង្ហូរឈាម ដោយយកផែនទីខ្នាត ១/១០០,០០០ ជាមូលដ្ឋាន

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ឡាវនៅខេត្តស្ទឹងត្រែង ត្រូវបានដោះស្រាយរួចហើយ ហើយភាគីកម្ពុជា-ឡាវ បានប្តេជ្ញាដោះស្រាយបញ្ហាដោយសន្តិវិធីដើម្បីចៀសវាងការបង្ហូរឈាម ដោយយកផែនទីខ្នាត ១/១០០,០០០ ជាមូលដ្ឋាន ។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៣,៣០២នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជក់ថា ព្រឹត្តិការណ៍កាលពីអាទិត្យមុនដែលកងទ័ពឡាវចូលមកលើទឹកដីខ្មែរ គឺបានដោះស្រាយចប់ហើយ គឺភាគីឡាវ បានសន្យាដកទ័ពដែលឈរជើងលើទឹកដីខ្មែរចេញអស់ហើយ។ ការងារដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ឡាវ គឺធ្វើបាន ៨៦%ហើយ ហើយនឹងបន្តធ្វើការជាមួយកម្ពុជាដោះស្រាយបញ្ហាព្រំដែនដោយយកផែនទីខ្នាត ១/១០០,០០០ ជាមូលដ្ឋានមកដោះស្រាយឱ្យបានលឿនទៅមុខ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសឡាវ មានកិច្ចការសហប្រតិបត្តិការល្អៗជាច្រើនជាមួយ គ្នារួមទាំងការពង្រឹងទំហំពាណិជ្ជកម្មជាដើមដែលត្រូវយកមកពិភាក្សា។ យើងត្រូវដោះស្រាយមិនឱ្យមានសង្រ្គាមផ្ទុះឡើងដាច់ខាត។ កម្ពុជា-ឡាវ ប្តេជ្ញាដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីចៀសវាងការបង្ហូរឈាម៕








ជប៉ុនសន្យាធ្វើកិច្ចការនានាដើម្បីជួយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ជប៉ុនសន្យាធ្វើកិច្ចការនានាដើម្បីជួយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៣,៣០២នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជក់ថា កម្ពុជាមានទំនាក់ទំនងល្អជាមួយនាយករដ្ឋមន្រ្តីជប៉ុនក្នុងពេលទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនកាលពីពេលថ្មីៗកន្លងទៅនេះ។ ជប៉ុន ក៏បានសន្យាធ្វើការងារជាមួយកម្ពុជា ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅជប៉ុន លោក ក៏បានលើកឡើងអំពីគម្រោងផ្លូវរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញដែលមានចំងាយប្រមាណ ១៨គីឡូម៉ែត គឺចាប់ពីផ្សារធំថ្មី ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលគម្រោងនេះចំណាយទឹកប្រាក់ប្រមាណ ៨០០ លានដុល្លារអាមេរិក ហើយក៏កំពុងពិភាក្សារកជំនួយពីមិត្តជប៉ុនផងដែរ៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យគ្រឹះស្ថានសិក្សាខិតខំបណ្តុះបណ្តាល ពង្រឹងសមត្ថភាពនិស្សិតឱ្យកាន់តែល្អប្រសើរ

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យគ្រឹះស្ថានសិក្សាខិតខំបណ្តុះបណ្តាល ពង្រឹងសមត្ថភាពនិស្សិតឱ្យកាន់តែល្អប្រសើរ។ លោក បានថ្លែងអំពាវនាវដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៣,៣០២នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ក្នុងឱកាសនោះ លោក បានថ្លែង អបអរសាទរ និងកោតសរសើរ ដល់ជ័យលាភីទាំងអស់ ព្រមទាំង មានមោទនភាពចំពោះសាលាភូមិន្ទភ្នំពេញដែលបានបណ្តុះបណ្តាលធនធានមនុស្សប្រកដោយគុណភាព និង ប្រសិទ្ធភាពស្របពេលដែលប្រទេសកំពុងរីកចម្រើន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវដល់សាកលវិទ្យាល័យនានា ត្រូវយកចិត្តទុកដាក់ខិតខំបណ្តុះ បណ្តាល ពង្រឹងសមត្ថភាពនិស្សិតឱ្យកាន់តែល្អប្រសើរ ស្របទៅនឹងការកំណែទម្រង់របស់ក្រសួងអប់រំនាពេលបច្ចុប្បន្ន។ ការប្រលងបាក់ឌុបឆ្នាំ២០១៧នេះ គឺនឹងមកដល់ខាងមុខ លោក បានអំពាវនាវដល់សិស្សដែលត្រៀមប្រឡងទាំងអស់ត្រូវត្រៀមបំប៉នសមត្ថភាព ចំណេះដឹង គ្រប់មុខវិជ្ជា ហើយសូមឱ្យសាលាជួយដល់ការងារបំប៉ននេះផងដែរ។

លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា លោក ក៏ជាអតីតនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកាលពីឆ្នាំ ១៩៨៨។ លោក បានប្រកាសតម្លើងប្រាក់ខែលើកទឹកចិត្ត ដល់បណ្ណារក្ស ៣លានរៀលក្នុង១ខែ ដើម្បីលើកទឹកចិត្ត ដែលបានខិតខំគ្រប់គ្រងថែរក្សាបណ្ណាល័យ សម្រាប់និស្សិត និងសិស្សានុសិស្សមកពីសាលាផ្សេងៗទៀតមកសិក្សាស្រាវជ្រាវ៕





អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ថ្កោលទោស សួន សេរីរដ្ឋា ហើយស្នើទៅតុលាការ​ផ្តន្ទា​ទោសឱ្យបានធ្ងន់ធ្ងរ ចំពោះការប្រមាថដល់កងទ័ព

នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅល្ងាចថ្ងៃទី១៣ ខែ​សីហា ឆ្នាំ២០១៧ បានថ្កោលទោសចំពោះបុគ្គល សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលបានលើកឡើងប្រមាថធ្ងន់ធ្ងរដល់កងទ័ពកម្ពុជា។ នាយឧត្តមសេនីយ៍ ក៏បានស្នើឱ្យតុលា​ការ ដាក់ទោសតាមច្បាប់ ឱ្យបានធ្ងន់ធ្ងរបំផុត។
ប្រតិកម្មយ៉ាងខ្លាំងក្លារបស់ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានធ្វើឡើងបន្ទាប់ពី សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៣ ខែសីហា ក្រោយបង្ហោះសារប្រមាថដល់កងទ័ពខ្មែរ ក្រោយព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។
លោក សួន សេរីរដ្ឋា បានបង្ហោះសារនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង !។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែក​ឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរ ក្រោយចេញមុខចេញមាត់នោះ ប្រ​មូល​លុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ»។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ចាត់ទុកថា ការប្រមាថរបស់ប្រធានគណបក្សអំណាចខ្មែរនេះ ធ្វើឱ្យកងទ័ពកម្ពុជាទាំងអស់មិនអាចទទួលយកបានឡើយ ហើយថា កងយោធពលខេមរភូមិន្ទ គាំទ្រទាំងស្រុងចំពោះការចាប់ខ្លួនអ្នកប្រមាថដល់កងទ័ពរូបនេះ៕



រដ្ឋបាលខេត្តកំពត ចេញញត្តិថ្កោលទោសលោក សួន សេរីរដ្ឋា ចំពោះការប្រមាថថ្នាក់ដឹកនាំ និងកងទ័ពជាតិ

នៅថ្ងៃទី១៤ ខែ ខែសីហា ឆ្នាំ២០១៧ ក្នុងនាមមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋក្នុងខេត្តកំពត លោក ចាន់ ចេស្តា អភិបាលខេត្តកំពត បានចេញញត្តិថ្កោលទោស ដោយសម្តែងនូវការសោកស្តាយ និងខកចិត្តជាពន់ពេកចំពោះលោក សួន សេរីរដ្ឋា ដែលបានបរិហារប្រមាថមកលើថ្នាក់ដឹកនាំប្រទេស កងទ័ពជាតិ និងប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គម កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧កន្លងទៅ។
សូមអានញត្តិថ្កោលទោសរបស់រដ្ឋបាលខេត្តកំពតខាងក្រោម៖



