Tuesday, July 16, 2019

សិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកង្វក់ និងការបណ្តុះបណ្តាលមន្ត្រីច្រកចេញចូលតែមួយក្រុង ស្រុក

សៀមរាប៖ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០១៩នេះ មានបើកសិក្ខាសាលាផ្សព្វផ្សាយ ខ្លឹមសារអនុក្រឹត្យ ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និង ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកង្វក់ និង ការបណ្តុះបណ្តាលមន្ត្រីច្រកចេញចូលតែ មួយក្រុង ស្រុក ទៅលើមុខងារដែលបានធ្វើប្រតិភូកម្ម ដែលរៀបចំឡើងដោយក្រសួងសាធារណការនិងដឹកជញ្ជូន។ អង្គសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សួន រចនា រដ្ឋលេខាធិការ និង ជាអនុប្រធានប្រចាំការ នៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក អ៊ាន ឃុន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី សំណាក់ អស់លោក លោកស្រី ជាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និង គណៈអភិបាលខេត្ត ក្រុង ស្រុក មន្តី្រជំនាញមានការពាក់ព័ន្ធមកពី៥ខេត្ត , ខេត្តសៀមរាប ឧត្តរមានជ័យ, កំពង់ធំ , ព្រះវិហារ និង ខេត្តកំពង់ចាម សរុបចំនួន ២៣០នាក់ចូលរួម ។
លោក សួន រចនា បានធ្វើការវាយ តម្លៃខ្ពស់ក្នុងការរៀបចំអង្គសិក្ខាសាលានេះឡើង គឺមិនត្រឹមផ្តល់នូវជំនាញ និង ចំណេះដឹងប៉ុណ្ណោះទេ គឺជាវេទិកាមួយសម្រាប់ផ្លាស់ប្តូរមតិយោបល់ បទពិសោធន៍ការងារ និង បញ្ហាប្រឈមនានា ដែលកើតក្នុងពេលអនុវត្តការងារជាក់ស្តែង ថែមទាំងជាឱកាសមួយសម្រាប់កំណត់ការកែលម្អ ដើមី្បឆ្លើយតបទៅនឹងបរិការណ៍ថ្មីៗនៃសង្គមសេដ្ឋកិច្ចជាតិ បច្ចុប្បន្ន និង ទៅអនាគត។ លោកក៏បានលើកផងដែរ អំពីកិច្ចសហប្រតិបត្តិការបានល្អរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការចែករំលែកនូវចំណេះដឹង ការរៀនសូត្រពីគ្នាទៅវិញទៅមកទៀតផង។ ម៉្យាងទៀតការដាក់ចេញ និងការអនុវត្តគោលនយោបាយ កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដែលជាការកែទម្រង់ការគ្រប់គ្រងរដ្ឋបាលតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលបានឆ្លុះបញ្ចាំងឲ្យឃើញពីការក្តាប់ជាប់នូវកាលានូវត្តភាព ការធ្វើសេចក្តីសម្រេចចិត្តត្រឹមត្រូវនៃប្រវត្តិសាស្ត្ររបស់យើង និងទុកចិត្តបានសម្រាប់ជោគវាសនាប្រទេសជាតិ និងប្រជាពលរដ្ឋទៅអនាគត ។
លោក សួន រចនា ក៏បានគូសបញ្ជាក់ថា ការផ្ទេរមុខងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ត្រូវបានធ្វើការផ្សព្វផ្សាយ និងបណ្តុះបណ្តាលនៅគ្រានេះ គឺជាមុខងារដែលត្រូវផ្ទេរ ហើយក្រសួងក៏ត្រូវពេលវេលាសមស្របមួយ ដើមី្បសិក្សាពិនិត្យ និងរៀបចំផ្ទេរមុខងារជាក់លាក់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិដើមី្បឲ្យការអនុវត្តកំណែទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានប្រសិទ្ធភាព និងនិរន្តរភាព។ លោកក៏បានបន្តទៀតថា ការធ្វើកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ក៏តែងជួបនូវឧបសគ្គមួយចំនួនដោយជៀសមិនផុត ហើយភាពជោគជ័យនៃរបៀបវារៈកំណែទម្រង់ គឺផ្តើមចេញពីការចូលរួមរបស់ភាគី ពាក់ព័ន្ធ ដែលជាកត្តាដ៏ចាំបាច់បំផុត មិនអាចខ្វះបាន។
លោករដ្ឋលេខាធិការ ក៏មានជំនឿយ៉ាងមុតមាំផងដែរថា ក្នុងរយៈ ពេល២ថ្ងៃ នៃអង្គសិក្ខាសាលានេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗ ព្រមទាំងចំណុចខ្លាំងនិងខ្សោយ ដែលជាទិសដៅត្រូវបន្តអនុវត្តនៅថ្នាក់ក្រោមជាតិ ហើយក៏ជាគោលបំណងចុងក្រោយនៃការកែទម្រង់នេះ គឺការអភិវឌ្ឍរដ្ឋបាល ថ្នាក់ក្រោមជាតិ ឲ្យក្លាយជាស្ថាប័នកាន់តែមានសមត្ថភាព លទ្ធភាពយ៉ាងពេញលេញ ក្នុងការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈចាំបាច់នានា ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយគំនិតផ្តួចផ្តើម និងអាចមានភាពបទបែន រស់រវើកទៅតាមស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាន៕




No comments:

Post a Comment