Tuesday, July 16, 2019

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វិធានការទប់ស្កាត់បទល្មើសព្រៃឈើ» នៅថ្ងៃទី១៨ ខែកក្កដា !

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំធ្វើសន្និសីទសារព័ត៌មាន ស្តីពី «វិធានការទប់ស្កាត់បទល្មើសព្រៃឈើ» នៅវេលាម៉ោង៩៖៣០នាទីព្រឹក​ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ នៅជាន់ផ្ទាល់ដីសាលប្រជុំ នៃទីស្តីការគណៈរដ្ឋមន្ត្រី។
បើតាមសេចក្តីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា សន្និសីទនេះ គឺមានទិសដៅ និងគោលបំណងពន្យល់ឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ ដែលកំពុងផ្តោតការយកចិត្តទុកដាក់ លើវិធានការប្រកបដោយប្រសិទ្ធភាព នៃការទប់ស្កាត់បទល្មើសព្រៃឈើ ដូចជា៖
* ទិដ្ឋភាពច្បាប់ និងវិធានការទប់ស្កាត់បទល្មើសព្រៃឈើ
* ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងវិធានការនាពេលកន្លងមក
* បញ្ហាប្រឈមផ្សេងៗ។
វាគ្មិនដែលនឹងអញ្ជើញចូលរួមរួមមាន៖ តំណាងក្រសួងបរិស្ថាន, តំណាងរដ្ឋបាលព្រៃឈើ, តំណាងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ៕

ជំនួបភាគី កម្ពុជា-ថៃ ស្តីពីគម្រោងកសាងមជ្ឈមណ្ឌលសំចតសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅក្រុងប៉ោយប៉ែត

នៅថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០១៩ ជំនួបទ្វើភាគី កម្ពុជា-ថៃ ស្តីពីការប្រុងប្រៀបកសាងមជ្ឈម​ណ្ឌលសំចតសម្រាប់​ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅក្រុងប៉ោយប៉ែត។ ភាគីកម្ពុជា ដឹក​នាំដោយលោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា និងភាគីថៃ ដឹកនាំដោយលោក ភិឈិត ប៊ុនស៊ុទ អគ្គរាជទូត និងជាប្រធាបេសកកម្ម ព្រះរាជាណាចក្រថៃ។
ក្នុងជំនួបពិភាក្សានេះក្នុងគោលបំណងជម្រុញកសាងមជ្ឈមណ្ឌលសំចតសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅក្រុងប៉ោយប៉ែត អំឡុងខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ព្រោះការកសាងមជ្ឈមណ្ឌលនេះ មានលក្ខណៈជាប្រវត្តិសាស្រ្ត សម្រាប់ការប្រារព្ធពិធីគំរប់ខួប៧០ឆ្នាំ នៃសម្ព័ន្ធភាព ថៃ-កម្ពុជា៕


លោក សាយ ឈុំ អញ្ជើញប្រទានភ្លើងបូជាសពលោកវីរ:សេនីយ៍ឯក ស៊ុំ សៀង អតីតនាយទាហ៊ានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ

នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លោក គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានអញ្ជើញជាអធិបតី និងប្រទានភ្លើងបូជាសព លោកវីរ:សេនីយ៍ឯក ស៊ុំ សៀង អតីតនាយទាហ៊ានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២​០១៩ វេលាម៉ោង ២ ទៀបភ្លឺ ក្នុងជន្មាយុ៩0ឆ្នាំ ដោយជរាពាធ ហើយដែលត្រូវបានក្រុមគ្រួ​សា​ររៀបចំតម្កល់ធ្វើបុណ្យទក្ខិនានុប្បទាន នៅគេហដ្ឋានសព ស្ថិតនៅភូមិទំនប់លើ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម និងប្រារព្ធពិធីបុណ្យបូជាសព នៅទីឈាបនដ្ឋានក្នុងបរិវេណវត្តទំនប់ ក្នុងភូមិ ឃុំខាងលើ។
លោក វីរ:សេនីយ៍ឯក ស៊ុំ សៀង ធ្លាប់បានចូលបំរើក្នុងក្រុមអ្នកតស៊ូខ្មែរឥស្សរៈ និងបានចូលរួមក្នុងចលនាតស៊ូ រំដោះប្រទេសជាតិមាតុភូមិជាច្រើនជំនាន់ ជាពិសេសពី របបប្រល័យពូជសា​សន៍ប៉ុលពត ហើយបានចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធ ការពារ ស្តារ និងកសាងប្រទេសជា​តិ កន្លងមកនេះ និងមានតួនាទីជានាយទាហ៊ានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទរហូតដល់វ័យចាស់ជរា និងចូលជានិវត្តជ។
មរណភាពរបស់ លោកតា ស៊ុំ សៀង គឺជាការបាត់បង់ នូវឥស្សរជនមួយរូប របស់ប្រទេសជាតិ ដែលក្នុងមួយជីវិត របស់លោក បានធ្វើពលិកម្ម គ្រប់បែបយ៉ាង និងចូលរួមដោយផ្ទាល់ក្នុងច​ល​នាតស៊ូ ស្នេហាជាតិ គ្រប់សម័យកាល៕













តើគួរចូលរួមគោរពលើកតម្លៃ និងថែរក្សាបរិស្ថានប្រាសាទអង្គរដោយវិធីណា?

