Saturday, February 29, 2020

កម្ពុជាជាប្រទេសតូច តែមានបេះដូងមនុស្សធម៌ក្នុងពេលប្រឈមនឹងបញ្ហាសាកល

ក្នុងពេលដែលមេរោគ Covid-19 បានផ្ទុះចេញពីទីក្រុងវូហានប្រទេសចិនដោយមិនដឹងជាមុន និងមិននឹកស្មានដល់ ហើយកំពុងរីករាលដាលស្ទើរពាសពេញពិភពលោក។ ជាការពិត មេរោគ Covid-19 ស្រដៀងគ្នានឹងមេរោគសារ ដែលបានផ្ទុះឡើងនាឆ្នាំ២០០៣ គឺជាប្រភេទមេរោគឆ្លងតាមផ្លូវដង្ហើមដែលនាំដល់រលាកសួត ហើយដែលឆ្លងពីមនុស្សទៅមនុស្សផ្សេងទៀតដ៏គួរឱ្យព្រួយបារម្ភបំផុត។ ព្រមជាមួយគ្នានេះ ការរីករាលដាលនៃមេរោគ Covid-19 បាននិងកំពុងធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដល់កំណើនសេដ្ឋកិច្ចពិភពលោក ស្របពេលដែលកំពុងទទួលរងការធ្លាក់ចុះស្រាប់ដោយសារសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក និងដោយកត្តាប្រឈមច្រើនទៀត។
ការផ្ទុះរីករាលដាលនេះ បាននិងកំពុងបន្តឆ្លងរាលដាល់កាន់តែខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង អ៊ីតាលី អ៊ីរ៉ង់ ជប៉ុន ។ល។ ដ៏សាហាវ ដែលវាពិតជាបានក្លាយជាកង្វល់រួមរបស់ពិភពលោក ដែលទាមទារឱ្យបណ្តាប្រទេសទាំងអស់ត្រូវរួមគ្នា ទប់ស្កាត់ការរីករាល បើពុំនោះទេ វានឹងបំផ្លាញជីវិតមនុស្ស សេដ្ឋកិច្ច និងសង្គមរបស់ពិភពលោកទាំងមូល។ ប្រទេសកម្ពុជាជាប្រទេសតូចមួយ តែមានបេះដូងមនុស្សធម៌ បានឈរនៅជា​មួយ​ប្រជាជនចិន និងរួមសាមគ្គីជាមួយបណ្តាប្រទេសទាំងអស់លើសាកលលោក ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនេះ។ បើទោះបីជាយើងរស់នៅលើចំណែកនៃផែនដីខុសគ្នាក៏ដោយ ក៏ប៉ុន្តែយើងរស់នៅក្រោមមេឃតែមួយដូចគ្នា យើងមានវាសនារួម យើងប្រឈមនឹងបញ្ហាសាកលរួម ដូចជាបញ្ហាឡើងកម្តៅផែនដី បញ្ហា​សាយភាយឧស្ម័នកាបោនឌីអុកស៊ីដ ពិសេស ការផ្ទុះរីករាលដាលនៃជំងឺឆ្លង Covid-19 នេះ។
ត្បិតតែកម្ពុជាជាប្រទេសតូចគ្មានធនធានគ្រប់គ្រាន់  និងលទ្ធភាពជួយសម្រាលដល់បញ្ហាប្រឈមសាកល ក៏ប៉ុន្តែ កម្ពុជាមានបេះដូងមនុស្សធម៌បរិសុទ្ធ បានតាំងស្មារតីរឹងមាំ មិនបានកើតជំងឺភ័យខ្លាចហួសហេតុ គ្មានហេតុផល ហើយត្រូវធ្វើជាមិត្តល្អក្នុងគ្រាដែលមិត្តរបស់យើងកំពុងមានអាសន្ន មានទុក្ខភ័យ ឬ ក្នុងពេលដែលជាតិសាសន៍ដទៃទៀតកំពុងមានហានិភ័យ ឬ គ្រោះថ្នាក់ដល់ជីវិត ឬ សុខភាព ដោយមិនត្រូវរត់ចោលគ្នាឡើយ។ ក្នុងស្មារតីមនុស្សធម៌ជាប្រពៃណីនេះ កម្ពុជាត្រូវតែជួយសង្រ្គោះដោយមិនរើសអើងពូជសាសន៍ឡើយ។ ក្នុងស្មារតីនេះផងដែរ កម្ពុជាបានបំពេញបេសកកម្មខាងមនុស្សធម៌ជាប្រវត្តិសាស្រ្ត ដែលពិភពលោកទាំងមូលបានកំពុងកត់ត្រា និងចងចាំមិនភ្លេច ហើយបានកោតសរសើរកម្ពុជាក្នុងទង្វើមនុស្សធម៌ចំពោះជាតិសាសន៍ទាំងឡាយ ដែលពួកគេបានរួចចាកផុតពីទុក្ខភ័យដល់ជីវិត​តាមរយៈការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ។
