Tuesday, July 16, 2019

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អរគុណសហភាពអឺរ៉ុប ចំពោះជំហរបន្តគាំទ្រ និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបលោក ច្សច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ពិភាក្សាអំពីការអនុវត្តន៍កម្មវិធី សម្រាប់កិច្ចសហ- ប្រតិបត្តិការ កម្ពុជា-សហភាពអឺរ៉ុប។
ក្នុងជំនួបដែលរៀបចំឡើងនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ច្សច អេដហ្គា និងសហការី និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រផែ្នកហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរកន្លងមក រវាងសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ច្សច អេដហ្គា ក៏បានវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យនៃ ការអនុវត្តគម្រោងនានាក្រោមក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសហភាពអឺរ៉ុប។ ដូចដែល បានកំណត់ក្នុងកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង តាមកម្មវិធីកែទម្រង់នីមួយៗ នៃកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប, ការវាយតម្លៃនៃការអនុវត្តក្របខណ្ឌឆ្នាំ ២០១៨ មានជាលទ្ធផលដូចខាងក្រោម៖
១៖ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ត្រូវបើកផ្តល់ថវិកាសម្រាប់ឆ្នាំ ២០១៩ ចំនួន ៤.៣លានអឺរ៉ូ។
២៖ ភាពជាដៃគូកំណែទម្រង់វិស័យអប់រំឆ្នាំ ២០១៨-២០២១ ត្រូវបើកផ្តល់ថវិកាសម្រាប់ឆ្នាំ ២០១៩ ចំនួន ១៧.៥ លានអឺរ៉ូ។
៣៖ កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) ត្រូវបើកផ្តល់ថវិកាសម្រាប់ឆ្នាំ ២០១៩ ចំនួន ៥លានអឺរ៉ូ។
អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណសហភាពអឺរ៉ុប ចំពោះជំហរបន្តគាំទ្រ និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលបន្ថែមទៀត ដែលឆ្លុះបញ្ចាំងអំពីសុភវិនិច្ឆ័យ ចំពោះសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលកម្ពុជាខិតខំសម្រេចបាន។
ចំពោះកម្មវិធីទាំង៣ខាងលើ, អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី នឹងជំរុញ និងសម្របសម្រួលជាមួយក្រសួងជំនាញពាក់ព័ន្ធ ដើម្បីរៀបចំឯកសារគាំទ្រសម្រាប់ការ បន្តបើកផ្តល់ថវិកាឆ្នាំ២០១៩ ក្នុងខែសីហា ឆ្នាំ២០១៩នេះ៕



No comments:

Post a Comment