Tuesday, August 04, 2015

ទស្សនវិភាគ៖ ជម្រើសដ៏ប្រសើរ៖ ការតវ៉ា ឬ ការសហការ?

NGOs ជាដៃគូដ៏មាន សក្តានុពលជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងការពារធន​ធាន​ធម្មជាតិ​នៅកម្ពុជា។ នាពេល​បច្ចុប្បន្ន ដើម្បីអោយការងារមួយប្រកប ដោយមានភាពរលូន និងទទួលបានប្រសិទ្ធិភាពខ្ពស់ ​NGOs គួរតែបំពេញ​ការងារដោយមានការសហការ​ជាមួយ​រាជ រដ្ឋាភិបាល ដើម្បីជាប្រយោជន៍ដល់សង្គម ដើម្បី​ជម្រុញ​ប្រសិទ្ធិភាពការងាររបស់ខ្លួន វា​ប្រសើរ ជាងការធ្វើសកម្មភាពដោយគ្មានមូលដ្ឋានច្បាស់លាស់ អំពីការព្រួយបារម្ភ​ពាក់ព័ន្ធ​ការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយចិរភាព។ ម៉្យាងទៀតរាជរដ្ឋាភិបាលគួរតែមាន យន្តការយ៉ាងណា និងបើកទូលាយអោយ NGOs បានក្លាយជាដៃគូ ក្នុងការជួយ​ជ្រោមជ្រែង នូវគោលនយោបាយរបស់ខ្លួន។
តួយ៉ាងក្នុងសន្និសិទ្ធិសារព័ត៌មានរបស់អង្គការមាតាធម្មជាតិ (Mother Nature) ដែលបាន រៀបចំកាលពីព្រឹកថ្ងៃច័ន្ទនេះ តំណាងអង្គការមាតាធម្មជាតិ បានបង្ហាញកង្វល់អំពី​ភាព​មិន​ប្រក្រតី​​របស់​ក្រុមហ៊ុន Direct Access Co, ltd ក្រុមហ៊ុននេះបានកំពុងធ្វើប្រតិបត្តិការ​តាម​​បណ្តោយ ព្រែកអណ្តូងទឹក ឃុំអណ្តូងទឹកស្រុកបុទុមសាគរ ខេត្តកោះកុង​។ ខាងតំណាង​អង្គការលើក ឡើងពីការបូមខ្សាច់​ខុសទីតាំង មិនគោរពតាមលក្ខខណ្ឌ​ក្នុងអាជ្ញាប័ណ្ឌ​របស់​ក្រុមហ៊ុនដែលទទួល បានអាជ្ញាប័ណ្ឌ។ ក្នុងពេលនោះដែរ​ពួកគេបានស្នើសុំ​អោយមាន​ការរៀប​ចំ​វេទិកា​សាធារណៈ​​មុននឹងផ្តល់អាជ្ញាប័ណ្ឌអោយ​ក្រុមហ៊ុន​ណា​មួយ និងធ្វើការវាយតម្លៃ​ផល​ប៉ះ​ពាល់ធម្មជាតិ​​អោយ បានច្បាស់លាស់។
ធនធានធម្មជាតិ វាមិនមែនជារបស់បុគ្គលណាមួយ  ឬសមាជិកណាម្នាក់ក្នុង​រាជរដ្ឋាភិបាល នោះទេ តែវាជារបស់ប្រជាជនទូទៅ ជារបស់ជាតិទាំងមូល។ដូចនេះ យើង​មាន​ការគាំទ្រនូវ សកម្មភាពណាដែលគាំពារ និងគាំទ្រដល់ ការការពារ  និងប្រើបា្រស់​ធនធាន​ប្រកប​ដោយចីរភាព និងត្រឹមត្រូវទៅតាមបច្ចេកទេស ស្របទៅតាមច្បាប់។ ត្រលប់ទៅមើល​សកម្មភាពរបស់អង្គការ មាតាធម្មជាតិ យើងសង្កេតឃើញថា គឺចង់​ការពារធនធាន​ធម្មជាតិ ប៉ុន្តែអង្គការមាតាធម្មជាតិ មិនបានធ្វើការសិក្សា​អោយបានគ្រប់ជ្រុង​ជ្រោយទៅតាមស្តង់ដាបច្ចេកទេស​ ដែលវានឹងពិបាក