Thursday, January 28, 2016

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវ ឲ្យយុវជនបញ្ឈប់ការជក់បារី និងការរៀបរាប់ពីប្រវត្តិ នៃការជក់បារី និងការព្យាយាមកាត់ផ្តាច់បារី របស់សម្តេចតេជោ

យោងតាមទំព័រហ្វេសប៊ុករបស់សម្ដេច តេជោ ហ៊ុន សែន ដែលមានឈ្មោះថា Samdech  Hun Sen, Cambodian Prime Minister ចុះផ្សាយថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ បានបង្ហោះសារអំពាវនាវ ឲ្យយុវជនបញ្ឈប់ការជក់បារី និងការរៀបរាប់ពីប្រវត្តិ
នៃការជក់បារី និង ការព្យាយាមកាត់ផ្តាច់បារី របស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមទាំងស្រុងដូចតទៅ៖ តាំងពីពេលមុនមកទល់ពេលបច្ចុប្បន្នមនុស្សមួយចំនួនធំនិយមជក់បារី។ ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើង ក្រោយពីប្រទេសបានធ្លាក់ក្នុងសង្រ្គាមនៅឆ្នាំ ១៩៧០ ពេលនោះយុវជននៅទូទាំងប្រទេសបានក្លាយទៅជាចំណាប់ខ្មាំងនៃសង្រ្គាមដែលគ្មានផ្លូវទី៣សម្រាប់ជ្រើសរើស ព្រោះប្រទេសបានបែងចែកជាតំបន់កាន់កាប់២ គឺម្ខាងត្រួតត្រាដោយរដ្ឋាភិបាលចេញពីរដ្ឋប្រហារដោយសេនាប្រមុខ លន់ នុល និងម្ខាងទៀតគ្រប់គ្រងនៅតំបន់រំដោះដែលដឹកនាំដោយ សម្តេចព្រះ នរោត្តម សីហនុ។ យុវជនគ្មានផ្លូវជ្រើសរើសម្រាប់អោយយើងនៅផ្លូវចន្លោះកណ្តាលនោះទេ។ សម្រាប់ខ្ញុំដែលតស៊ូតាមការអំពាវនាវរបស់ សម្តេចព្រះ នរោត្តម សីហនុ គឺខ្ញុំបានក្លាយខ្លួនទៅជាយុទ្ឋជនម្នាក់នៃកងទ័ពតាំងពីថ្ងៃទី ៤ ខែ មេសា ១៩៧០ បន្ទាប់ពីរដ្ឋប្រហាររបស់ លន់ នុល
នៅថ្ងៃទី ១៨ មិនា ១៩៧០ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ក្រោយពីចូលកងទ័ព ខ្ញុំបានក្លាយទៅជាអ្នកជក់បារី ដោយចាប់ផ្តើមពីការរៀនជក់ អាស្រ័យដោយការជក់នៅពេលនោះ គឺដើម្បីកាត់បន្ថយភាពតានតឹងក្នុងការរងារ កាត់បន្ថយមូស និងសត្វល្អិតខាំ។ ប៉ុន្តែក្រោយមកការជក់នេះគឺចាប់ក្លាយទៅជាឆ្ងាញ់ហើយញៀន និងបន្ត មកទៀត ខ្ញុំបានជក់ដើម្បីការគិត។ ខ្ញុំនៅចាំបានថាយុទ្ឋជននៅអង្គភាពខ្ញុំស្ទើរតែ១០០% ដែលចេះជក់បារី ។ កាញៀនបារីរបស់ខ្ញុំនេះ ទោះបីស្ថិតក្នុងស្ថានភាពភាពលំបាកក្នុងការរកថ្នាំជក់ គឺខ្ញុំស្វែងរកស្លឹកល្ហុង និងស្លឹកឈើផ្សេងៗមកជក់ជំនួសបារី។
នៅក្រោយថ្ងៃរំដោះឆ្នាំ ១៩៧៩ រហូតមកទល់ ខែ មិនា ២០១៤ ខ្ញុំបានព្យាយាមឈប់ជក់បារីចំនួន១២លើក។ ចំពោះរឿងរ៉ាវដែលខ្ញុំចងចាំ និងគួរអោយខ្មាសអៀនខ្លួនឯង គឺនៅពេលអាពាហ៌ពិពាហ៌កូនស្រីខ្ញុំ ខ្ញុំបាននិយាយទៅកាន់អ្នកចូលរួមក្នុងពិធីទាំងភ្ញៀវជាតិ និងអន្តរជាតិថា ប្រសិនបើខ្ញុំមានចៅ ខ្ញុំនឹងឈប់ជក់បារី ខ្ញុំនិយាយជាភាសាខ្មែរផង និងភាសាអង់គ្លេសផងធ្វើអោយភ្ញៀវចូលរួមទះដៃអបអរសាទរយ៉ាងខ្លាំង។ ប៉ុន្តែជាការគួរអោយសោកស្តាយ ដែលខ្ញុំមិនអាចធ្វើបាន។ ថ្ងៃ ២៨ ខែ មករា ឆ្នាំ ២០០០ ចៅស្រីរបស់ខ្ញុំបានចាប់កំណើត។ ការសន្យារបស់ខ្ញុំគឺមិនអាចអនុវត្តន៍ទៅបានរហូតមកដល់ខែ មិនាឆ្នាំ ២០១៤ ទើបខ្ញុំប្តេជ្ញាបញ្ឈប់ការជក់បារី ដែលការប្តេជ្ញានេះមិនត្រឹមតែបំពេញនូវការសន្យាទេ ប៉ុន្តែគឺដើម្បីសុខភាពផ្ទាល់របស់ខ្ញុំ របស់ភរិយាខ្ញុំ របស់កូនៗ និងចៅរបស់ខ្ញុំ ហើយដើម្បីអោយស្របទៅនឹងចរន្តនៃចលនារបស់ពិភពលោក ក៏ដូចជានៅកម្ពុជា ដែលទាមទារអោយកាត់បន្ថយ និងឈប់ជក់បារី ដើម្បីធ្វើអោយកម្ពុជាគ្មានផ្សែងបារី។
ខ្ញុំមិនអាចណែនាំ ទៅកាន់ប្រជាពលរដ្ឋអោយឈប់ជក់បារីបានទេ ប្រសិនបើខ្ញុំនៅតែបន្តជក់។ ព្រោះថាបោសសំអាតផ្ទះខ្លួនឯងមិនស្អាតផង តើទៅបោសសំអាតផ្ទះគេយ៉ាងណា? ប្រីយមិត្តដែលលេងហ្វេសប៊ុគបានចូលបានដាក់សំណួរថា (តើវិធីឈប់ជក់បារីធ្វើយ៉ាងម៉េច?) ខ្ញុំបានឆ្លើយតបទៅគាត់វិញថា គឺការតាំងចិត្តឈប់ជក់ ព្រោះបទពិសោធន៍របស់ខ្ញុំ គឺខ្ញុំដាក់បារីទាំងនៅគ្រប់ទីកន្លែងធ្វើការ ទាំងក្នុងហោប៉ៅអាវ ក្នុងឡាន ទាំងបារីមែនទែន បារីសិប្បនិម្មិត(Electric Cigarette) ទាំងថ្នាំបៀម និងស្ករបៀម (gums)។ ប៉ុន្តែខ្ញុំមិនពាល់វាតែម្តង។ គិតពីខែមិនា ឆ្នាំ ២០១៤ មកទល់បបច្ចុប្បន្ននេះមានរយះពេល ២២ ខែហើយដែលខ្ញុំបានផ្តាច់បារីចោលបានទាំងស្រុង។ រយះពេល ២២ ខែនេះ ខ្ញុំលែងគេចចេញពីចៅៗ ព្រោះខ្លាចចៅទទួលផលប៉ះពាល់ដោយផ្សែងបារី ដែលពីមុនខ្ញុំតែងតែរត់ចេញ ឬពន្លត់បារីចោលភ្លាមពេលចៅៗមកលេងម្តងៗ ឬពេលដែលខ្ញុំទៅមើលចៅ។ ភរិយាខ្ញុំក៏លែងត្អូញត្អែរអំពីការធំក្លិនបារីនៅក្នុងផ្ទះនិងក្នុងបន្ទប់។

