Thursday, December 01, 2016

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជាអធិប​តីក្នុង​វេទិកា​ធុរ​កិច្ច​កម្ពុជា​-ចិន ក្រោម​ប្រធាន​បទ​ " កម្ពុជា​ ព្រះរាជាណា​ចក្រ​នៃកា​លានុវ​ត្ត​ភាព​ ខ្សែ​ក្រ​វាត់​មួយ​ ផ្លូវ​មួយ​ " ​

ជាគោលដៅចំពោះមុខ ប្រមុខដឹកនាំនៃប្រទេសទាំងពីរបានដាក់ ចេញនូវផែនការបង្កើនទំហំពាណិជ្ជ-កម្មសរុបរវាងប្រទេសទាំងពីរឱ្យ សម្រេចបានជាទឹកប្រាក់ចំនួន ៥ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៧ ។ ជាក់ស្តែងពាណិជ្ជកម្មសរុបរវាងកម្ពុជានិងចិនក្នុងឆ្នាំ ២០១៥ សម្រេចបានចំនួន ៤,៣ ពាន់លានដុល្លារអាមេរិក គឺមានការកើនឡើង១៥,១៩% ប្រៀបធៀបនឹងឆ្នាំ២០១៤ ដែលសម្រេចបានចំនួន ៣,៨ ពាន់ លានដុល្លារអាមេរិក ។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅប្រទេសចិនក្នុងឆ្នាំ២០១៥ មានចំនួន ៤០៥ លានដុល្លារអាមេរិកនៅពេលដែលការនាំចូលរបស់កម្ពុជាពីប្រទេសចិន មានចំនួន ៣,៩ ពាន់លានដុល្លារអាមេរិក គឺមានការកើនឡើង ១៩,៧០% ប្រៀបធៀបនឹងឆ្នាំ២០១៤ដែលមានចំនួន ៣,៣ ពាន់លានដុល្លារអាមេរិក ។
ក្នុងក្របខ័ណ្ឌនៃការវិនិយោគផ្ទាល់ពីបរទេស ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នា ពីឆ្នាំ២០១១ ដល់ឆ្នាំ ២០១៥ ប្រទេសចិន គឺជាប្រភព ទុនវិនិយោគ ធំជាងគេនៅកម្ពុជា ក្នុងបរិមាណសរុប ៤,៩ ពាន់លានដុល្លារអាមេរិក ក្នុងនោះការវិនិយោគរបស់ចិន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួនប្រមាណ ៥៦០លានដុល្លារអាមេរិក ។ ដោយឡែក ត្រឹមខែតុលា ឆ្នាំ២០១៦នេះ គម្រោងវិនិយោគចិន ដែលបានកត់ត្រានៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន ៨៤ គម្រោង ដែលមានទុនវិនិយោគសរុបចំនួនប្រមាណ៧១៦ លានដុល្លារអាមេរិក ស្មើ ២៤,៦៩% នៃទុនវិនិយោគសរុប ។
    រីឯវិស័យសំណង់ គិតពីឆ្នាំ ២០០០ រហូតដល់ត្រឹមខែសីហា ឆ្នាំ២០១៦ ការបោះ ទុនវិនិយោគរបស់ វិស័យឯកជនបរទេសមានចំនួន ២៨៤ គម្រោង មានផ្ទៃក្រឡាសំណង់សរុបប្រមាណ ១២,៥ លានម៉ែត្រ- ក្រឡា និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៤,៣ ពាន់-លានដុល្លារអាមេរិក ក្នុងនោះប្រទេសចិន ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមអ្នកវិនិយោគបរទេសមកពីប្រទេសចំនួន ១៨  ។
ដោយឡែកក្នុងវិស័យធនាគារ ប្រព័ន្ធធនាគារនៅកម្ពុជា បានអភិវឌ្ឍជាបន្តបន្ទាប់ ទៅតាមការវិវត្តន៍ នៃទីផ្សារ ។ គិតត្រឹមខែ ធ្នូ ឆ្នាំ២០១៥ កម្ពុជាមានធនាគារពាណិជ្ជចំនួន ៣៦ ធនាគារឯកទេសចំនួន ១១ និងការិយាល័យតំណាងធនាគារបរទេសចំនួន ៨ ។ ក្នុងនោះធនាគារពាណិជ្ជ របស់ចិនមានចំនួន ២ ធនាគារឯកទេសរបស់ចិនមានចំនួន ១ ដែលមាន  ដើមទុនសរុបប្រមាណ ២២៣ លានដុល្លារអាមេរិក  ។
ចំពោះវិស័យទេសចរណ៍ កម្ពុជាបាននិងកំពុងបោះជំហានរីកចម្រើនខ្លាំងជាលំដាប់ ដោយរក្សាបាន នូវកំណើន ជារៀងរាល់ឆ្នាំ និងបានរួមចំណែកប្រមាណជាង ១២% នៃផលិតផលក្នុងស្រុកសរុប ។ ក្នុងឆ្នាំ ២០១៥ កម្ពុជាទទួលបានទេសចរចំនួនប្រមាណ ៤,៨លាននាក់ នាំចំណូលប្រមាណ ៣ ពាន់លានដុល្លារ អាមេរិក និងផ្ដល់ឱកាសការងារប្រមាណ ៦២ ម៉ឺននាក់ ។ ក្នុងនោះ ទេសចរចិនមកកម្ពុជា មានចំនួនប្រមាណ ៧០ ម៉ឺននាក់ ដោយកើនឡើង ២៤ % ធៀបនឹងឆ្នាំ២០១៤ និងឈរក្នុងលំដាប់ទី ២ ។ សម្រាប់ឆ្នាំ ២០១៦កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥ លាននាក់ ក្នុងនោះទេសចរ ចិនអាចមាន ចំនួនប្រមាណ ៨០ ម៉ឺននាក់ គឺកើនឡើង ១៤,២៩% ធៀប នឹងឆ្នាំ ២០១៥ ។ ជាមួយគ្នានេះដែរ រហូតមក ដល់ពេលបច្ចុប្បន្ន ជើងហោះហើរត្រង់ពីប្រទេសចិនមកកម្ពុជាមានចំនួន ៩៣ ជើងក្នុងមួយ សប្តាហ៍ ក្នុងនោះមកភ្នំពេញ ( ៥១ ជើង ) សៀមរាប ( ៣០ ជើង ) និង ក្រុងព្រះសីហនុ ( ១២ ជើង ) ៕







No comments:

Post a Comment