Tuesday, August 04, 2015

សម្តេច​ ហ៊ុន​ សែន៖ ​សមាគម ​អង្គការក្រៅ​រាជរដ្ឋា​ភិបាលនៅ​ស្រុកខ្មែរ​មានប​ង្រៀនស​ម្តែង​ធ្វើបាតុកម្ម​

ក្រសួង​វប្បធម៌ ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ ភឿង​ សកូណា បាន​ខិត​ខំ​​បង្រៀនផ្នែក​​សិល្បៈ​ទាំង​សម័យ និង​បុរាណ​ ដល់​សិស្ស​ និស្សិត​ជា​ច្រើនក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ដើម្បី​ឆ្លើយ​តបទៅ​​នឹង​តម្រូវ​ការ​​អ្នក​សិល្បៈ​នៅ​តាម​បណ្តា​ទូរទស្សន៍​ដែល​មាន​ស្រាប់ និង​បង្កើត​ថ្មី​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា។ ទន្ទឹម​នឹង​នេះ​ដែរ​ក៏​មាន​សមាគម អង្គការ​ក្រៅ​រាជ​រដ្ឋាភិបាល​​មួយ​ចំនួន​បាន​និងកំពុង​​បង្រៀនជំនាញ​សំដែង​ដើរតួរ​​ធ្វើ​បាតុកម្ម​ដល់​ក្រុម​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល​ ដើម្បី​សម្តែងបង្កើត​ឲ្យ​មាន​​ចលាចល​ និង​​សំអុយ​កេរ្តិ៍ឈ្មោះ​រាជរដ្ឋាភិបាល​។ នេះ​ជា​ការ​លើក​ឡើង​របស់​សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន សែន​ ថ្លែង​នៅ​ក្នុង​ឳកាស​​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ជា​ផ្លូវ​ការ​ស្ពាន​មិត្តភាព កម្ពុជា-ចិន តាខ្មៅ​ឆ្លង​កាត់​ទន្លេ​បាសាក់ និង​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ២ ទៅ​ផ្លូវ​ជាតិ​​លេខ១ នៅ​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០១៥។
សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ថ្លែង​ថា​ សព្វ​ថ្ងៃ​មាន​ការ​បណ្តុះ​បណ្តាល​ឯកជនទៀត ដែល​បណ្តុះ​បណ្តាល​តួ​ខាង​ធ្វើ​បាតុកម្ម ដោយ​មាន​​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ខ្លះបង្រៀន​​ជំនាញ​​សំដែង​តួរ​ខាង​ធ្វើ​បាតុកម្ម​​​​តែ​​ម្តង។ ​សម្តេច​បាន​មាន​ប្រសាសន៍​បន្ថែម​ថាការ​បង្រៀន​នោះ ​គឺ​បង្រៀនពីរបៀប​រត់​បុក​ប៉ូលិស​យ៉ាង​ដូច​ម្តេច​ បើថា​រត់​បុក​ប៉ូលិស​ហើយត្រូវ​​ធ្វើ​របូត​អាវ​ដូច​ម្តេច​ ធ្វើ​កំសត់​ដូច​ម្តេច​ បើ​ប៉ូលិស​មិន​រុញ​ទេត្រូវ​រត់​ទៅ​បុក​ប៉ូលិស​យ៉ាង​ដូចម្តេច រួច​ធ្វើជា​កំសត់​ដូច​ម្តេច ​​ដើម្បី​ឲ្យ​​គ្នា​គេមួយ​ក្រុម​ទៀត​​​ចាំ​ថត​ ​ សុទ្ធ​តែ​មាន​ជំនាញសម្តែង​​ណាស់។ ហើយ​ក្រុម​សំដែង​នោះ​ទៀត​សោត​យើង​សង្កេត​ឃើញ​ថា​បាន​ចេញ​មុខ​សម្តែង​នៅ​គ្រប់​រឿង​ រឿង​ក្តី​តុលាការ​ក៏ទៅបាតុកម្ម រឿង​ដីធ្លី​ក៏ទៅបាតុកម្ម និយាយរួមទៅរឿង​ស្អី​ក៏​មាន​មុខ​ធ្វើ​បាតុកម្មដែរ។