ថ្ងៃទី ២៨ មករា ២០១៦ នេះ គឺចៅស្រីរបស់ខ្ញុំគ្រប់អាយុ ១៦ ឆ្នាំ ។ កាដូធំជាងគេសម្រាប់នាង គឺខ្ញុំបានបំពេញតាមការសន្យាដែលថាពេលមានចៅគឺខ្ញុំឈប់ជក់បារី ។ ដោយយោងទៅលើបទពិសាធន៍ជាយុវជនជំនាន់មុន ខ្ញុំសូមអំពាវនាវចំពោះប្រជាជនដែលបាននិងកំពុងជក់បារី សូមមេត្តាឈប់ជក់បារី ។ ចំពោះយុវជន យុវនារីដែលមិនទាន់ចេះជក់បារី សូមកុំរៀនជក់បារី វាមិនមែនគ្រាន់តែសន្សំប្រាក់កាសប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាសុខភាពផ្ទាល់របស់យើងម្នាក់ៗ របស់ក្រុមគ្រួសារយើង របស់មិត្តភ័ក្តដែលរួមប្រាស្រ័យការងារជាមួយយើង របស់សហគមន៍យើង និងដល់បរិស្ថានដែលជាផ្នែកមួយនៃសុខភាពសាធារណះ៕

សម្តេច ហេងសំរិន ស្នើដល់គណៈប្រតិភូសភានិយាយភាសាបារំាង ជួយផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋមកទស្សនាកម្ពុជា

នៅមុនពេលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍សភានិយាយភាសាបារំាង នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នេះ នៅសណ្ឋាគារ Angkor Palace Resort and Spa នាខេត្តសៀមរាប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យប្រធានគណៈប្រតិភូសភា ប្រទេសនិយាយភាសាបារាំងចូលជួបសម្តែងការគួរសម។
សម្តេចប្រធានរដ្ឋសភា បានសម្តែងក្តីសោមនស្សរីករាយ និងសូមស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន រដ្ឋសភា
​និងជាប្រធានគណៈប្រតិភូជាន់ខ្ពស់ នៃសភាប្រទេសនិយាយភាសាបារាំង នៅលើទឹកដីអង្គរ នាឱកាសនេះ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍សភានិយាយភាសាបារាំង ដែលស​ភាកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះ ម្តងហើយ កាលពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។ ដូច្នេះទើបនៅលើកនេះ សភាកម្ពុជា បានសម្រេចរៀបចំកិច្ចប្រជុំនេះ នៅលើទឹកដីអង្គរវិញម្តង ដើម្បីផ្តល់ជូននូវបរិយាកាសថ្មី រីករាយ ជូនដល់ឯកឧត្តម លោកជំទាវ បានឃើញ​ដោយផ្ទាល់នូវទីក្រុងប្រវត្តិសាស្រ្ត​របស់កម្ពុជា និងបានទស្សនា ប្រាង្គប្រាសាទបុរាណល្បីៗ ដែលជាសម្បត្តិបេ​តិកភ័ណ្ឌពិភពលោក មានអាយុកាលជាច្រើនសតវត្សរ៍។
ជាមួយគ្នានេះ សម្តេចអគ្គម​ហាពញាចក្រី ហេង សំរិន មានសង្ឃឹមថា វត្តមាន ឯកឧត្តម លោកជំទាវ គណៈ​ប្រតិភូសភានិយាយភា​សាបារំាង នៅលើ​ទឹកដីអង្គរ នាពេល​នេះ នឹងជួយផ្សព្វផ្សាយបន្តឲ្យពិភពលោក​បានស្គាល់កម្ពុជា​ឲ្យកាន់តែច្បាស់។ សម្តេច​បានស្នើគណៈប្រតិភូទំាងអស់មេត្តា ជួយជំរុញលើកទឹកចិត្តដល់ពលរដ្ឋរបស់ ឯកឧត្តម លោកជំទាវ មកធ្វើទេសចរណ៍នៅកម្ពុជាបានកាន់តែច្រើន។
សម្រាប់កិច្ចគណៈកម្មាធិការអចិន្រ្តៃយ៍ សភានិយាយភាសាបារំាង នាពេលនេះវិញ សម្តេច ប្រធានរដ្ឋសភា បានសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំនៅលើទឹក អង្គរនៅពេលនេះ នឹងប្រមូលផ្តុំនូវទស្សនៈល្អៗ ដើម្បីដាក់ចូល ក្នុងរបៀបវារៈសម្រាប់មហាសន្និបាតសភានិយាយភាសាបារាំងលើកទី៤២ នៅប្រទេស ម៉ាដាកាស្កា នាខែកក្កដា ក្នុងឆ្នាំ២០១៦នេះ ដើម្បីធ្វើការពិភាក្សានិងអនុម័ត។

សូមរម្លឹកថា កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍សភា និយាយភាសាបារំាង ដែលសភាកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ មានប្រទេសចំនួន១៤ ក្នុងចំណោម ប្រទេសជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ចំនួន១៦ ចូលរួម ដែលមានគណៈប្រតិភូ ចំនួនជាង ៧០រូប៕





កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍សភានិយាយភាសាបារំាងប្រកាសថា APF ខិតខំពង្រឹងលិទ្ធិប្រជាធិបតេយ្យ នៅតាមបណ្តាប្រទេសជាសមាជិក

