Thursday, January 28, 2016

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍សភានិយាយភាសាបារំាងប្រកាសថា APF ខិតខំពង្រឹងលិទ្ធិប្រជាធិបតេយ្យ នៅតាមបណ្តាប្រទេសជាសមាជិក

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍សភានិយាយភាសាបារំាង នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារ Angkor Palace Resort and Spa ក្នុងខេត្ តសៀមរាប ដែលមានគណៈប្រតិភូសមាជិកសភានិយាយភាសាបារំាង
អង្គទូត សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ប្រមាណ១០០នាក់ ចូលរួម ។
ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាប្រធានគណៈកម្មាធិការរៀបចំកិច្ចប្រជុំ អនុប្រធានក្រុម សភាជាតិកម្ពុជា APF មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ នូវវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅលើទឹកដីអង្គរដ៏បវរ នៃព្រះរាជាណាចក្រអច្ឆរិយៈ ដែលសម្បូរដោយសម្បត្តិវប្បធម៌ បេតិកភណ្ឌពិភពលោក បេតិកភណ្ឌជាតិ និងប្រាង្គប្រាសាទបុរាណជាកេរដំណែលដូនតា មានតម្លៃដ៏រុងរឿង និងមានអាយុកាលរាប់ពាន់ឆ្នាំនៅអាស៊ី។
ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានលើកឡើង ការចូលរួមដ៏កុះករនាពេលនេះបានឆ្លុះបញ្ចាំងពីសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់យើង ដើម្បីសម្រេចបាននូវចក្ខុវិស័យ
របស់មហាសន្និបាតនៃសភា និយាយភាសាបារាំង។ លើសពីនេះការអញ្ជើញចូលរួម របស់គណៈប្រតិភូនាពេលនេះ បានបង្ហាញពីការគាំទ្រយ៉ាងពេញលេញដល់សភាកម្ពុជា ដែលបានទទួលមហាកិត្តិយសរៀបចំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍នៃសភានិយាយ ភាសាបារាំងនេះ ។
ប្រធានគណៈកម្មាធិការរៀបចំកិច្ចប្រជុំ បានគូសបញ្ជាក់ថា ក្នុងនាមជាសមាជិកសភានិយាយភាសាបារំាង នាពេលកន្លងមក ដែលក្រុមសភាជាតិកម្ពុជា APFបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាព និងវេទិកានានារបស់ APF។ ជាក់ស្តែងនាខែមីនា ឆ្នាំ២០១៥ ក្រុមសភាជាតិកម្ពុជា បានទទួលរៀបចំ កិច្ចប្រជុំគណៈកម្មការនយោបាយ ហើយនាខែកញ្ញា ឆ្នាំ២០១៥ បានសហការជាមួយកម្មវិធីណូរីយ៉ា រៀបចំសិក្ខាសាលាសភាស្តីពី បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សភា។
សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍សភានិយាយភាសាបារំាងនៅពេលនេះ ដែលមានរយៈពេលបីថ្ងៃ គឺពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករានេះ
មានការចូលរួមពីសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ចំនួន ១៤ប្រទេស ក្នុងចំណោមសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍១៦ប្រទេស នៃស្ថាប័ននេះ។
ឯកឧត្តម Aubin Minaku NDJALANDJOKO ប្រធានសភានិយាយភាសាបារាំង (APF)និងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គូ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សភាកម្ពុជា ពិសេស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលបានចំណាយពេលដ៏មានតម្លៃ និងមមាញឹក របស់សម្តេច អញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីកិច្ចប្រជុំនេះ។
ឯកឧត្តមប្រធានសភានិយាយភាសាបារាំង (APF) បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សកម្ម របស់សភាកម្ពុជាក្នុងការចូលរួមចំណែក ដោះស្រាយ បញ្ហានានា ដែលកំពុងកើតមាននៅក្នុងបណ្តាប្រទេសនិយាយភាសាបារំាង តាមរយៈ ការរៀបចំជំនួបជាបន្តបន្ទាប់។ ជាមួយគ្នានេះ ឯកឧត្តម Aubin Minaku NDJALANDJOKO បានលើកឡើងថា សភានិយាយភាសាបារំាង មានបេសកកម្មជាសំខាន់គឺការបង្កើនកិច្ចសហប្រតិបត្តិ
