Friday, September 10, 2021

វិភាគអន្តរជាតិ៖ ២០ឆ្នាំ ក្រោយថ្ងៃទី១១ ខែកញ្ញា, តើសហរដ្ឋអាមេរិកឈ្នះក្នុងសង្រ្គាមប្រឆាំងភេរវកម្ម ឬ?


(វ៉ាស៊ីនតោន)៖ ចាប់តាំងពីសហរដ្ឋអាមេរិកបានប្រកាស «ធ្វើសង្រ្គាមប្រឆាំងភេរវកម្មនៅជុំវិញពិភពលោក» ជាការឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មលើ ទីក្រុងញូយ៉ក និងវ៉ាស៊ីនតោន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១មក បេសកកម្ម និងវត្ថុបំណងនៃកិច្ចខិតប្រឹងប្រែងមួយនេះបានឆ្លងកាត់ការធ្វើម្ដងហើយម្ដងទៀត ខណៈកម្រិត និងវិសាលភាពនៃការគំរាមកំហែងបានផ្លាស់ប្ដូរក្នុងរយៈពេលរាប់ទសវត្សរមកនេះ។




នៅក្នុងសុរន្ទកថាទៅកាន់សភាជាតិ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០០១ អតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស (George W Bush) បានបញ្ជាក់ ដូច្នេះថា «សង្រ្គាមរបស់យើងជាមួយពួកអាល់កៃដា (al-Qaeda) បានចាប់ផ្ដើមហើយ ប៉ុន្តែវានឹងមិនបញ្ចប់ត្រឹមហ្នឹងទេ។ វានឹងមិនបញ្ចប់រហូតទាល់តែគ្រប់

ក្រុមភេរវករទាំងអស់នៅជុំវិញពិភពលោកត្រូវបានរកឃើញ, ត្រូវបានបញ្ឈប់ និងត្រូវបានកម្ចាត់ចោល»។


២០ឆ្នាំក្រោយមក ពោលគឺបន្ទាប់ពីសង្រ្គាមរបស់សហរដ្ឋអាមេរិកនៅអ៉ីរ៉ាក់ និងអាហ្វហ្កានីស្ថានដែលបានផ្ដាច់ជីវិតជនស៊ីវិលរាប់សែននាក់ ហើយចំណាយប្រាក់អស់ រាប់ទ្រីលានដុល្លារ ការគំរាមកំហែងនៃការវាយប្រហារលើសហរដ្ឋអាមេរិកនៅតែមាន បើទោះជាវាមើលទៅមានភាពខុសគ្នាខ្លាំងធៀបទៅនឹងឆ្នាំ២០០១ ក៏ដោយ។ ក្រុមភេរវករដែលប្រើប្រាស់ការសម្លាប់រង្គាលមនុស្សជា «យុទ្ធសាស្រ្តមួយ» នៅជុំវិញពិភពលោកធ្លាប់បានរីកដុះដាល ហើយក៏បានរួមតូចទៅវិញដែរ តែមិនទាន់ ត្រូវបានកម្ចាត់ទាំងស្រុងនោះទេ ដែលនេះមានន័យថាវត្ថុបំណងរបស់សហរដ្ឋអាមេរិក ដើម្បីកម្ចាត់ភេវរកម្មមិនទាន់អាចសម្រេចបានឡើយ។


ក្រុមសកម្មប្រយុទ្ធដែលមានឥទ្ធិពលរហូតដល់វាយប្រហារដោយជោគជ័យលើទឹកដីអាមេរិក ដូចជាអាល់កៃដា ប្រហែលជាត្រូវបានបន្សាប, បំបែកជាចំណែកតូចៗ ឬត្រូវបានធ្វើឱ្យទន់ខ្សោយពិតមែន។ ប៉ុន្តែ ក្រុមភេរវករជាច្រើនដែលគាំទ្រមនោគមន៍វិជ្ជារបស់អាល់កៃដា បានរីកសាយភាយទៅកាន់តំបន់ជាច្រើននៅជុំវិញ ពិភពលោក ដូចជាក្នុងតំបន់អាហ្រ្វិក, មជ្ឈិមបូព៌ា និងអាស៊ី។


