Thursday, December 01, 2016

អាជ្ញាធរ​ជាតិអប្សរា​ផ្តើម​កិច្ច​សហការ​ជាមួយ​តំបន់​ Miyun ទីក្រុង​ប៉េកាំង​នៃ​ប្រទេស​ចិន​

គណៈប្រតិភូតំបន់ Miyun ក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Jiang Xeufu អភិបាលរងនៃតំបន់ Miyun បានមកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ ជំនួបពិភាក្សានេះបានផ្តោតសំខាន់លើលទ្ធភាព ដែលអាជ្ញាធរជាតិអប្សរា និងតំបន់ Miyun អាចនឹងបង្កើតកិច្ចសហការគ្នានាពេលខាងមុខ។

ក្នុងបទបង្ហាញមកកាន់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា លោកJiang Xeufu បានលើកឡើងថា តំបន់ Miyun មានចំណុចច្រើនដែលដូចគ្នានឹងរមណីយដ្ឋានអង្គរ ដូចជា តំបន់នេះជាចំណុចសំខាន់នៃមហាកំពែងចិនដែលមានប្រវែងទៅ២០០គមឆ្លងកាត់។ លើសពីនេះ តំបន់ Miyun ក៏មានសក្តានុពលខាងកសិកម្មបែបទំនើប មានអាងស្តុកទឹកដ៏ធំជាងគេបង្អស់នៅអាស៊ី។ ចំណុចទាំងនេះហើយ ដែលធ្វើឲ្យភ្ញៀវទេសចរកម្រមើលរំលងណាស់។ លោកចង់ឲ្យតំបន់នេះមានទំនាក់ទំនងគ្នានឹងតំបន់អង្គរ ដើម្បីអាចដោះដូរបទពិសោធន៍គ្រប់គ្រងពីគ្នាទៅវិញទៅមកបាន។

  ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបង្ហាញគណៈប្រតិភូនៃតំបន់ Miyun អំពីកិច្ចការសំខាន់ដែលអាជ្ញាធរជាតិកំពុងអនុវត្តដូចជា ការងារអភិរក្សជួសជុលប្រាសាទ ការអភិវឌ្ឍទេសចរណ៍ និងការអភិវឌ្ឍសហគមន៍ជាដើម។ បន្ថែមពីនេះ ឯកឧត្តមក៏បានបង្ហាញអំពីកិច្ចសហការល្អរវាងអាជ្ញាធរជាតិអប្សរា និងប្រទេសចិនលើវិស័យ៣សំខាន់ៗគឺ ការងារអភិរក្សជួសជុលដែលកំពុងអនុវត្តនៅប្រាសាទតាកែវដោយស្ថាប័ន CSA កិច្ចសហការផ្នែកវិទ្យាសាស្ត្រ លើការប្រើប្រាស់ប្រព័ន្ធផ្កាយរណបពីប្រទេសចិន តាមរយៈគម្រោងសហប្រតិបត្តិការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់អភិរក្សនិងគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់សៀមរាប និងកិច្ចសហការផ្នែកការងារកសិកម្ម ដែលកំពុងអនុវត្តដោយក្រុមហ៊ុន Forward នៅក្នុងគម្រោងភូមិធម្មជាតិរុនតាឯក។

  ឯកឧត្តមអគ្គនាយបន្ថែមថា អាជ្ញាធរជាតិអប្សរារីករាយនឹងសហការជាមួយដៃគូជាតិ និងអន្តរជាតិលើការងារគ្រប់វិស័យដែលបម្រើដល់ការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមរយៈកិច្ចពិភាក្សានៅថ្ងៃនេះ ឯកឧត្តមសង្ឃឹមថា កិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងតំបន់ Miyun  អាចនឹងឈានដល់កិច្ចចុះព្រមព្រៀងណាមួយក្នុងពេលឆាប់ៗខាងមុខនេះ៕





សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជាអធិប​តីក្នុង​វេទិកា​ធុរ​កិច្ច​កម្ពុជា​-ចិន ក្រោម​ប្រធាន​បទ​ " កម្ពុជា​ ព្រះរាជាណា​ចក្រ​នៃកា​លានុវ​ត្ត​ភាព​ ខ្សែ​ក្រ​វាត់​មួយ​ ផ្លូវ​មួយ​ " ​