សាលាខេត្តបាត់ដំបង ចេញញត្តិថ្កោលទោសលោក សួន សេរីរដ្ឋា

នៅថ្ងៃទី១៤ ខែ ខែសីហា ឆ្នាំ២០១៧ ក្នុងនាមមន្រ្តីរាជការ បញ្ញវន្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តស្តីទី បានចេញញត្តិថ្កោលទោស ដោយសម្តែងនូវការសោកស្តាយ និងខកចិត្តជាពន់ពេកចំពោះលោក សួន សេរីរដ្ឋា ដែលបានបរិហារប្រមាថមកលើថ្នាក់ដឹកនាំប្រទេស កងទ័ពជាតិ និងប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គម កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧កន្លងទៅ។

សូមអានញត្តិថ្កោលទោសរបស់សាលាខេត្តបាត់ដំបងខាងក្រោម៖

មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ ប្រកាសថ្កោលទោស​ សួន សេរីរដ្ឋា​ និងស្នើ​ឲ្យតុលាការ​ផ្តន្ទាទោស​ទៅតាមច្បាប់​ ករណីប្រមាថ​ដល់កងទ័ព​

លោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង ព្រមទាំងនាយទាហាន និងពលទាហានទាំងអស់ នៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ បានប្រកាសថ្កោលទោសចំពោះបុគ្គល សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលបានលើកឡើងប្រមាថធ្ងន់ធ្ងរដល់កងទ័ពកម្ពុជាថា ជាកងទ័ពចោរ និង បានស្នើឱ្យតុលាការ ដាក់ទោសទៅតាមច្បាប់។
ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង បានលើកឡើងយ៉ាងដូច្នេះបន្ទាប់ពីលោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ក្រោយបង្ហោះសារប្រមាថដល់កងទ័ពខ្មែរ ក្រោយព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។
លោក សួន សេរីរដ្ឋា បានបង្ហោះសារនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង !។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរ ក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ»។

 លោកឧត្តមសេនីយ៍ បានចាត់ទុកការប្រមាថរបស់ប្រធានគណបក្សអំណាចខ្មែរ ធ្វើឱ្យកងទ័ពកម្ពុជាទាំងអស់មិនអាចទទួលយកបានឡើយ ហើយថា កងទ័ពនៅកងពលតូចអន្តរាគមន៍លេខ១ គាំទ្រទាំងស្រុងចំពោះការចាប់ខ្លួនអ្នកប្រមាថដល់កងទ័ពរូបនេះ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា ការទៅចរចាជាមួយនាយករដ្ឋមន្រ្តីឡាវមិនមែនជាការឱនក្បាលនោះទេ

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការទៅចរចាជាមួយនាយករដ្ឋមន្រ្តីឡាវ ករណីកងទ័ពចូលទឹកដីកម្ពុជា​ មិនមែនជាការឱនក្បាលនោះទេ ប៉ុន្តែជាយុទ្ធសាស្រ្តនយោបាយ ដើម្បីចំណេញរៀងខ្លួន។ បើគ្មានយុទ្ធសាស្រ្តនេះទេ ប្រ​ហែលជាពេលនេះ ឡាវមិនព្រមដកទ័ពនោះឡើយ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន៣,៣០២នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា  រឿងនាយករដ្ឋមន្រ្តីឡាវ មិនបានទទួលលិខិតរបស់លោកដែលស្នើឱ្យដកទ័ព គឺជាកំហុសរបស់ រដ្ឋមន្រ្តីក្រសួងការបរទេសឡាវ។ បើនៅកម្ពុជា រដ្ឋមន្រ្តីការបរទេសបែបនេះ នឹងត្រូវដកចេញតែម្តង ព្រោះមិនបានបញ្ចូនលិខិតភ្លាមៗទៅកាន់ថ្នាក់លើ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា អ្នកណាដែលអត្ថាធិប្បាយថារឿងឡាវចូលទឹកដីខ្មែរ ហើយបែរ ជាអត្ថាធិប្បាយថា ជានយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា ដើម្បីចំណេញសន្លឹកឆ្នោត នោះត្រូវតែចាប់ខ្លួនតែម្តង។ លោក ហ៊ុន​ សែន ក៏បានបន្ថេមថា កម្ពុជា-ឡាវ គឺជាមិត្ត មិនត្រូវផ្ទុះសង្រ្គាមជាមួយគ្នាឡើយ បើទៅចរចា សង្រ្គាមនឹងផ្ទុះឡើងតែម្តងដែលនឹងបង្កមហន្តរាយធំធេងសម្រាប់សង្គមជាតិ៕





