Tuesday, July 16, 2019

លោក ត្រាំ អ៊ីវតឹក ដឹកនាំក្រុមការងារថ្នាក់ជាតិចុះពិនិត្យទីតាំងគម្រោងស្នើសុំរបស់ប្រជាពលរដ្ឋ នៅឃុំកំពង់ហៅ

កំពង់ឆ្នាំង៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់លែង ក្រុមការងារបច្ចេកទេស ចុះពិនិត្យទីតាំង គម្រោងស្នើសុំរបស់ប្រជាពលរដ្ឋ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ជាពិសេសសម្រាប់អនុវត្តគោលនយោបាយក្នុងការអភិវឌ្ឍភូមិ-ឃុំ ។
ក្នុងបេសកកម្មនេះ លោក ត្រាំ អ៊ីវតឹក និងក្រុមការងារ បានចុះពិនិត្យ គម្រោងស្នើសុំរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែងមានដូចជា ចុះពិនិត្យទីតាំងប្រជាពលរដ្ឋនៅភូមិដូនវៀត ត្រង់ចំណុចមួយផ្នែក ដែលប្រជាពលរដ្ឋសុំបំបែកភូមិជាពីរ ហើយបានចុះពិនិត្យទីតាំងដែលប្រជាពលរដ្ឋបានស្នើសុំមត្តេយ្យសហគមន៍១កន្លែង ធ្វើអំពីឈើ នៅភូមិដូនវៀត សម្រាប់ម្រោងនេះ ឯកឧត្តមប្រធានក្រុមការងារ បានឯកភាព និងប្រគល់ជូន ទៅតាមសំណើរ។
បន្ទាប់មកទៀតលោក បានចុះពិនិត្យទីតាំងកំពង់ចម្លងថ្មី និងផ្លូវតភ្ជាប់ប្រវែង ១១៣០ម៉ែត្រ ពីភូមិដូនវៀតទៅភូមិកោះក្អែក។ ចុះពិនិត្យទីតាំងអនុវិទ្យាល័យកោះក្អែក ដែលបានស្នើសុំផ្ទាំងសូឡាទំហំ ៨០០វ៉ាត់ និង ចាក់ដីបំពេញទីធ្លាសាលាចំនួន ១០០០ឡាន ។ ចុះពិនិត្យគម្រោងស្នើសុំស្ពានបេតុងប្រវែង៣០ម៉ែត្រ នៅជាប់នឹងវត្តដូនវៀត ចុះពិនិត្យគម្រោងស្នើសុំផ្លូវភ្នំទេពី និង ប្រឡាយអមផ្លូវប្រវែង៥៥០ម៉ែត្រ ចុះពិនិត្យគម្រោងស្នើសុំស្រះទឹក នៅជើងភ្នំទេពី ទំហំ១០០ម៉ែត្រគុណ៥០ម៉ែត្រ ជម្រៅ ៣ម៉ែត្រនិង បានចុះទៅពិនិត្យគម្រោងស្នើសុំស្តារព្រែកកោះខ្លាប្រវែង២ ២០០ម៉ែត្រ។
ចំពោះសំណូមពររបស់ប្រជាពលរដ្ឋ លោក ត្រាំ អ៊ីវតឹក បានស្នើអោយអ្នកបច្ចេកទេសចុះពិនិត្យសិក្សា និងរៀបចំរបាយការណ៍លម្អិតដាក់ជូនថ្នាក់លើ ដើម្បីពិនិត្យពិចារណា និងសម្រេចផងដែរ ៕






No comments:

Post a Comment