Monday, August 14, 2017

មេបញ្ជាការ និងទាហានទាំងអស់នៅកងពលតូចលេខ៧០ ប្រកាស​ថ្កោល​ទោស​ការ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងររបស់ សួន សេរីរដ្ឋា មកលើបងប្អូនកងទ័ព និង​ស្នើឱ្យតុលាការផ្តន្ទាទោស ឱ្យ​ខ្លាំង​ក្លា​បំផុត

មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំង​អស់​នៃ​កង​ពល​តូច​លេខ៧០ ដែលកំពុងតែរួមគ្នាការពារបូរណភាពទឹកដី កុំឱ្យ​មានការ​រំលោភ​បំពាន​ពី​ប្រទេស​ជិត​ខាង​នៅ​តំបន់​ព្រំដែន ខ្មែរ-ឡាវ បានសម្តែងការខឹងសម្បា ហើយ​ថ្កោល​ទោស​ដាច់​អហង្កា​ចំពោះ​សម្តី​ប្រមាថ​របស់លោក សួន សេរីរដ្ឋា មេបក្សអំណាចខ្មែរ ទៅលើលោក ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​កម្ពុជា ដែលបានប្រឹងប្រែងរិះរកគ្រប់យុទ្ធ​វិធី ដើម្បី​រក្សា​បាន​នូវ​សុខ​សន្តិភាព បញ្ចៀស​​ភ្លើង​សង្រ្គាម និង​រក្សា​បានមិត្តភាពជាមួយប្រទេសជិតខាង។
មេបញ្ជាការ និងទាហានទាំងអស់របស់កងពល បាន​សម្តែង​ការ​កោត​សរ​សើរ​ជា​ខ្លាំង​ចំពោះ​សមត្ថកិច្ច​កម្ពុជា ដែល​បាន​ចេញ​ចំណាត់​ការ​បន្ទាន់ ក្នុង​ការ​ចាប់​ខ្លួន​លោក សួន សេរីរដ្ឋា ហើយ​​បាន​ចាត់​ទុក​សម្តី​របស់​លោក សួន សេរីរដ្ឋា គឺ​ជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​លោក ហ៊ុន សែន និង​កង​កម្លាំង​ការ​ពា​រជាតិ។ ជាមួយគ្នានេះ មេបញ្ជាការ និងទាហាន បានចាត់ទុក​សម្តី​នេះ ជា​ការ​បំបែក​បំបាក់​សាមគ្គី​ជាតិថែមទៀតផង ហើយ​ទាម​ទារឱ្យ​តុលាការ​ចា​ត់វិធាន​ការ​​តាម​វិធាន ការ​ច្បាប់ឱ្យ​បាន​ម៉ឺង​ម៉ាត់​បំផុត ដោយគ្មាន​ការ​លើក​លែង​នោះឡើយ។
លោកឧត្តមសេនីយ៍ផ្កាយ៣ ម៉ៅ សុផាន់ មេបញ្ជាការកង​ពលតូចលេខ៧០ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «យើងខ្ញុំជាមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហារង និង​ពល​ទាហាន​ទាំងអស់ នៃ​កង​ពល​តូច​លេខ​៧០ សូម​ធ្វើ​ការ​ថ្កោល​ទោស​ចំពោះលោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដែលបានបង្ហោះសារ នៅ​លើ​គេ​ហទំព័រ​របស់​ខ្លួនកាល​ពីថ្ងៃទី១២ ខែ​សីហា ឆ្នាំ២០១៧ ដែល​មាន​ខ្លឹម​សារថា ពេល​សង្គ្រាម​កើត​ឡើង​ជាមួយ​នឹង​ប្រទេស​លាវនោះ លទ្ធផល​វា​ហ្នឹង​មិន​ខុស​ពី​សង្គ្រាម​ដែល​កើត​ឡើង​ជាមួយ​នឹង​ប្រទេស​សៀមទេ! គឺ​កូន​ខ្មែរ​ កង​ទ័ព​​ជាតិ នឹង​ស្លាប់​ក្នុង​សមរ​ភូមិ​យ៉ាង​វេទនា… ហើយ​មេទ័ព​ចោរ នឹង​ឡើង​បុណ្យ​សក្តិ ប្រមូល​បាន​លុយ​កាក់ សប្បាយ​ជា​មួយ​ស្រី​ញី​យ៉ាង​គគ្រឹក​គគ្រេង!។ ពី​ព្រោះ​កន្លង​មក​ដូច​យើង​ដឹង​ហើយ សង្គ្រាម​ដែល​កើត​ឡើង​ជាមួយ​នឹង​ប្រទេស​សៀម គឺស្លាប់​តែ​កូន​ខ្មែរ ​អ្នក​ស្នេហា​ជាតិ ដែល​ចូល​ប្រយុទ្ធ​នៅ​ជួរ​មុខ​ទេ។ ចំណែក​ឯ​ពួក​មេ​ៗ​ពាក់​ផ្កាយ និង​កូន​លោក​ធំៗ​ដែល​នៅ​ជួរ​ក្រោយ ចេញមុខ​ចេញ​មាត់​នោះ ប្រមូល​លុយ ប្រមូល​លាភ ហើយ​​ដេក​​តែ​ម៉ាស៊ីន​ត្រជាក់​ជាមួយ​ស្រី​កំដរ ក៏ឡើង​បុណ្យ​ឡើង​ផ្កាយដែរ»
លោកឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបញ្ជាក់ទៀតថា «ខ្លឹមសារនេះមានន័យញុះញង់ អុជអាល បង្ក​អសន្តិ​សុខ​ដល់​ប្រទេស​ជាតិ ដែល​មិន​ត្រឹម​តែ​មិន​ចូល​រួម ជួយ​លើក​ទឹក​ចិត្ត ដល់​កង​ទ័ព​ដែល​​ពលី លះ​បង់​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​ការ​ពារ​ទឹក​ដី​ប៉ុណ្ណោះ​ទេ បែរ​ជា​ប្រមាថ មើល​ងាយ​ដល់​​កង​ទ័ព​ទៅ​វិញ​ដែល​ទង្វើ​នេះ គឺ​ជា​ការ​បំបាក់​ស្មារ​តី​ទាំង​ស្រុង ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ក៏​ដូចជា​កង​​ទ័ព​ទាំង​មូល។ ដូច្នេះ យើង​ខ្ញុំជា​មេ​បញ្ជាការ មេបញ្ជា​ការរង នាយទា​ហាន នាយទាហានរង និង​ពល​ទាហាន​ទាំង​អស់​នៃ​កង​ពលតូច​លេខ៧០ ស្នើ​សុំ​តុលាការ​ផ្ត​ន្ទាទោស​ជន​នេះឱ្យ​ធ្ងន់ សក្តិ​សម​នឹង​ទង្វើ ជេរ​ប្រមាថ​បង្ក​អសន្តិសុខ​ដល់​ប្រទេស​ជាតិ​នេះផង។ យើង​ខ្ញុំទាំង​អស់គ្នា​ដែល​ជា​មេបញ្ជា​ការ មេបញ្ជាការរង នាយ​ទាហាន នាយទាហានរង និងពល​ទាហាន​ទាំង​អស់​នៃ​កង​ពល​តូច​លេខ៧០ ក៏​សូម​គាំ​ទ្រ​ដាច់​ខាត​ចំពោះ​ចំណាត់​ការ រាជ​រដ្ឋាភិបាល ក្នុង​ការ​ការ​ពារ​បូរណ​ភាព​ទឹកដី និង​រង​ចាំ​បទ​បញ្ជា​ជា​និច្ច​ក្នុង​ការ​រក្សា​សន្តិភាព ការ​ពាររាជរដ្ឋាភិបាល​ស្រប​ច្បាប់​នេះ​»​
មន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ និងមន្រ្តីជាន់ខ្ពស់នគរបាលជាតិ បាន​អះ​អាង​ថា ការ​ចាប់​ខ្លួនលោក សួន សេរីរដ្ឋា បាន​ធ្វើ​ឡើង​ខណៈ​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​ពី​ខេត្ត​កំពង់​ចាម ចូល​មក​រាជធានី​ភ្នំពេញ ត្រង់​ចំណុច​ស្ពាន​ព្រែក​ព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បន្ទាប់ពីចាប់ខ្លួនវ៉ៃខ្នោះហើយ លោក សួន សេរីរដ្ឋា ត្រូវបានបញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរ​បាល​​រាជ​ធានីភ្នំ​ពេញ និង​ត្រៀម​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​កាត់​ទោស​ភ្លាមៗ​តែម្តង។
មន្រ្តីយោធាកំពូលៗរបស់កម្ពុជា ក៏បានបញ្ជាក់ភ្លាមៗថា បង​ប្អូន​កង​ទ័ព​កំពុង​មាន​កំហឹង​យ៉ាង​ខ្លាំង​ជា​មួយ​លោក សួន សេរីរដ្ឋា ហើយ​នៅ​ពេល​នេះ​ជា​ការ​ល្អ​ទៅ​វិញ​ទេ ដែល​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ចាប់​ខ្លួន​ភ្លាមៗ​ទាន់​ពេល បើ​មិ​ន​ដូច្នេះ​បង​ប្អូន​កងទ័​ព​នឹង​មិន​អត់ឱនឱ្យ​ជន​ប្រមាថ​ជាតិ​​ខ្មែរ សួន សេរីរដ្ឋា នោះ​ទេ ប្រាកដ​ជា​ទៅ​រក​រឿង​មិន​ខាន។ លោក សួន សេរីរដ្ឋា ទៅ​ដេក​នៅ​ក្នុង​គុក​ប្រសើរជាង​នៅ​ខាង​ក្រៅ ព្រោះបើ​នៅខាង​ក្រៅអាច នឹង​មាន​បញ្ហា​ដល់​អាយុ​ជីវិត ដោយ​សារ​កំហឹង​របស់​បង​ប្អូន​កងទ័ព។

មន្រ្តីយោធាកំពូលៗ បានចេញ​មក​ថ្កោលទោស និង​ទាម​ទារ​ឱ្យ​តុលា​ការ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ និង​ដាក់​ទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​បំផុត ដោយ​គ្មាន​ការ​លើក​លែង​នោះឡើយ៕






No comments:

Post a Comment