សម្តេច​តេជោ​ ​បាន​បន្ត​ថា ក្នុង​គោល​បំណង​បំផ្លាញ​កេរ្តិ៍ឈ្មោះរាជ​រដ្ឋាភិបាល​នេះ ​ត្រូវ​បាន​ឲ្យ​ដឹងថាមាន​ការ​សហការ​គ្នា​ជា​ពីរ​ក្រុមគឺ ក្រុម​សម្តែង​ធ្វើ​បាតុកម្ម និង​ក្រុម​ចាំថត​ដើម្បី​យក​រូបភាព​ទៅ​បង្ហោះ​ក្នុង​បណ្តាញសង្គមFacebook និង​យក​ទៅ​ផ្សព្វ​ផ្សាយ​នៅតាម​បណ្តាញ​ដទៃទៀត ​ដើម្បី​ឲ្យ​ប្រជាមតិ​យល់​ឃើញ​ថា​ប៉ូលិសអាក្រក់ ឃោឃៅ​ និង​រាជរដ្ឋាភិបាល​​អាក្រក់​។​
សម្តេច​បាន​បន្ថែម​ទៀត​​ថា ផល​ប្រយោជន៍​សេដ្ឋកិច្ច​ ផលប្រយោជន៍​សង្គម​មិនដែល​គិត​ទេ​ មួយ​ថ្ងៃៗ​ឆ្កឹះត្រង់​នេះ ឆ្កឹះ​ត្រង់​នោះ​ តាម​ចិត្ត​គេ​ចង់​ មិន​មាន​រឿង​ធ្វើ​ឲ្យ​មាន​រឿង​ ​មាន​រឿង​មួយ​ប្រឌិត​ទៅ​ជា​រឿង​ដប់។​ សម្តេច​បាន​ថ្លែង​ទៀត​ថា រឿង​ក្នុង​សង្គម​ពិត​ជាមាន​ ប៉ុន្តែ​រឿង​មួយ​ឲ្យ​ដឹងថារឿង​​មួយ​ រឿង​ពីរ​ឲ្យ​ដឹងថារឿងពីរ​ទៅ​ កុំ​ប្រឌិត​រឿង​មួយ​ទៅ​ជា​រឿង​ដប់ ធ្វើ​ឲ្យ​​ច្បាស់​បែប​នេះ​គឺ​ ដើម្បី​ឲ្យ​មាន​ភាព​​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​បាន​ឆាប់​រហ័ស និង​ចំគោលដៅ៕





ទស្សនវិភាគ៖ ជម្រើសដ៏ប្រសើរ៖ ការតវ៉ា ឬ ការសហការ?

NGOs ជាដៃគូដ៏មាន សក្តានុពលជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងការពារធន​ធាន​ធម្មជាតិ​នៅកម្ពុជា។ នាពេល​បច្ចុប្បន្ន ដើម្បីអោយការងារមួយប្រកប ដោយមានភាពរលូន និងទទួលបានប្រសិទ្ធិភាពខ្ពស់ ​NGOs គួរតែបំពេញ​ការងារដោយមានការសហការ​ជាមួយ​រាជ រដ្ឋាភិបាល ដើម្បីជាប្រយោជន៍ដល់សង្គម ដើម្បី​ជម្រុញ​ប្រសិទ្ធិភាពការងាររបស់ខ្លួន វា​ប្រសើរ ជាងការធ្វើសកម្មភាពដោយគ្មានមូលដ្ឋានច្បាស់លាស់ អំពីការព្រួយបារម្ភ​ពាក់ព័ន្ធ​ការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយចិរភាព។ ម៉្យាងទៀតរាជរដ្ឋាភិបាលគួរតែមាន យន្តការយ៉ាងណា និងបើកទូលាយអោយ NGOs បានក្លាយជាដៃគូ ក្នុងការជួយ​ជ្រោមជ្រែង នូវគោលនយោបាយរបស់ខ្លួន។
តួយ៉ាងក្នុងសន្និសិទ្ធិសារព័ត៌មានរបស់អង្គការមាតាធម្មជាតិ (Mother Nature) ដែលបាន រៀបចំកាលពីព្រឹកថ្ងៃច័ន្ទនេះ តំណាងអង្គការមាតាធម្មជាតិ បានបង្ហាញកង្វល់អំពី​ភាព​មិន​ប្រក្រតី​​របស់​ក្រុមហ៊ុន Direct Access Co, ltd ក្រុមហ៊ុននេះបានកំពុងធ្វើប្រតិបត្តិការ​តាម​​បណ្តោយ ព្រែកអណ្តូងទឹក ឃុំអណ្តូងទឹកស្រុកបុទុមសាគរ ខេត្តកោះកុង​។ ខាងតំណាង​អង្គការលើក ឡើងពីការបូមខ្សាច់​ខុសទីតាំង មិនគោរពតាមលក្ខខណ្ឌ​ក្នុងអាជ្ញាប័ណ្ឌ​របស់​ក្រុមហ៊ុនដែលទទួល បានអាជ្ញាប័ណ្ឌ។ ក្នុងពេលនោះដែរ​ពួកគេបានស្នើសុំ​អោយមាន​ការរៀប​ចំ​វេទិកា​សាធារណៈ​​មុននឹងផ្តល់អាជ្ញាប័ណ្ឌអោយ​ក្រុមហ៊ុន​ណា​មួយ និងធ្វើការវាយតម្លៃ​ផល​ប៉ះ​ពាល់ធម្មជាតិ​​អោយ បានច្បាស់លាស់។