ជាការពិតណាស់ មេដឹកនាំអាល់កៃដាជាច្រើនត្រូវបានកងទ័ពអាមេរិកសម្លាប់ ឬចាប់ខ្លួនទាំងរស់ ក្រោយព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា ក្នុងនោះរួមមានទាំងមេធំ អាល់កៃដា អូសាម៉ា ប៊ិន ឡាដិន (Osama bin Laden) ដែលត្រូវបានកងកុម្ម៉ង់ដូរពិសេសអាមេរិកបាញ់សម្លាប់នៅក្នុងប្រតិបត្តិការវាយឆ្មក់មួយនៅលើទឹកដីប៉ាគីស្ថាន កាលពីឆ្នាំ២០១១។ តែក្រុមអាល់កៃដានៅតែបន្តធ្វើសកម្មភាពនៅឡើយ ដោយពួកគេថែមទាំងបានបង្កើតបណ្ដាញ ឬសាខាក្នុងប្រទេសយ៉ាងហោចចំនួន១៧ ដូចជា អាហ្វ្រិកមានក្រុមអាល់សាបាប់ នៅសូមាលី, សាខាអាល់កៃដានៅលីប៊ី, អាល់ហ្សេរី, ទុយនីស៊ី និងម៉ាលី ហើយនៅអាស៊ីខាងត្បូង ដូចជាប្រទេសឥណ្ឌា, បង់ក្លាដែស ប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន រួមទាំងនៅមជ្ឈិមបូព៌ាដូចជា ស៊ីរី, យេមែន និងអ៉ីរ៉ាក់ ហើយនេះមិនទាន់រាប់បញ្ចូលក្រុម ISIS ផង។


លោក ព្រុស ហូហ្វម៉ាន (Bruce Hoffman) ជាមន្ត្រីជាន់ខ្ពស់ម្នាក់ផ្នែកកិច្ចប្រឆាំងភេរវកម្ម និងសន្តិសុខមកពីវិទ្យាស្ថានក្រុមប្រឹក្សាសម្រាប់ទំនាក់ទំនងអន្តរជាតិ

(Council for Foreign Relations) បានលើកឡើងថាក្នុងរយៈពេល ២០ឆ្នាំមកនេះ វាបង្ហាញរួចទៅហើយពីរបៀបដែលសហរដ្ឋអាមេរិកប្រយុទ្ធប្រឆាំងក្រុមភេរវករ នៅក្នុងតំបន់មួយ ហើយក្រោយមក ភេរវករនៅតែអាចឆ្លៀតឱកាសពង្រីកឥទ្ធិពលទៅកាន់តំបន់ផ្សេងទៀត ជាពិសេសគឺនៅតាមបណ្ដាប្រទេសដែលកំពុងមានជម្លោះ ឬសង្រ្គាមតែម្ដង។


ភេរវករទាំងនេះមិនមានសមត្ថភាពបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងសហរដ្ឋអាមេរិក ដូចកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ក៏ពិតមែន ប៉ុន្តែពួកគេនៅតែ បន្តសាបព្រោះមនោគមន៍វិជ្ជារបស់ពួកគេ ដែលនេះផ្ទុយទាំងស្រុងទៅនឹងអ្វីដែលលោក ចច ដាប់ប៊ែល យូប៊ូស អះអាងពីវត្ថុបំណងកម្ចាត់ភេរវករឱ្យអស់។ លើសនេះទៅទៀត ព្រឹត្តិការណ៍ដែលកើតឡើងថ្មីៗនេះ ក្នុងនោះរួមមានទាំងការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន រួមទាំងការឡើងកាន់អំណាចជាថ្មីរបស់ តាលីបង់ត្រូវបានក្រុមអ្នកជំនាញជាច្រើនព្រមានថាអាចនឹងកាន់តែធ្វើឱ្យបណ្ដាញ ឬសមត្ថភាពរបស់ពួកភេរវករកាន់រីកធំឡើង។


ការព្រមានបែបនេះមិនទាន់មានសញ្ញាណាមួយបង្ហាញថាវាអាចនឹងកើតឡើងនោះទេ ហើយអ្នកនាំពាក្យក្រុមរដ្ឋាភិបាលតាលីបង់ លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីដ ក៏ធ្លាប់បានសន្យាដែរថារដ្ឋាភិបាលរបស់លោកនឹងមិនអនុញ្ញាតឱ្យក្រុមណាមួយប្រើប្រាស់ទឹកដីអាហ្វហ្កានីស្ថានជាមូលដ្ឋាន ដើម្បីវាយប្រហារលើប្រទេសដទៃ ឬក៏ ប្រទេសជិតខាងរបស់អាហ្វហ្កានីស្ថានជាដាច់ខាត។ ប៉ុន្តែនេះជាពាក្យសន្យា ដោយគេនៅតែត្រូវរង់ចាំមើលការធ្វើសកម្មភាពជាក់ស្ដែងសិន។