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍សភានិយាយភាសាបារំាង នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារ Angkor Palace Resort and Spa ក្នុងខេត្ តសៀមរាប ដែលមានគណៈប្រតិភូសមាជិកសភានិយាយភាសាបារំាង
អង្គទូត សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ប្រមាណ១០០នាក់ ចូលរួម ។
ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាប្រធានគណៈកម្មាធិការរៀបចំកិច្ចប្រជុំ អនុប្រធានក្រុម សភាជាតិកម្ពុជា APF មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ នូវវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅលើទឹកដីអង្គរដ៏បវរ នៃព្រះរាជាណាចក្រអច្ឆរិយៈ ដែលសម្បូរដោយសម្បត្តិវប្បធម៌ បេតិកភណ្ឌពិភពលោក បេតិកភណ្ឌជាតិ និងប្រាង្គប្រាសាទបុរាណជាកេរដំណែលដូនតា មានតម្លៃដ៏រុងរឿង និងមានអាយុកាលរាប់ពាន់ឆ្នាំនៅអាស៊ី។
ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានលើកឡើង ការចូលរួមដ៏កុះករនាពេលនេះបានឆ្លុះបញ្ចាំងពីសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់យើង ដើម្បីសម្រេចបាននូវចក្ខុវិស័យ
របស់មហាសន្និបាតនៃសភា និយាយភាសាបារាំង។ លើសពីនេះការអញ្ជើញចូលរួម របស់គណៈប្រតិភូនាពេលនេះ បានបង្ហាញពីការគាំទ្រយ៉ាងពេញលេញដល់សភាកម្ពុជា ដែលបានទទួលមហាកិត្តិយសរៀបចំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍នៃសភានិយាយ ភាសាបារាំងនេះ ។
ប្រធានគណៈកម្មាធិការរៀបចំកិច្ចប្រជុំ បានគូសបញ្ជាក់ថា ក្នុងនាមជាសមាជិកសភានិយាយភាសាបារំាង នាពេលកន្លងមក ដែលក្រុមសភាជាតិកម្ពុជា APFបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាព និងវេទិកានានារបស់ APF។ ជាក់ស្តែងនាខែមីនា ឆ្នាំ២០១៥ ក្រុមសភាជាតិកម្ពុជា បានទទួលរៀបចំ កិច្ចប្រជុំគណៈកម្មការនយោបាយ ហើយនាខែកញ្ញា ឆ្នាំ២០១៥ បានសហការជាមួយកម្មវិធីណូរីយ៉ា រៀបចំសិក្ខាសាលាសភាស្តីពី បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សភា។
សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍សភានិយាយភាសាបារំាងនៅពេលនេះ ដែលមានរយៈពេលបីថ្ងៃ គឺពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករានេះ
មានការចូលរួមពីសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ចំនួន ១៤ប្រទេស ក្នុងចំណោមសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍១៦ប្រទេស នៃស្ថាប័ននេះ។
ឯកឧត្តម Aubin Minaku NDJALANDJOKO ប្រធានសភានិយាយភាសាបារាំង (APF)និងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គូ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សភាកម្ពុជា ពិសេស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលបានចំណាយពេលដ៏មានតម្លៃ និងមមាញឹក របស់សម្តេច អញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីកិច្ចប្រជុំនេះ។
ឯកឧត្តមប្រធានសភានិយាយភាសាបារាំង (APF) បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សកម្ម របស់សភាកម្ពុជាក្នុងការចូលរួមចំណែក ដោះស្រាយ បញ្ហានានា ដែលកំពុងកើតមាននៅក្នុងបណ្តាប្រទេសនិយាយភាសាបារំាង តាមរយៈ ការរៀបចំជំនួបជាបន្តបន្ទាប់។ ជាមួយគ្នានេះ ឯកឧត្តម Aubin Minaku NDJALANDJOKO បានលើកឡើងថា សភានិយាយភាសាបារំាង មានបេសកកម្មជាសំខាន់គឺការបង្កើនកិច្ចសហប្រតិបត្តិ
រវាងប្រទេស ជាសមាជិក ជំរុញលើកទឹកចិត្តសមាជិកទំាងអស់ចូលរួមការដោះស្រាយបញ្ហារួមគ្នា ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព លិទ្ធិប្រជាធិបតេយ្យ ដែលជា មួលដ្ឋានគ្រឹះនៃបេសកកម្ម សភានិយាយភាសាបារំាង។
តាមប្រសាសន៍ របស់ឯកឧត្តម Aubin Minaku NDJALANDJOKO ឆ្នាំ២០១៦នេះ ជាឆ្នាំមួយដែលសភានិយាយភាសាបារំាង មានកិច្ចការលំបាកៗ ជាច្រើន ត្រូវបំពេញ ដោយក្នុងនោះប្រទេសដែលជាសមាជិករបស់ខ្លួនភាគច្រើន ពិសេសបណ្តាប្រទេសស្ថិតនៅក្នុងទ្វិបអាហ្រិក ត្រូវរៀបចំ ការបោះឆ្នោត ដូច្នេះសភានិយាយភាសាបារំាង មានតួនាទីចូលរួមពិនិត្យ គំាទ្រដល់ការបោះឆ្នោតតាមប្រទេសទំាងអស់នោះ ឲ្យដំណើរល្អ មានការគោរពសិទ្ធិមនុស្ស អព្យាក្រិត្យ យុត្តិធម៌ ដែលធ្វើឲ្យលទ្ធផលនៃការបោះឆ្នោត ទទួលបាន គ្រប់ភាគី។
មានប្រសាសន៍ទៅកាន់អង្គប្រជុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងពីបញ្ហាជាក់ស្តែងរបស់ពិភពលោក ទំាងនៅក្នុងតំបន់ និងជាសកលថា យើងនៅមានការព្រួយបារម្ភជាខ្លាំងចំពោះការពង្រឹងសន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយក្នុងតំបន់ ដើម្បីឈានទៅទទួលបាន កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព សម្រាប់វិបុលភាពរបស់ប្រជាពលរដ្ឋ និងមានភាពសុខដុមរមនា ទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌ក្នុងតំបន់។ វិបត្តិនយោបាយ និងសង្គម ដែលកំពុងតែបន្តកើតមាននៅក្នុងតំបន់មជ្ឈឹមបូព៌ា អាហ្រ្វិកខាងជើង និងប្រទេស មួយចំនួនក្នុងតំបន់អឺរ៉ុប នៅតែបន្តគំរាមដល់សន្តិសុខតំបន់ និង ពិភពលោកនៅឡើយ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ច្បាស់ណាស់ថាយើង មិនអាចដោះស្រាយបញ្ហាប្រឈមទាំងនេះបានប្រកបដោយប្រសិទ្ធភាពក្នុងកម្រិត ថ្នាក់ជាតិនីមួយៗបានទេ គឺទាមទារនូវអភិក្រម នៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងទូលំទូលាយជាងមុន ជាពិសេសតាមរយៈ កិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចក្នុងក្របខណ្ឌសភានិយាយភាសាបារាំង(ហ្រ្វង់កូហ្វូនី)ផងដែរ ។ ខ្ងុំជឿជាក់ថា សភានិយាយភាសាបារាំង(ហ្រ្វង់កូហ្វូនី) ជាតួអង្គមួយ ដ៏មានសារសំខាន់ ក្នុងការរួមចំណែកនាំមកនូវការឯកភាពក្នុងតំបន់ តាមរយៈការងារនីតិកម្ម ដែលជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍សភា និយាយភាសាបារំាងនេះ មានរបៀបវារៈជាច្រើនគ្រោងជជែកពិភាក្សាគ្នា ក្នុងនោះមានការពង្រីកពង្រឹង កិច្ចសហប្រតិបត្តិការ នៅតាមបណ្តាប្រទេសជាសមាជិក ពិនិត្យស្ថានភាពនយោបាយប្រទេសជាមាជិក ជំរុញលើកកម្ពស់ការងារស្រ្តី សំឡេងយុវជន និងជាពិសេសកិច្ចប្រជុំនៅពេលនេះ ជាឱកាសដែលសភានិយាយភាសាបារំាង ធ្វើការប្រមូលមតិ ទស្សនៈ ដើម្បីរៀបចំមហាសន្និបាតសភា និយាយភាសាបារាំង លើកទី៤២ នៅទីក្រុងអង់តាណាណារីវ៉ូ ប្រទេសម៉ាដាហ្គាហ្គាស្កា នាខែកក្កដា ខាងមុខនេះដែរ។

ជាទីបញ្ចប់ សម្តេចប្រធានរដ្ឋសភា បានប្រសិទ្ធពរឲ្យកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភានិយាយភាសាបារាំង ទទួលនូវជោគជ័យ យ៉ាងពេញលេញ និងសូមគោរពជូនពរ គណៈប្រតិភូទំាងអស់ទទួលបាននូវ សុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ជាពិសេសទទួលបាន នូវភាពសប្បាយរីករាយក្នុងការស្នាក់នៅរាជធានីបុរាណអង្គរដ៏បវរនៃព្រះរាជាណាចក្រកម្ពុជា ៕




អគ្គីសនីជូនដំណឹងពីការដាច់ភ្លើង បណ្តោះអាសន្នក្នុងសប្តាហ៍នេះ

អគ្គិសនី​កម្ពុជា​សូម​ជូន​ដំណឹង​ថា ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​ស្វាយ​រៀង​នឹង​រង​ការ​ដាច់​ចរន្ត​អគ្គីសនី​បណ្តោះ​អាសន្ន​ប្រមាណ​យ៉ាង​តិច ​៧​ម៉ោង ​ក្នុង​រយៈ​ពេល​ ៤​ថ្ងៃ ​ក្នុង​សប្តាហ៍​នេះ​ ។ យោង​តាម​អគ្គីសនី​កម្ពុជា ការ​ដាច់​ចរន្ត​អគ្គីសនី នឹង​មាន​រវាង​ពី​ថ្ងៃទី​២៨ ​ដល់ ​៣១ ខែ​​មករា ​ឆ្នាំ ​២០១៦ ​។

