Thursday, May 23, 2019

ព្រះមហាក្សត្រកម្ពុជាយាងចូលរួមពិធីអបអរសាទរ២៥ឆ្នាំនៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យស្ដេចយាងតាមព្រះរាជទីនាំងយន្តហោះពិសេសទៅកាន់សាធារណរដ្ឋបារាំង ដើម្បីចូលរួមពិធីអបអរសាទរ២៥ឆ្នាំនៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដែលធ្វើឡើងនៅបណ្ឌិតសភាបារាំងខាងសិលាចារឹកនិងអក្សរផ្ចង់។
តបតាមការអញ្ជើញរបស់បណ្ឌិតសភាបារាំងខាងសិលាចារឹកនិងអក្សរផ្ចង់ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានដឹកនាំគណៈប្រតិភូទៅចូលរួមពិធីអបអរសាទរ២៥ឆ្នាំ នៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដែលនឹងប្រព្រឹត្តិទៅនៅវិមានវិទ្យាស្ថានបារាំង។

តាមកម្មវិធីខាងលើ នៅថ្ងៃ៦រោច ខែជេស្ឋ ឆ្នាំច ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥៖៣០នាទី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គនឹងយាងថ្លែងព្រះរាជសន្ទរកថាទៅកាន់រាជបណ្ឌិតសភាបារាំងខាងសិលាចារឹកនិងអក្សរផ្ចង់ អំពីជោគជ័យនិងការចូលរួមរបស់កម្ពុជាក្នុងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។ ជាមួយគ្នានេះដែរ អគ្គនាយកអាជ្ញាធរជាតិអប្សរាលោក ហង់ ពៅ នឹងធ្វើបទបង្ហាញស្ដីពីការរកឃើញទូកបុរាណនៅរមណីយដ្ឋានអង្គរ រីឯលោកសាស្រ្ដាចារ្យ Azedine BESCHAOUCH និងលោកស្រី ចៅ ស៊ុនកិរិយា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងធ្វើបទបង្ហាញលើប្រធានបទការងារ២៥ឆ្នាំនៅរមណីយដ្ឋានអង្គររបស់គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ៕






លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិ

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ខាងមុខ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកគណៈប្រតិភូទៅទីក្រុងបាងកក ដើម្បីចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមអង្កការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី(UN-ESCAP) ក្រោមមូលបទ «ការផ្តល់សិទ្ធអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព» តបតាមការអញ្ជើញរបស់លោកស្រី អាមីដា សាលស៊ីអាហ៍ អាលីសបាណា (Armida SaIsiah Alisjahabana) អគ្គលេខាធិការរងអង្កការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិរបស់ UN-ESCAP។

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅខាងក្រោមដូចតទៅ៖


លិខិតមិត្តអ្នកអាន៖ រឿងអាស្រូវនយោបាយនៅអូទ្រីសបញ្ជាក់ថា EUពិតជាអយុត្តិធម៌ចំពោះកម្ពុជា!