ដោយប្រឈមនឹងវិបត្តិដែលកើតចេញការផ្ទុះមេរោគ Covid-19 នេះ ប្រទេសកម្ពុជាមិនអាចនិយាយបានថា រួចចាកផុតពីផលប៉ះពាល់លើសេដ្ឋកិច្ចរបស់ខ្លួនបានឡើយ។ ក៏ប៉ុន្តែ វាជាការគួរឱ្យសោកស្តាយបំផុត ដែលក្រុមជនអគតិមួយចំនួនបានយកបញ្ហានៃការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចកម្ពុជា ធ្វើជាប្រធានបទនយោ​បាយប្រជាភិថុតិដ៏ល្ងង់ខ្លៅបំផុតរបស់ខ្លួន ដើម្បីវាយប្រហាមកលើរដ្ឋាភិបាលកម្ពុជា បំភ្លេចចោលការប្រឈមរួមពិតប្រាកដទៅនឹងបញ្ហាសាកល គឺការផ្ទុះរីករាលដាលមេរោគ Covid-19 នេះ។
នៅពេលដែលគេនិយាយពីការផ្ទុះមេរោគ Covid-19 ទាំងអស់គ្នាក៏ត្រូវគិតថា ប្រទេសចិន គឺជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី២ ដែលរចនាសម្ព័ន្ធសេដ្ឋកិច្ចពិភពលោកស្ទើរទាំងមូល បានតភ្ជាប់គ្នាទៅវិញទៅមក ទាំងក្នុងវិស័យផ្គត់ផ្គង់ និងទាំងវិស័យផលិតកម្ម ក្នុងនោះមានការនាំចេញទំនិញសម្រេច ទំនិញពាក់កណ្តាលសម្រេច ជាគ្រឿងតម្លើងបង្គុំគ្រប់ប្រភេទ ទាំងវត្ថុធាតុដើម និងការនាំចូលរបស់ប្រទេសចិនផងដែរ។ ក្នុងកាលទេសៈនេះ បើនិយាយឱ្យត្រង់ៗទៅ ប្រសិនបើ សេដ្ឋកិច្ចប្រទេសចិនមានបញ្ហា សេដ្ឋកិច្ចនៃបណ្តាប្រទេសជាច្រើនទៀតក្នុងពិភពលោក បើទោះបី តិចក្តី ឬច្រើនក្តី ក៏នឹងច្បាស់ជាទទួលរងផលប៉ះពាល់យ៉ាងប្រាកដ។ ជាក់ស្តែង ប្រទេសកម្ពុជាក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ដែលវត្ថុធាតុដើមជាង៦០% នាំចូលពីប្រទេសចិន។ ហើយក្នុងរយៈពេលខ្លីនេះ ចិនកំពុងប្រឈមនឹងការទប់ស្កាត់មេរោគ Covid-19 ដែលតម្រូវឱ្យទីក្រុងមួយចំនួនត្រូវបិទ ហើយក៏មានការដាក់បំរាមហាមប្រជាជនចិនធ្វើដំណើរចេញក្រៅផ្ទះ។ ដូច្នេះ ផលិតកម្មស្ទើរទាំងអស់របស់ចិនត្រូវផ្អាកដំណើរការមួយរយៈខ្លីដូចគ្នា។ វាច្បាស់ណាស់ ប្រសិនបើប្រជាជនចិនមិននាំគ្នាចេញទៅធ្វើការ នោះចង្វាក់ផលិតកម្មក៏នឹងមិនដើរផងដែរ ហើយព្រមជាមួយគ្នានេះវិស័យទេសចរណ៍ក៏ត្រូវទទួលរងប៉ះពាល់ដូចគ្នា ខណៈដែលអ្នកទេសចរណ៍ចិនរាប់រយលាននាក់បានផ្អាកដើរកំសាន្តក្រៅប្រទេស។
ពិតណាស់ គេត្រូវដឹងថា ក្នុងសម័យសាកលភាវូបនីយកម្ម ផលប្រយោជន៍នៃបណ្តាប្រទេសនានាទូទាំងសាកលលោក ត្រូវបានប្រទាក់ក្រឡានិងតភ្ជាប់គ្នាទៅវិញទៅមក ក្នុងរចនាសម្ព័ន្ធខាងសេដ្ឋកិច្ច និងពាណិ​ជ្ជ​កម្ម ដែលគ្មានប្រទេសណាមួយ អាចរួចចាកផុតពីការប្រឈមរួមនេះបានឡើយ។
