Thursday, January 28, 2016

គណៈប្រតិភូសភាកម្ពុជា ចែករម្លែក ពីការទទួលបានសន្តិភាព ស្ថេរភាពនៅកម្ពុជា ក្នុងវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក(APPF) នៅប្រទេសកាណាដា

គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍​​​រដ្ឋសភា និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោស​នាការ និង​ព័ត៌មាននៃរដ្ឋសភាបានអញ្ជើញទៅចូលរួម​កិច្ចប្រជុំ​​ប្រចាំឆ្នាំលើកទី២៤ នៃវេទិកាស​ភា​​អា​ស៊ីប៉ាស៊ីហ្វិក(Asia Pacific Parliamentary Forum)    រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃ​ទី២១ ខែមករា ឆ្នាំ២០១៦ នៅទីក្រុងវ៉ាន់គូវែ ប្រទេសកាណាដា។
ក្នុងរយៈពេលនៃកិច្ច​ប្រជុំនេះ គណៈប្រតិភូសភាកម្ពុជា បានចូលរួមកិច្ច​ប្រជុំជាច្រើន នៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិកនេះដោយក្នុងនោះ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦  ឯកឧត្តម ឈាង វុន បាន​ដឹកនាំគណៈប្រតិភូ ចូលរួមក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ​លើកទី២៤ជាផ្លូវការក្រោមអធិ​បតី​ភាព​ ឯកឧត្តម George J. Furey ប្រធានព្រឹទ្ធសភា និងឯកឧត្តម Geoff Regan ប្រធានរដ្ឋស​ភា​​ នៃប្រទេសកាណាដា​។
បន្ទាប់មក នៅសៀល​ថ្ងៃដដែល ឯកឧត្តម ឈាង​ វុន បានឡើងថ្លែងបទអន្តរាគ​មន៍នៅក្នុងកិច្ចពិភាក្សា​អំពីបញ្ហាសន្តិភាព និងសន្តិសុខក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក។​ ថ្លែងនៅក្នុង ឱកាសនោះ ឯក​ឧត្តមប្រធានគណៈប្រតិភូ បានលើកឡើងអំពីយុទ្ធសាស្ត្រ នៃការពង្រឹងសន្តិសុខ និងសន្តិភាព​ក្នុងតំបន់ ជាពិសេស ការចែករំលែកបទ​ពិសោធន៍នៃការទទួលបានសន្តិភាព និងស្ថេរ​ភាព​នយោបាយនៅកម្ពុជា ។
ឯកឧត្តម ឈាង វុន បានសង្កត់ធ្ងន់​ថា សន្តិភាពនៅកម្ពុជា ទទួលបានពី យុទ្ធសាស្ត្រ​រួមគ្នារវាងខ្មែរ​ និងខ្មែរ គឺរវាងអតីតព្រះ​មហាវីរក្សត្រ ព្រះបាទសម្តេចព្រះ​នរោត្តម សីហនុ និងការ​ដាក់ចេញនូវ​យុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​នៃព្រះ​រាជាណាចក្រកម្ពុជា ជាពិសេស ដោយមាន​ការគាំទ្រពីបណ្តាប្រ​ទេសជាមិត្តក្នុងតំបន់​ និងអន្តរជាតិ ។
ក្នុងនាម​សមា​ជិកសភានៃប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកក៏ដូចជាក្នុង​តំបន់អាស៊ាន(ASEAN) ឯកឧត្តមបានគាំទ្រនូវ​គំនិត​ផ្តួចផ្តើមឱ្យមាន​សន្តិភាព តាមរយៈស្ថាប័ន​នីតិប្បញ្ញត្តិ និងបាន​ជម្រុញឱ្យមានការ​ស្វែ​ងរកដំណោះស្រាយ​សន្តិភាព​ក្នុងតំបន់ដោយសន្តិវិធីនិងចៀសវាង​ការប្រ​ឈ​ម​​​មុខដាក់គ្នា ដោយអាវុធ។ ជាពិសេស ជម្រុញឱ្យបន្តកិច្ចពិភាក្សា ការចរចា ការសម្របស​ម្រួ​ល ​ការពិគ្រោះយោបល់ និងការផ្សះផ្សាជាតិក្នុង​ក្របខ័ណ្ឌសភា សម្រាប់ជាត្រីវិស័យ​ក្នុងការក​សាង​​សន្តិភាពពិតប្រាកដនៅក្នុងតំបន់។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំ លើកទី២៤ នៃវេទិកាសភាអាស៊ីប៉ា​ស៊ីហ្វិកនេះ មានប្រធានបទជាច្រើន បានលើកយកមកពិភាក្សាគ្នា ក្នុងនោះរួមមាន បញ្ហានយោបាយ និងសន្តិសុខ ដោយផ្តោតទៅលើ ការកសាងលទ្ធិប្រជាធិបតេយ្យ និងការចូលរួមរបស់ពលរដ្ឋ ការពង្រឹងសន្តិភាព និងសន្តិសុខ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយធ្វើការពិភាក្សា ទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី- ប៉ាស៊ីហ្វិកការលើកកំពស់របកគំហើញថ្មីៗ និងបណ្តាទំនាក់ទំនង ការពង្រីកវិសាលភាពពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ ព្រមទាំងខ្សែបណ្តាញដ៏ប្រសើរនៃសកលលោកដ៏មានតម្លៃ និងការ​​លើកកម្ពស់ច្រកសេដ្ឋកិច្ច ជាមួយការធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធ។ កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយធ្វើការពិភាក្សាលើភាពប្រាកដប្រជា ប្រកបដោយសុទិដ្ឋិនិយម នូវអនាគតដ៏រុងរឿងសម្រាប់យុវជនការកសាងរបាំងទប់ស្កាត់គ្រោះមហន្តរាយនិងវិបត្តិផ្សេងៗ ការការពារសត្វព្រៃ និងការលើកកម្ពស់ការគ្រប់គ្រងដីធ្លី និងប្រព័ន្ធអេកូឡូហ៊្សីសមុទ្រ ការអនុវត្តកម្មវិធីអភិវឌ្ឍក្រោយឆ្នាំ២០១៥ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចការអនាគតសម្រាប់វេទិកា សភាអាស៊ីប៉ាស៊ីហ្វិក ដោយលើកយកបញ្ហាកំណែ​ទម្រង់​រចនាសម័្ពន្ធនិងផែនការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៥។
ណៈប្រតិភូសភាកម្ពុជា អញ្ចើញទៅចូលរួមវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក ដែលរួមមាន ឯកឧត្តម ឈាង វុន ឯកឧត្តម ប៉ុល ហំម ឯកឧត្តម ឈិត គឹមយាត  និង លោកជំទាវ បាន ស្រីមុំ ។ សមាជិកគណៈប្រតិភូទំាងអស់ បានបែងចែកគ្នាចូលរួមកិច្ចប្រជុំជាច្រើននៃវេទិកានេះ ដូចជានៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ លោកជំទាវ បាន ស្រីមុំ បានអញ្ជើញចូលរួមកិច្ចប្រជុំសភាស្ត្រីលើកទី១ ជាមួយបណ្តា​ប្រទេសជាសមាជិកចំនួន២០ ជាដើម ។
សូមបញ្ជាក់ថា វេទិកាសភាអាស៊ីប៉ាស៊ីហ្វិកលើកទី២៤ បានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលល​ទ្ធផលយ៉ាងល្អប្រសើរ ក្នុងស្មារតីកិច្ចសហប្រតិបត្តិការ រឹងមាំក្នុងចំណោមសភានៃប្រទេសសមាជិក ក្នុងនោះ កិច្ចប្រជុំបានអនុម័ត ឱ្យមានកិច្ចប្រជុំសភាស្ត្រី នៅមុនមួយថ្ងៃ នៃកិច្ចប្រជុំពេញអង្គរបស់ APPFចាប់ពីពេលនេះតទៅ។ បានអនុម័តសេចក្តីសម្រេចចំនួន ២៧ លើសេចក្តីព្រាងសេចក្តីសម្រេច ដែលស្នើឡើងចំនួន ៤៨។ អនុម័តលើ សេចក្តីប្រកាសរួម ទីក្រុងវ៉ាន់គូវែ លើកទី២  រួមទំាងបាន អនុម័តយល់ព្រមឱ្យហ្វីជី ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាAPPFលើកទី២៥ នាខែមករា  ឆ្នាំ២០១៧ ជាដើម៕

 ​


No comments:

Post a Comment