Monday, August 14, 2017

កម្ពុជា-ឡាវ ប្តេជ្ញាដោះស្រាយបញ្ហាដោយសន្តិវិធីដើម្បីចៀសវាងការបង្ហូរឈាម ដោយយកផែនទីខ្នាត ១/១០០,០០០ ជាមូលដ្ឋាន

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ឡាវនៅខេត្តស្ទឹងត្រែង ត្រូវបានដោះស្រាយរួចហើយ ហើយភាគីកម្ពុជា-ឡាវ បានប្តេជ្ញាដោះស្រាយបញ្ហាដោយសន្តិវិធីដើម្បីចៀសវាងការបង្ហូរឈាម ដោយយកផែនទីខ្នាត ១/១០០,០០០ ជាមូលដ្ឋាន ។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៣,៣០២នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជក់ថា ព្រឹត្តិការណ៍កាលពីអាទិត្យមុនដែលកងទ័ពឡាវចូលមកលើទឹកដីខ្មែរ គឺបានដោះស្រាយចប់ហើយ គឺភាគីឡាវ បានសន្យាដកទ័ពដែលឈរជើងលើទឹកដីខ្មែរចេញអស់ហើយ។ ការងារដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ឡាវ គឺធ្វើបាន ៨៦%ហើយ ហើយនឹងបន្តធ្វើការជាមួយកម្ពុជាដោះស្រាយបញ្ហាព្រំដែនដោយយកផែនទីខ្នាត ១/១០០,០០០ ជាមូលដ្ឋានមកដោះស្រាយឱ្យបានលឿនទៅមុខ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសឡាវ មានកិច្ចការសហប្រតិបត្តិការល្អៗជាច្រើនជាមួយ គ្នារួមទាំងការពង្រឹងទំហំពាណិជ្ជកម្មជាដើមដែលត្រូវយកមកពិភាក្សា។ យើងត្រូវដោះស្រាយមិនឱ្យមានសង្រ្គាមផ្ទុះឡើងដាច់ខាត។ កម្ពុជា-ឡាវ ប្តេជ្ញាដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីចៀសវាងការបង្ហូរឈាម៕








No comments:

Post a Comment