រមណីយដ្ឋានអង្គរ គឺជាទីកន្លែងពិសិដ្ឋដែលប្រជាជនខ្មែរតែងតែធ្វើការគោរពបូជា ប្រតិបត្តិនូវជំនឿសាសនាជាទីសក្ការៈខ្ពង់ខ្ពស់បំផុតរបស់ខ្លួន។ ជាមួយគ្នានេះផងដែរ ប្រាសាទអង្គរ ដែលជាដួងព្រលឹងជាតិខ្មែរ គឺត្រូវបានអ្នកប្រវត្តិវិទូ និងបុរាណវិទូ ចាត់ទុកថាតំណាងឱ្យចក្រវាឡ។ គ្រប់ផ្នែកទាំងអស់នៃប្រាសាទអង្គរ ដូចជាប្រាង្គប្រាសាទ កសិន្ធុទឹក ទីធ្លាជុំវិញ សុទ្ធតែជាទីសក្ការៈបូជា ព្រោះក្នុងជំនឿសាសនា ប្រាង្គប្រាសាទគឺជាតំណាងភ្នំព្រះសុមេរុ ហើយកសិន្ធុទឹកតំណាងឱ្យមហាសមុទ្រដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុនោះ។ ទន្ទឹមនឹងនេះ ប្រជាជនខ្មែរតែងតែសម្លឹងមកប្រាសាទអង្គរប្រកបដោយក្តីមោទនៈជាទីបំផុតនៅពេលដែលគេរំឭកអំពីភាពរុងរឿងដ៏អស្ចារ្យរបស់ជាតិខ្មែរនាពេលអតីតកាល។ ដូច្នេះ យើងគួរគប្បីចូលរួមទាំងអស់គ្នាប្រកបដោយឆន្ទៈគោរពប្រតិបត្តិគ្រប់ផ្នែកទាំងអស់នៃប្រាសាទអង្គរ ចាត់ទុកជាទីសក្ការៈបំផុត។
បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា ក៏ដូចជាសាធារណជន បានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ពុំបានផ្តល់គុណតម្លៃដល់ប្រាសាទអង្គរដូចអត្ថន័យខាងលើឡើយ ពោលគឺបាននាំគ្នាអង្គុយនៅលើវាលស្មៅ លើថ្មច្រាំងកសិន្ធុប្រាសាទអង្គរវត្ត លើខឿនប្រាសាទផ្សេងៗ ដើម្បីសេពគ្រឿងស្រវឹង បើកឧបករណ៍បំពងសំឡេងកម្សាន្តសប្បាយខ្លាំងៗ ព្រមទាំងបន្សល់ទុកនូវសំរាមដែលបង្កការប៉ះពាល់ដល់ទីសក្ការៈ សោភ័ណភាព បរិស្ថាន និងសណ្តាប់ធ្នាប់ទូទៅផងដែរ។ ទង្វើទាំងនេះ បាននិងកំពុងធ្វើឱ្យបាត់បង់ជាបណ្តើរៗនូវភាពអច្ឆរិយៈ ភាពជាទីកន្លែងសក្ការៈបូជារបស់ប្រាសាទអង្គរ ហើយក៏ធ្វើឱ្យភ្ញៀវទេសចរបរទេសបាត់បង់នូវជំនឿមកលើទឹកដីដ៏អស្ចារ្យមួយនេះដូចដែលគេស្រមៃមុនពេលមកទស្សនា។
ការចូលរួមរបស់បងប្អូនជនរួមជាតិក្នុងការលើកតម្លៃ និងថែរក្សាបរិស្ថានប្រាសាទអង្គរ តាមរយៈសកម្មភាពដោយប្រយោល ដោយមិនពិសារអាហារ សេពគ្រឿងស្រវឹងនៅលើវាលស្មៅ និងមិនបោះសំរាមចោលផ្តេសផ្តាសជុំវិញបរិវេណប្រាសាទអង្គរ ពិសេសគោរពទៅតាមក្រមប្រតិបត្តិអង្គរ នោះគឺជាការគោរពចំពោះស្នាដៃដូនតាយើង និងចូលរូមអភិរក្សមួយផ្នែកធំរួចទៅហើយ។ ក្នុងន័យនេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាបញ្ឈប់សកម្មភាពទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃនៃរមណីយដ្ឋានអង្គរ និងចូលរួមថែរក្សាកេរ្តិ៍មត៌កដូនតាទាំងអស់គ្នាជាពិសេសប្រាសាទអង្គរយើង។ សូមឱ្យប្រាសាទអង្គរនៅតែជាទីអច្ឆរិយៈជារៀងរហូត!


អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ហាប់ គឺមអាន / លោក រឿម ផល្លា





ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អរគុណសហភាពអឺរ៉ុប ចំពោះជំហរបន្តគាំទ្រ និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបលោក ច្សច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ពិភាក្សាអំពីការអនុវត្តន៍កម្មវិធី សម្រាប់កិច្ចសហ- ប្រតិបត្តិការ កម្ពុជា-សហភាពអឺរ៉ុប។
ក្នុងជំនួបដែលរៀបចំឡើងនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ច្សច អេដហ្គា និងសហការី និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រផែ្នកហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរកន្លងមក រវាងសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ច្សច អេដហ្គា ក៏បានវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យនៃ ការអនុវត្តគម្រោងនានាក្រោមក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសហភាពអឺរ៉ុប។ ដូចដែល បានកំណត់ក្នុងកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង តាមកម្មវិធីកែទម្រង់នីមួយៗ នៃកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប, ការវាយតម្លៃនៃការអនុវត្តក្របខណ្ឌឆ្នាំ ២០១៨ មានជាលទ្ធផលដូចខាងក្រោម៖
១៖ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ត្រូវបើកផ្តល់ថវិកាសម្រាប់ឆ្នាំ ២០១៩ ចំនួន ៤.៣លានអឺរ៉ូ។
២៖ ភាពជាដៃគូកំណែទម្រង់វិស័យអប់រំឆ្នាំ ២០១៨-២០២១ ត្រូវបើកផ្តល់ថវិកាសម្រាប់ឆ្នាំ ២០១៩ ចំនួន ១៧.៥ លានអឺរ៉ូ។
៣៖ កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) ត្រូវបើកផ្តល់ថវិកាសម្រាប់ឆ្នាំ ២០១៩ ចំនួន ៥លានអឺរ៉ូ។
អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណសហភាពអឺរ៉ុប ចំពោះជំហរបន្តគាំទ្រ និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលបន្ថែមទៀត ដែលឆ្លុះបញ្ចាំងអំពីសុភវិនិច្ឆ័យ ចំពោះសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលកម្ពុជាខិតខំសម្រេចបាន។
ចំពោះកម្មវិធីទាំង៣ខាងលើ, អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី នឹងជំរុញ និងសម្របសម្រួលជាមួយក្រសួងជំនាញពាក់ព័ន្ធ ដើម្បីរៀបចំឯកសារគាំទ្រសម្រាប់ការ បន្តបើកផ្តល់ថវិកាឆ្នាំ២០១៩ ក្នុងខែសីហា ឆ្នាំ២០១៩នេះ៕



អ្នកវិភាគហុងកុង៖ ការលក់ស្មាតហ្វូនរបស់ Huawei នឹងបានលើសពីការព្យាករណ៍ ខណៈអាមេរិកបន្ធូរបន្ថយការរឹតត្បិត