ជាគោលដៅចំពោះមុខ ប្រមុខដឹកនាំនៃប្រទេសទាំងពីរបានដាក់ ចេញនូវផែនការបង្កើនទំហំពាណិជ្ជ-កម្មសរុបរវាងប្រទេសទាំងពីរឱ្យ សម្រេចបានជាទឹកប្រាក់ចំនួន ៥ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៧ ។ ជាក់ស្តែងពាណិជ្ជកម្មសរុបរវាងកម្ពុជានិងចិនក្នុងឆ្នាំ ២០១៥ សម្រេចបានចំនួន ៤,៣ ពាន់លានដុល្លារអាមេរិក គឺមានការកើនឡើង១៥,១៩% ប្រៀបធៀបនឹងឆ្នាំ២០១៤ ដែលសម្រេចបានចំនួន ៣,៨ ពាន់ លានដុល្លារអាមេរិក ។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅប្រទេសចិនក្នុងឆ្នាំ២០១៥ មានចំនួន ៤០៥ លានដុល្លារអាមេរិកនៅពេលដែលការនាំចូលរបស់កម្ពុជាពីប្រទេសចិន មានចំនួន ៣,៩ ពាន់លានដុល្លារអាមេរិក គឺមានការកើនឡើង ១៩,៧០% ប្រៀបធៀបនឹងឆ្នាំ២០១៤ដែលមានចំនួន ៣,៣ ពាន់លានដុល្លារអាមេរិក ។
ក្នុងក្របខ័ណ្ឌនៃការវិនិយោគផ្ទាល់ពីបរទេស ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នា ពីឆ្នាំ២០១១ ដល់ឆ្នាំ ២០១៥ ប្រទេសចិន គឺជាប្រភព ទុនវិនិយោគ ធំជាងគេនៅកម្ពុជា ក្នុងបរិមាណសរុប ៤,៩ ពាន់លានដុល្លារអាមេរិក ក្នុងនោះការវិនិយោគរបស់ចិន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួនប្រមាណ ៥៦០លានដុល្លារអាមេរិក ។ ដោយឡែក ត្រឹមខែតុលា ឆ្នាំ២០១៦នេះ គម្រោងវិនិយោគចិន ដែលបានកត់ត្រានៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន ៨៤ គម្រោង ដែលមានទុនវិនិយោគសរុបចំនួនប្រមាណ៧១៦ លានដុល្លារអាមេរិក ស្មើ ២៤,៦៩% នៃទុនវិនិយោគសរុប ។