ក្នុងពេលដែលសង្រ្គាមពាណិជ្ជកម្មបានកើតឡើង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោក នៅពេលនោះ សេដ្ឋកិច្ចចិន ត្រូវបានគេមើលឃើញថា បានធ្លាក់ចុះស្រាប់ហើយរង្វង់ ៦​.១% នៅ២០១៩។ ហើយក្នុងសម័យប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញវត្ថុ G 20ថ្មីៗនេះ មូលនិធិរូបបីយវត្ថុអន្តរ​ជាតិ ដដែលបានទំលាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចចិនមកក្នុងរង្វង់តែ ៥.៦% ប៉ុណ្ណោះនៅឆ្នាំ២០២០ នេះ ដែលជាកំរិតទាប់បំផុតរបស់ប្រទេសចិន។ រីឯសហរដ្ឋអាមេរិកវិញ ត្រូវបានគេមើលឃើញថា កំណើនរបស់ខ្លួនត្រូវធ្លាក់ចុះពី២.៩% មកត្រឹម ២.៣% ក្នុង ២០១៩ ហើយដែលកំណើនសេដ្ឋកិច្ចសាកលត្រូវបានព្យាករណ៍ថាធ្លាក់ចុះពី ៣.៦% មកត្រឹម ២.៩% នៅ២០២០នេះ។ ក៏ប៉ុន្តែ ការផ្ទុះឡើងនៃមេរោគ Covid-19នេះ​ បានធ្វើឱ្យការព្យាករណ៍ទាំងនេះត្រូវផ្លាស់ប្តូរទាំងស្រុង។ ដូច្នេះហើយ ភាពមិនប្រាកដប្រជា ភាពមិនច្បាស់លាស់នៃការព្យាករណ៍កំណើនសេដ្ឋកិច្ចសាកល គឺអាស្រ័យលើការទប់ស្កាត់មេរោគ Covid-19 នឹងអាចធ្វើបានក្នុងរយៈពេលខ្លី ឬទំហំនៃការរីករាលនៃមេរោគនេះនៅលើពិភពលោកយ៉ាងណានោះ។ ពីព្រោះ ការផ្ទុះឆ្លងរីករាលដាលកាន់តែខ្លាំងឡើងៗក្នុងប្រទេស កូរ៉េខាងត្បូង អ៊ីតាលី អ៊ីរ៉ង់ និងប្រទេសជប៉ុនចុងក្រោយនេះ វានឹងកាន់ធ្វើឱ្យមានផលប៉ះពាល់កាន់តែខ្លាំងថែមទៀតលើកំណើនសេដ្ឋកិច្ចសាកល ខណៈពេលដែលសេដ្ឋកិច្ចសាកល បានទទួលរងផលប៉ះពាល់ពីការផ្ទុះមេរោគកូវីដ១៩ នៅប្រទេសចិនស្រាប់ហើយនោះ។
ក្រៅពីប្រទេសចិន ដែលជាចំណុចកណ្តាលនៃចង្វាក់ផ្គត់ផ្គង់សាកល ប្រសិនបើ មានការទុចបង្អាក់ ការផ្គត់ផ្គង់នឹងធ្វើឱ្យមានការរាំងស្ទះដល់ទិន្នផល ឬសង្វាក់ផលិតកម្មនៅទីដទៃទៀតក្នុងពិភពលោក បន្ថែមលើការដាច់សង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ពីប្រទេសជប៉ុន និងកូរេខាងត្បូងថែមទៀតនោះ វាប្រាកដជានឹងមានផលប៉ះពាល់មកលើសេដ្ឋកិច្ចសាកលក្នុងរយៈពេលត្រីមាសដើមឆ្នាំនេះ ហើយប្រសិនបើ មេរោគកូវីដនេះនៅបន្តរីករាលដាលក្នុងរយៈពេលវែងទៅមុខ ប្រាកដណាស់វានឹងកាន់តែមានឥទ្ធិពលកាន់តែអាក្រក់ក្នុងរយៈពេលវែងលើកំណើនសេដ្ឋកិច្ចសាកល។