(ហុងកុង)៖ អ្នកវិភាគហុងកុងឈ្មោះ Guo Minghao មកពីក្រុមហ៊ុនមូលបត្រអន្តរជាតិ TF International Securities បាននិយាយ ថា អត្រានៃការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនចិន Huawei ក្នុងឆ្នាំ២០១៩នេះ នឹងលើសពីការព្យាករណ៍មុនពេលដែល Huawei ជាប់បញ្ជីខ្មៅរបស់អាមេរិកទៅទៀត ខណៈ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានសន្យាបន្ធូរបន្ថយការឹតត្បិតលើ Huawei។ នេះបើ តាមការដកស្រង់ការផ្សាយចេញពីវែបសាយ Forbes នៅរសៀលថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩។
បើតាមលោក Guo ការលក់ស្មាតហ្វូន Huawei នៅឆ្នាំនេះ អាចឡើងដល់២៦០លានគ្រឿង ដែលវាច្រើនជាង២៥០លានគ្រឿង ដែលជាចំនួននៃ ការព្យាករណ៍មុន ពេលក្រុមហ៊ុន Huawei ជាប់បញ្ជីខ្មៅពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោនទៅទៀត។ ហើយ មិនតែប៉ុណ្ណោះ ក្រោយពេលត្រូវអាមេរិកកត់ឈ្មោះចូលបញ្ជីខ្មៅ ថែមទាំងមានព័ត៌មានថា Huawei បានសម្រេចបន្ទាបការព្យាករណ៍ នៃ ការលក់ស្មាតហ្វូនសម្រាប់អំឡុងពេល០៦ខែចុងក្រោយនៃឆ្នាំ២០១៩នេះ ក្នុងអត្រាពី២០ទៅ៣០ភាគរយ និងបន្ថយ ក៏ដូចជា លុបចោលការបញ្ជាទិញទៅកាន់បណ្តាក្រុមហ៊ុន ដែលជាអ្នកផ្គត់ផ្គង់ធំៗរបស់ខ្លួន។
អ្នកវិភាគហុងកុងខាងលើ បានលើកឡើងថា ការលក់ស្មាតហ្វូនបានចំ នួន២៦០គ្រឿងនេះ គឺអាស្រ័យទៅការស្តារទំនាក់ទំនង ប្រតិបត្តិការអាជីវកម្មឲ្យដូចដើមឡើងវិញរវាង Huawei និង Google ព្រោះស្មាតហ្វូនគ្រប់ស៊េរីរបស់ក្រុមហ៊ុន Huawei ដំណើរ ការ នៅលើប្រព័ន្ធប្រតិបត្តិការ Android OS របស់ Google ព្រមទាំងកម្មវិធីជាច្រើនទៀតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនេះរបស់ អាមេរិក ។ កត្តាមួយទៀត គឺសម្អាងទៅលើសន្ទុះកើនឡើងនៃការលក់ស្មាតហ្វូនក្នុងប្រទេសចិនផ្ទាល់ ដែលជាទីផ្សារធំជាងគេ បំផុតនៅលើពិភពលោក ស្របពេលដែល Huawei បានស្ថិតក្រោមការតាមដាក់សម្ពាធធ្វើបាបពីអាមេរិក។
គួរជម្រាបថា កាលពីឆ្នាំមុន កំណើនមួយចំនួនរបស់ក្រុមហ៊ុន Huawei គឺបានមកពីការធ្វើអាជីវកម្មស្មាតហ្វូន ហើយនៅពេលចូល មកដល់ឆ្នាំ២០១៩ គ្រប់គ្នាបានរង់ចាំផ្ទៀងភ្នែកមើលថាតើ ក្រុមហ៊ុនចិនដែលទើបតែរះត្រដែតខាងផ្នែកស្មាតហ្វូនមួយនេះ អាច បន្តប្រកួតប្រជែងឡើងដល់កម្រិតណាទៀតជាមួយក្រុមហ៊ុនស្មាតហ្វូនធំៗដែលដើរមុនខ្លួនដូចជា Apple របស់អាមេរិក និងជា ពិសេស Samsung របស់កូរ៉េខាងត្បូងតែម្តង ដែលកំពុងឈរនៅកំពូលតារាង។
បើយើងងាកទៅសំឡឹងមើលរបាយការណ៍ស្មាតហ្វូនកាលពីឆ្នាំ២០១៧ និងឆ្នាំ២០១៨ ក្រុមហ៊ុន Huawei ហាក់មានសន្ទុះយ៉ាង ខ្លាំង ក្លាជាងក្នុងការលក់ស្មាតហ្វូន។ ការប្រៀបធៀបគ្នារវាងឆ្នាំ២០១៨និងឆ្នាំ២០១៧ បានបង្ហាញថា Huawei ទទួលបានកំណើនប្រចាំឆ្នាំ រហូត ដល់ជិត៣៤ភាគរយ រីឯ Samsung បានថយចុះ៨ភាគរយ ហើយ Apple ថយ៣.២ភាគរយ។
សម្រាប់ការលក់ស្មាតហ្វូនវិញ នៅឆ្នាំ២០១៧ Huawei លក់បាន១៥៤លានគ្រឿង ជាមួយទំហំទីផ្សារប្រមាណ១០.៥ភាគរយ តែនៅឆ្នាំ២០១៨ Huawei លក់ស្មាតហ្វូនបាន ២០៦លានគ្រឿង ជាមួយទំហំទីផ្សារ១៤.៧ភាគរយ។ ចំណែក Samsung នៅឆ្នាំ ២០១៧ លក់បាន ៣១៧.៧លានគ្រឿង ជាមួយទំហំទីផ្សារ២១.៧០ភាគរយ តែក្នុងឆ្នាំ២០១៨ ការលក់ស្មាតហ្វូនរបស់ ក្រុមហ៊ុន Samsung បានថយមកនៅ២៩២.៣លានគ្រឿង ជាមួយទំហំទីផ្សារ២០.៨ភាគរយ។ មកដល់ Apple របស់អាមេរិកវិញ នៅឆ្នាំ ២០១៧ លក់បាន២១៥.៨លានគ្រឿង ជាមួយទំហំទីផ្សារ១៤.៧ភាគរយ ខណៈនៅឆ្នាំ២០១៨ Apple លក់បាន២០៦លានគ្រឿង ជាមួយទំហំទីផ្សារ១៤.៩ភាគរយ។ អ្វីគួរឲ្យកត់សម្គាល់ក្រុមហ៊ុនស្មាតហ្វូនពីរទៀតដែលឈរនៅលេខ៤និងលេខ៥ គឺសុទ្ធតែ ជាក្រុមហ៊ុនរបស់ចិន រួមមាន Xiaomi ដែលនៅឆ្នាំ២០១៨ លក់បាន១២២.៦លានគ្រឿង និង OPPO ដែលក្នុងឆ្នាំដូចគ្នាលក់ បាន ១១៣.១លានគ្រឿង។
គួរជម្រាបថា មុនពេលមានបញ្ហារកាំរកូសដែលបង្កឡើងដោយរដ្ឋាភិបាលអាមេរិក ក្រុមហ៊ុន Huawei ថែមទាំងហ៊ានអះអាងថា នៅឆ្នាំ២០២០ ខ្លួននឹងអាចដណ្តើមតំណែងលេខ១ពី Samsung បានទៀតផង៕


កាកបាទក្រហមកម្ពុជា ទទួលអាហារូបករណ៍ ១០០% ថ្នាក់បរិញ្ញាបត្រចំនួន ១៥០កន្លែង ពីពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩ នេះ ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា បានព្រះរាជទានដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នូវអាហារូបករណ៍ ១០០% ថ្នាក់បរិញ្ញាបត្រ ចំនួន ១៥០កន្លែង សម្រាប់ផ្តល់ជូនយុវជនដែលមានជីវភាពលំបាកនៅតាមបណ្តាខេត្តនានា ឱ្យទទួលបានឱកាសសិក្សាបន្តថ្នាក់បរិញ្ញាបត្រដោយឥតបង់ថ្លៃរយៈពេល៤ឆ្នាំ ក្នុងឆ្នាំសិក្សា២០១៩-២០២០ ទៅលើឯកទេស ១/ វិទ្យាសាស្ត្រអប់រំ ២/ ទស្សនវិជ្ជាសាសនា ៣/ ព័ត៌មានវិទ្យា ៤/ អក្សរសាស្ត្រអង់គ្លេស ៥/ នីតិសាស្ត្រ និង៦/ គ្រប់គ្រងទូទៅ។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើទូលប្រគេនព្រះពរ និងថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅថ្វាយ សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលព្រះអង្គបានប្រោសព្រះរាជទាននូវអាហារូបករណ៍សម្រាប់យុវជនឱ្យទទួលបានការសិក្សាបន្ត ដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សី ជាធនធានមនុស្សដ៏សំខាន់របស់ប្រទេសជាតិ។ កាកបាទក្រហមកម្ពុជា នឹងផ្សព្វផ្សាយពី អាហារូបករណ៍ ទាំងនេះ ទៅតាមសាខា កាកបាទក្រហមកម្ពុជា ទាំង ២៥ រាជធានី -ខេត្ត ដេីម្បីផ្តល់ដល់យុវជនមានជីវភាពលំបាក ដែល នឹងប្រឡងជាប់មធ្យមសិក្សាទុតិយភូមិខាងមុខនេះ។
ក្នុងព្រះបរមនាម ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា លោក ងួន ស្តេចភក្តី សាកលវិទ្យាធិការរង និងគណៈប្រតិភូ បានពាំនាំព្រះបន្ទូលផ្តាំផ្ញើប្រទានពរ និងថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលអនុញ្ញាតឱ្យគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
សូមបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ ដោយបានប្រោសព្រះរាជទាននាមពី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងទទួលស្គាល់គុណភាពអប់រំពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ហៅកាត់ថា ACC) ក្នុងការបណ្តុះបណ្តាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន។ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានជ្រើសរើសសាមណនិស្សិត-និស្សិត បាន១៤ជំនាន់មកហើយ ដោយមាននិស្សិតបញ្ចប់ការសិក្សាតាំងពីឆ្នាំ២០០៤ ដល់បច្ចុប្បន្នចំនួន ៣,២១៥នាក់ (ស្រី ១,៤៤៦នាក់)។ ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ មានសាមណនិស្សិត-និស្សិត ១,០៧៥នាក់ និងនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានក្នុងឆ្នាំសិក្សា២០១៩-២០២០ ចំនួន ៥៣៣នាក់ ដែលសរុបសាមណនិស្សិត-និស្សិតកំពុងសិក្សាមានចំនួន ១,៦០៨នាក់ (ស្រី ៨៦៨នាក់)។
អាសយដ្ឋានស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទល់មុខស្ថានទូតរុស្ស៊ី ក្បែរផ្សារទំនើបអុីអន១ ៕





រលំអគារសង្កត់មនុស្ស៥០នាក់ នៅទីក្រុងម៉ុមបៃរបស់ឥណ្ឌា (Photo inside)

(ញូដេលី)៖ អគារមួយខ្នងកម្ពស់០៤ជាន់បានដួលរលំនៅទីក្រុង ម៉ុមបៃ (Mumbai) ប្រទេសឥណ្ឌា ដោយមនុស្សពី ៤០-៥០នាក់ត្រូវគេព្រួយបារម្ភថា អាចកំពុងជាប់ខ្លួនពីក្រោមគំនរអគារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩។
អគារខាងលើស្ថិតនៅតំបន់ ដុនគ្រី (Dongri) នៃទីក្រុង Mumbai ខណៈក្រោយកើតហេតុ កម្លាំងប៉ូលិស ភ្នាក់ងារពន្លត់អគ្គីភ័យ និងក្រុមឆ្លើយតបគ្រោះមហន្តរាយ ត្រូវបានចល័តទៅដល់កន្លែងកើតហេតុជាបន្តបន្ទាប់ និងកំពុងធ្វើប្រតិបត្តិការរុករក និងជួយសង្រ្គោះយ៉ាងសស្រាក់សស្រាំ។ មកទល់ពេលនេះមិនទាន់មានការបញ្ជាក់ តួលេខជនរងគ្រោះជាផ្លូវការ ពីអាជ្ញាធរឥណ្ឌាផ្ទាល់នៅឡើយទេ។
គួរជម្រាបថា ហេតុការណ៍ដួលរលំអគារស្រដៀងៗគ្នានេះ រមែងកើតមានឡើងជាញឹកញាប់ នៅក្នុងប្រទេសឥណ្ឌា ដែលបានបណ្តាលមកពីគ្រោះធម្មជាតិ ការសាងសង់ខុសបច្ចេកទេស និងអគារចាស់ទ្រុឌទ្រោមជាដើម៕



មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល៖ កូនក្ដៅខ្លួនលើស ២ថ្ងៃ ប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យ អាចចៀសផុតពីគ្រោះថ្នាក់ដល់ជីវិត ដោយជំងឺគ្រុនឈាម

