Tuesday, March 31, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីពិនិត្យសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈរដ្ឋមន្ត្រីដើម្បីពិនិត្យទៅលើសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ចំណាយពេលប្រមាណ៣ម៉ោង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាន៍ទៅកាន់គណ:អចិន្រៃ្តយ៍គណៈរដ្ឋមន្ត្រី ពិនិត្យពិភាក្សាទៅលើសេចក្តី ព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្នុងខណ:ប្រទេសជាតិ ក៏ដូចជាពិភពលោក ទាំងមូល កំពុងរីករាលដាលនៃជំងឺកូវីដ១៩ មានលក្ខណៈជាសកលនោះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្ននៅឡើយនោះទេ ដូច្នេះការបង្កើតច្បាប់នេះឡើង ដើម្បីជាឧបករណ៍ផ្នែកច្បាប់មួយគ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានអាសន្ន។ លោក បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលផងដែរ កុំឱ្យមានការព្រួយបារម្ភច្បាប់នេះ ព្រោះមិនមែនបង្កើតឡើងមក ដើម្បីរឹតដ្បិតសេរីភាពរបស់ប្រជាពលរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិនោះឡើយ។
ដូចគ្នានឹងប្រសាសន៍លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីការអញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៣៣ នីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី៣០ ខែមីនា ម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «យើងបានធ្វើសេចក្តីព្រាងច្បាប់នេះរួចរាល់ហើយ មានទាំងសេចក្តីថ្លែងហេតុប្រុងប្រៀប។ យើងនឹងមានការបែងចែកថាអ្វីខ្លះដែលត្រូវធ្វើអ្វីខ្លះដែលមិនត្រូវធ្វើ ហើយពេលនោះដាក់ចេញវិធានការ បិទទីតាំងសាធារណៈ និងឯកជនណាមួយ ដែលមានភាពចាំបាច់ដើម្បីឆ្លើយតប»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានសអាសន្ន ត្រូវបានរៀបចំដោយ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដែលទើបតែងតាំងថ្មី ព្រមទាំងបានបញ្ជូនទៅបណ្តា ឧបនាយករដ្ឋមន្ត្រីទាំងអស់ផងដែរ។ តាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាបានចែងថា ការដាក់ប្រទេសឱ្យស្ថិតនៅក្នុងគ្រាអាសន្ន គឺជាការអនុវត្តតាមមាត្រា២២ នៅពេលដែលប្រទេសជាតិស្ថិតនៅក្នុងគ្រោះថ្នាក់ ដែលមិនអាចព្យាករណ៍បាន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនបានចែងច្បាស់ និងលម្អិតអំពីអត្ថន័យ ឬសកម្មភាពការដាក់ប្រទេសជាតិឱ្យស្ថិតនៅក្នុងគ្រាអាសន្ននោះទេ។ មាត្រា ២២ថ្មី ចែងថា «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រ ទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីពិនិត្យក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីនៅព្រឹកនេះរួចហើយ សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងភាពអាសន្ននឹងត្រូវលើកមកពិភាក្សា និងសម្រេចក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីនៅពេលខាងមុខ។ លោក ក៏បានបង្ហាញក្តីរំពឹងផងដែរថា រដ្ឋសភានឹងពន្លឿនក្នុងការពិនិត្យ និងអនុម័តទៅលើសេចក្តីព្រាងច្បាប់មួយនេះបន្ទាប់ពីគណៈរដ្ឋមន្រ្តីធ្វើការពិនិត្យសម្រេចហើយនោះ៕



(Video)៖ ក្រសួងសុខាភិបាល រកឃើញអ្នកផ្ទុកវីរុសកូវីដ-១៩ ចំនួន ២ ករណីថ្មីទៀត ហើយព្យាបាលជាសះស្បេីយ២៣ ករណី និងអ្នកកំពុងបន្តព្យាបាល៨៦ករណីនៃចំនួនសរុប១០៩ករណី

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន០២នាក់ទៀត ខណៈអ្នកជាសះស្បើយសរុប២៣នាក់


(ភ្នំពេញ)៖ នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០២នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយពីជំងឺកូវីដ១៩ សរុបមានចំនួន២៣នាក់ និងកំពុងសម្រាកព្យាបាល៨៦នាក់ នៃអ្នកឆ្លងសរុបកើនដល់១០៩នាក់ បើគិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។
សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖





រដ្ឋសភា អនុម័តទាំងស្រុងលើសំណើកែសម្រួល និងតែងតាំងសមាសភាពទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី

អគ្គលេខាធិការដ្ឋាន នៃរដ្ឋសភា បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីលទ្ធផលសម័​យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២​០២០នេះ ក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា ចំនួន១២១រូប។
សូមជម្រាបថា ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីថ្មី សរុប៩រូប ជាសមាសភាពរាជរដ្ឋាភិបាល ដែលស្នើតែងតាំង និងកែសម្រួលដោយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តទាំងស្រុងហើយ នៅក្នុងសម័យប្រជុំវិសាមញ្ញ នៃរដ្ឋសភា នាព្រឹ​កថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។
សម្រាប់តំណែងរដ្ឋមន្រ្តីដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះរួមមាន៖ លោក ចម ប្រសិទ្ធ ជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក កើត រិទ្ធ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជំនួសលោក អង្គ វង្សវឌ្ឍានា លោក ជា វ៉ាន់ដេត ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំនួសលោក ត្រាំ អ៊ីវតឹក លោក ឈិត សុខុន ជារដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជំនួសលោក ហ៊ឹម ឆែម លោក ព្រំ សុខា ជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជំនួសលោក ពេជ្រ ប៊ុនធិន។
សម្រាប់តំណែងទេសរដ្ឋមន្រ្តីដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះរួមមាន៖
ទី១៖ លោក ចម ប្រសិទ្ធ ជាទេសរដ្ឋមន្រ្តី (រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍)
ទី២៖ លោក ហ៊ឹម ឆែម ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
ទី៣៖ លោក អង្គ វង្សវឌ្ឍានា ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
ទី៤៖ លោក ត្រាំ អ៊ីវតឹក ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
ទី៥៖ លោក ពេជ្រ ប៊ុនធិន ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស៕