Thursday, December 01, 2016

សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់នូវទិដ្ឋការរយៈពេលវែង ជូនវិនិយោគគិនចិន និងកូរ៉េ

ថ្លែងក្នុង វេទិកាធុរកិច្ច និងហិរញ្ញវត្ថុកម្ពុជា-ចិន កម្ពុជា ព្រះរាជាណាចក្រ នៃកាលានុវត្តភាព « ខ្សែក្រវាតមួយផ្លូវមួយ» នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ មុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់នូវទិដ្ឋការរយៈពេលវែងសម្រាប់វិនិយោគិនចិន និងកូរ៉េ ចេញចូលក្នុងប្រទេសកម្ពុជាដោយមិនចាំបាច់សុំវីហ្សាទៀតទេក្នុងរយៈពេល ៣ឆ្នាំ។
សម្តេចតេជោ បានថ្លែងថា កន្លងទៅប្រទេសកម្ពុជាបានផ្តល់នូវទិដ្ឋការរយៈពេលវែង សំរាប់ភ្ញៀវទេសចរណ៍រួចមកហើយ ប៉ុន្តែបានភ្លេចគិតពីវិនិយោគិនរបស់ចិន និងកូរ៉េទៅវិញ។
តាមការបញ្ជាក់របស់សម្តេចតេជោ បានឱ្យដឹងថា ទិដ្ឋការរយៈពេលវែងសម្រាប់វិនិយោគិនចិន និងកូរ៉េនេះ ធ្វើការសម្រេចតាមតាមការស្នើសុំរបស់រដ្ឋមន្ត្រីរបស់ក្រសួងទេសចរណ៍ និងបន្ទាប់ពីបានពិគ្រោះយោបល់ជាមួយក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៀតផង។
សម្តេចតេជោ បានសម្រេចផ្តល់ជូនវិនិយោគិន ដែលមកពីប្រទេសចិន និងប្រទេសកូរ៉េ នូវទិដ្ឋការចេញចូលច្រើនដង និងរយៈពេលវែងចំនួន៣ឆ្នាំ សម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតា ដូច្នេះចាប់ពីពេលនេះតទៅ វិនិយោគិនរបស់ចិន ដែលកាន់លិខិតឆ្លងដែនធម្មតា គឺមិនចាំបាច់សុំវីហ្សាទៀតទេ ហើយក៏មិនចាំបាច់បង់ថ្លៃទៀតដែរ ក្នុងរយៈពេល ៣ឆ្នាំ ចង់ចេញចូលប៉ុន្មានដងក៏បានដែរ ក៏ប៉ុន្តែក្នុងបែបបទត្រូវបោះត្រាចេញ បោះត្រាចូលតែប៉ុណ្ណោះ៕

No comments:

Post a Comment