    រីឯវិស័យសំណង់ គិតពីឆ្នាំ ២០០០ រហូតដល់ត្រឹមខែសីហា ឆ្នាំ២០១៦ ការបោះ ទុនវិនិយោគរបស់ វិស័យឯកជនបរទេសមានចំនួន ២៨៤ គម្រោង មានផ្ទៃក្រឡាសំណង់សរុបប្រមាណ ១២,៥ លានម៉ែត្រ- ក្រឡា និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៤,៣ ពាន់-លានដុល្លារអាមេរិក ក្នុងនោះប្រទេសចិន ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមអ្នកវិនិយោគបរទេសមកពីប្រទេសចំនួន ១៨  ។
ដោយឡែកក្នុងវិស័យធនាគារ ប្រព័ន្ធធនាគារនៅកម្ពុជា បានអភិវឌ្ឍជាបន្តបន្ទាប់ ទៅតាមការវិវត្តន៍ នៃទីផ្សារ ។ គិតត្រឹមខែ ធ្នូ ឆ្នាំ២០១៥ កម្ពុជាមានធនាគារពាណិជ្ជចំនួន ៣៦ ធនាគារឯកទេសចំនួន ១១ និងការិយាល័យតំណាងធនាគារបរទេសចំនួន ៨ ។ ក្នុងនោះធនាគារពាណិជ្ជ របស់ចិនមានចំនួន ២ ធនាគារឯកទេសរបស់ចិនមានចំនួន ១ ដែលមាន  ដើមទុនសរុបប្រមាណ ២២៣ លានដុល្លារអាមេរិក  ។
ចំពោះវិស័យទេសចរណ៍ កម្ពុជាបាននិងកំពុងបោះជំហានរីកចម្រើនខ្លាំងជាលំដាប់ ដោយរក្សាបាន នូវកំណើន ជារៀងរាល់ឆ្នាំ និងបានរួមចំណែកប្រមាណជាង ១២% នៃផលិតផលក្នុងស្រុកសរុប ។ ក្នុងឆ្នាំ ២០១៥ កម្ពុជាទទួលបានទេសចរចំនួនប្រមាណ ៤,៨លាននាក់ នាំចំណូលប្រមាណ ៣ ពាន់លានដុល្លារ អាមេរិក និងផ្ដល់ឱកាសការងារប្រមាណ ៦២ ម៉ឺននាក់ ។ ក្នុងនោះ ទេសចរចិនមកកម្ពុជា មានចំនួនប្រមាណ ៧០ ម៉ឺននាក់ ដោយកើនឡើង ២៤ % ធៀបនឹងឆ្នាំ២០១៤ និងឈរក្នុងលំដាប់ទី ២ ។ សម្រាប់ឆ្នាំ ២០១៦កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥ លាននាក់ ក្នុងនោះទេសចរ ចិនអាចមាន ចំនួនប្រមាណ ៨០ ម៉ឺននាក់ គឺកើនឡើង ១៤,២៩% ធៀប នឹងឆ្នាំ ២០១៥ ។ ជាមួយគ្នានេះដែរ រហូតមក ដល់ពេលបច្ចុប្បន្ន ជើងហោះហើរត្រង់ពីប្រទេសចិនមកកម្ពុជាមានចំនួន ៩៣ ជើងក្នុងមួយ សប្តាហ៍ ក្នុងនោះមកភ្នំពេញ ( ៥១ ជើង ) សៀមរាប ( ៣០ ជើង ) និង ក្រុងព្រះសីហនុ ( ១២ ជើង ) ៕