(ត្បូងឃ្មុំ)៖ លោកសាស្រ្តាចារ្យ ឃីន ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា កូនក្ដៅខ្លួនលើស ២ថ្ងៃ ត្រូវប្រញាប់បញ្ជូនមកមន្ទីរពេទ្យ អាចចៀសផុតពីគ្រោះថ្នាក់ដល់ជីវិត ដោយសារជំងឺគ្រុនឈាម។
លោកសាស្រ្តាចារ្យ ឃីន ស៊ុនណារ៉ា ថ្លែងបែបនេះ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងថែទាំ និងព្យាបាលជំងឺគ្រុនឈាម នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ។
ប្រធានមន្ទីរសុខាភិបាលខេត្ត ថ្លែងបញ្ជាក់ថា៖ «កូនក្ដៅខ្លួនលើស២ថ្ងៃ ប្រញាប់បញ្ជូនមកមន្ទីរពេទ្យ អាចចៀសផុតពីគ្រោះថ្នាក់ដល់ជីវិត ដោយជំងឺគ្រុនឈាម។ ប៉ុន្តែហាមដាច់ខាត ពេលកូនក្ដៅខ្លួនលើសពី២ថ្ងៃ ទៅទិញថ្នាំនៅតាមឱសថស្ថាន ឬទៅគ្លីនិកឯកជនណា ដែលគ្មានជំនាញព្យាបាលជំងឺគ្រុនឈាមឱ្យសោះ»។
លោកសាស្រ្តាចារ្យ ឃីន ស៊ុនណារ៉ា បានផ្ដាំផ្ញើដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាអប់រំដល់ពលរដ្ឋថា គ្មានជម្រកមូសខ្លា គ្មានមូសខ្លា គ្មានមូសខ្លា គ្មានការចំលងជំងឺគ្រុនឈាម។ លោកបន្តថា «យើងត្រូវរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍របស់យើង ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម»៕





អគ្គិសនីខេត្តស្វាយរៀងជូនដំណឹងពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីដើម្បីឱ្យក្រុមហ៊ុន Electricity Professional Service Co.,Ltd អនុវត្តការងារដាំបង្គោលអគ្គិសនីតង់ស្យុងមធ្យម

ស្វាយរៀង៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ អគ្គិសនីខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីដើម្បីឱ្យក្រុមហ៊ុន Electricity Professional Service Co.,Ltd អនុវត្តការងារដាំបង្គោលអគ្គិសនីតង់ស្យុងមធ្យម ២២គីឡូវ៉ុល នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖


សិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកង្វក់ និងការបណ្តុះបណ្តាលមន្ត្រីច្រកចេញចូលតែមួយក្រុង ស្រុក

សៀមរាប៖ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០១៩នេះ មានបើកសិក្ខាសាលាផ្សព្វផ្សាយ ខ្លឹមសារអនុក្រឹត្យ ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និង ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកង្វក់ និង ការបណ្តុះបណ្តាលមន្ត្រីច្រកចេញចូលតែ មួយក្រុង ស្រុក ទៅលើមុខងារដែលបានធ្វើប្រតិភូកម្ម ដែលរៀបចំឡើងដោយក្រសួងសាធារណការនិងដឹកជញ្ជូន។ អង្គសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សួន រចនា រដ្ឋលេខាធិការ និង ជាអនុប្រធានប្រចាំការ នៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក អ៊ាន ឃុន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី សំណាក់ អស់លោក លោកស្រី ជាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និង គណៈអភិបាលខេត្ត ក្រុង ស្រុក មន្តី្រជំនាញមានការពាក់ព័ន្ធមកពី៥ខេត្ត , ខេត្តសៀមរាប ឧត្តរមានជ័យ, កំពង់ធំ , ព្រះវិហារ និង ខេត្តកំពង់ចាម សរុបចំនួន ២៣០នាក់ចូលរួម ។
លោក សួន រចនា បានធ្វើការវាយ តម្លៃខ្ពស់ក្នុងការរៀបចំអង្គសិក្ខាសាលានេះឡើង គឺមិនត្រឹមផ្តល់នូវជំនាញ និង ចំណេះដឹងប៉ុណ្ណោះទេ គឺជាវេទិកាមួយសម្រាប់ផ្លាស់ប្តូរមតិយោបល់ បទពិសោធន៍ការងារ និង បញ្ហាប្រឈមនានា ដែលកើតក្នុងពេលអនុវត្តការងារជាក់ស្តែង ថែមទាំងជាឱកាសមួយសម្រាប់កំណត់ការកែលម្អ ដើមី្បឆ្លើយតបទៅនឹងបរិការណ៍ថ្មីៗនៃសង្គមសេដ្ឋកិច្ចជាតិ បច្ចុប្បន្ន និង ទៅអនាគត។ លោកក៏បានលើកផងដែរ អំពីកិច្ចសហប្រតិបត្តិការបានល្អរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការចែករំលែកនូវចំណេះដឹង ការរៀនសូត្រពីគ្នាទៅវិញទៅមកទៀតផង។ ម៉្យាងទៀតការដាក់ចេញ និងការអនុវត្តគោលនយោបាយ កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដែលជាការកែទម្រង់ការគ្រប់គ្រងរដ្ឋបាលតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលបានឆ្លុះបញ្ចាំងឲ្យឃើញពីការក្តាប់ជាប់នូវកាលានូវត្តភាព ការធ្វើសេចក្តីសម្រេចចិត្តត្រឹមត្រូវនៃប្រវត្តិសាស្ត្ររបស់យើង និងទុកចិត្តបានសម្រាប់ជោគវាសនាប្រទេសជាតិ និងប្រជាពលរដ្ឋទៅអនាគត ។
លោក សួន រចនា ក៏បានគូសបញ្ជាក់ថា ការផ្ទេរមុខងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ត្រូវបានធ្វើការផ្សព្វផ្សាយ និងបណ្តុះបណ្តាលនៅគ្រានេះ គឺជាមុខងារដែលត្រូវផ្ទេរ ហើយក្រសួងក៏ត្រូវពេលវេលាសមស្របមួយ ដើមី្បសិក្សាពិនិត្យ និងរៀបចំផ្ទេរមុខងារជាក់លាក់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិដើមី្បឲ្យការអនុវត្តកំណែទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានប្រសិទ្ធភាព និងនិរន្តរភាព។ លោកក៏បានបន្តទៀតថា ការធ្វើកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ក៏តែងជួបនូវឧបសគ្គមួយចំនួនដោយជៀសមិនផុត ហើយភាពជោគជ័យនៃរបៀបវារៈកំណែទម្រង់ គឺផ្តើមចេញពីការចូលរួមរបស់ភាគី ពាក់ព័ន្ធ ដែលជាកត្តាដ៏ចាំបាច់បំផុត មិនអាចខ្វះបាន។
លោករដ្ឋលេខាធិការ ក៏មានជំនឿយ៉ាងមុតមាំផងដែរថា ក្នុងរយៈ ពេល២ថ្ងៃ នៃអង្គសិក្ខាសាលានេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗ ព្រមទាំងចំណុចខ្លាំងនិងខ្សោយ ដែលជាទិសដៅត្រូវបន្តអនុវត្តនៅថ្នាក់ក្រោមជាតិ ហើយក៏ជាគោលបំណងចុងក្រោយនៃការកែទម្រង់នេះ គឺការអភិវឌ្ឍរដ្ឋបាល ថ្នាក់ក្រោមជាតិ ឲ្យក្លាយជាស្ថាប័នកាន់តែមានសមត្ថភាព លទ្ធភាពយ៉ាងពេញលេញ ក្នុងការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈចាំបាច់នានា ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយគំនិតផ្តួចផ្តើម និងអាចមានភាពបទបែន រស់រវើកទៅតាមស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាន៕




