Monday, August 14, 2017

មេបញ្ជាការកងទ័ពជើងទឹក ប្រកាសថ្កោលទោស សួន សេរីរដ្ឋា ហើយស្នើតុលាការផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរ ករណីប្រមាថដល់កងទ័ព

នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ នៅល្ងាចថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ២០១៧ បានថ្កោលទោសចំពោះបុគ្គល សួន សេរីរដ្ឋា ប្រធានគណបក្សអំណាច​ខ្មែរ ដែលបានលើកឡើងប្រមាថធ្ងន់ធ្ងរដល់កងទ័ពកម្ពុជាថា ជាកងទ័ពចោរ។ នាយឧត្តម​នាវី ក៏បានស្នើឱ្យតុលាការ ដាក់ទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត។
ប្រតិកម្មយ៉ាងខ្លាំងក្លារបស់នាយឧត្តមនាវី ទៀ វិញ បានធ្វើឡើងបន្ទាប់ពី សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៣ ខែសីហា ក្រោយបង្ហោះសារប្រមាថ ដល់កងទ័ពខ្មែរ ក្រោយព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។
លោក សួន សេរីរដ្ឋា បានបង្ហោះសារនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាម​ដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុង​សមរ​ភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយ​ជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង !។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែល​កើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរ ក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ»។
នាយឧត្តមនាវី ចាត់ទុកថា ការប្រមាថរបស់ប្រធានគណបក្សអំណាចខ្មែរនេះ ធ្វើឱ្យកងទ័ពកម្ពុជាទាំងអស់មិនអាចទទួលយកបានឡើយ ហើយថា កងទ័ពជើងទឹក គាំទ្រទាំងស្រុងចំពោះការចាប់ខ្លួនអ្នកប្រមាថដល់កងទ័ពរូបនេះ៕



No comments:

Post a Comment