Monday, August 14, 2017

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ថ្កោលទោស សួន សេរីរដ្ឋា ហើយស្នើទៅតុលាការ​ផ្តន្ទា​ទោសឱ្យបានធ្ងន់ធ្ងរ ចំពោះការប្រមាថដល់កងទ័ព

នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅល្ងាចថ្ងៃទី១៣ ខែ​សីហា ឆ្នាំ២០១៧ បានថ្កោលទោសចំពោះបុគ្គល សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលបានលើកឡើងប្រមាថធ្ងន់ធ្ងរដល់កងទ័ពកម្ពុជា។ នាយឧត្តមសេនីយ៍ ក៏បានស្នើឱ្យតុលា​ការ ដាក់ទោសតាមច្បាប់ ឱ្យបានធ្ងន់ធ្ងរបំផុត។
ប្រតិកម្មយ៉ាងខ្លាំងក្លារបស់ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានធ្វើឡើងបន្ទាប់ពី សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៣ ខែសីហា ក្រោយបង្ហោះសារប្រមាថដល់កងទ័ពខ្មែរ ក្រោយព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។
លោក សួន សេរីរដ្ឋា បានបង្ហោះសារនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង !។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែក​ឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរ ក្រោយចេញមុខចេញមាត់នោះ ប្រ​មូល​លុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ»។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ចាត់ទុកថា ការប្រមាថរបស់ប្រធានគណបក្សអំណាចខ្មែរនេះ ធ្វើឱ្យកងទ័ពកម្ពុជាទាំងអស់មិនអាចទទួលយកបានឡើយ ហើយថា កងយោធពលខេមរភូមិន្ទ គាំទ្រទាំងស្រុងចំពោះការចាប់ខ្លួនអ្នកប្រមាថដល់កងទ័ពរូបនេះ៕



No comments:

Post a Comment