 

 សេចក្តី​រាយ​ការណ៍​បង្ហាញ​ថា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨ ខែ​​មករា តំបន់​ដែល​រង​ការ​ដាច់​ភ្លើង​គឺៈ

 

     ទី១- ​ស្ថិត​នៅ​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​

 

     ទី​២- ស្ថិត​នៅ​ក្នុង​សង្កាត់​វឌ្ឍន:ភាព ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​

 

     ទី​៣- ​ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ​ភូមិ​ដំណាក់​២​ភូមិ​ដំណាក់​៣ ក្នុង​សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ​ភូមិ​គោក​ចំបក់ ភូមិ​ត្រពាំង​ថ្លឹង​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ​

 

     ទី៤- ​ស្ថិត​នៅ​ភូមិ​ជ្រោយ​បាសាក់​ភូមិ​អូរអណ្តូង​ភូមិ​ព្រែក​តាពៅ ក្នុង​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ដែល​នឹង​ត្រូវ​ដាច់​ភ្លើង​ចាប់​ពី​ម៉ោង​៨ព្រឹក ដល់​ម៉ោង​៤​ល្ងាច​ ។

 

នៅ​ថ្ងៃ​សុក្រ​ទី២៩ ខែ​​មករា​ តំបន់​ដែល​រង​ការ​ដាច់​ភ្លើង​គឺៈ

 

     ទី១​- ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ខណ្ឌ​ចំការ​មន​

 

     ទី២- ​ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ​ភូមិ​ឫស្សី  ក្នុង​សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ​

 

     ទី៣- ​ស្ថិត​នៅ​ភូមិ​ទួល​ពង្រ​ភូមិ​ត្រពាំង​ថ្លឹង ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែនជ័យ​

 

     ទី​៤- ​​ស្ថិត​នៅ​ភូមិ​ជ្រោយ​បាសាក់ ភូមិ​អូរអណ្តូង ភូមិ​ព្រែក​តាពៅ ក្នុង​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ នឹង​ត្រូវ​ដាច់​ភ្លើង​ចាប់​ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៤​ល្ងាច​ ។

 

នៅ​ថ្ងៃ​សៅរ៍​ទី​៣០​ ខែ​មករា តំបន់​ដែល​រង​ការ​ដាច់​ភ្លើង​គឺៈ

 

​     ទី​១- ​ស្ថិត​នៅ​ភូមិ​កោះ​នរា​ភូមិ​ឫស្សី​ស្រស់ ក្នុង​សង្កាត់​និរោធ​ខណ្ឌ​ច្បារ​អំពៅ

 

     ទី២​- ​ស្ថិត​នៅ​ភូមិ​ព្រៃល្ង​ភូមិ​ស្រែ​ជំរៅ…​ ភូមិ​ព្រៃ​ស្ពឺ​ភូមិ​ដំណាក់​ត្រយឹង​ភូមិ​ព្រៃ​កំបុត​ភូមិ​ព្រៃ​សណ្តែក ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែនជ័យ​

 

     ទី​៣- ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ ចាប់​ពី​ភូមិ​ផ្សារ​លិច ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​រាជ​ធានី​ភ្នំពេញ រហូត​ដល់​ឃុំ​ព្រែក​តាទែន ក្នុង​ស្រុក​ពញាឭ ខេត្ត​កណ្តាល​នឹង​ត្រូវ​ដាច់​ភ្លើង​ចាប់​ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៤​ល្ងាច​ ។

 

នៅ​ថ្ងៃ​អាទិត្យ​ទី៣១​ ខែ​មករា តំបន់​ដែល​រង​ការ​ដាច់​ភ្លើង​គឺៈ

 

​     ទី១-​ ​ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​ព្រះ​ស៊ីសុវត្ថិ ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន​

 

     ទី២​- ​ស្ថិត​នៅ​ភូមិ​ឃ្មួញ…​ ភូមិ​សំរោង​ភូមិ​ត្រពាំង​រាំង ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ​​

 

     ទី​៣- ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ចាប់​ពី​ភូមិ​ផ្សារ​លិច​ក្នុង​សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ រហូត​ដល់​ឃុំ​ព្រែក​តាទែន​ ក្នុង​ស្រុក​ពញាឭ ខេត្ត​កណ្តាល

 

     ទី​៤​- ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ចាប់​ពី​ភូមិ​ព្រែក​ធំ ក្នុង​សង្កាត់​ក្បាល​កោះ ខណ្ឌ​ច្បារ​អំពៅ​រាជធានី​ភ្នំពេញ ​រហូត​ដល់​ក្រុង​ស្វាយ​រៀង ក្នុង​ខេត្ត​ស្វាយ​រៀង នឹង​ត្រូវ​ដាច់​ភ្លើង​ចាប់​ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៤​ល្ងាច​។

 

     អគ្គីសនី​កម្ពុជា បាន​បញ្ជាក់​ថា​ ការ​ដាច់​ភ្លើង​នេះ ដោយ​សារ​មាន​​ការ​ជួស​ជុល​ការ​ផ្លាស់​ប្តូរ​ដំឡើង​បរិក្ខារ និង​រុះ​រើ​គន្លង​ខែ្ស​បណ្តាញ​ដើម្បី​បង្ក​លក្ខណ:​ដល់​ការ​ដ្ឋាន​ពង្រីក​ផ្លូវ​ ។

 


     ទាក់​ទង​នឹង​ការ​ផ្អាក​អគ្គីសនី​នេះ​ផង​ដែរ នៅ​ក្នុង​ខេត្ត​កំពង់​ចាម ​ដែល​មាន​តំបន់​ខ្លះ​ទទួល​ភ្លើង​ពី​អគ្គីសនី ​វៀតណាម​នោះ​វិញ មាន​ការ​ជូន​ដំណឹង​ថា​ក៏​មាន​ការ​ផ្អាក​ចរន្ត​អគ្គីសនី​រយៈ​ពេល​ ១២​ម៉ោង ​ផង​ដែរ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ជិត​មក​ដល់​នេះ​ ។ សេចក្តី​ជូន​ដំណឹង​អគ្គីសនី​កំពង់​ចាម​បាន​ឱ្យ​​ដឹង​ថា អតិថិជន​នានា​ដែល​កំពុង​ប្រើ​ប្រាស់​អគ្គីសនី​សាខា​មេ​មត់ គឺ​រួម​មាន​នៅ​ក្នុង​ឃុំ​ដារ​ឃុំ​មេ​មត់​ឃុំ​ទ្រៀក និង​ឃុំ​ត្រមូង គឺ​នៅ​ថ្ងៃ​ទី​៣០ ​និង ​៣១ ខែ​​មករា​ខាង​មុខ​នេះ ការ​ដាច់​ភ្លើង​នឹង​មាន​ចាប់​តាំង​ពី​ម៉ោង​៤ ​ទាប​ភ្លឺ​ដល់​ម៉ោង​៦​ ល្ងាច​ក្នុង​រយៈ​ពេល​ ២​ថ្ងៃ​ជាប់​គ្នា​នេះ​៕