អ្នកតាមដាននយោបាយអន្តរជាតិ ពិតជាបានដឹងហើយអំពីរឿងអាស្រូវនយោបាយផ្ទុះឡើងនៅប្រទេសអូទ្រីសដែលជាសមាជិកសហភាពអឺរ៉ុប។
រឿងអាស្រូវនយោបាយមួយនេះកំពុងក្លាយជាព្យុះសង្ឃរា បោកបក់ប្រទេសអូទ្រីសយ៉ាងពេញទំហឹង ហើយបាននិងកំពុងធ្វើឲ្យរង្គើពេញសហភាពអឺរ៉ុបទាំងមូល។ ដើម្បីយល់ថា តើរឿងអាស្រូវនៅអូទ្រីសអាចឆ្លុះបញ្ចាំងអ្វីខ្លះពីរឿងអាស្រូវ​នយោបាយនៅកម្ពុជា? ហើយតើជំហររបស់សហភាពអឺរ៉ុបចំពោះកម្ពុជា និងចំពោះរឿងដូចគ្នាដែលកើតមាន នៅក្នុងប្រទេសសមាជិករបស់ខ្លួនខុសគ្នាបែបណា?
ដើម្បីមើលធ្លុះបញ្ហានេះ ខ្ញុំសូមរម្លឹកសាច់រឿងអាស្រូវនយោបាយដ៏ក្តៅគគុកនៅអូទ្រីសដូចខាងក្រោម៖
បញ្ហានេះបានផ្ទុះឡើងនៅថ្ងៃទី១៧ឧសភា២០១៩ បន្ទាប់ពីមានវីដេអូមួយបានបែកធ្លាយដោយសារព័ត៌មានអាល្លឺម៉ង់។ វីដេអូនោះត្រូវបានគេលួចថត បានដោយសម្ងាត់នៅក្នុងផ្ទះវីឡា មួយនៅលើកោះ Ibiza ប្រទេសអេស្ប៉ាញ។ ក្នុងវីដេអូនោះ លោក Heinz-Christian Strache មេបក្សស្តាំជាតិនិយមជ្រុល និងជាអនុអធិកាបតីអូទ្រីសបាននិយាយនៅពេលផឹកស៊ីស្រវឹងទៅកាន់ស្ត្រីម្នាក់ដែលអះអាងថា ខ្លួនជាមនុស្សស្និទ្ធនឹងអ្នកមានអំណាចនៅរុស្ស៊ី។ មេបក្សជាតិ​និយមជ្រុលអូទ្រីសរូបនេះក៏បានសន្យាជាមួយស្ត្រីនោះថា នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបើកផ្លូវឲ្យរុស្ស៊ីវាយលុកការរកស៊ីនៅក្នុងប្រទេសអូទ្រីស បើសិនជារុស្ស៊ីជួយជ្រោមជ្រែងអោយបក្សរបស់លោកបានឈ្នះឆ្នោត។ មិនត្រឹមតែប៉ុណ្ណោះ មេបក្សរូបនេះក៏បានលើកឡើងអំពីយុទ្ធសាស្ត្រវាយលុក និងគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានដោយយកគំរូដូចនៅហុងគ្រី។
ក្រោយការបែកធ្លាយនូវវីដេអូនេះ លោក Heinz-Christian Strache បានបង្ខំចិត្តលាលែងចេញពីតំណែងអនុអធិកាបតី។ មិនត្រឹមតែប៉ុណ្ណោះទេ អធិកាបតីអូទ្រីស លោក Sebastian Kurz ថែមទាំងបានទាមទារឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Herbert Kickl ដែលជាអនុប្រធានបក្សស្តាំជាតិនិយមជ្រុល ក៏ត្រូវតែចុះចេញពីតំណែងផងដែរ ដើម្បីបើកផ្លូវឲ្យមានការស៊ើបអង្កេតលើសំណុំរឿងនេះឲ្យមានតម្លាភាព។
ប្រតិកម្មទៅនឹងបញ្ហានេះ លោកស្រី អង់ហ្គេឡា មែរគែល អធិកាបតីអាល្លឺម៉ង់បានព្រមានថា រឿងអាស្រូវវីដេអូនៅអូទ្រីស គឺជាមេរៀនមួយប្រាប់ទៅអ្នកនយោបាយទាំងអស់ឲ្យប្រុងប្រយត្ន័ និងកុំអោយលក់ក្បាលឲ្យប្រទេសផ្សេងដែលគេចង់បំផ្លាញអឺរ៉ុប។
