Thursday, January 28, 2016

ក្រសួងសុខាភិបាលប្តេជ្ញាលុបបំបាត់​ជំងឺគ្រុនចាញ់ឱ្យអស់នៅត្រឹមឆ្នាំ២០២០

        រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានប្រកាសថា ក្រសួងនឹងខិតខំលុបបំបាត់ជំងឺគ្រុនចាញ់ ឱ្យអស់យ៉ាងយូរត្រឹមឆ្នាំ២០២០ខាងមុខ។ ឯកឧត្តម ម៉ម ប៊ុនហេង  រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ថ្លែង​ថា បើកកិច្ចប្រជុំផ្សព្វផ្សាយពីក្របខ័ណ្ឌផែនការសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១៦​-២០​២០​ ​​នៅសណ្ឋាគារ Raffles Hotel Le Royal ​ កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ ។
          ឯកឧត្តមមានប្រសាសន៍ថា ច្រើនឆ្នាំមកនេះការប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៅប្រទេសកម្ពុជាទទួលបានជោគជ័យគួរឱ្យគត់សម្គាល់ គឺកាត់បន្ថយបន្ទុកនៃជំងឺដោយបានធ្វើឱ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនចាញ់ធ្លាក់ចុះ។ដូច្នេះ សមិទ្ធផលនេះ បញ្ជាក់ថា កម្ពុជាមានឱកាសចាប់ផ្ដើមបង្កើតប្រព័ន្ធការងារដ៏ចំាបាច់មួយដើម្បី ការលុបបំបាត់ជំងឺនេះជាដំណាក់កាល។
ឯកឧត្តមបន្ដថា រាជរដ្ឋាកម្ពុជាក៏ដូចជាក្រសួងសុខាភិបាល ព្រមទាំងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្រ្ដ បានធ្វើការបេ្ដជ្ញាចិត្ដដើម្បីសម្រេចគោល​​ដៅនៃការលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទមេរោគ ផ្លាស់ស្មូមដ្យូម ហ្វាល់ស៊ីប៉ារ៉ូម ឱ្យ​អស់​​​ត្រឹមឆ្នាំ​២០២០​និងការលុបបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទមេរោគទាំងអស់ត្រឹមឆ្នាំ២០២៥ ​​។
ឯកឧត្តមរដ្ឋមន្ដ្រីបន្ដទៀតថា «ការប្ដេជ្ញាចិត្ដថ្នាក់ជាតិនេះ ត្រូវបានជំរុញលើកទឹកចិត្ដដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ីខាងកើតលើកទី៩ ដែលបានប្រារព្ធធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០១៤។ ទោះបីជាទទួលបានជោគជ័យយ៉ាងណាក៏ដោយ ទន្ទឹមនឹងនោះ ក៏នៅមានឧបសគ្គមួយចំនួនដែលទាំងអស់គ្នាត្រូវចូលរួមដោះស្រាយ និងលុបបំបាត់ជំងឺគ្រុនចាញ់ដែលមានសុំានឹងថ្នាំជាច្រើនប្រភេទនៅទូទាំងប្រទេសកម្ពុជា ពិសេសនៃប្រភេទមេរោគផ្លាស់ស្មូមដ្យូម ហ្វាល់ស៊ីប៉ារ៉ូម តម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹង និងពន្លឿននៃការលុបបំបាត់ជំងឺគ្រុនចាញ់ ដើម្បីសម្រេចបាននូវគោលដៅរបស់យើង»
ឯកឧត្តមបានលើកឡើងថា ដើម្បីសម្រេចបាននូវគោលដៅ​លុបបំបាត់ជំងឺគ្រុនចាញ់ កម្ពុជាត្រូវមាន​ផែនការយុទ្ធសាស្រ្ដច្បាស់លាស់មួយ បង្ហាញពីផែនការសកម្មភាពក្នុងការអនុវត្ដដើម្បីសម្រេច​ឱ្យបាននូវគោលដៅនោះ ដោយត្រូវមានមូលដ្ឋានភ័ស្ដុតាងច្បាស់លាស់ និងលក្ខណៈលម្អិតពីទីកន្លែង ពេលវេលា អនុវត្ដន៍ដោយវិធីណា និងអ្នកណាជាអ្នកអនុវត្ដន៍នូវសកម្មភាពទាំងនោះ។
ឯកឧត្តមរដ្ឋមន្ដ្រីបន្ថែមថា ការលុបបំបាត់ទាមទារឱ្យមានការរៀបចំមានលក្ខណៈច្បាស់លាស់ ជាក់លាក់ និងចាំបាច់ ត្រូវមានការសម្របសម្រួលរវាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ ជាមួយនឹងដៃគូអភិវឌ្ឍន៍នានា។ ពេលនេះមានយើងមានយុទ្ធសាស្ដ្រមួយដែលត្រូវបានរំពឹងទុកថា នឹងជំរុញឱ្យយើងឆ្ពោះទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ នៅក្នុងដំណាក់កាលនេះវាជាការចាំបាច់ណាស់ ដែលក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹង​ជំងឺគ្រុនចាញ់ ត្រូវធ្វើជាម្ចាស់ក្នុងភាពជាអ្នកដឹកនាំ និងអនុវត្ដន៍សកម្មភាពលើយុទ្ធសា​ស្ដ្រ​​ថ្នាក់ជាតិ ដោយធ្វើការសហការជាមួយដៃគូអភិវឌ្ឍន៍នានាដែលនាំឱ្យមានលទ្ធផលប្រកប​ដោ​យ​​ប្រសិទ្ធភាព តម្លាភាព និងឈានឆ្ពោះទៅសម្រេចនូវគោលដៅថ្នាក់ជាតិ។

គួរបញ្ជាក់ថា ការបើកកិច្ចប្រជុំផ្សព្វផ្សាយពីក្របខ័ណ្ឌផែនការសកម្មភាពលុបបំបាត់ ជំងឺគ្រុនចាញ់ ឆ្នាំ២០១៦-២០២០ មានរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែមករា ហើយក៏មានការអញ្ជើញចូលរួមដោយឯកឧត្តមវេជ្ជបណ្ឌិត Dong-ll Ahn តំណាងអង្គការសុខភាពពិភពលោកប្រចំាកម្ពុជា និងស្ថានប័នពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ៕​

No comments:

Post a Comment