Monday, August 14, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យគ្រឹះស្ថានសិក្សាខិតខំបណ្តុះបណ្តាល ពង្រឹងសមត្ថភាពនិស្សិតឱ្យកាន់តែល្អប្រសើរ

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យគ្រឹះស្ថានសិក្សាខិតខំបណ្តុះបណ្តាល ពង្រឹងសមត្ថភាពនិស្សិតឱ្យកាន់តែល្អប្រសើរ។ លោក បានថ្លែងអំពាវនាវដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៣,៣០២នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ក្នុងឱកាសនោះ លោក បានថ្លែង អបអរសាទរ និងកោតសរសើរ ដល់ជ័យលាភីទាំងអស់ ព្រមទាំង មានមោទនភាពចំពោះសាលាភូមិន្ទភ្នំពេញដែលបានបណ្តុះបណ្តាលធនធានមនុស្សប្រកដោយគុណភាព និង ប្រសិទ្ធភាពស្របពេលដែលប្រទេសកំពុងរីកចម្រើន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវដល់សាកលវិទ្យាល័យនានា ត្រូវយកចិត្តទុកដាក់ខិតខំបណ្តុះ បណ្តាល ពង្រឹងសមត្ថភាពនិស្សិតឱ្យកាន់តែល្អប្រសើរ ស្របទៅនឹងការកំណែទម្រង់របស់ក្រសួងអប់រំនាពេលបច្ចុប្បន្ន។ ការប្រលងបាក់ឌុបឆ្នាំ២០១៧នេះ គឺនឹងមកដល់ខាងមុខ លោក បានអំពាវនាវដល់សិស្សដែលត្រៀមប្រឡងទាំងអស់ត្រូវត្រៀមបំប៉នសមត្ថភាព ចំណេះដឹង គ្រប់មុខវិជ្ជា ហើយសូមឱ្យសាលាជួយដល់ការងារបំប៉ននេះផងដែរ។

លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា លោក ក៏ជាអតីតនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកាលពីឆ្នាំ ១៩៨៨។ លោក បានប្រកាសតម្លើងប្រាក់ខែលើកទឹកចិត្ត ដល់បណ្ណារក្ស ៣លានរៀលក្នុង១ខែ ដើម្បីលើកទឹកចិត្ត ដែលបានខិតខំគ្រប់គ្រងថែរក្សាបណ្ណាល័យ សម្រាប់និស្សិត និងសិស្សានុសិស្សមកពីសាលាផ្សេងៗទៀតមកសិក្សាស្រាវជ្រាវ៕





No comments:

Post a Comment