សហភាពអឺរ៉ុបប្រឹងប្រែងជួយ គ.ជ.ប ថ្មី

 សហភាព​អឺរ៉ុប កំពុង​ប្រឹង​ប្រែង​ជួយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​បង្កើត​ថ្មី​ឱ្យ​ក្លាយ​ជា​ស្ថាប័ន​មាន​តម្លា​ភាព​និង​មាន​ដំណើរ​ការ​ល្អ​ទៅ​មុខ គ្រា​ដែល​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​បញ្ចេញ​នូវ​គំនិត​មិន​ល្អ​ទុក​ជា​មុន​ ចំពោះ​គណៈ​កម្មា​ធិការ​ថ្មី​នេះ​រួច​ទៅ​ហើយ ​។
     ​ថ្មី​ៗ​នេះ ការ​ផ្តល់​ទុក​ចិត្ត​គាំទ្រ​អោយ​អគ្គ​លេខា​ធិការ​ចាស់​ លោក ​ទេព ​និថា ​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ក្លាយ​ជា​អគ្គ​លេខា​ធិការ​ថ្មី
បាន​នាំ​ឱ្យ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ទស្សនៈ​ចង្អៀត​ចង្អល់​។ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​គេ​ឃើញ​ថា​ តែង​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​នៃ​ការ​មិន​ទទួល​ស្គាល់​ នូវ​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ស្ទើរ​រៀង​រាល់​ដង នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​នេះ មិន​បាន​ទទួល​សម្លេង​ច្រើន​លើស​លុប​ក្នុង​ការ​ដឹក​នាំ​រាជ​រដ្ឋាភិបាល ​។
     នៅ​មុន​ ខែ​​កក្កដា ​ឆ្នាំ ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុន​នៃការ​បោះ​ឆ្នោត ​បាន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធ​ផល ​ដោយ​សារ​តែ​ការ​មិន​ពេញ​ចិត្ត​ នឹង​សមាស​ភាព​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ នា​ពេល​នោះ​។ នៅ​ពេល​ដែល​ការ​បោះ​ឆ្នោត​អសកល​ឆ្នាំ ​២០១៧ និង​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ ​២០១៨ ដែល​នឹង​ឈាន​មក​ដល់​​នា​ពេល​ខាង​មុខ​នេះ​ទៀត ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ លោក​ កឹម សុខា ត្រូវ​គេ​ឃើញ បាន​ប្រើ​ប្រាស់​វិធី​ដដែល​នៃ​ការ​សង្ស័យ​ថា ​គ.ជ.ប ​មិន​មាន​ភាព​ឯករាជ្យ​ដោយ​សារ​គណបក្ស​សង្គ្រោះ​ជាតិ ​មិន​ពេញ​ចិត្ត​ការ​ជ្រើស​តាំង​អគ្គ​លេខា​ធិការ​ថ្មី លោក​ ទេព​ និថា
     លោក​កឹម សុខា ​បាន​ប្រាប់​អ្នក​គាំទ្រ​បក្ស​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​
ឱ្យ​មាន​ការ​តាម​ដាន​ គ.ជ.ប ​ថ្មី​នេះ​ថែម​ទៀត​ ។ មិន​មាន​សេចក្តី​រាយ​ការណ៍​បញ្ជាក់​ថាតើ​គណបក្ស​ស​ង្គ្រោះ​​​​ជាតិ​នឹង​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​នៅ​មុន​ការ​ប្រព្រឺត្ត​ទៀត​ឬ​យ៉ាង​ណា​នោះ​ទេ​ ។

     ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ​លោក George Edgar ត្រូវ​គេ​ដក​ស្រង់​ប្រសាសន៍​ដែល​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៧ ខែ​​មករា​នេះ​ថា ការ​ជួយ​របស់​សហភាព​អឺរ៉ុប​ដល់​ គ.ជ.ប ​ថ្មី គឺ​អាច​ជម្រុញ​និង​បង្ហាញ​តម្លា​ភាព​ត្រឹម​ត្រូវ​ដល់​ស្ថាប័ន​នេះ​ ដើម្បី​អោយ​មាន​ការ​ទុក​ចិត្ត​ពី​ប្រជាជន​អ្នក​បោះ​ឆ្នោត ​។​ លោក George Edgar
 បាន​ថ្លែង​ទៀត​ថា ​សហភាព​អឺរ៉ុប ថែម​ទាំង​បាន​ធ្វើ​ការ​ជាមួយ​ គ.ជ.ប ​ថ្មី ​លើ​ការ​បង្កើត​យន្ត​ការ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នៅ​កម្ពុជា​នេះ​ថែម​ទៀត​ផង​ដែរ​៕

ឯកឧត្តម ជា ជេដ្ឋ ៖ គ្រួសារសភានិយាយភាសាបារំាង គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងនីតិរដ្ឋ (ប្រភពពី GNN)

គិតត្រឹមថ្ងៃទី២៧ ខែមករាឆ្នាំ២០១៦ នេះ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍សភានិយាយភាសាបារំាង ចំនួន១៥ប្រទេស បានអញ្ជើញ​មកដល់ ទឹកដីអង្គរខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃស្ថាប័ននេះ ពី ថ្ងៃទី២៨ ដល់ ថ្ងៃទី៣០ ខែមករា នៅសណ្ឋាគារAngkor palace and spa ដែលសភា​ព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ។
គណៈប្រតិភូអន្តរជាតិទំាងអស់
ត្រូវបានទទួលបដិសណ្ឋារ​កិច្ចយ៉ាងកក់ក្តៅនៅពេលអញ្ជើញមក​ដល់ទឹកដីអង្គរ ហើយនៅរាត្រីថ្ងៃទី២៧ ខែមករា​ នេះ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈ​កម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចវិបុល​​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលស្វាគមន៍ លៀងសាយ​ភោជន៍ ជូនដល់គណៈប្រតិភូទំាង​អស់ នៅសណ្ឋាគារ Angkor palace and spa
មានប្រសាសន៍ នៅក្នុងពិធីនោះ ឯកឧត្តម ជា ជេដ្ឋ
បានសម្តែងនូវមនោសញេ្ចតនា រីករាយក្រៃលែង និងសូមធ្វើគារវកិច្ចសា្វគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានដ៏ថ្លៃថ្លារបស់ ឯកឧត្តម លោកជំទាវ  សមាជិកសភានិយាយភាសា​បារំាង ដែលបានអញ្ជើញចូលរួមក្នុងអង្គប្រជុំ​គណៈ​​​កម្មាធិការអចិន្ត្រៃយ៍ នេះ។ ឯកឧត្តម បានលើកឡើងថា សភានិយាយភាសាបារាំង គឺជា​កន្លែងធ្វើការផ្លាស់ប្តូរយោបល់ និងបទពិ​សោ​ធន៍ ព្រមទំាងជាកន្លែង ត្រូវពិភាក្សា រាល់បញ្ហាចម្បង ស្តីពីបច្ចុប្បន្នភាពដែលពាក់ព័ន្ធនឹងសហគមប្រើប្រាស់ភាសាបារាំងលើគ្រប់វិស័យទាំងអស់។
ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម
នៃព្រឹទ្ធសភា បានគូសបញ្ជាក់ថា ការអញ្ជើញ​មកចូលរួមដ៏កុះករនាពេលនេះ បានឆ្លុះបញ្ចាំង​ពីសុឆន្ទៈ​ និងការប្តេជា្ញចិត្តខ្ពស់ដើម្បីសម្រេចបាន​នូវចក្ខុវិស័យរបស់មហាសន្និបាត នៃសភានិយាយភាសាបារាំង ។ ពោលគឺ ការទទួលស្គាល់វប្បធម៌ Francophonie មួយក្នុងន័យជារបបគ្រប់គ្រងមួយ តាមបែបប្រជាធិប  តេយ្យ និងក្នុងនីតិរដ្ឋ ហើយការសហការរវាង សមា​ជិក​​ដើម្បីអភិវឌ្ឍន៍រួមគ្នា​។
ឯកឧត្តម ជា ជេដ្ឋ បានមានប្រសាសន៍បន្តថា មិនតែប៉ុណ្ណោះ វត្តមានរបស់ លោកជំទាវ ឯកឧត្តម នាពេលនេះក៏ធ្វើឡើងក្នុងឆន្ទៈ លើកកម្ពស់ដល់ការ ពង្រឹងពង្រីកមិត្តភាព និងស្មារតីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងបន្ថែមទៀត ។
សូមបញ្ជាក់ថា ពិធីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍សភានិយាយភាសាបារំាង ជាផ្លូវការ នឹងប្រារព្ធធ្វើ នាព្រឹកថ្ងៃទី២៨ ខែមករា ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយកិច្ចប្រជុំទំាងមូល ត្រូវដឹកនាំដោយ ឯកឧត្តម Aubin Minaku NDJALANDJOKO​ ប្រធានសភានិយាយភាសាបារាំង (APF)និងជាប្រធានរដ្ឋសភានៃសាធារណ​រដ្ឋប្រជាធិបតេយ្យកុងហ្គូ នឹងដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍នេះ។ មានរបៀបវារៈសំខាន់ៗជាច្រើនគ្រោងលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនេះ ក្នុងនោះ មានការជំរុញពង្រឹង កិច្ច​សហប្រតិបត្តិការគ្នាបន្ថែមទៀតក្នុងបណ្តាប្រទេសជាសមាជិកសភា និយាយភាសាបារំាងនេះ។

