Thursday, December 01, 2016

អាជ្ញាធរ​ជាតិអប្សរា​ផ្តើម​កិច្ច​សហការ​ជាមួយ​តំបន់​ Miyun ទីក្រុង​ប៉េកាំង​នៃ​ប្រទេស​ចិន​

គណៈប្រតិភូតំបន់ Miyun ក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Jiang Xeufu អភិបាលរងនៃតំបន់ Miyun បានមកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ ជំនួបពិភាក្សានេះបានផ្តោតសំខាន់លើលទ្ធភាព ដែលអាជ្ញាធរជាតិអប្សរា និងតំបន់ Miyun អាចនឹងបង្កើតកិច្ចសហការគ្នានាពេលខាងមុខ។

ក្នុងបទបង្ហាញមកកាន់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា លោកJiang Xeufu បានលើកឡើងថា តំបន់ Miyun មានចំណុចច្រើនដែលដូចគ្នានឹងរមណីយដ្ឋានអង្គរ ដូចជា តំបន់នេះជាចំណុចសំខាន់នៃមហាកំពែងចិនដែលមានប្រវែងទៅ២០០គមឆ្លងកាត់។ លើសពីនេះ តំបន់ Miyun ក៏មានសក្តានុពលខាងកសិកម្មបែបទំនើប មានអាងស្តុកទឹកដ៏ធំជាងគេបង្អស់នៅអាស៊ី។ ចំណុចទាំងនេះហើយ ដែលធ្វើឲ្យភ្ញៀវទេសចរកម្រមើលរំលងណាស់។ លោកចង់ឲ្យតំបន់នេះមានទំនាក់ទំនងគ្នានឹងតំបន់អង្គរ ដើម្បីអាចដោះដូរបទពិសោធន៍គ្រប់គ្រងពីគ្នាទៅវិញទៅមកបាន។

  ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបង្ហាញគណៈប្រតិភូនៃតំបន់ Miyun អំពីកិច្ចការសំខាន់ដែលអាជ្ញាធរជាតិកំពុងអនុវត្តដូចជា ការងារអភិរក្សជួសជុលប្រាសាទ ការអភិវឌ្ឍទេសចរណ៍ និងការអភិវឌ្ឍសហគមន៍ជាដើម។ បន្ថែមពីនេះ ឯកឧត្តមក៏បានបង្ហាញអំពីកិច្ចសហការល្អរវាងអាជ្ញាធរជាតិអប្សរា និងប្រទេសចិនលើវិស័យ៣សំខាន់ៗគឺ ការងារអភិរក្សជួសជុលដែលកំពុងអនុវត្តនៅប្រាសាទតាកែវដោយស្ថាប័ន CSA កិច្ចសហការផ្នែកវិទ្យាសាស្ត្រ លើការប្រើប្រាស់ប្រព័ន្ធផ្កាយរណបពីប្រទេសចិន តាមរយៈគម្រោងសហប្រតិបត្តិការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់អភិរក្សនិងគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់សៀមរាប និងកិច្ចសហការផ្នែកការងារកសិកម្ម ដែលកំពុងអនុវត្តដោយក្រុមហ៊ុន Forward នៅក្នុងគម្រោងភូមិធម្មជាតិរុនតាឯក។

  ឯកឧត្តមអគ្គនាយបន្ថែមថា អាជ្ញាធរជាតិអប្សរារីករាយនឹងសហការជាមួយដៃគូជាតិ និងអន្តរជាតិលើការងារគ្រប់វិស័យដែលបម្រើដល់ការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមរយៈកិច្ចពិភាក្សានៅថ្ងៃនេះ ឯកឧត្តមសង្ឃឹមថា កិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងតំបន់ Miyun  អាចនឹងឈានដល់កិច្ចចុះព្រមព្រៀងណាមួយក្នុងពេលឆាប់ៗខាងមុខនេះ៕





No comments:

Post a Comment