រឿងឃុបឃិតជាមួយបរទេសដើម្បីបើកដៃឲ្យបរទេសលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន គឺជារឿងរសើបខ្លាំងណាស់នៅអឺរ៉ុប ក៏ដូចជានៅសហរដ្ឋអាមេរិកដែរ។ រឿងអាស្រូវឃុបឃិតជាមួយបរទេសនៅអូទ្រីសនឹងត្រូវគេបើកការស៊ើបអង្កេតដ៏ធំមួយដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្ត។
នេះគ្រាន់តែការបែកធ្លាយវីដេអូដែលគេលួចថតបានដោយសម្ងាត់ និងនិយាយត្រឹមតែការពឹងពាក់បរទេសឲ្យជួយជ្រោម​ជ្រែងឲ្យខ្លួនឈ្នះឆ្នោតជាថ្នូរនឹងការបើកឲ្យបរទេសនោះបោះទុនរកស៊ីនៅក្នុងស្រុកផងក៏ធ្វើឲ្យរំជើបរំជួលពេញពិភពអឺរ៉ុបដល់ម្លឹងដោយអ្នកខ្លះចាត់ទុកថា ជាភ្នំភ្លើងដែលបាក់សង្កត់ប្រទេសអូទ្រីស និងអឺរ៉ុបទាំងមូល។
ឥឡូវនេះយើងងាកមកប្រៀបធៀបនឹងរឿងអាស្រូវនយោបាយនៅកម្ពុជាវីញម្តង។
  1. រដ្ធាភិបាលលោក ហ៊ុន សែន អត់មានបានបញ្ជាអោយទៅលួចថតការនិយាយរបស់ កឹម សុខា ទេ ហើយពេលលោក កឹម សុខា ឈរនិយាយក៏អត់មានផឹកស្រវឹងដូចករណីអាស្រូវនៅអូទ្រីសដែរ។
  2. ការបែកធ្លាយវីដេអូអួតអាងសារភាពរបស់លោក កឹម សុខា ប្រកាសក្តែងៗប្រាប់អ្នកគាំទ្ររបស់ខ្លួនថា ខ្លួនបានទទួល​ការហ្វឹកហាត់ពីបរទេសអស់ជាច្រើនឆ្នាំ ដើម្បីរៀបចំផែនការធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមរបៀបនៅអតីប្រទេសស៊ែរបី និងយូហ្គូស្លាវី ក៏ដោយសារទូរទស្សន៍អនឡាញ CBN នៅប្រទេសអូស្ត្រាលី មិនមែនបណ្តាញផ្សព្វ្សាយព័ត៌មានរបស់រដ្ធាភិបាលលោក ហ៊ុន សែន នោះដែរ។ តើត្រូវគេចាត់ទុកជាអ្វីដែរ? ដូច្នេះ ខ្ញុំយល់ថា ទំហំនៃទោសកំហុសរបស់ កឹម សុខា នេះ ពិតជាត្រឹមត្រូវ និងសមណាស់ដែលរដ្ឋអំណាចត្រូវតែវាយខ្នោះទាំងកណ្តាលយប់អាធ្រាតពីព្រោះវាជារឿងធំមហិមារ។
រឿងរ៉ាវដែលកើតឡើងនៅអូទ្រីសនៅពេលនេះក៏ជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញថា ចំណាត់ការរបស់អាជ្ញាធរកម្ពុជាពិតជាត្រឹមត្រូវ ហើយគ្មានប្រទេសណាមួយគេអាចអនុគ្រោះដល់អ្នកនយោបាយដែលលក់ក្បាលឲ្យបរទេសដើម្បីបើកដៃឲ្យបរទេសបំផ្លាញប្រទេសខ្លួនឯងនោះឡើយ។
ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយ និងហួសចិត្តបំផុតនោះ គឺនៅពេលដែលរឿងកើតនៅកម្ពុជា សហភាពអឺរ៉ុបបែរជាខំការពារអ្នកប្រព្រឹត្តរឿងអាស្រូវដែលមានចារឹកជាការក្បត់ជាតិដ៏ធំនេះ ហើយងាកមកដាក់កំហុសលើរដ្ឋាភិបាលដែលគ្រាន់តែចាត់វិធានការដើម្បីការពាររដ្ឋធម្មនុញ្ញ និងអធិបតេយ្យភាពជាតិខ្លួនទៅវិញ?
ឥឡូវដល់ពេលរឿងដូចគ្នានេះកើតមាននៅក្នុងប្រទេសសមាជិករបស់ខ្លួន ហើយប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួន ស្រាប់តែអឺរ៉ុបនាំគ្នាស្រែកថ្កោលទោសអ្នកនយោបាយអូទ្រីស ដែលឃុបឃិតជាមួយបរទេស និងកំពុងចាត់វិធានការក្តៅគគុកដូចភ្នំភ្លើងផ្ទុះ។