រវាងប្រទេស ជាសមាជិក ជំរុញលើកទឹកចិត្តសមាជិកទំាងអស់ចូលរួមការដោះស្រាយបញ្ហារួមគ្នា ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព លិទ្ធិប្រជាធិបតេយ្យ ដែលជា មួលដ្ឋានគ្រឹះនៃបេសកកម្ម សភានិយាយភាសាបារំាង។
តាមប្រសាសន៍ របស់ឯកឧត្តម Aubin Minaku NDJALANDJOKO ឆ្នាំ២០១៦នេះ ជាឆ្នាំមួយដែលសភានិយាយភាសាបារំាង មានកិច្ចការលំបាកៗ ជាច្រើន ត្រូវបំពេញ ដោយក្នុងនោះប្រទេសដែលជាសមាជិករបស់ខ្លួនភាគច្រើន ពិសេសបណ្តាប្រទេសស្ថិតនៅក្នុងទ្វិបអាហ្រិក ត្រូវរៀបចំ ការបោះឆ្នោត ដូច្នេះសភានិយាយភាសាបារំាង មានតួនាទីចូលរួមពិនិត្យ គំាទ្រដល់ការបោះឆ្នោតតាមប្រទេសទំាងអស់នោះ ឲ្យដំណើរល្អ មានការគោរពសិទ្ធិមនុស្ស អព្យាក្រិត្យ យុត្តិធម៌ ដែលធ្វើឲ្យលទ្ធផលនៃការបោះឆ្នោត ទទួលបាន គ្រប់ភាគី។
មានប្រសាសន៍ទៅកាន់អង្គប្រជុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងពីបញ្ហាជាក់ស្តែងរបស់ពិភពលោក ទំាងនៅក្នុងតំបន់ និងជាសកលថា យើងនៅមានការព្រួយបារម្ភជាខ្លាំងចំពោះការពង្រឹងសន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយក្នុងតំបន់ ដើម្បីឈានទៅទទួលបាន កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព សម្រាប់វិបុលភាពរបស់ប្រជាពលរដ្ឋ និងមានភាពសុខដុមរមនា ទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌ក្នុងតំបន់។ វិបត្តិនយោបាយ និងសង្គម ដែលកំពុងតែបន្តកើតមាននៅក្នុងតំបន់មជ្ឈឹមបូព៌ា អាហ្រ្វិកខាងជើង និងប្រទេស មួយចំនួនក្នុងតំបន់អឺរ៉ុប នៅតែបន្តគំរាមដល់សន្តិសុខតំបន់ និង ពិភពលោកនៅឡើយ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ច្បាស់ណាស់ថាយើង មិនអាចដោះស្រាយបញ្ហាប្រឈមទាំងនេះបានប្រកបដោយប្រសិទ្ធភាពក្នុងកម្រិត ថ្នាក់ជាតិនីមួយៗបានទេ គឺទាមទារនូវអភិក្រម នៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងទូលំទូលាយជាងមុន ជាពិសេសតាមរយៈ កិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចក្នុងក្របខណ្ឌសភានិយាយភាសាបារាំង(ហ្រ្វង់កូហ្វូនី)ផងដែរ ។ ខ្ងុំជឿជាក់ថា សភានិយាយភាសាបារាំង(ហ្រ្វង់កូហ្វូនី) ជាតួអង្គមួយ ដ៏មានសារសំខាន់ ក្នុងការរួមចំណែកនាំមកនូវការឯកភាពក្នុងតំបន់ តាមរយៈការងារនីតិកម្ម ដែលជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍សភា និយាយភាសាបារំាងនេះ មានរបៀបវារៈជាច្រើនគ្រោងជជែកពិភាក្សាគ្នា ក្នុងនោះមានការពង្រីកពង្រឹង កិច្ចសហប្រតិបត្តិការ នៅតាមបណ្តាប្រទេសជាសមាជិក ពិនិត្យស្ថានភាពនយោបាយប្រទេសជាមាជិក ជំរុញលើកកម្ពស់ការងារស្រ្តី សំឡេងយុវជន និងជាពិសេសកិច្ចប្រជុំនៅពេលនេះ ជាឱកាសដែលសភានិយាយភាសាបារំាង ធ្វើការប្រមូលមតិ ទស្សនៈ ដើម្បីរៀបចំមហាសន្និបាតសភា និយាយភាសាបារាំង លើកទី៤២ នៅទីក្រុងអង់តាណាណារីវ៉ូ ប្រទេសម៉ាដាហ្គាហ្គាស្កា នាខែកក្កដា ខាងមុខនេះដែរ។

ជាទីបញ្ចប់ សម្តេចប្រធានរដ្ឋសភា បានប្រសិទ្ធពរឲ្យកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភានិយាយភាសាបារាំង ទទួលនូវជោគជ័យ យ៉ាងពេញលេញ និងសូមគោរពជូនពរ គណៈប្រតិភូទំាងអស់ទទួលបាននូវ សុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ជាពិសេសទទួលបាន នូវភាពសប្បាយរីករាយក្នុងការស្នាក់នៅរាជធានីបុរាណអង្គរដ៏បវរនៃព្រះរាជាណាចក្រកម្ពុជា ៕




No comments:

Post a Comment