កម្ពុជាប្ដេជ្ញាចូលរួមកាត់បន្ថយអត្រាឆ្លងជំងឺគ្រុនឈាម ឱ្យបាន​យ៉ាង​តិច​បំផុត ៣០ភាគរយ នៅត្រឹមឆ្នាំ២០២០ខាងមុខ

នៅព្រឹកថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១៦ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់  ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្រ្ដ បានបង្ហាញការប្ដេជ្ញាចិត្ដថា កម្ពុជានឹងខិតខំចូលរួមកាត់បន្ថយអត្រាឆ្លងជំងឺគ្រុនឈាម ឱ្យបានយ៉ាងតិច បំផុត៣០ភាគរយ នៅត្រឹមឆ្នាំ២០២០ខាងមុខ ដើម្បីធ្វើឱ្យអត្រាស្លាប់ និងការចម្លងជំងឺគ្រុនឈាម ស្ថិតក្នុងកម្រិតទាបបំផុតនៅកម្ពុជា។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងការបង្ហាញលទ្ធផលអំពីការរៀបចំគោលនយោបាយលើ គម្រោងសិក្សារួមបញ្ចូលគ្នា ក្នុងការគ្រប់គ្រងភ្នាក់ងារចម្លងគ្រុនឈាមរវាងក្រសួងសុខាភិបាល និងអង្គការដៃគូ នៅសណ្ឋាគារភ្នំពេញ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធាន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់  ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្រ្ដនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការកំណត់ទិសដៅនេះ គឺដើម្បីរៀបចំយុទ្ធសាស្រ្ដចូលរួមលុបបំបាត់ ឬឆ្លើយតបទៅនឹងភ្នាក់ងារចម្លងជំងឺគ្រុនឈាម ស្របតាមការកំណត់យុទ្ធសាស្រ្ដថ្មីរបស់អង្គការសុខ ភាពពិភពលោក ដែលបានលើកឡើងថា ក្នុងឆ្នាំ២០២០ អត្រាស្លាប់ ត្រូវអនុវត្ដន៍ឱ្យបាន៥០ភាគរយ និងអត្រាអត្រាឈឺ និងការចម្លងមេរោគគ្រុនឈាមឱ្យបានពី២៥ ទៅ៣០ភាគរយ ចាប់ពីឆ្នាំ២០១៦នេះ តទៅ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៣មកម្លេះ កម្ពុជាបានដើរឈានមុខគេក្នុង  ការចងក្រងនូវសូចនករក្នុងការកាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់ជំងឺគ្រុនឈាម ដោយបានផ្លាស់ ប្ដូរនូវបទពិសោធន៍ជាច្រើនជាមួយនឹងសកលលោកទាំងផ្នែកធ្វើរោគវិនិច្ឆ័យ និងព្យាបាល ពិសេស ផ្នែកប្រព័ន្ធតាមដានជំងឺគ្រុនឈាម និងការប្រើប្រាស់មធ្យោបាយសម្លាប់ភ្នាក់ងារ ចម្លងមូសខ្លាដែលត្រូវបានគេយកធ្វើជាគំរូនៅលើពិភពលោក។
លោកវេជ្ជបណ្ឌិតបានលើកឡើងថា  ចាប់ពីឆ្នាំ២០១៤មក អត្រាការស្លាប់ដោយជំងឺគ្រុនឈាម នៅក្នុងប្រទេសកម្ពុជាស្តិតក្នុងកម្រិតទាបបំផុត ពិសេសក្នុងឆ្នាំ២០១៦នេះ អត្រាកើតជំងឺគ្រុនឈាម មានការធ្លាក់ចុះជាបន្ដបន្ទាប់ពោលគឺ ប្រមាណតែ០.២ភាគរយប៉ុណ្ណោះ ក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងប្រទេស។
លោកវេជ្ជបណ្ឌិត នុត មុនី ប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរសុខាភិបាលខេត្ដត្បូងឃ្មុំ បានឱ្យដឹងថា ការកើតឡើងជំងឺគ្រុនឈាមក្នុងឆ្នាំ២០១៦នេះ គឺមិនមានអ្វីកើតឡើងគួរឱ្យព្រួយបារម្ភ នោះទេ គឺមានប្រមាណតែ៣ ឬ៤ករណីតែប៉ុណ្ណោះ នៅក្នុងខេត្ដត្បូងឃ្មុំ ដោយសារតែការទប់ស្កាត់ បានទាន់ពេលវេលាក្នុងការសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការចុះផ្សព្វផ្សាយអប់រំដល់ប្រជាពល រដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិតបានបន្ដថា មន្ទីរសុខាភិបាលខេត្ដបានពង្រឹងការធ្វើរោគវិនិច្ឆ័យជំងឺគ្រុនឈាម នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យ ឱ្យបានជាប់ជាប្រចាំ ដើម្បីកុំឱ្យមានការភ័ណ្ឌច្រលំជាមួយនឹងជំងឺ ផ្សេងៗទៀត ក្នុងការតាមដាន និងត្រួតពិនិត្យឱ្យបានច្បាស់លាស់។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺ គ្រុនចាញ់  ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្រ្ដ បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៦នេះ មានករណីគ្រុន ឈាមកើតឡើងសរុប១២២៤៨ករណី ក្នុងនោះ ស្លាប់ចំនួន១៨ករណី បើប្រៀបធៀបទៅនឹងរយៈពេល ដូគ្នាក្នុងឆ្នាំ២០១៥ គឺមានចំនួន១៤០០៩ករណី និងស្លាប់ចំនួន៣៦នាក់៕

