Monday, August 14, 2017

នាយឧត្តមសេនីយ៍ សៅ សុខា​ ប្រកាស​ថ្កោលទោសបុគ្គល​ សួន​ សេរីរដ្ឋា​ ចំពោះការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ មកលើកងទ័ព​

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសថ្កោលទោស ចំពោះការប្រមាថយ៉ាងធ្ងន់ធ្ងររបស់បុគ្គល សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ មកលើកងទ័ព។
កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានបង្ហោះសារមានចេតនាញុះញង់ បំបែកបំបាក់ឯកភាពជាតិ បំផ្លិចបំផ្លាញកងទ័ពជាតិ បន្ទាបបន្ថោកតួនាទីរបស់កងយោធពលខេមរភូមិន្ទ និងបំពានច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា កងរាជអាវុធហត្ថសូមថ្កោលទោស និងគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលតាមផ្លូវច្បាប់ទៅលើជនក្បត់ជាតិរូបនេះ។
នាយឧត្តមសេនីយ៍ បានបន្ថែមថា កងរាជអាវុធហត្ថ សូមគាំទ្រនិងស្ងើចសរសើរចំពោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដោះស្រាយបញ្ហាព្រំដែនជាមួយភាគីឡាវដោយសន្តិវិធី ការពារគង់វង្សនូវបូរណភាពទឹកដី អធិបតេយ្យជាតិដោយគ្មានការបង្ហូរឈាម។
កងរាជអាវុធហត្ថ សូមប្តេជ្ញាបន្តបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនដោយខ្ជាប់ខ្ជួនស្របតាមច្បាប់ ដើម្បីថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់ បង្ក្រាបនូវរាល់បទល្មើស និងទង្វើក្បត់ជាតិ៕



No comments:

Post a Comment