ក្រសួងសុខាភិបាល ជូនដំណឹងពីកាលបរិច្ឆេទប្រឡងចូលបម្រើការងារក្របខណ្ឌក្រសួងនៅថ្ងៃទី១០-១១ ខែសីហាខាងមុខនេះ!

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា កាលបរិច្ឆេទនៃការប្រឡងប្រជែងចូលបម្រើការងារ នៅអង្គភាពនានាក្រោមឱវាទក្រសួងសុខាភិបាល ដែលនឹងប្រព្រឹត្ដទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ ហើយមណ្ឌលប្រឡង នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ និងវិទ្យាល័យបាក់ទូក។

នៅក្នុងដំណើរការនៃការប្រឡងប្រជែងនេះ ក៏មានការចូលរួមពីតំណាងក្រសួងមុខងារសាធារណៈ និងអ្នកសង្កេតការណ៍ពី អង្គភាពប្រឆាំងអំពើពុករលួយផងដែរ សំដៅធានានូវភាពត្រឹមត្រូវយុត្តិធម៌ និងជៀសវាងនូវពាក្យចចាមអារ៉ាម ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រសួង៕


ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ៖ ជំងឺបេស្តជ្រូកអាហ្វ្រិច មិនអាចឆ្លងមកមនុស្សតាមរយៈការបរិភោគប្រចាំថ្ងៃនោះទេ