បច្ចុប្បន្ន យុទ្ធសាស្ត្រទប់ទល់នឹងការវាយប្រហារភេរវកម្មត្រូវបានផ្លាស់ប្ដូរ ខណៈបណ្ដាប្រទេសដូចជាសហរដ្ឋអាមេរិកប្រហែលជាបានរៀនសូត្រមិនតិចនោះទេ ថាតើ យុទ្ធសាស្ត្របែបណា មាន ឬគ្មានប្រសិទ្ធភាព។ កាលពីឆ្នាំ២០០១ និងឆ្នាំបន្ទាប់ៗមក ការឆ្លើយតបរបស់សហរដ្ឋអាមេរិកទៅនឹងការវាយប្រហារភេរវកម្ម គឺធ្វើឡើង

ក្រោមក្របខណ្ឌនៃការធ្វើសង្រ្គាមទ្រង់ទ្រាយធំចូលឈ្លានពានអាហ្កានីស្ថានដែលវ៉ាស៊ីនតោនចោទថាជាទីជម្រករបស់អាល់កៃដា ហើយ «សង្រ្គាមប្រឆាំងភេរវកម្មនេះ» ត្រូវបានអាមេរិកប្រើប្រាស់ជា «វិធីបិទបាំងចេតនាពិតប្រាកដរបស់ខ្លួន» ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវស្របច្បាប់នៃវត្តមានយោធា និងសង្រ្គាមឈ្លានពានអ៉ីរ៉ាក់ ទោះជា អ៉ីរ៉ាក់មិនមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា ក៏ដោយ។


តែទោះជាយ៉ាងក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនអាមេរិកខ្លួនឯងបានចាប់ផ្ដើមធុនទ្រាន់នឹងសង្រ្គាមនៅក្រៅប្រទេស ហើយសូម្បីតែ ប្រធានាធិបតីអាមេរិកសព្វថ្ងៃលោក ចូ បៃដិន ក៏បានបញ្ជាក់ដែរថាយុគសម័យអាមេរិកធ្វើសង្រ្គាម ដើម្បីជួយបង្កើតប្រទេសដទៃបានដល់ទីបញ្ចប់ហើយ។


គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២១នេះ នៅសហរដ្ឋអាមេរិក ការព្រួយបារម្ភពីការគំរាមកំហែងនៃការវាយប្រហារពីខាងក្រៅមិនសូវធ្ងន់ធ្ងរ ដូចជាការព្រួយបារម្ភ ពីការវាយប្រហារនៅក្នុងស្រុកនោះទេ។ ការគំរាមកំហែងនៅក្នុងស្រុកបានរីកធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងសហរដ្ឋអាមេរិកនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការព្រួយបារម្ភពីការកើនឡើងនៃមនោគមន៍វិជ្ជារបស់ក្រុមអ្នកស្ដាំនិយមជ្រុល កំឡុងការកាន់អំណាចរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយបច្ចុប្បន្នការគំរាមកំហែងបែបនេះនៅតែបន្តកើនឡើង។


របាយការណ៍មួយនៃការិយាល័យនាយកស៊ើបការណ៍សម្ងាត់អាមេរិក ចេញផ្សាយកាលពីខែមីនា ឆ្នាំ២០២១នេះ បានព្រមានថាអំពើហិង្សាជ្រុលនិយមនៅក្នុងស្រុក នៅសហរដ្ឋអាមេរិកកំពុងបង្កការគំរាមកំហែងយ៉ាងធំ។ ដូច្នេះការកើនឡើងការគំរាមកំហែងនៅក្នុងស្រុក គួបផ្សំជាមួយការរីកដុះដាលនៃក្រុមដែលមានសម្ព័ន្ធភាព ឬជា សាខារបស់អាល់កៃដា និង ISIS ហើយក្នុងករណីដែលអាហ្វហ្កានីស្ថាននៅតែមានអស្ថិរភាព វាបានបង្ហាញថាទោះជាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងមុតមាំក្នុងការប្រយុទ្ធ ប្រឆាំងនឹងភេរវកម្មចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញាក៏ដោយ ក៏លទ្ធភាពនៃការវាយប្រហារលើ ឬនៅក្នុងសហរដ្ឋអាមេរិកគ្រប់រូបភាព, គ្រប់ទម្រង់នៅតែបន្តជា ក្ដីកង្វល់ដដែល។