លោក ឈើយ ចាន់ណា៖ សុខសន្តិភាព ជាកូនសោគន្លឹះក្នុងការអភិវឌ្ឍប្រទេសជាតិ

(បន្ទាយមានជ័យ)៖ លោក ឈើយ ចាន់ណា អភិបាលរង ខេត្តបន្ទាយមានជ័យ បានថ្លែងថា សុខសន្តិភាព គឺជាកូនសោគន្លឹះក្នុងការអភិវឌ្ឍប្រទេសជាតិ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៦-២០១៧ និងពិធីប្រគល់ប័ណ្ណសរសើរដល់និស្សិតឆ្នើមប្រចាំឆ្នាំសិក្សា ២០១៥-២០១៦ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ។
នៅក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានកោតសរសើរ និងអបអរសាទរចំពោះលោក ណង ថា សាកលវិទ្យាធិការរង និងជានាយកសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ថ្នាក់ឧត្តមសិក្សា ថ្នាក់ក្រោយឧត្តមសិក្សា និងបានចំណាយធនធាន និងថវិកាផ្ទាល់ខ្លួនដើម្បីកសាងអគារសិក្សា ស្របតាមនិយាមគរុកោសល្យ។
លោកអភិបាលរងខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានយល់យ៉ាង ច្បាស់ថា កិច្ចអភិវឌ្ឍន៍ផ្នែកអប់រំ គឺជាគន្លឹះចម្បងដើម្បីលើកតម្កើង កិត្តិយសប្រទេសជាតិ ភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងភាពប្រកួតប្រជែង សម្រាប់ប្រទេសកម្ពុជា ជាមួយប្រទេសក្នុងតំបន់ និងពិភពលោក ហើយរាជរដ្ឋាភិបាល កំពុងតែធ្វើកំណែទម្រង់ស៊ីជ្រៅ ទៅលើវិស័យអប់រំ ចាប់តាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា។
លោក ឈើយ ចាន់ណា ក៏បានអំពាវនាវដល់និស្សិតទាំងអស់ត្រូវចេះចាប់យកឱកាស និងទាញយកផលប្រយោជន៍ឱ្យបានជាអតិបរមាសម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ និងសម្រាប់ប្រទេសជាតិទាំងមូល ពីសុខសន្តិភាព ដែលកម្ពុជាមានសព្វថ្ងៃនេះ ដែលបង្កលក្ខណៈងាយស្រួល ដល់និស្សិតក្នុងការសិក្សា ស្រាវជ្រាវ ដែលខុសពីសម័យខ្មៅងងឹតប្រល័យពូជសាសន៍ ដែលប្រទេសកម្ពុជាពុំមានសាលារៀន សាកលវិទ្យាល័យ និងបានរស់នៅក្នុងនរកអវចីដូចសត្វតិរច្ឆាន។
លោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់និស្សិតទាំងអស់ ត្រូវយកចំណេះដឹងដែលបានសិក្សារៀនសូត្រកន្លងមកនេះ ទៅបម្រើការងារក្នុងផ្លូវត្រឹមត្រូវ និងក្នុងក្របខណ្ឌច្បាប់ជាតិយើង ហើយមិនត្រូវទុកពេលវេលាឱ្យកន្លងហួស ដោយឥតប្រយោជន៍នោះទេ ពោលគឺត្រូវចេះសិក្សាស្រាវជ្រាវ ត្រូវអានឯកសារ ឬសៀវភៅដើម្បីបង្កើនពុទ្ធិថ្មីៗ ឬក៏ឆ្លៀតពេលបន្តកម្រិតសិក្សារបស់ខ្លួន ក្នុងគោលបំណងឆ្លើយតបទៅនឹងទីផ្សារការងារ នាសម័យសាកលភាវូបនីយកម្មនេះ។ បច្ចុប្បន្នប្រទេសជាតិយើង កំពុងតែមានសុខសន្តិភាព និងដើរតាមមាគ៌ាលទ្ធិប្រជាធិបតេយ្យពេញលេញ ដូចនេះ ត្រូវរួមគ្នាកសាងប្រទេសជាតិយើងទាំងអស់គ្នា៕




សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់នូវទិដ្ឋការរយៈពេលវែង ជូនវិនិយោគគិនចិន និងកូរ៉េ