(ព្រះវិហារ)៖ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានថ្លែងថា សូមបងប្អូនប្រជាពលរដ្ឋ កុំមានការភ័យខ្លាចពីការឆ្លងជំងឺបេស្តជ្រូកអាហ្វ្រិច តាមរយៈការបរិភោគប្រចាំថ្ងៃ ព្រោះមកទល់ពេលនេះ តាមការបញ្ជាក់ពីជំនាញវិទ្យាសាស្ត្រ មិនទាន់រកឃើញសញ្ញាណាមួយបញ្ជាក់ថា ជំងឺបេស្តជ្រូកនេះ ឆ្លងពីជ្រូកទៅមនុស្សតាមរយៈការបរិភោគនោះទេ ក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋ ក៏ត្រូវមានការប្រុងប្រយ័ត្នជៀសវាងកុំបរិភោកសាច់សត្វ ដែលងាប់ដោយសារជំងឺឱ្យសោះ។
លោក ពឹង ទ្រីដា បានលើកឡើងយ៉ាងដូចនេះ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកដឹកនាំក្រុមការងារ នៃការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ចុះផ្សព្វផ្សាយពីជំងឺបេស្តជ្រូកអាហ្វ្រិច ជូនដល់ប្រជាកសិករ ដែលចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ និងចុះបាញ់ថ្នាំសម្លាប់មេរោគ តាមទ្រុងចិញ្ចឹមជ្រូករបស់ប្រជាកសិករ រស់នៅក្នុងភូមិភារៈកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
លោក ពឹង ទ្រីដា បានថ្លែងបន្ថែមថា ដើម្បីការពារនៅជំងឺបេស្តជ្រូកអាហ្វ្រិច ក៏ដូចជាជំងឺផ្សេងៗទៀត ដែលតែងតែកើតមានឡើងនៅលើសត្វជ្រូក មន្ត្រីជំនាញនៃការិយាលយ័ផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្ត តែងតែដឹកនាំក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគ តាមទ្រុងចិញ្ចឹមជ្រូករបស់ប្រជាកសិករ និងផ្សព្វផ្សាយពីជំងឺបេស្តជ្រូកអាហ្វិក និងវិធានការការពារ ការចម្លង ព្រមទាំងបានចែកថ្នាំសម្លាប់មេរោគ សម្រាប់គាត់ប្រើប្រាស់ពេលក្រោយៗទៀត។
លោក ពឹង ទ្រីដា បានគូសបញ្ជាក់ទៀតថា ការងារបន្តបន្ទាប់ដែលមន្ត្រីជំនាញការិយាលយ័បសុព្យាលត្រូវធ្វើបន្តទៀតនោះ គឺចុះធ្វើជីវសុវត្ថិភាពតាមទីសត្តឃាតដ្ឋាន ចុះពង្រឹងតាមទីសត្តឃាតដ្ឋាន ពិនិត្យជ្រូកដែលនាំចូល ពិនិត្យឱ្យច្បាស់លាស់ ថាមានប្រភពមិនមានជំងឺ១០០% ក៏ដូចជាធ្វើអនាម័យតាមទីសត្តឃាតដ្ឋាន ដើម្បីការពារជំងឺបេស្តជ្រូកផងដែរ។
លោកបញ្ជាក់ទៀតថា បើគិតមកដល់ពេលនេះ ក្នុងខេត្តព្រះវិហារ នៅមិនទាន់ឃើញមានរោគសញ្ញាណាមួយកើតឡើង ក្នុងសត្វឃាតដ្ឋាន ឬកសិដ្ឋានចិញ្ចឹមជ្រូកណាមួយឡើយ ក្រៅពីចរាចរណ៍លក់សាច់សត្វជ្រូកចិញ្ចឹមក្នុងស្រុក និងជ្រូករបស់ក្រុមហ៊ុននោះទេ។ ហើយវិធានការ ក្នុងការបង្ការការពារ ដើម្បីកុំឲ្យឆ្លងនៃជំងឺនេះមកសត្វជ្រូក ដែលមិនទាន់មានផ្ទុះនោះគឺ ត្រូវឧស្សាហ៍ធ្វើអនាម័យសម្អាតក្នុងទ្រុងចិញ្ចឹមទាំងជីវសុវត្ថិភាព ការចេញចូលត្រូវហ្មត់ចត់ មានការផ្លាស់ប្តូរសម្លៀកបំពាក់ ត្រូវដាក់ថ្នាំសម្លាប់មេរោគជាប្រចាំ៕





តួកគីហាក់ដូចជាលែងខ្វល់នឹងទណ្ឌម្មអាមេរិក ដោយគិតតែប្រឹងដំឡើង S-400 ឲ្យរួចរាល់នៅឆ្នាំ២០២០

(អ៊ីស្តង់ប៊ុល)៖ ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ (Tayyip Erdogan) នាដើមសប្តាហ៍នេះបានឲ្យដឹងថា ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ដែលទើបទទួលបានពីប្រទេសរុស្ស៊ី នឹងត្រូវដំឡើងពេញលក្ខណៈទាំងស្រុងនៅខែមេសា ឆ្នាំ២០២០។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩។
គ្រឿងបរិក្ខាផ្សេងៗនៃប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ដែលទីក្រុងអង់ការ៉ា បានចុះកិច្ចព្រមព្រៀងទិញក្នុងតម្លៃរាប់ពាន់លានដុល្លារ កាលពីប៉ុន្មានឆ្នាំមុននោះ ទីបំផុតត្រូវបានប្រគល់ដល់ដៃតួកគី ខណៈយន្តហោះខ្នាតធំចំនួន ០៨គ្រឿង ត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនសម្ភារៈទាំងអស់នោះ។
លោក Erdogan បានគូសបញ្ជាក់ថា ដំណើរការដំឡើងកំពុងតែចាប់ផ្តើមជាបណ្តើរៗហើយ តែទម្រាំមានលក្ខណៈពេញលេញទាំងស្រុង គឺអាចដល់ខែមេសា ឆ្នាំ២០២០ ទើបហើយជាស្ថាពរ។ ការលើកឡើងរបស់លោកបែបនេះ ហាក់ដូចជាបង្ហាញថា តួកគីលែងខ្វាយខ្វល់នឹងការគំរាមដាក់ទណ្ឌកម្ម របស់អាមេរិកទៀតហើយ និងថែមទាំងបានព្រលយពាក្យសម្តីកាលពីថ្ងៃម្សិលមិញនេះទៀតថា អំណាចដាក់ទណ្ឌកម្ម គឺស្ថិតនៅលើលោក ដូណាល់ ត្រាំ ហើយលោក ត្រាំ ក៏មានសិទ្ធិមិនដាក់ទណ្ឌកម្មលើតួកគីដែរ។
គួរជម្រាបថា ការដែលតួកគីនៅតែចចេសទិញក៏ដូចជាទទួលយក ប្រព័ន្ធមីស៊ីលការពារអាកាសនេះរបស់រុស្ស៊ី បានបង្កឲ្យមានភាព តានតឹងជាខ្លាំងជាមួយសហរដ្ឋអាមេរិក ព្រោះទីក្រុងអង់ការ៉ាក៏មានកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-35 ពីអាមេរិកដែរ ប៉ុន្តែលោក Erdogan ទើបតែបានលើកឡើងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រហែលជាអាចស្វែងរកមធ្យោបាយ ដើម្បីដោះស្រាយភាពតានតឹងនេះបាន៕