ដូច្នេះ ប្រទេសកម្ពុជាក៏នឹងត្រូវទទួលរងផលប៉ះពាល់ដោយផ្ទាល់ ក្នុងផ្នែកផលិតកម្ម និងវិស័យទេសចរណ៍ផងដែរ ខណៈពេលដែលកម្ពុជាជាប្រទេសនាំចូលវត្ថុធាតុដើមពីប្រទេសចិនជាង៦០%។ ក៏ប៉ុន្តែ បើទោះបី សេដ្ឋកិច្ចកម្ពុជាទទួលរងប៉ះពាល់ដោយការផ្ទុះមេរោគ Covid-19 ក៏ដោយក៏សេដ្ឋកិច្ចកម្ពុជានៅតែអាចរក្សាកំណើនរបស់ខ្លួនបានក្នុងរង្វង់៦.១% ឬ ទាបជាង៦%បន្តិចប៉ុណ្ណោះ។ ហើយដើម្បីរក្សាម៉ាក្រូសេដ្ឋកិច្ចជាតិឱ្យមានស្ថិរភាព បន្ថែមលើកត្តារឹងមាំនៃសុខសន្តិភាពមានស្រាប់ រដ្ឋាភិបាលកម្ពុជាដែលមានលោក ហ៊ុន សែន ជាប្រមុខដឹកនាំបានសម្រេចដាក់ចេញនូវវិធានការអន្តរាគមន៍បន្ទាន់រយៈពេលខ្លី ដើម្បីគ្រប់គ្រងផលប៉ះពាល់ចំពោះមុខ និងជួយសំរាលផលប៉ះពាល់លើវិស័យមួយចំនួន ក្នុងគោលដៅធានាលំនឹងសេដ្ឋកិច្ច និងសង្គម។ ក្នុងនោះ ទី១.ជួយដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសដែលទទួលរងផលប៉ះពាល់ ទី២.ជួយដល់កម្មករ និយោជិត ក្នុងរករណីបាត់បង់ ឬ ត្រូវផ្អាកការងារឱ្យមានលំនឹងជីវភាព និងអាចលើកកម្ពស់ជំនាញ ព្រមទាំងផលិតភាពការងាររបស់ខ្លួនសម្រាប់អនាគត និងទី៣.ជួយទ្រទ្រង់លើកស្ទួយកំណើន ជាពិសេស ជួយដល់សហគ្រាសធន់តូច និង មធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។
ជារួម ក្នុងពេលនេះ ពិភពលោកទាំងមូលកំពុងមានកង្វល់យ៉ាងខ្លាំង បណ្តាលមកពីការប្រឈមនៃការផ្ទុះរីករាលដាលមេរោគ Covid-19 ដែលកំពុងប៉ះពាល់សេដ្ឋកិច្ចពិភពលោក។ នេះជាបញ្ហាប្រឈមរួមទាមទារឱ្យបណ្តាប្រទេសទាំងអស់រួបរួមសាមគ្គី ដើម្បីដោះស្រាយ ចាត់វិធានការទប់ស្កាត់ និងគ្រប់គ្រងឱ្យបានប្រសិទ្ធភាព ក្នុងការការពារជីវិតមនុស្សជាតិ និងរក្សាកំណើនសេដ្ឋកិច្ច និងសង្គម។  ក៏ប៉ុន្តែ សម្រាប់កម្ពុជា អ្វីដែលអាចបង្កហានិភ័យធំមកលើសេដ្ឋកិច្ច និងសង្គម គឺជំងឺភ័យខ្លាចដោយខ្វះហេតុផល ឬការស្លន់ស្លោរ ដោយសារការកន្លាច ឬការឃោសនាអកុសលរបស់ក្រុមជនអគតិមួយចំនួន ដែលមានបំណងបង្កភាពចលាចលនៅក្នុងសង្គមជាតិ ដើម្បីផលប្រយោជន៍ខាងនយោបាយរបស់ខ្លួនប៉ុណ្ណោះ។ ប្រទេសកម្ពុជាគ្មានវិបត្តិនយោបាយ និងសេដ្ឋកិច្ចសង្គមនោះទេ តែសេដ្ឋកិច្ចកម្ពុជា ក៏ដូចសេដ្ឋកិច្ចបណ្តាប្រទេសដទែទៀតជាច្រើនក៏នឹងទទួលរងផលប៉ះពាល់ តិចឬច្រើនដោយសារឥទ្ធិលនៃការរីករាលដាលមេរោគ Covid-19 នៅប្រទេសចិន និងរាលដាលទៅបណ្តាប្រទេសដទៃទៀត។ ហើយបញ្ហាប្រឈមរួមនេះ គ្មានប្រទេសណាមួយអាចគេចផុតបានឡើយ។ ក៏ប៉ុន្តែ មុននិងក្រោយ វាគង់តែនឹងមានទីបញ្ចប់របស់វា បើទោះបីមេរោគ Covid-19 មានឥទ្ធិពលខ្លាំងជាងមេរោគសារឆ្នាំ២០០៣ក៏ដោយ។ យ៉ាងហោចណាស់ប្រទេសចិនបានអះអាងយ៉ាងច្បាស់ថា ខ្លួនអាចទប់ស្កាត់ និងគ្រប់គ្រប់គ្រងវាបានទាំងស្រុង ក្នុងដើមត្រីមាសទី២នៃឆ្នាំនេះ៕
ដោយ ឡុង បូរិតា

ប្រធានមន្ទីរសុខាភិបាល និងប្រធានមន្ទីរពេទ្យខេត្តរតនគីរី បកស្រាយ និងពន្យល់ការស្លាប់របស់ស្ត្រីម្នាក់ក្នុងមន្ទីរពេទ្យបង្អែកខេត្ត ក្រោយរងការចោទថា គ្រូពេទ្យមានការធ្វេសប្រហែស