ថ្លែងក្នុង វេទិកាធុរកិច្ច និងហិរញ្ញវត្ថុកម្ពុជា-ចិន កម្ពុជា ព្រះរាជាណាចក្រ នៃកាលានុវត្តភាព « ខ្សែក្រវាតមួយផ្លូវមួយ» នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ មុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់នូវទិដ្ឋការរយៈពេលវែងសម្រាប់វិនិយោគិនចិន និងកូរ៉េ ចេញចូលក្នុងប្រទេសកម្ពុជាដោយមិនចាំបាច់សុំវីហ្សាទៀតទេក្នុងរយៈពេល ៣ឆ្នាំ។
សម្តេចតេជោ បានថ្លែងថា កន្លងទៅប្រទេសកម្ពុជាបានផ្តល់នូវទិដ្ឋការរយៈពេលវែង សំរាប់ភ្ញៀវទេសចរណ៍រួចមកហើយ ប៉ុន្តែបានភ្លេចគិតពីវិនិយោគិនរបស់ចិន និងកូរ៉េទៅវិញ។
តាមការបញ្ជាក់របស់សម្តេចតេជោ បានឱ្យដឹងថា ទិដ្ឋការរយៈពេលវែងសម្រាប់វិនិយោគិនចិន និងកូរ៉េនេះ ធ្វើការសម្រេចតាមតាមការស្នើសុំរបស់រដ្ឋមន្ត្រីរបស់ក្រសួងទេសចរណ៍ និងបន្ទាប់ពីបានពិគ្រោះយោបល់ជាមួយក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៀតផង។
សម្តេចតេជោ បានសម្រេចផ្តល់ជូនវិនិយោគិន ដែលមកពីប្រទេសចិន និងប្រទេសកូរ៉េ នូវទិដ្ឋការចេញចូលច្រើនដង និងរយៈពេលវែងចំនួន៣ឆ្នាំ សម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតា ដូច្នេះចាប់ពីពេលនេះតទៅ វិនិយោគិនរបស់ចិន ដែលកាន់លិខិតឆ្លងដែនធម្មតា គឺមិនចាំបាច់សុំវីហ្សាទៀតទេ ហើយក៏មិនចាំបាច់បង់ថ្លៃទៀតដែរ ក្នុងរយៈពេល ៣ឆ្នាំ ចង់ចេញចូលប៉ុន្មានដងក៏បានដែរ ក៏ប៉ុន្តែក្នុងបែបបទត្រូវបោះត្រាចេញ បោះត្រាចូលតែប៉ុណ្ណោះ៕

ភ្នាក់ងារ FBI នឹងពង្រីកកម្លាំងនៃការ Hack បើទោះជាមានការជំទាស់ពីព្រឹទ្ធិសភា

សមាជិកព្រឹទ្ធសភាអាមេរិកបរាជ័យក្នុងការរារាំងច្បាប់ដែលអាចនឹងពង្រីកកម្លាំងនៃការ Hack របស់រដ្ឋាភិបាល។ ការផ្លាស់ប្តូរនេះនឹងអនុញ្ញាតឱ្យ FBI អាចស្វែងរកដីកាដែលមានលក្ខណៈជាសកលមួយដើម្បីចូលទៅកាន់កុំព្យូទ័រទាំងឡាយនៅក្នុងដែនសមត្ថកិច្ចណាមួយ។ ក្រុមអ្នករិះគន់បានអះអាងថា ច្បាប់នេះ នឹងគំរាមកំហែងដល់សិទ្ធិឯកជនរបស់ប្រជាជនអាមេរិកទាំងមូល។
ការផ្លាស់ប្តូរដ៏ចម្រូងចម្រាស់នៃមាត្រា៤១ នៃច្បាប់សហព័ន្ធនៃនិតិវិធីព្រហ្មទណ្ឌនឹងអនុញ្ញាតឱ្យចៅក្រមអាមេរិកអាចចេញដីកាដើម្បីឱ្យ FBI មានសិទ្ធិក្នុងការបញ្ជាទៅកាន់កុំព្យូទ័រទាំងឡាយពីចម្ងាយនៅក្នុងដែនសមត្ថកិច្ចណាមួយ បើទោះជាស្ថិតនៅក្រៅប្រទេសក៏ដោយ។
សមាជិកព្រឹទ្ធសភា លោក Ron Wyden (D-Oregon) បានព្យាយាមចំនួនបីលើករួចមកហើយ កាលពីថ្ងៃពុធដើម្បីពន្យាការផ្លាស់ប្តូរនេះដែលនឹងចូលជាធរមាននៅពាក់កណ្តាលអាធ្រាតថ្ងៃពុធ។
ក្នុងសន្ទរកថានៅព្រឹទ្ធសភា លោក Wyden បាន ហៅការផ្លាស់ប្តូរនេះថា ជាកំហុសមួយដ៏ធំរបស់គោលនយោបាយត្រួតពិនិត្យនៅរយៈពេលប៉ុន្មានឆ្នាំមកនេះ។
រដ្ឋាភិបាលនឹងមានសិទ្ធិដែលមិនធ្លាប់មានពីមុន ក្នុងការលួចចូលទៅកាន់ ទូរស័ព្ទផ្ទាល់ខ្លួន កុំព្យូទ័រ និងឧបករណ៍ផ្សេងៗទៀត នេះបើតាមអ្វីដែលលោក Wyden បានប្រាប់ Reuters។