នាយឧត្តមសេនីយ៍ សៅ សុខា​ ប្រកាស​ថ្កោលទោសបុគ្គល​ សួន​ សេរីរដ្ឋា​ ចំពោះការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ មកលើកងទ័ព​

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសថ្កោលទោស ចំពោះការប្រមាថយ៉ាងធ្ងន់ធ្ងររបស់បុគ្គល សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ មកលើកងទ័ព។
កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានបង្ហោះសារមានចេតនាញុះញង់ បំបែកបំបាក់ឯកភាពជាតិ បំផ្លិចបំផ្លាញកងទ័ពជាតិ បន្ទាបបន្ថោកតួនាទីរបស់កងយោធពលខេមរភូមិន្ទ និងបំពានច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា កងរាជអាវុធហត្ថសូមថ្កោលទោស និងគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលតាមផ្លូវច្បាប់ទៅលើជនក្បត់ជាតិរូបនេះ។
នាយឧត្តមសេនីយ៍ បានបន្ថែមថា កងរាជអាវុធហត្ថ សូមគាំទ្រនិងស្ងើចសរសើរចំពោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដោះស្រាយបញ្ហាព្រំដែនជាមួយភាគីឡាវដោយសន្តិវិធី ការពារគង់វង្សនូវបូរណភាពទឹកដី អធិបតេយ្យជាតិដោយគ្មានការបង្ហូរឈាម។
កងរាជអាវុធហត្ថ សូមប្តេជ្ញាបន្តបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនដោយខ្ជាប់ខ្ជួនស្របតាមច្បាប់ ដើម្បីថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់ បង្ក្រាបនូវរាល់បទល្មើស និងទង្វើក្បត់ជាតិ៕



មេបញ្ជាការកងទ័ពជើងទឹក ប្រកាសថ្កោលទោស សួន សេរីរដ្ឋា ហើយស្នើតុលាការផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរ ករណីប្រមាថដល់កងទ័ព

នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ នៅល្ងាចថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ២០១៧ បានថ្កោលទោសចំពោះបុគ្គល សួន សេរីរដ្ឋា ប្រធានគណបក្សអំណាច​ខ្មែរ ដែលបានលើកឡើងប្រមាថធ្ងន់ធ្ងរដល់កងទ័ពកម្ពុជាថា ជាកងទ័ពចោរ។ នាយឧត្តម​នាវី ក៏បានស្នើឱ្យតុលាការ ដាក់ទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត។
ប្រតិកម្មយ៉ាងខ្លាំងក្លារបស់នាយឧត្តមនាវី ទៀ វិញ បានធ្វើឡើងបន្ទាប់ពី សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៣ ខែសីហា ក្រោយបង្ហោះសារប្រមាថ ដល់កងទ័ពខ្មែរ ក្រោយព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។
លោក សួន សេរីរដ្ឋា បានបង្ហោះសារនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាម​ដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុង​សមរ​ភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយ​ជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង !។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែល​កើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរ ក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ»។
នាយឧត្តមនាវី ចាត់ទុកថា ការប្រមាថរបស់ប្រធានគណបក្សអំណាចខ្មែរនេះ ធ្វើឱ្យកងទ័ពកម្ពុជាទាំងអស់មិនអាចទទួលយកបានឡើយ ហើយថា កងទ័ពជើងទឹក គាំទ្រទាំងស្រុងចំពោះការចាប់ខ្លួនអ្នកប្រមាថដល់កងទ័ពរូបនេះ៕