ធនធានធម្មជាតិ វាមិនមែនជារបស់បុគ្គលណាមួយ  ឬសមាជិកណាម្នាក់ក្នុង​រាជរដ្ឋាភិបាល នោះទេ តែវាជារបស់ប្រជាជនទូទៅ ជារបស់ជាតិទាំងមូល។ដូចនេះ យើង​មាន​ការគាំទ្រនូវ សកម្មភាពណាដែលគាំពារ និងគាំទ្រដល់ ការការពារ  និងប្រើបា្រស់​ធនធាន​ប្រកប​ដោយចីរភាព និងត្រឹមត្រូវទៅតាមបច្ចេកទេស ស្របទៅតាមច្បាប់។ ត្រលប់ទៅមើល​សកម្មភាពរបស់អង្គការ មាតាធម្មជាតិ យើងសង្កេតឃើញថា គឺចង់​ការពារធនធាន​ធម្មជាតិ ប៉ុន្តែអង្គការមាតាធម្មជាតិ មិនបានធ្វើការសិក្សា​អោយបានគ្រប់ជ្រុង​ជ្រោយទៅតាមស្តង់ដាបច្ចេកទេស​ ដែលវានឹងពិបាក ជាអំណះអំណាងដ៏ជាក់លាក់ និងទទួល​យកបានពីសំណាក់រាជរដ្ឋាភិបាល និងមជ្ឈដ្ឋានទូទៅ។ ទោះបីជាក្រុមហ៊ុននោះ បាន​ប្រព្រឹត្ត​ខុសក៏ដោយ តែវាគ្រាន់តែជាការព្រួយបារម្ភ និងភាពមន្ទិល សង្ស័យរបស់​ក្រុម​មនុស្សមួយ​ក្រុមប៉ុណ្ណោះ។ ហើយមិនមានភស្តុតាងជាក់លាក់ណាមួយមក បញ្ជាក់ថាក្រុមហ៊ុន​ពិតជាអនុវត្ត​ខុសពីអាជ្ញាប័ណ្ឌ ហើយខ្លួនមិនមែនជាអ្នកបចេ្ចកទេស​​ ដែល អាចវិភាគពីផល​ប៉ះពាល់​ពិត​ប្រាកដ។
យ៉ាងណាមិញ មុននឹងឈានដល់ការចេញអាជ្ញាប័ណ្ឌក្រសួងរ៉ែ និងថាមពលតែង​សិក្សា​​យ៉ាងច្បាស់ពីការវាយតម្លៃផលប៉ះពាល់ធម្មជាតិនិងការធ្វើវេទិកាសាធារណៈ ដើម្បីផ្សព្វ​ផ្សាយ អោយប្រជាជននៅជុំវិញទីតាំងផ្តល់អាជ្ញាប័ណ្ឌយល់ពីអត្ថប្រយោជន៍ នៃការធ្វើ​អាជីវកម្ម។ មិនតែ ប៉ុណ្ណោះ ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពមិនប្រក្រតីផ្សេងៗ ក្រសួងបាន​រៀបចំក្រុមអធិការ កិច្ចចុះពិនិត្យជាក់ស្តែងទៅតាមទីតាំងធ្វើអាជីវកម្ម។ ទោះបីជា​ក្រសួង​មានយន្តការបែបនេះក៏ ដោយ ក៏វាមិនអាចឆ្លើយតបអោយបានគ្រប់​ជ្រុងជ្រោយដែរ ដែលចាំ​បាច់​អោយមានការចូលរួម ពីគ្រប់មជ្ឈដ្ឋាន ដែលប្រៀបបានជាភ្នាក់ងារដ៏មានឥទ្ធិពល​ពាក់ព័ន្ធ​ភាព​អសកម្មណាមូយ។
សរុបមកប្រសិនបើអង្គការមាតាធម្មជាតិ មានឆន្ទះពិតប្រាកដក្នុងការការពា និងប្រើ​ប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។ អង្គការមាតាធម្មជាតិ គួរតែសហការជាមួយ​រាជ រដ្ឋាភិបាល ព្រោះខ្លួនមានការធ្វើការយ៉ាងជិតស្និតជាមួយធម្មជាតិ។បើអាចសម្របខ្លួន​ក្លាយជា ភ្នាក់ងារ ដែលធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្តាត់​រាល់សកម្មភាព មិនប្រក្រតីរបស់ក្រុមហ៊ុនទុច្ចរិតមួយចំនួន វាប្រសើរជាងការ​ធ្វើបាតុកម្ម​ប្រឆាំង​តវ៉ា ដោយមិនបា មានការពិភាក្សាអោយបានច្បាស់លាស់ជាមួយភាគីរាជរដ្ឋាភិបាល។ ការធ្វើ​ការរួមគ្នានេះ គឺដើម្បី ជាប្រយោជន៍ជាតិទាំងមូល មិនមែនជាប្រយោជន៍របស់គណបក្ស ឬរបស់អង្គការណាមួយឡើយ។ យើងគួរតែរួមគ្នា​ការពារ និងប្រើប្រាស់ធនធានធម្មជាតិ អោយ​មាន​តម្លាភាព និង គណនេយ្យភាព ជាជាងធ្វើសកម្មភាពទាំងឡាយណា​ដែលប្រឆាំង​គ្មាន​មូល​ដ្ឋានច្បាស់លាស់ ដើម្បីកេញ​ចំណេញ​នយោបាយ ដែលអាចរារាំងដល់ការអភិវឌ្ឍជាតិ។