Monday, August 14, 2017

មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ ប្រកាសថ្កោលទោស​ សួន សេរីរដ្ឋា​ និងស្នើ​ឲ្យតុលាការ​ផ្តន្ទាទោស​ទៅតាមច្បាប់​ ករណីប្រមាថ​ដល់កងទ័ព​

លោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង ព្រមទាំងនាយទាហាន និងពលទាហានទាំងអស់ នៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ បានប្រកាសថ្កោលទោសចំពោះបុគ្គល សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលបានលើកឡើងប្រមាថធ្ងន់ធ្ងរដល់កងទ័ពកម្ពុជាថា ជាកងទ័ពចោរ និង បានស្នើឱ្យតុលាការ ដាក់ទោសទៅតាមច្បាប់។
ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង បានលើកឡើងយ៉ាងដូច្នេះបន្ទាប់ពីលោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ក្រោយបង្ហោះសារប្រមាថដល់កងទ័ពខ្មែរ ក្រោយព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។
លោក សួន សេរីរដ្ឋា បានបង្ហោះសារនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង !។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរ ក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ»។

 លោកឧត្តមសេនីយ៍ បានចាត់ទុកការប្រមាថរបស់ប្រធានគណបក្សអំណាចខ្មែរ ធ្វើឱ្យកងទ័ពកម្ពុជាទាំងអស់មិនអាចទទួលយកបានឡើយ ហើយថា កងទ័ពនៅកងពលតូចអន្តរាគមន៍លេខ១ គាំទ្រទាំងស្រុងចំពោះការចាប់ខ្លួនអ្នកប្រមាថដល់កងទ័ពរូបនេះ៕




No comments:

Post a Comment