ជាអំណះអំណាងដ៏ជាក់លាក់ និងទទួល​យកបានពីសំណាក់រាជរដ្ឋាភិបាល និងមជ្ឈដ្ឋានទូទៅ។ ទោះបីជាក្រុមហ៊ុននោះ បាន​ប្រព្រឹត្ត​ខុសក៏ដោយ តែវាគ្រាន់តែជាការព្រួយបារម្ភ និងភាពមន្ទិល សង្ស័យរបស់​ក្រុម​មនុស្សមួយ​ក្រុមប៉ុណ្ណោះ។ ហើយមិនមានភស្តុតាងជាក់លាក់ណាមួយមក បញ្ជាក់ថាក្រុមហ៊ុន​ពិតជាអនុវត្ត​ខុសពីអាជ្ញាប័ណ្ឌ ហើយខ្លួនមិនមែនជាអ្នកបចេ្ចកទេស​​ ដែល អាចវិភាគពីផល​ប៉ះពាល់​ពិត​ប្រាកដ។
យ៉ាងណាមិញ មុននឹងឈានដល់ការចេញអាជ្ញាប័ណ្ឌក្រសួងរ៉ែ និងថាមពលតែង​សិក្សា​​យ៉ាងច្បាស់ពីការវាយតម្លៃផលប៉ះពាល់ធម្មជាតិនិងការធ្វើវេទិកាសាធារណៈ ដើម្បីផ្សព្វ​ផ្សាយ អោយប្រជាជននៅជុំវិញទីតាំងផ្តល់អាជ្ញាប័ណ្ឌយល់ពីអត្ថប្រយោជន៍ នៃការធ្វើ​អាជីវកម្ម។ មិនតែ ប៉ុណ្ណោះ ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពមិនប្រក្រតីផ្សេងៗ ក្រសួងបាន​រៀបចំក្រុមអធិការ កិច្ចចុះពិនិត្យជាក់ស្តែងទៅតាមទីតាំងធ្វើអាជីវកម្ម។ ទោះបីជា​ក្រសួង​មានយន្តការបែបនេះក៏ ដោយ ក៏វាមិនអាចឆ្លើយតបអោយបានគ្រប់​ជ្រុងជ្រោយដែរ ដែលចាំ​បាច់​អោយមានការចូលរួម ពីគ្រប់មជ្ឈដ្ឋាន ដែលប្រៀបបានជាភ្នាក់ងារដ៏មានឥទ្ធិពល​ពាក់ព័ន្ធ​ភាព​អសកម្មណាមូយ។
សរុបមកប្រសិនបើអង្គការមាតាធម្មជាតិ មានឆន្ទះពិតប្រាកដក្នុងការការពា និងប្រើ​ប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។ អង្គការមាតាធម្មជាតិ គួរតែសហការជាមួយ​រាជ រដ្ឋាភិបាល ព្រោះខ្លួនមានការធ្វើការយ៉ាងជិតស្និតជាមួយធម្មជាតិ។បើអាចសម្របខ្លួន​ក្លាយជា ភ្នាក់ងារ ដែលធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្តាត់​រាល់សកម្មភាព មិនប្រក្រតីរបស់ក្រុមហ៊ុនទុច្ចរិតមួយចំនួន វាប្រសើរជាងការ​ធ្វើបាតុកម្ម​ប្រឆាំង​តវ៉ា ដោយមិនបា មានការពិភាក្សាអោយបានច្បាស់លាស់ជាមួយភាគីរាជរដ្ឋាភិបាល។ ការធ្វើ​ការរួមគ្នានេះ គឺដើម្បី ជាប្រយោជន៍ជាតិទាំងមូល មិនមែនជាប្រយោជន៍របស់គណបក្ស ឬរបស់អង្គការណាមួយឡើយ។ យើងគួរតែរួមគ្នា​ការពារ និងប្រើប្រាស់ធនធានធម្មជាតិ អោយ​មាន​តម្លាភាព និង គណនេយ្យភាព ជាជាងធ្វើសកម្មភាពទាំងឡាយណា​ដែលប្រឆាំង​គ្មាន​មូល​ដ្ឋានច្បាស់លាស់ ដើម្បីកេញ​ចំណេញ​នយោបាយ ដែលអាចរារាំងដល់ការអភិវឌ្ឍជាតិ។

No comments:

Post a Comment