ទេវតារក្សាទ្វីបលោកនេះពិតជាចង់ផ្តល់កិច្ចគាំពារដល់កម្ពុជាហើយ ទើបបានជាធ្វើឲ្យមានរឿងអាស្រូវនេះចំបេះដូងអឺរ៉ុប​តែម្តង ខណៈដែលសហភាពអឺរ៉ុបកំពុងគំរាមព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ នេះហើយដែលគេហៅថា តម្រិះជិះកឯង។
តើអឺរ៉ុបដែលអួតថា ជាបិតាប្រជាធិបតេយ្យ បិតាសិទ្ធិមនុស្ស និងជាអ្នកស្រឡាញ់យុត្តិធម៌នោះ មានអ្វីមកបង្ហាញជាគំរូដល់ប្រទេសក្រីក្រតូចតាចដូចកម្ពុជា? តើសហភាពអឺរ៉ុបមានស្តង់ដារប៉ុន្មាន? សហរដ្ឋអាមេរិកវិញ ក៏មិនខុសគ្នាដែរ។ មហាអំណាចលោកខាងលិចមួយនេះ ក៏បានស្រែករិះគន់កម្ពុជា និងកំពុងគំរាមដកប្រព័ន្ធអនុគ្រោះពន្ធ  GSP ពីកម្ពុជាដែរ ដោយសារចំណាត់ការរបស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ទៅលើមេបក្ស្រឆាំង និងអតីតអង្គការចាត់​តាំងនយោបាយដែលបានឃុបឃិតជាមួយបរទេស ខណៈពេលដែលប្រទេសរបស់ខ្លួនបាន និងកំពុងបន្តចាត់វិធានការក្តៅគគុកចំពោះសំណុំរឿងអ្នកនយោបាយឃុបឃិតជាមួយបរទេស(រុស្ស៊ី)។
ដូច្នេះ ពីអំណឹះតទៅ ទាំងសហភាពអឺរ៉ុប ទាំងសហរដ្ឋអាមេរិក ពិតជាមិនអាចមានពាក្យអ្វីមកនិយាយជាមួយកម្ពុជាទៀតបានឡើយប្រសិនបើពួកគេជាអ្នកថ្លៃថ្នូរ និងចេះអៀនខ្មាស។ ការប្រើប្រាស់ស្តង់ដារពីរមិនមែនជាគំរូល្អដែលត្រូវបង្ហាញដល់អ្នកដទៃឡើយ។ ហើយការបន្តនយោបាយស្តង់ដារពីរនេះ «Deux poids Deux Mesures រឺ Double Standards» ទៀតសោតនឹងធ្វើឲ្យអានុភាពរបស់មហាអំណាចលោកខាងលិចធ្លាក់ចុះខ្សោយជាបន្តបន្ទាប់នៅចំពោះ​មុខប្រទេសតូចតាច និងក្រីក្រ។ ភាពអយុត្តធម៌របស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកចំពោះកម្ពុជាល្មមដល់ពេលបិទបញ្ចប់ហើយប្រសិនបើមហាអំណាចលោកខាងលិចចង់រក្សាភាពជាមហាអំណាច ជាបិតាប្រជាធិបតេយ្យ និងបិតាសិទ្ធិមនុស្សតទៅទៀត។ នេះជាសារដ៏សំខាន់មួយដែលស្តែងចេញពីរឿងអាស្រូវនយោបាយនៅអូទ្រីស។ សារសំខាន់ម្យ៉ាងទៀត គឺអ្នកនយោបាយដែលលក់ក្បាលឲ្យបរទេសដើម្បីបំផ្លាញជាតិខ្លួនឯង គឺជាកំហុសធ្ងន់ប៉ុន​មហាមេឃដែលគ្មានប្រទេសណាទទួលយកបានឡើយរាប់ទាំងប្រទេសដែលមានអំនួតថា ជាបិតាប្រជាធិបតេយ្យទាំងឡាយផង។
ដូច្នេះ លោកបណ្ឌិត អ្នកវិភាគ និងអង្គការសង្គមស៊ីវិល ក៏ដូចជាប្រព័ន្ធផ្សាយព័ត៌មានលម្អៀងទាំងឡាយ គួរល្មមភ្លឺភ្នែកហើយចំពោះសំណុំរឿងឃុបឃិតជាមួយបរទេស៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ


ព្រឹកថ្ងៃនេះ ព្រះមហាក្សត្រខ្មែរយាងទៅកាន់ប្រទេសបារាំង ធ្វើជាព្រះកិត្តិយសប្រារព្ធខួប២៥ឆ្នាំ នៃសកម្មភាព «ICC-Angkor»

ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ បានយាងទៅកាន់ប្រទេសបារាំង ដើម្បីធ្វើជាព្រះកិត្តិយសប្រារព្ធពិធីអបអរសាទរខួប២៥ឆ្នាំ នៃសកម្មភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ដែលហៅកាត់ថា ICC-Angkor។
យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃនាព្រឹកថ្ងៃនេះ មានថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័នរបស់ជាតិ ដូចជាលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា, លោក ហេង សំរិន ប្រធានរដ្ឋសភា, លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងព្រះញាតិវង្សជាច្រើនអង្គផ្សេងទៀត។
ព្រះមហាក្សត្រខ្មែរនឹងគង់ប្រថាប់នៅប្រទេសបារាំងរហូតដល់ថ្ងៃទី២៦ ខែឧសភា ទើបយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ។ លោក សាយ ឈុំ នឹងបំពេញភារកិច្ចផ្សេងៗជំនួសព្រះមហាក្សត្រខ្មែរ ក្នុងនាមជាប្រមុខរដ្ឋស្តីទីក្នុងកំលុងព្រះអវត្តមានរបស់ព្រះអង្គ។
សូមបញ្ជាក់ថា គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ហៅកាត់ថា ICC-Angkor ត្រូវបានបង្កើតឡើង នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ១៩៩៣ ក្នុងគោលដៅអភិរក្ស និងអភិវឌ្ឍន៍អង្គរ បន្ទាប់ពីប្រាសាទជាមរតកដ៏មានតម្លៃរបស់បុព្វបុរសខ្មែរមួយនេះ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតកភណ្ឌមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំនៅសាន់តាហ្វេ សហរដ្ឋអាមេរិក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
គណៈកម្មាធិការមួយនេះបង្កើតឡើងដំបូងមានរយៈពេលតែ ១០ឆ្នាំប៉ុណ្ណោះ។ តែដោយមើលឃើញពីតួនាទីដ៏សំខាន់របស់គណៈកម្មាធិការមួយនេះក្នុងអភិរក្ស និងអភិវឌ្ឍន៍អង្គរនោះ ទើបមានការបន្ថែមសុពលភាពរយៈពេល ១០ឆ្នាំចំនួនពីរដងទៀត។ ការបន្ថែមសុពលភាពចំនួនពីរដងនេះ មួយដងត្រូវបាន ធ្វើឡើងតាមរយៈ កិច្ចប្រជុំ នៅទីក្រុងប៉ារីស ថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០០៣ និងមួយដងទៀតធ្វើឡើងនៅក្នុងកិច្ចប្រជុំអន្តររដ្ឋាភិបាល នៅប្រទេសកម្ពុជា នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣។
ICC-Angkor មានបារាំង និងជប៉ុន ជាសហប្រធាន, លេខាធិការដ្ឋានវិទ្យាសាស្រ្តអចិន្ត្រៃយ៍ ទទួលបន្ទុកដោយការិយាល័យតំណាង អង្គការយូណេស្កូប្រចាំកម្ពុជា និងអាជ្ញាធរជាតិអប្សរា តំណាងរាជរដ្ឋាភិបាលកម្ពុជា។