«វាពិតជាពិបាកស្រមៃណាស់ថាពិភពលោកសព្វថៃ្ង មើលចេញពីសហរដ្ឋអាមេរិក ហើយធ្វើឱ្យយើងមានអារម្មណ៍ថាមានសុវត្ថិភាព សន្តិសុខ ឬដោយការពេញចិត្ត»។ នេះជាការកត់សម្គាល់របស់លោក Bruce Hoffman។ លោក Hoffman បន្ថែមទៀតថា «ជាអកុសល, ខ្ញុំគិតថាវាជាការពិតមួយដ៏សោកសៅ នោះគឺយើងមិនសូវមាន សុវត្ថិភាពទេ ដោយសារតែមានការគំរាមកំហែងជាច្រើនមកលើសហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន»៕


ប្រភព៖ Al Jazeera (ថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១)


ដោយៈ Fresh News

សម្ដេចតេជោ ៖ អាស៊ានចិនត្រូវបន្ត​ពួតដៃ​ប្រយុទ្ធប្រឆាំងយកឈ្នះកូវីដ១៩

ភ្នំពេញ ៖ ព្រឹកថ្ងៃទី១០កញ្ញានេះ .សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសន្ទរកថា ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ ឆ្នាំ ២០២១ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ាន មួយសម្រាប់អនាគតរួមគ្នា»។


ថ្លែងតាមប្រព័ន្ធវីដេអូទៅកាន់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ សម្តេចបញ្ជាក់ថា ចិន-អាស៊ាន ត្រូវបន្តពួតដៃគ្នាក្នុងការប្រយុទ្ធប្រឆាំង និងយកឈ្នះលើជំងឺកូវីដ-១៩ ដើម្បីធានានិរន្តរភាព​សកម្មភាព​សង្គម-សេដ្ឋកិច្ច និងការស់រានមានជីវិតរបស់ប្រជាជន។

សម្តេចបន្តថា ចិន-អាស៊ាន ត្រូវបន្តជំរុញកិច្ចសហការលើគ្រប់វិស័យ ជាពិសេសវិស័យ ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ក្នុងគោលបំណងពន្លឿនការស្តារសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយ​វិបត្តិ​នៃជំងឺកូវីដ-១៩ តាមរយៈការបើកឱ្យបានទូលំទូលាយជាងមុននូវទីផ្សារ និងរំហូរពាណិជ្ជកម្មសេរី ក៏ដូចជាសម្រួលដល់រំហូរវិនិយោគ ដើម្បីអនុញ្ញាតឱ្យកម្ពុជា ក៏ដូចជាប្រទេសផ្សេងទៀតក្នុងតំបន់ មានលទ្ធភាពអាចជំរុញការនាំចេញផលិតផលដែលមានសក្តានុពល និងទទួលបានធនធាន​ហិរញ្ញវត្ថុបន្ថែមទៀត។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា,សម្តេចក៏បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈ ជំនួយគ្រប់រូបភាព ទាំងផ្នែកបច្ចេកទេសព្យាបាលជំងឺកូវីដ-១៩ សម្ភារៈបរិក្ខារពេទ្យ និងជាពិសេស ជំនួយវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ព្រមទាំងការជួយសម្របសម្រួលដល់ភាគីកម្ពុជា នៅក្នុងការបញ្ជា ទិញវ៉ាក់សាំងពីប្រទេស ចិន ផងដែរ ។

សម្តេចបញ្ជាក់ថា កម្ពុជានឹងអាច សម្រេចបាននូវគោលដៅនៃការបង្កើតភាពស៊ាំ​សហគមន៍​នៅ​​ទូទាំង​ប្រទេស និងមានឱកាសបើកដំណើរការ ពេញលេញជាបណ្តើរៗ នៃសកម្មភាពសង្គម-សេដ្ឋកិច្ច នាពេលឆាប់ៗខាងមុខ ៕