រតនគិរី៖ ស្ត្រីជាភរិយាអ្នកលេងបណ្តាញសង្គម Facebook បានស្លាប់ក្នុងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដោយសារក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន។ នេះតាមការឲ្យដឹងពីលោក ហ៊ីង ផានសុគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដោយសាររូបគាត់មានជំងឺរ៉ាំរ៉ៃ គឺបេះដូង និងសួត។
លោកថា ស្ត្រីរងគ្រោះមានឈ្មោះ ស៊ាង អេន អាយុ៤១ឆ្នាំ មានទីលំនៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី បានចូលមកសម្រាកព្យាបាលនៅវេលាម៉ោង១៤៖៤៥នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ រួចក្រុមគ្រូពេទ្យបានបូមឈាមយកទៅវិភាគនៅមន្ទីរពិសោធ, ថតសួត បេះដូងឃើញថា ស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរ បានបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ រហូតដល់ម៉ោងជាង៩ អ្នកជំងឺធ្វើទុក្ខកាន់តែខ្លាំងលុះដល់ម៉ោង ២២៖១៥នាទី គាត់ក៏បានស្លាប់ដោយគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន។
លោក ហ៊ីង ផានសុគន្ធា បញ្ជាក់ឲ្យដឹងទៀតថា កន្លងមក ស្ត្រីរងគ្រោះធ្លាប់ចូលមកពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកបរកែវចំនួន ៣ដង និងមន្ទីរបង្អែកខេត្តរតនគិរីចំនួន ៣ដង និងបានទៅពិនិត្យសម្រាកព្យាបាលនៅកន្លែងផ្សេងៗផងដែរ។
សូមបញ្ជាក់ថា ការចេញមកបញ្ជាក់ខាងលើនេះ បានធ្វើឡើងក្រោយណពេលអ្នកលេងបណ្តាញសង្គម Facebook ម្នាក់ឈ្មោះ «អធិរាជមហាសាច់» បានបង្ហោះថា «មន្ទីពេទ្យបង្អែកខេត្តរតនគិរី លោកឯងចាក់ថ្នាំអីឱ្យប្រពន្ធខ្ញុំ ហេតុអីស្លាប់លឿនម៉្លេះ មុនពេលស្លាប់ ៣ម៉ោង និយាយជាមួយខ្ញុំឱ្យកកោក ៣ម៉ោង ក្រោយមនុស្សស្លាប់ តើលោកឯងចាក់ថ្នាំអី»។
ទាក់ទិនទៅនឹងករណីស្ត្រីស្លាប់ក្នុងមន្ទីរពេទ្យបង្អែកខេត្តរតនគិរីនេះដែរ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានប្រាប់ភ្នាក់ងារអ្នកសារព័ត៌មាន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ថា លោកបានកោះប្រជុំក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តរតនគិរី រួចពិនិត្យឃើញថា ពួកគាត់ខិតខំអស់កម្លាំងកាយចិត្តដើម្បីសង្គ្រោះ ប៉ុន្តែស្ថានភាពជំងឺធ្ងន់ធ្ងរពេក ពោលគឺគ្មានការធ្វេសប្រហែសនោះទេ គឺបំពេញតាមបច្ចេកទេសជំនាញរៀងៗខ្លួន។
លោកថា នៅព្រឹកមិញនេះក្រុមការងារមន្ទីរសុខាភិបាលខេត្តរតនគិរី បានចុះសួរសុខទុក្ខដល់ក្រុមគ្រួសារ នៃសព ដល់លំនៅឋានពួកគាត់ ដោយសម្តែងក្តីអាណិតអាសូរជាពន់ពេក៕