សមាជិក ICC-Angkor មានចំនួន៣៧ប្រទេស មកពី៥ទ្វីប និងមានអង្គការអន្តរជាតិចំនួន ១៣ទៀត។ ចំនួនអ្នកជំនាញបច្ចេកទេស ចូលរួមក្នុងកិច្ចប្រជុំ ICC-Angkor ក៏បានកើនឡើងជាលំដាប់ផងដែរ ពីចំនួន៥០នាក់ មកក្នុងចន្លោះ ៣៥០នាក់ នាពេលបច្ចុប្បន្ននេះ។
ICC-Angkor មានតួនាទី និងភារកិច្ចសំខាន់ក្នុងការស្រោចស្រង់ អភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់រមណីយដ្ឋានសៀមរាបអង្គរ។ ICC-Angkor បានបញ្ចប់ដំណាក់កាលស្រោចស្រង់អង្គរហើយ ក្នុងរយៈពេល១០ឆ្នាំ (១៩៩៣-២០០៤) ។ ដំណាក់កាលបច្ចុប្បន្ននេះ គឺការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព (២០០៤ មកដល់បច្ចុប្បន្ន)។
សមិទ្ធផលសំខាន់ៗ ដែល ICC-Angkor សម្រេចបានក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍អង្គរនោះមានដូចជា៖ កិច្ចការជួសជុលប្រាសាទ និងអភិរក្សបេតិកភណ្ឌ, គម្រោងបណ្តុះបណ្តាលថែទាំប្រាសាទ ស្រាវជ្រាវ អភិវឌ្ឍ និងការចូលរួមរបស់ប្រជាពលរដ្ឋ, លើកតម្លៃរមណីយដ្ឋានអង្គរតាមរយៈក្រមប្រតិបត្តិអង្គរ, ការពង្រីកប្រព័ន្ធទូរគមនាគមន៍, បណ្តុះបណ្តាលភ្នាក់ងារទេសចរណ៍ប្រចាំការតាមប្រាសាទ, សាងសង់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និង សារមន្ទីរកុលាលភាជន៍អង្គរនៅភូមិតានីក្រោមជំនួយរបស់ជប៉ុន, សាងសង់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីអាគ្នេយ៍ ក្រោមកិច្ចសហការទន្លេមេគង្គ-គង្គា (MEKONG-GANGA COOPERATION-MGC) និងហិរញ្ញប្បទានឥតសំណងពីប្រទេសឥណ្ឌា, បន្តសិក្សានិងរៀបចំផែនការគ្រប់គ្រងទេសចរណ៍នៅអង្គរ(TMP) ដោយសហការជាមួយប្រទេសអូស្ត្រាលី, ការងារជួសជុល និងស្ថាបនាផ្លូវក្រោមជំនួយអន្តរជាតិ និងមានបដិភាគរបស់អាជ្ញាធរជាតិអប្សរា, ការងារតបណ្តាញអគ្គិសនី និងការថែទាំស្ទឹងសៀមរាប និងស្តារប្រព័ន្ធធារាសាស្រ្ត បង្ការទឹកជំនន់ជាដើម។
កាលពីចុងខែធ្នូ ឆ្នាំ២០១៨ ខួប ២៥ឆ្នាំ នៃការបង្កើត ICC-Angkor ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធឹកអធមនៅលើទឹកដីសៀមរាបអង្គរ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពិធីអបអរសាទរនោះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, ប្រធានអង្គការយូណេស្កូ លោកស្រី Audrey Azoulay Director general of the UNESCO ផងដែរ។
ការរៀបចំពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបង្កើត ICC-Angkorនេះ មានគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖

– អបអរសាទរភាពជោគជ័យ ដែលកើតចេញមកពីយន្តការ អាយ ស៊ី ស៊ី អង្គរ ដែលបច្ចុប្បន្នក្លាយជាគំរូនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេសនានាលើសាកលលោក
– បង្ហាញមោទនភាពជាតិរបស់កម្ពុជា ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្រ្តយូរលង់មកហើយ ព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ
– សម្តែងកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌
– បណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឱ្យចេះស្រលាញ់ ចូលរួមថែរក្សា ការពារ និងលើកតម្កើងបេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីផូរផង់របស់កម្ពុជា
– បង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យបេតិកភណ្ឌ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន
– ផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ៕







NOCC ត្រៀមលក្ខណៈកាន់តែពិសេស ក្នុងទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញឆ្នាំនេះ

នៅសល់ពេលតែ ២៥ថ្ងៃទៀតប៉ុណ្ណោះ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៩ នឹងចូលមកដល់ហើយ ពោលគឺនៅថ្ងៃទី១៦ ខែមិថុនាខាងមុខ។ ទន្ទឹមជាមួយគ្នា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក៏បានត្រៀមបង្កលក្ខណៈកាន់តែពិសេស ដើម្បីធានាសុវត្ថិភាពអ្នករត់ និងចូលរួមសម្អាតបរិស្ថាន ក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡា និងទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះដែរ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ ដោយសារប្រទេសជាតិមានសន្ដិភាព ការអភិវឌ្ឍ រីកចម្រើន និងសប្បូរសប្បាយរុងរឿង បានធ្វើឲ្យសន្ទុះនៃការចុះឈ្មោះ មានកំណើនគួរឲ្យកត់សម្គាល់។ ហេតុនេះគណៈកម្មការរៀបចំក៏បានសហការជាមួយក្រុមការងារស្ម័គ្រចិត្តជាច្រើនរយនាក់ ដើម្បីត្រៀមចូលរួមសម្រួលការងារផ្សេងៗ ពិសេសធានាសុវត្ថិភាពជូនអ្នករត់តែម្ដង។
លោកថា «ឆ្នាំនេះ ក្រុមការងារយើង នឹងពង្រឹងបន្ថែមលើគុណភាព និងសុវត្ថិភាពរបស់អ្នករត់តាមផ្លូវ តាមរយៈការប្រើប្រាស់កម្លាំងស្ម័គ្រចិត្តរាប់រយនាក់។ មួយទៀត ការសម្អាតបរិវេនផ្លូវរត់ ក្រោយរត់ចប់ យើងនឹងមានចាត់វិធានការភ្លាមៗ សម្រាប់ក្រុមការងារស្ម័គ្រចិត្តគ្រប់ផ្លូវ នឹងចាប់ផ្ដើមសម្អាតគ្រប់ទីកន្លែងទាំងអស់ ដើម្បីសម្អាតបរិស្ថាន ស្របតាមពាក្យស្លោកយើង គឺរត់ ដើម្បីទីក្រុងស្អាត និងបៃតង»។
គិតត្រឹមថ្ងៃទី២៣ ខែឧសភានេះ មានអ្នកចុះឈ្មោះប្រមាណជាង ៣,០០០នាក់ហើយ ដែលមកពីជាង ២០ប្រទេសលើពិភពលោក។ ប៉ុន្ដែគណៈកម្មការនឹងបន្ដទទួលពាក្យរហូតដល់កៀកថ្ងៃរត់ ពិសេសចាប់ពីថ្ងៃទី៧-១៥ ខែមិថុនា NOCC នឹងមានរៀបចំកន្លែងទទួលពាក្យផ្ទាល់ នៅមុខព្រះរមរាជវាំង ដែលជាទីកន្លែងចាប់ផ្ដើមចេញដំណើរទៀតផង។ ដូច្នេះលោក វ៉ាត់ ចំរើន បានអំពាវនាវប្រជាពលរដ្ឋរួសរាន់ចុះឈ្មោះឲ្យបានច្រើនកុះករ ដើម្បីងាយស្រួលក្នុងការរៀបចំផងដែរ។

សូមបញ្ជាក់ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ, រត់ដើម្បីផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣, រត់ដើម្បីផ្សព្វផ្សាយទីក្រុងស្អាត-បៃតង និងប្រមូលថវិកាសប្បុរសជន ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាជាដើម។ ចំពោះវិញ្ញាសាត្រូវរត់ រួមមានរត់លើចម្ងាយផ្លូវ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ ៕



ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ គ្មានអ្នកណាស្រឡាញ់ជាតិ ជាងអ្នកដែលបានលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីស្វែងរកសន្តិភាពជូនជាតិនោះទេ

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃនេះ បានអះអាងថា គ្មានអ្នកណាម្នាក់ដែលស្រឡាញ់ ប្រទេសជាតិរបស់ខ្លួន ជាងអ្នកដែលបានលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីស្វែងរកសន្តិភាព និងការអភិវឌ្ឍជូនជាតិនោះទេ។

តាមរយៈ Facebook នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំជឿថា គ្មានអ្នកណាស្រឡាញ់ជាតិ ជាងអ្នកដែលបានលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីស្វែងរកសន្តិភាព និងការអភិវឌ្ឍជូនជាតិនោះទេ ព្រោះពួកគាត់ហ៊ានលៈបង់សូម្បីតែជីវិត ក៏ព្រោះតែបុព្វហេតុជាតិមាតុភូមិ» ៕