ក្នុងនាមសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជា ជេដ្ឋ បានលើកឡើងថា យើងខ្ញុំសង្ឃឹមថា កិច្ចប្រជុំនេះនឹងទទួលបានជោគជ័យ និងសូមជូនពរ លោកជំទាវ ឯកឧត្តម និងភ្ញៀវកិត្តិយសទំាងអស់ ស្នាក់នៅដោយរីករាយ នៅក្នុងទឹកដីនៃអតីតរាជធានីអង្គរ ដែលតំបន់នេះមួយភាគធំ ត្រូវបាន ចាត់ទុកជាបេតិកភ័ណ្ឌពិភពលោក

គណៈប្រតិភូសភាកម្ពុជា ចែករម្លែក ពីការទទួលបានសន្តិភាព ស្ថេរភាពនៅកម្ពុជា ក្នុងវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក(APPF) នៅប្រទេសកាណាដា

គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍​​​រដ្ឋសភា និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោស​នាការ និង​ព័ត៌មាននៃរដ្ឋសភាបានអញ្ជើញទៅចូលរួម​កិច្ចប្រជុំ​​ប្រចាំឆ្នាំលើកទី២៤ នៃវេទិកាស​ភា​​អា​ស៊ីប៉ាស៊ីហ្វិក(Asia Pacific Parliamentary Forum)    រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃ​ទី២១ ខែមករា ឆ្នាំ២០១៦ នៅទីក្រុងវ៉ាន់គូវែ ប្រទេសកាណាដា។
ក្នុងរយៈពេលនៃកិច្ច​ប្រជុំនេះ គណៈប្រតិភូសភាកម្ពុជា បានចូលរួមកិច្ច​ប្រជុំជាច្រើន នៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិកនេះដោយក្នុងនោះ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦  ឯកឧត្តម ឈាង វុន បាន​ដឹកនាំគណៈប្រតិភូ ចូលរួមក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ​លើកទី២៤ជាផ្លូវការក្រោមអធិ​បតី​ភាព​ ឯកឧត្តម George J. Furey ប្រធានព្រឹទ្ធសភា និងឯកឧត្តម Geoff Regan ប្រធានរដ្ឋស​ភា​​ នៃប្រទេសកាណាដា​។
បន្ទាប់មក នៅសៀល​ថ្ងៃដដែល ឯកឧត្តម ឈាង​ វុន បានឡើងថ្លែងបទអន្តរាគ​មន៍នៅក្នុងកិច្ចពិភាក្សា​អំពីបញ្ហាសន្តិភាព និងសន្តិសុខក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក។​ ថ្លែងនៅក្នុង ឱកាសនោះ ឯក​ឧត្តមប្រធានគណៈប្រតិភូ បានលើកឡើងអំពីយុទ្ធសាស្ត្រ នៃការពង្រឹងសន្តិសុខ និងសន្តិភាព​ក្នុងតំបន់ ជាពិសេស ការចែករំលែកបទ​ពិសោធន៍នៃការទទួលបានសន្តិភាព និងស្ថេរ​ភាព​នយោបាយនៅកម្ពុជា ។
ឯកឧត្តម ឈាង វុន បានសង្កត់ធ្ងន់​ថា សន្តិភាពនៅកម្ពុជា ទទួលបានពី យុទ្ធសាស្ត្រ​រួមគ្នារវាងខ្មែរ​ និងខ្មែរ គឺរវាងអតីតព្រះ​មហាវីរក្សត្រ ព្រះបាទសម្តេចព្រះ​នរោត្តម សីហនុ និងការ​ដាក់ចេញនូវ​យុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​នៃព្រះ​រាជាណាចក្រកម្ពុជា ជាពិសេស ដោយមាន​ការគាំទ្រពីបណ្តាប្រ​ទេសជាមិត្តក្នុងតំបន់​ និងអន្តរជាតិ ។
ក្នុងនាម​សមា​ជិកសភានៃប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកក៏ដូចជាក្នុង​តំបន់អាស៊ាន(ASEAN) ឯកឧត្តមបានគាំទ្រនូវ​គំនិត​ផ្តួចផ្តើមឱ្យមាន​សន្តិភាព តាមរយៈស្ថាប័ន​នីតិប្បញ្ញត្តិ និងបាន​ជម្រុញឱ្យមានការ​ស្វែ​ងរកដំណោះស្រាយ​សន្តិភាព​ក្នុងតំបន់ដោយសន្តិវិធីនិងចៀសវាង​ការប្រ​ឈ​ម​​​មុខដាក់គ្នា ដោយអាវុធ។ ជាពិសេស ជម្រុញឱ្យបន្តកិច្ចពិភាក្សា ការចរចា ការសម្របស​ម្រួ​ល ​ការពិគ្រោះយោបល់ និងការផ្សះផ្សាជាតិក្នុង​ក្របខ័ណ្ឌសភា សម្រាប់ជាត្រីវិស័យ​ក្នុងការក​សាង​​សន្តិភាពពិតប្រាកដនៅក្នុងតំបន់។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំ លើកទី២៤ នៃវេទិកាសភាអាស៊ីប៉ា​ស៊ីហ្វិកនេះ មានប្រធានបទជាច្រើន បានលើកយកមកពិភាក្សាគ្នា ក្នុងនោះរួមមាន បញ្ហានយោបាយ និងសន្តិសុខ ដោយផ្តោតទៅលើ ការកសាងលទ្ធិប្រជាធិបតេយ្យ និងការចូលរួមរបស់ពលរដ្ឋ ការពង្រឹងសន្តិភាព និងសន្តិសុខ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយធ្វើការពិភាក្សា ទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី- ប៉ាស៊ីហ្វិកការលើកកំពស់របកគំហើញថ្មីៗ និងបណ្តាទំនាក់ទំនង ការពង្រីកវិសាលភាពពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ ព្រមទាំងខ្សែបណ្តាញដ៏ប្រសើរនៃសកលលោកដ៏មានតម្លៃ និងការ​​លើកកម្ពស់ច្រកសេដ្ឋកិច្ច ជាមួយការធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធ។ កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយធ្វើការពិភាក្សាលើភាពប្រាកដប្រជា ប្រកបដោយសុទិដ្ឋិនិយម នូវអនាគតដ៏រុងរឿងសម្រាប់យុវជនការកសាងរបាំងទប់ស្កាត់គ្រោះមហន្តរាយនិងវិបត្តិផ្សេងៗ ការការពារសត្វព្រៃ និងការលើកកម្ពស់ការគ្រប់គ្រងដីធ្លី និងប្រព័ន្ធអេកូឡូហ៊្សីសមុទ្រ ការអនុវត្តកម្មវិធីអភិវឌ្ឍក្រោយឆ្នាំ២០១៥ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចការអនាគតសម្រាប់វេទិកា សភាអាស៊ីប៉ាស៊ីហ្វិក ដោយលើកយកបញ្ហាកំណែ​ទម្រង់​រចនាសម័្ពន្ធនិងផែនការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៥។
ណៈប្រតិភូសភាកម្ពុជា អញ្ចើញទៅចូលរួមវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក ដែលរួមមាន ឯកឧត្តម ឈាង វុន ឯកឧត្តម ប៉ុល ហំម ឯកឧត្តម ឈិត គឹមយាត  និង លោកជំទាវ បាន ស្រីមុំ ។ សមាជិកគណៈប្រតិភូទំាងអស់ បានបែងចែកគ្នាចូលរួមកិច្ចប្រជុំជាច្រើននៃវេទិកានេះ ដូចជានៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ លោកជំទាវ បាន ស្រីមុំ បានអញ្ជើញចូលរួមកិច្ចប្រជុំសភាស្ត្រីលើកទី១ ជាមួយបណ្តា​ប្រទេសជាសមាជិកចំនួន២០ ជាដើម ។
សូមបញ្ជាក់ថា វេទិកាសភាអាស៊ីប៉ាស៊ីហ្វិកលើកទី២៤ បានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលល​ទ្ធផលយ៉ាងល្អប្រសើរ ក្នុងស្មារតីកិច្ចសហប្រតិបត្តិការ រឹងមាំក្នុងចំណោមសភានៃប្រទេសសមាជិក ក្នុងនោះ កិច្ចប្រជុំបានអនុម័ត ឱ្យមានកិច្ចប្រជុំសភាស្ត្រី នៅមុនមួយថ្ងៃ នៃកិច្ចប្រជុំពេញអង្គរបស់ APPFចាប់ពីពេលនេះតទៅ។ បានអនុម័តសេចក្តីសម្រេចចំនួន ២៧ លើសេចក្តីព្រាងសេចក្តីសម្រេច ដែលស្នើឡើងចំនួន ៤៨។ អនុម័តលើ សេចក្តីប្រកាសរួម ទីក្រុងវ៉ាន់គូវែ លើកទី២  រួមទំាងបាន អនុម័តយល់ព្រមឱ្យហ្វីជី ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាAPPFលើកទី២៥ នាខែមករា  ឆ្នាំ២០១៧ ជាដើម៕

