Thursday, January 28, 2016

ឯកឧត្តម ជា ជេដ្ឋ ៖ គ្រួសារសភានិយាយភាសាបារំាង គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងនីតិរដ្ឋ (ប្រភពពី GNN)

គិតត្រឹមថ្ងៃទី២៧ ខែមករាឆ្នាំ២០១៦ នេះ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍សភានិយាយភាសាបារំាង ចំនួន១៥ប្រទេស បានអញ្ជើញ​មកដល់ ទឹកដីអង្គរខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃស្ថាប័ននេះ ពី ថ្ងៃទី២៨ ដល់ ថ្ងៃទី៣០ ខែមករា នៅសណ្ឋាគារAngkor palace and spa ដែលសភា​ព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ។
គណៈប្រតិភូអន្តរជាតិទំាងអស់
ត្រូវបានទទួលបដិសណ្ឋារ​កិច្ចយ៉ាងកក់ក្តៅនៅពេលអញ្ជើញមក​ដល់ទឹកដីអង្គរ ហើយនៅរាត្រីថ្ងៃទី២៧ ខែមករា​ នេះ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈ​កម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចវិបុល​​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលស្វាគមន៍ លៀងសាយ​ភោជន៍ ជូនដល់គណៈប្រតិភូទំាង​អស់ នៅសណ្ឋាគារ Angkor palace and spa
មានប្រសាសន៍ នៅក្នុងពិធីនោះ ឯកឧត្តម ជា ជេដ្ឋ
បានសម្តែងនូវមនោសញេ្ចតនា រីករាយក្រៃលែង និងសូមធ្វើគារវកិច្ចសា្វគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានដ៏ថ្លៃថ្លារបស់ ឯកឧត្តម លោកជំទាវ  សមាជិកសភានិយាយភាសា​បារំាង ដែលបានអញ្ជើញចូលរួមក្នុងអង្គប្រជុំ​គណៈ​​​កម្មាធិការអចិន្ត្រៃយ៍ នេះ។ ឯកឧត្តម បានលើកឡើងថា សភានិយាយភាសាបារាំង គឺជា​កន្លែងធ្វើការផ្លាស់ប្តូរយោបល់ និងបទពិ​សោ​ធន៍ ព្រមទំាងជាកន្លែង ត្រូវពិភាក្សា រាល់បញ្ហាចម្បង ស្តីពីបច្ចុប្បន្នភាពដែលពាក់ព័ន្ធនឹងសហគមប្រើប្រាស់ភាសាបារាំងលើគ្រប់វិស័យទាំងអស់។
ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម
នៃព្រឹទ្ធសភា បានគូសបញ្ជាក់ថា ការអញ្ជើញ​មកចូលរួមដ៏កុះករនាពេលនេះ បានឆ្លុះបញ្ចាំង​ពីសុឆន្ទៈ​ និងការប្តេជា្ញចិត្តខ្ពស់ដើម្បីសម្រេចបាន​នូវចក្ខុវិស័យរបស់មហាសន្និបាត នៃសភានិយាយភាសាបារាំង ។ ពោលគឺ ការទទួលស្គាល់វប្បធម៌ Francophonie មួយក្នុងន័យជារបបគ្រប់គ្រងមួយ តាមបែបប្រជាធិប  តេយ្យ និងក្នុងនីតិរដ្ឋ ហើយការសហការរវាង សមា​ជិក​​ដើម្បីអភិវឌ្ឍន៍រួមគ្នា​។
ឯកឧត្តម ជា ជេដ្ឋ បានមានប្រសាសន៍បន្តថា មិនតែប៉ុណ្ណោះ វត្តមានរបស់ លោកជំទាវ ឯកឧត្តម នាពេលនេះក៏ធ្វើឡើងក្នុងឆន្ទៈ លើកកម្ពស់ដល់ការ ពង្រឹងពង្រីកមិត្តភាព និងស្មារតីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងបន្ថែមទៀត ។
សូមបញ្ជាក់ថា ពិធីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍សភានិយាយភាសាបារំាង ជាផ្លូវការ នឹងប្រារព្ធធ្វើ នាព្រឹកថ្ងៃទី២៨ ខែមករា ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយកិច្ចប្រជុំទំាងមូល ត្រូវដឹកនាំដោយ ឯកឧត្តម Aubin Minaku NDJALANDJOKO​ ប្រធានសភានិយាយភាសាបារាំង (APF)និងជាប្រធានរដ្ឋសភានៃសាធារណ​រដ្ឋប្រជាធិបតេយ្យកុងហ្គូ នឹងដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍នេះ។ មានរបៀបវារៈសំខាន់ៗជាច្រើនគ្រោងលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនេះ ក្នុងនោះ មានការជំរុញពង្រឹង កិច្ច​សហប្រតិបត្តិការគ្នាបន្ថែមទៀតក្នុងបណ្តាប្រទេសជាសមាជិកសភា និយាយភាសាបារំាងនេះ។

ក្នុងនាមសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជា ជេដ្ឋ បានលើកឡើងថា យើងខ្ញុំសង្ឃឹមថា កិច្ចប្រជុំនេះនឹងទទួលបានជោគជ័យ និងសូមជូនពរ លោកជំទាវ ឯកឧត្តម និងភ្ញៀវកិត្តិយសទំាងអស់ ស្នាក់នៅដោយរីករាយ នៅក្នុងទឹកដីនៃអតីតរាជធានីអង្គរ ដែលតំបន់នេះមួយភាគធំ ត្រូវបាន ចាត់ទុកជាបេតិកភ័ណ្ឌពិភពលោក

No comments:

Post a Comment