លោក Wyden ក៏ទទួលបានការគាំទ្រពីសមាជិកព្រឹទ្ធសភាផ្សេងទៀតរបស់លោកផងដែរដូចជា លោក Steve Daines (R-Montana) និងលោក Chris Coons (D-Delaware) ដែលបានប្រកាន់ជំហរបោះឆ្នោតគាំទ្រជាផ្លូវការក្នុងការពន្យា ឬក៏មិនឱ្យមានការកែប្រែផ្សេងទៀត។ ការកែប្រែមាត្រា៤១ ត្រូវបានគាំទ្រដោយ នាយកដ្ឋានយុត្តិធម៌ និងត្រូវបានយល់ព្រមដោយតុលាការកំពូល។
នាយកដ្ឋានយុត្តិធម៌បានការពារថា អំណាចនៃការ Hack ដែលត្រូវបានបញ្ជាក់នៅក្នុងការផ្លាស់ប្តូរមាត្រានេះ គឺជាអំណាចដែលរដ្ឋាភិបាលធ្លាប់មានរួចមកហើយ ដោយគ្រាន់តែផ្លាស់ប្តូររបៀបទទួលដីកាតែប៉ុណ្ណោះ។ ពួកគេបានទាមទារឱ្យមានការផ្លាស់ប្តូរជាច្រើនឆ្នាំមកហើយ ដោយសំអាងក្នុងគោលបំណងដោះស្រាយបញ្ហាដែលកើតមាននៅក្នុងការស៉ើបអង្កេតតាមប្រព័ន្ធអ៊ីនធើណែតសម័យទំនើប។
បច្ចុប្បន្ននៅពេលដែលជនសង្ស័យប្រើប្រាស់បច្ចេកវិទ្យា មានន័យថាដើម្បីទទួលបាននូវទីតាំងរបស់កុំព្យូទ័រ ភ្នាក់ងារអនុវត្តច្បាប់មិនអាចសម្រេចបានថាតើគួរស្នើសុំដីកាក្នុងលក្ខណៈណា។ ដីកាជាសកលនឹងធ្វើឱ្យក្រុមស៊ើបអង្កេតមានសិទ្ធិអំណាចទូលំទូលាយ។
ច្បាប់នេះក៏នឹងជំរុញឱ្យមានការប្រឆាំងជាមួយពួក Botnets ដែលជាប្រព័ន្ធដែលបញ្ជូន Spam ទៅកាន់កុំព្យូទ័រជាគោលដៅដើម្បីបង្កើតឱ្យមានបញ្ហាផ្សេងៗ។ នៅក្រោមការផ្លាស់ប្តូរច្បាប់នេះ ភ្នាក់ងារអនុវត្តច្បាប់អាចប្រើប្រាស់កម្មវិធីមួយដើម្បីធ្វើការ Hack កុំព្យូទ័រ ៥ ឬច្រើនជាងហ្នឹង។
ប្រជាជនស៊ីវិល និងប្រព័ន្ធសេរីភាពនៃការតស៊ូមតិបានលើកឡើងថា ច្បាប់ថ្មីនេះនឹងបង្កើតឱ្យមានឧបករណ៍ដែលគ្មានដែលកំណត់សម្រាប់រដ្ឋាភិបាលក្នុងការឃ្លាំមើល។ នៅក្នុងការផ្លាស់ប្តូរនេះ ពួកគេអះអាងថា ជនស្លូតត្រង់អាចនឹងត្រូវវាយប្រហារដោយសារដីកា និងភ្នាក់ងារដែលអាចនឹងធ្វើការ និងកាត់សេចក្តីស្រេចនឹងចិត្ត។
ដំណោះស្រាយដែលបានលើកឡើងនេះមានសារៈសំខាន់ក្នុងការផ្តល់ឱ្យរដ្ឋាភិបាលក្នុងការរំលោភលើសិទ្ធិសេរីភាពរបស់ប្រជាជនស៊ីវិល បើតាមការអះអាងរបស់ លោក Daines។
ការកែប្រែច្បាប់នេះក៏បានបង្ហាញអំពីការប្រឆាំងរបស់ នាយកដ្ឋានយុត្តិធម៌ចំពោះច្បាប់របស់ខ្លួន និងបង្ហាញជាភស្តុតាងយ៉ាងច្បាស់អំពីភាពជ្រុលហួសហេតុរបស់រដ្ឋាភិបាល។
ការសម្រេចចិត្តរបស់តុលាការចំនួន១៤ បានបង្ហាញថា ដីកាមិនបានចេញតាមប្រក្រតីភាពដែលអនុលោមក្នុងមាត្រា៤១នោះទេ។
លោក Colin Fieman សហព័ន្ធការពារជាសាធារណៈដែលជាអ្នកតំណាងឱ្យជនជាប់ចោទដែលរងផលប៉ះពាល់បានប្រាប់ Motherboard ផងដែរថា ពួកយើងមិនដែលឃើញនៅក្នុងប្រវត្តិសាស្ត្ររបស់យើងនោះទេនូវដីកាដែលមានសិទ្ធិទូលំទូលាយបែបនេះ៕
ប្រភព៖ Reuters