 ​


យុវជននៃអង្គការសភាយុវជនខ្មែរធ្វើទស្សន​កិច្ចសិក្សាស្វែងយល់អំពីតួនាទីនិងភារកិច្ចរបស់រដ្ឋសភា

នៅរសៀល ថ្ងៃទី២៥ខែមករា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះ​សំណាល​ជាមួយ តំណាងយុវជននៃអង្គការ សភាយុវជនខ្មែរមានចំនួន ៧០រូប  ដែលមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពី​តួនាទី​និង​ភារកិច្ចរ​បស់រដ្ឋសភា ។

ឯកឧត្តម ឡេង ប៉េងឡុង ឣគ្គលេខាធិការរដ្ឋសភាបានមានប្រសាសន៍ជម្រាបជូន
អំពីតួនាទីភារកិច្ចរបស់រដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ដល់តំណាងយុវជននៃអង្គការសភាយុវជនខ្មែរទាំងអស់បានជ្រាប ដោយឯកឧត្ដមបញ្ជាក់ថា តួនាទីភារកិច្ចរបស់រដ្ឋសភា និងអគ្គលេខាធិការដ្ឋាន រដ្ឋសភា មិនដូចគ្នានោះទេ។  តួនាទីភារកិច្ចរបស់រដ្ឋសភា សំខាន់មានបីគឺ ជាអ្នកតាក់តែងនិងឣនុមត័ច្បាប់  តាមដានការឣនុវត្តច្បាប់របស់ រាជរដ្ឋាភិបាល និងការចុះ ស្វែងយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានហើយក្រៅពីតួនាទីខាងលើ រដ្ឋសភាក៏មានការងារជាច្រើនទៀត ដែលត្រូវបំពេញ ដូចជាធ្វើ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង​អន្តរជាតិ ជាទ្វេភាគី ពហុភាគីមានការ​បង្កើត​ជាក្រុមមិត្តភាព
ជាមួយសភានៃប្រទេសនានា លើសកលលោក ហើយក៏មានការចូលជាសមាជិក​ អង្គការ​សភា​ផ្សេងៗ​​​ជាច្រើនទៀត។

រីឯតួនាទីភារកិច្ចរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាវិញ ឯកឧត្តម ឡេង ប៉េងឡុង បានឲ្យដឹងថាឣគ្គលេខាធិការដ្ឋានរដ្ឋសភា គឺជាសេនាធិការ របស់រដ្ឋសភា មិនមែនជាស្ថាប័ននយោបាយទេតែមាននាទីបម្រើដល់ដំណើរការរបស់រដ្ឋសភា ដោយបម្រើសេវាជូនដល់តំណាងរាស្ត្រទាំងអស់ និងទទួលរ៉ាប់រង​នូវកិច្ចការរដ្ឋបាលគ្រប់បែបយ៉ាង ព្រមទាំងការងារទំនាក់ទំនងផ្សេងៗ ទាំងក្នុងនិងក្រៅប្រទេស។

ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានមានប្រសាសន៍ជម្រាបជូនតំណាងយុវជនទាំងអស់បានយល់ដឹងពីដំណើរការ លទ្ធិប្រជាធិបតេយ្យ នៅក្នុងរដ្ឋសភានិងបានបញ្ជាក់​បន្ថែមពី ​តួនាទីនិងភារកិច្ចរបស់តំណាងរាស្ត្រ
និងភារកិច្ចរបស់គណៈកម្មការជំនាញ នៃរដ្ឋសភា ពិសេសគឺគណៈកម្មការអប់រំយុវជនកីឡាធម្មការកិច្ចការសាសនាវប្បធម៌និងទេសចរណ៍នៃរដ្ឋសភាដែលមានឯកឧត្ដមផ្ទាល់ជាប្រធាន។

ឯកឧត្តមបានបញ្ជាក់ថា គណៈកម្មការអប់រំយុវជនកីឡាធម្មការ កិច្ចការសាសនាវប្បធ៌ម​និងទេសចរណ៍ នៃរដ្ឋសភា ឬហៅថាគណៈកម្មការទី៧ គឺមានការងារ មួយចំនួនដែលកំពុងតែផ្ដោតការយកចិត្តទុកដាក់ ក៏ប៉ុន្ដែអ្វីដែលគណៈកម្មការ ផ្ដោតសំខាន់គឺវិស័យអប់រំ ពិសេសការធ្វើកំណែទម្រង់ វិស័យ អប់រំនេះតែម្ដង។

ឯកឧត្តមបានមានប្រសាសន៍ថាឯកឧត្ដមមានក្ដីរីករាយ ដោយបានជួបសំណេះ​សំណាលជាមួយ តំណាងក្រុមយុវជននៃអង្គការសភាយុវជនខ្មែរ នាពេលនេះ​ ដោយហេតុថា អ្នកទាំងអស់គ្នាជាទំពាំងស្នងឫស្សីនិងជាសសរទ្រូងប្រទេសជាតិ ដែលទាមទារឲ្យមានការសិក្សាស្វែងយល់យ៉ាងច្រើន លើគ្រប់ផ្នែក ទាំងអស់។

ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ​ក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់ តំណាង​យុវជននៃអង្គការ សភាយុវជនខ្មែរ ទាំងអស់ សូមយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ និងជួយ​​ពន្យល់មិត្តភក្តិ ក៏ដូចជាយុវជនផ្សេងៗទៀត ត្រូវខិតខំរៀនសូត្រឲ្យមានចំណេះដឹងជ្រៅជ្រះ ដើម្បីចូលរួម​ចំណែកក្នុងកិច្ចអភិវឌ្ឍប្រទេសនាពេលខាងមុខ។