អត្ថបទ មុត សុទ្ធ

សុន្ទរកថាទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ ឆ្នាំ ២០២១ក្រោមប្រធានបទ«ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយសម្រាប់អនាគតរួមគ្នា»

  សុន្ទរកថាទាំងស្រុង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ ឆ្នាំ ២០២១ក្រោមប្រធានបទ«ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយសម្រាប់អនាគតរួមគ្នា»

រាជធានីភ្នំពេញ តាមការថតវីដេអូចាក់ផ្សាយ, ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២១


− ឯកឧត្តម ប្រមុខដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតចិន;

− ឯកឧត្តម, លោកជំទាវ ប្រមុខរដ្ឋ, ប្រមុខរដ្ឋាភិបាល;

− ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី;

ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បី កសាងសហគមន៍ចិន-អាស៊ានមួយសម្រាប់អនាគតរួមគ្នា» ។ ជាការពិត, ពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ នេះ ជាសក្ខីកម្ម​នៃភាពជោគជ័យដ៏ត្រចះត្រចង់នៅក្នុងទំនាក់ទំនងដៃគូសន្ទនាចិន-អាស៊ាន និងបាននាំមកនូវការអភិវឌ្ឍលើ​គ្រប់វិស័យ និងវិបុលភាពសម្រាប់ប្រជាជាតិ និងប្រជាជនអាស៊ាន និងចិន ។ ក្នុងស្មារតីនេះ, ខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមអបអរសាទចំពោះខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនាចិន-អាស៊ាន និងខួបនៃការប្តេជ្ញាអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរវាងចិន-អាស៊ាន ។


ទន្ទឹមនេះដែរ, ជោគជ័យដ៏ត្រចះត្រចង់ក្នុងរយៈពេល ៣០ ឆ្នាំ កន្លងមក បានក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់អាស៊ាន និងចិន ក្នុងការដាក់ចេញនូវមាគ៌ាដ៏ត្រចះត្រចង់ និងបង្កើតនូវកាលានុវត្ត-ភាពថ្មី ដើម្បីឈានទៅសម្រេចបាននូវអនាគតរួមគ្នា ប្រកបដោយវិបុលភាព និងបរិយាប័ន្ន ។ ជាទិសដៅទៅអនាគត, ខ្ញុំយល់ឃើញថា ចិន-អាស៊ាន ត្រូវបន្តពួតដៃគ្នាក្នុងការប្រយុទ្ធប្រឆាំង និងយកឈ្នះលើជំងឺកូវីដ-១៩ ដើម្បីធានានិរន្តរភាពសកម្មភាពសង្គម-សេដ្ឋកិច្ច និងការស់រានមានជីវិតរបស់ប្រជាជន ។ ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាលក្ខណៈសកលបែបនេះ ទាមទារនូវសាមគ្គីភាព, ការជឿទុកចិត្ត, ការគិតគូរ និងអនុវត្តរួមគ្នា ប្រកបដោយភាពហ្មត់ចត់ និងក្រោមយន្តការពហុ- ភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ។


លើសពីនេះទៀត, ចិន-អាស៊ាន ត្រូវបន្តជំរុញកិច្ចសហការលើគ្រប់វិស័យ ជាពិសេសវិស័យ ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ក្នុងគោលបំណងពន្លឿនការស្តារសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ តាមរយៈការបើកឱ្យបានទូលំទូលាយជាងមុននូវទីផ្សារ និងរំហូរពាណិជ្ជកម្មសេរី ក៏ដូចជាសម្រួលដល់រំហូរវិនិយោគ ដើម្បីអនុញ្ញាតឱ្យកម្ពុជា ក៏ដូចជាប្រទេសផ្សេងទៀតក្នុងតំបន់ មានលទ្ធភាពអាចជំរុញការនាំចេញផលិតផលដែលមានសក្តានុពល និងទទួលបានធនធានហិរញ្ញវត្ថុបន្ថែមទៀត ។


− ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈ ជំនួយគ្រប់រូបភាព ទាំងផ្នែកបច្ចេកទេសព្យាបាលជំងឺកូវីដ-១៩ សម្ភារបរិក្ខារពេទ្យ និងជាពិសេស ជំនួយវ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ព្រមទាំងការជួយសម្របសម្រួលដល់ភាគីកម្ពុជា នៅក្នុងការបញ្ជា ទិញវ៉ាក់សាំងពីប្រទេស​ចិន ផងដែរ ។ ជាមួយគ្នានេះ ខ្ញុំក៏សូមកោតសរសើរចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបាននិងកំពុង​ចូលរួមយ៉ាងសកម្ម និងបំពេញតួនាទីឈានមុខ នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌសកល តាមរយៈការផលិត និងចែកចាយវ៉ាក់សាំង, ការផ្តល់ជំនួយជាសម្ភារបរិក្ខារពេទ្យ និងការចែករំលែកបទពិសោធន៍ក្នុងការទប់ស្កាត់, ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ ។


សម្រាប់កម្ពុជា, ទោះបីត្រូវបានចាត់ទុកថា ជាប្រទេសដែលធនធាននៅមានកម្រិត ក៏ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការដ្ឋានកំណែទម្រង់ កាន់តែស៊ីជម្រៅ សំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម ដែលកាន់តែរឹងមាំ និងមានភាពធន់ទៅនឹងវិបត្តិនាពេលអនាគត ។ ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមកនេះ, រាជរដ្ឋាភិបាលដៃម្ខាងបានប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺកូវីដ-១៩ តាមរយៈការអនុវត្តយុទ្ធសាស្រ្តបីសំខាន់គឺ ទប់-ស្កាត់, ព្យាបាល និងចាក់វ៉ាក់សាំង និងដៃម្ខាងទៀតអនុវត្តនូវគោលនយោបាយរក្សាលំនឹងជីវភាពប្រជាជន និងធុរកិច្ចនៅក្នុងគ្រប់វិស័យ ។ ជាមួយគ្នានេះដែរ, ក្នុងគោលបំណងពន្លឿនការបើកដំណើរការឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ច និងទប់ទល់នឹងការវាយលុកដោយមេរោគកូវីដ-១៩ ប្រភេទថ្មីៗ, រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២១ បានសម្រេចដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ-យុវវ័យ ដែលមានអាយុពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៣ ឬ ដូសជំរុញ ជូនដល់មន្រ្តីផ្តល់​សេវា សាធារណៈជួរមុខ ។


ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងខាងលើនេះ, កម្ពុជាក្លាយជាប្រទេសមួយ ក្នុងចំណោម បណ្តាប្រទេសក្នុងតំបន់ និងលើសកលលោក ដែលសម្រេចបាននូវយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងកម្រិតមួយខ្ពស់គួរឱ្យកត់សម្គាល់ ។ គិតត្រឹមដំណាច់ខែ សីហា ឆ្នាំ ២០២១ នេះ ធៀបនឹងផែនការ, ការចាក់វ៉ាក់សាំងចំនួន ២ដូស ជូនប្រជាជន ដែលមានអាយុ ១៨ ឆ្នាំឡើងសម្រេច បានចំនួន ៨៦% និងដូសទី ១ សម្រាប់កុមារ និងយុវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ សម្រេចបាន ៨១% ។ កម្ពុជានឹងអាច​សម្រេចបាននូវគោលដៅនៃការបង្កើតភាពស៊ាំសហគមន៍នៅទូទាំងប្រទេស និងមានឱកាសបើកដំណើរការ​ពេញលេញជាបណ្តើរៗ នៃសកម្មភាពសង្គម-សេដ្ឋកិច្ច នាពេលឆាប់ៗខាងមុខ ។ ដោយយល់ច្បាស់ពីកាលានុវត្តភាពនេះ, ជាមួយនឹងស្មារតីបុរេសកម្ម, រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងឥតរាថយ ក្នុងគោលដៅកែសម្រួលបរិយាកាសធុរកិច្ច, វិនិយោគ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការដាក់ចេញ និងអនុវត្តនូវវិធានការកែទម្រង់មុតស្រួចជាបន្តបន្ទាប់ ។


ជាទីបញ្ចប់, ខ្ញុំសូមជូនពរឱ្យពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ នេះ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងសូមជូនពរឯកឧត្តម, លោកជំទាវ, លោក, លោកស្រី មានសុខភាពល្អ និងជោគជ័យលើគ្រប់ភារកិច្ចរៀងៗខ្លួន ជាពិសេសសូមឱ្យបរវាសចៀសឆ្ងាយពីជំងឺកូវីដ-១៩ ៕