សម្តេចតេជោ ហ៊ុន សែន៖ តំបន់ជ្រោយចង្វា ជាអនាគតទីក្រុងដ៏ល្អមួយ នៅពេលខាងមុខ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅមុននេះបន្តិច បានមានប្រសាសន៍ថា តាមរយៈការវិនិយោគរបស់ចិននៅប្រទេសកម្ពុជា នៅពេលខាងមុខនេះ តំបន់ជ្រោយចង្វារនឹងក្លាយជា អនាគតទីក្រុងដ៏ល្អមួយ ។
ក្នុងឱកាសសម្តេចថ្លែងសុន្ទរកថា ជាអធិបតីក្នុងពិធីបើកវេទិកាធុរកិច្ច កម្ពុជា-ចិន ធ្វើឡើងនៅសណ្ឋាគារហ្គាឌិនស៊ីធី រាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅជុំវិញតំបន់ជ្រោយចង្វានេះគឺមានតារាងកូនគោលដ៏ទំនើប ហើយ ពេលនេះចិនកំពុងតែជួយសាងសង់នូវពហុកីឡាដ្ឋាន នៅតំបន់នេះផងដែរ ដើម្បីឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម នៅឆ្នាំ ២០២៣។ ជាមួយគ្នានេះ ល្ងាចនេះនឹងមានពិធីចុះហត្ថលេខា ពាក់ព័ន្ធនឹងការកសាងទីក្រុងរណប បូកជាមួយគ្នានេះក៏មានស្ថានីយ៍ទូរទស្សន៍នៅទីនេះ និងមានវិមាននយោបាយឈ្នះៗដែលកសាងជានិមិត្តរូប នៅក្នុងតំបន់នេះផងដែរ។ ដោយមានសំណង់វិនិយោគធំៗជាច្រើននឹងធ្វើឱ្យតំបន់នេះ ក្លាយជាអនាគតទីក្រុងដ៏ល្អមួយ នៅពេលខាងមុខ៕