កញ្ញា តុប ចំណាប់ តំណាងឲ្យក្រុមយុវជន​ទាំងអស់បានថ្លែងថា អង្គការសភាយុវជនខ្មែរ ជាអង្គការដែលមានយុវជនជាសមាជិកមកពីគ្រប់មជ្ឈដ្ឋាន ពិសេសនៅតាមតំបន់ជនបទ  ហើយការមកទស្សនកិច្ចនៅរដ្ឋសភានេះ គឺចង់ឲ្យយុវជននៅតាមសហគមន៍ តំបន់ដាច់ស្រយាល បានយល់ដឹងពី ការងារ មួយចំនួនរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ការងាររបស់តំណាងរាស្ត្រ ពិសេសគឺតួនាទីនិងភារកិច្ចរបស់រដ្ឋសភា។


ក្រុមយុវជនក៏បានសម្ដែងក្ដីរីករាយដែលមានឱកាសបានមកធ្វើទស្សនកិច្ច សិក្សាស្វែងយល់អំពី​ រដ្ឋសភា​ នាពេលនេះ ហើយបានសន្យាថា នឹងចងចាំនូវប្រសាសន៍ណែនាំដ៏ល្អៗទាំង​នេះ ដើម្បីជាគតិ​ជួយជំរុញ​ទឹកចិត្តខ្លួនឯងផ្ទាល់​និង​មិត្តភក្តិ ក្នុងការខិតខំសិក្សារៀនសូត្រ ឲ្យក្លាយជា​ធន​ធាន​​មនុស្ស​ដ៏មានតម្លៃ និង​ជាទំពាំងស្នង​ឫស្សី​​ដ៏ល្អរបស់​ប្រទេស​ជាតិ៕

ក្រសួងសុខាភិបាលប្តេជ្ញាលុបបំបាត់​ជំងឺគ្រុនចាញ់ឱ្យអស់នៅត្រឹមឆ្នាំ២០២០

        រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានប្រកាសថា ក្រសួងនឹងខិតខំលុបបំបាត់ជំងឺគ្រុនចាញ់ ឱ្យអស់យ៉ាងយូរត្រឹមឆ្នាំ២០២០ខាងមុខ។ ឯកឧត្តម ម៉ម ប៊ុនហេង  រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ថ្លែង​ថា បើកកិច្ចប្រជុំផ្សព្វផ្សាយពីក្របខ័ណ្ឌផែនការសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១៦​-២០​២០​ ​​នៅសណ្ឋាគារ Raffles Hotel Le Royal ​ កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ ។
          ឯកឧត្តមមានប្រសាសន៍ថា ច្រើនឆ្នាំមកនេះការប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៅប្រទេសកម្ពុជាទទួលបានជោគជ័យគួរឱ្យគត់សម្គាល់ គឺកាត់បន្ថយបន្ទុកនៃជំងឺដោយបានធ្វើឱ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនចាញ់ធ្លាក់ចុះ។ដូច្នេះ សមិទ្ធផលនេះ បញ្ជាក់ថា កម្ពុជាមានឱកាសចាប់ផ្ដើមបង្កើតប្រព័ន្ធការងារដ៏ចំាបាច់មួយដើម្បី ការលុបបំបាត់ជំងឺនេះជាដំណាក់កាល។
ឯកឧត្តមបន្ដថា រាជរដ្ឋាកម្ពុជាក៏ដូចជាក្រសួងសុខាភិបាល ព្រមទាំងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្រ្ដ បានធ្វើការបេ្ដជ្ញាចិត្ដដើម្បីសម្រេចគោល​​ដៅនៃការលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទមេរោគ ផ្លាស់ស្មូមដ្យូម ហ្វាល់ស៊ីប៉ារ៉ូម ឱ្យ​អស់​​​ត្រឹមឆ្នាំ​២០២០​និងការលុបបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទមេរោគទាំងអស់ត្រឹមឆ្នាំ២០២៥ ​​។
ឯកឧត្តមរដ្ឋមន្ដ្រីបន្ដទៀតថា «ការប្ដេជ្ញាចិត្ដថ្នាក់ជាតិនេះ ត្រូវបានជំរុញលើកទឹកចិត្ដដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ីខាងកើតលើកទី៩ ដែលបានប្រារព្ធធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០១៤។ ទោះបីជាទទួលបានជោគជ័យយ៉ាងណាក៏ដោយ ទន្ទឹមនឹងនោះ ក៏នៅមានឧបសគ្គមួយចំនួនដែលទាំងអស់គ្នាត្រូវចូលរួមដោះស្រាយ និងលុបបំបាត់ជំងឺគ្រុនចាញ់ដែលមានសុំានឹងថ្នាំជាច្រើនប្រភេទនៅទូទាំងប្រទេសកម្ពុជា ពិសេសនៃប្រភេទមេរោគផ្លាស់ស្មូមដ្យូម ហ្វាល់ស៊ីប៉ារ៉ូម តម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹង និងពន្លឿននៃការលុបបំបាត់ជំងឺគ្រុនចាញ់ ដើម្បីសម្រេចបាននូវគោលដៅរបស់យើង»
ឯកឧត្តមបានលើកឡើងថា ដើម្បីសម្រេចបាននូវគោលដៅ​លុបបំបាត់ជំងឺគ្រុនចាញ់ កម្ពុជាត្រូវមាន​ផែនការយុទ្ធសាស្រ្ដច្បាស់លាស់មួយ បង្ហាញពីផែនការសកម្មភាពក្នុងការអនុវត្ដដើម្បីសម្រេច​ឱ្យបាននូវគោលដៅនោះ ដោយត្រូវមានមូលដ្ឋានភ័ស្ដុតាងច្បាស់លាស់ និងលក្ខណៈលម្អិតពីទីកន្លែង ពេលវេលា អនុវត្ដន៍ដោយវិធីណា និងអ្នកណាជាអ្នកអនុវត្ដន៍នូវសកម្មភាពទាំងនោះ។
ឯកឧត្តមរដ្ឋមន្ដ្រីបន្ថែមថា ការលុបបំបាត់ទាមទារឱ្យមានការរៀបចំមានលក្ខណៈច្បាស់លាស់ ជាក់លាក់ និងចាំបាច់ ត្រូវមានការសម្របសម្រួលរវាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ ជាមួយនឹងដៃគូអភិវឌ្ឍន៍នានា។ ពេលនេះមានយើងមានយុទ្ធសាស្ដ្រមួយដែលត្រូវបានរំពឹងទុកថា នឹងជំរុញឱ្យយើងឆ្ពោះទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ នៅក្នុងដំណាក់កាលនេះវាជាការចាំបាច់ណាស់ ដែលក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹង​ជំងឺគ្រុនចាញ់ ត្រូវធ្វើជាម្ចាស់ក្នុងភាពជាអ្នកដឹកនាំ និងអនុវត្ដន៍សកម្មភាពលើយុទ្ធសា​ស្ដ្រ​​ថ្នាក់ជាតិ ដោយធ្វើការសហការជាមួយដៃគូអភិវឌ្ឍន៍នានាដែលនាំឱ្យមានលទ្ធផលប្រកប​ដោ​យ​​ប្រសិទ្ធភាព តម្លាភាព និងឈានឆ្ពោះទៅសម្រេចនូវគោលដៅថ្នាក់ជាតិ។

គួរបញ្ជាក់ថា ការបើកកិច្ចប្រជុំផ្សព្វផ្សាយពីក្របខ័ណ្ឌផែនការសកម្មភាពលុបបំបាត់ ជំងឺគ្រុនចាញ់ ឆ្នាំ២០១៦-២០២០ មានរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែមករា ហើយក៏មានការអញ្ជើញចូលរួមដោយឯកឧត្តមវេជ្ជបណ្ឌិត Dong-ll Ahn តំណាងអង្គការសុខភាពពិភពលោកប្រចំាកម្ពុជា និងស្ថានប័នពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ៕​