Thursday, December 01, 2016

កម្ពុជាប្ដេជ្ញាចូលរួមកាត់បន្ថយអត្រាឆ្លងជំងឺគ្រុនឈាម ឱ្យបាន​យ៉ាង​តិច​បំផុត ៣០ភាគរយ នៅត្រឹមឆ្នាំ២០២០ខាងមុខ

នៅព្រឹកថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១៦ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់  ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្រ្ដ បានបង្ហាញការប្ដេជ្ញាចិត្ដថា កម្ពុជានឹងខិតខំចូលរួមកាត់បន្ថយអត្រាឆ្លងជំងឺគ្រុនឈាម ឱ្យបានយ៉ាងតិច បំផុត៣០ភាគរយ នៅត្រឹមឆ្នាំ២០២០ខាងមុខ ដើម្បីធ្វើឱ្យអត្រាស្លាប់ និងការចម្លងជំងឺគ្រុនឈាម ស្ថិតក្នុងកម្រិតទាបបំផុតនៅកម្ពុជា។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងការបង្ហាញលទ្ធផលអំពីការរៀបចំគោលនយោបាយលើ គម្រោងសិក្សារួមបញ្ចូលគ្នា ក្នុងការគ្រប់គ្រងភ្នាក់ងារចម្លងគ្រុនឈាមរវាងក្រសួងសុខាភិបាល និងអង្គការដៃគូ នៅសណ្ឋាគារភ្នំពេញ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធាន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់  ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្រ្ដនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការកំណត់ទិសដៅនេះ គឺដើម្បីរៀបចំយុទ្ធសាស្រ្ដចូលរួមលុបបំបាត់ ឬឆ្លើយតបទៅនឹងភ្នាក់ងារចម្លងជំងឺគ្រុនឈាម ស្របតាមការកំណត់យុទ្ធសាស្រ្ដថ្មីរបស់អង្គការសុខ ភាពពិភពលោក ដែលបានលើកឡើងថា ក្នុងឆ្នាំ២០២០ អត្រាស្លាប់ ត្រូវអនុវត្ដន៍ឱ្យបាន៥០ភាគរយ និងអត្រាអត្រាឈឺ និងការចម្លងមេរោគគ្រុនឈាមឱ្យបានពី២៥ ទៅ៣០ភាគរយ ចាប់ពីឆ្នាំ២០១៦នេះ តទៅ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៣មកម្លេះ កម្ពុជាបានដើរឈានមុខគេក្នុង  ការចងក្រងនូវសូចនករក្នុងការកាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់ជំងឺគ្រុនឈាម ដោយបានផ្លាស់ ប្ដូរនូវបទពិសោធន៍ជាច្រើនជាមួយនឹងសកលលោកទាំងផ្នែកធ្វើរោគវិនិច្ឆ័យ និងព្យាបាល ពិសេស ផ្នែកប្រព័ន្ធតាមដានជំងឺគ្រុនឈាម និងការប្រើប្រាស់មធ្យោបាយសម្លាប់ភ្នាក់ងារ ចម្លងមូសខ្លាដែលត្រូវបានគេយកធ្វើជាគំរូនៅលើពិភពលោក។
លោកវេជ្ជបណ្ឌិតបានលើកឡើងថា  ចាប់ពីឆ្នាំ២០១៤មក អត្រាការស្លាប់ដោយជំងឺគ្រុនឈាម នៅក្នុងប្រទេសកម្ពុជាស្តិតក្នុងកម្រិតទាបបំផុត ពិសេសក្នុងឆ្នាំ២០១៦នេះ អត្រាកើតជំងឺគ្រុនឈាម មានការធ្លាក់ចុះជាបន្ដបន្ទាប់ពោលគឺ ប្រមាណតែ០.២ភាគរយប៉ុណ្ណោះ ក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងប្រទេស។
លោកវេជ្ជបណ្ឌិត នុត មុនី ប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរសុខាភិបាលខេត្ដត្បូងឃ្មុំ បានឱ្យដឹងថា ការកើតឡើងជំងឺគ្រុនឈាមក្នុងឆ្នាំ២០១៦នេះ គឺមិនមានអ្វីកើតឡើងគួរឱ្យព្រួយបារម្ភ នោះទេ គឺមានប្រមាណតែ៣ ឬ៤ករណីតែប៉ុណ្ណោះ នៅក្នុងខេត្ដត្បូងឃ្មុំ ដោយសារតែការទប់ស្កាត់ បានទាន់ពេលវេលាក្នុងការសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការចុះផ្សព្វផ្សាយអប់រំដល់ប្រជាពល រដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិតបានបន្ដថា មន្ទីរសុខាភិបាលខេត្ដបានពង្រឹងការធ្វើរោគវិនិច្ឆ័យជំងឺគ្រុនឈាម នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យ ឱ្យបានជាប់ជាប្រចាំ ដើម្បីកុំឱ្យមានការភ័ណ្ឌច្រលំជាមួយនឹងជំងឺ ផ្សេងៗទៀត ក្នុងការតាមដាន និងត្រួតពិនិត្យឱ្យបានច្បាស់លាស់។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺ គ្រុនចាញ់  ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្រ្ដ បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៦នេះ មានករណីគ្រុន ឈាមកើតឡើងសរុប១២២៤៨ករណី ក្នុងនោះ ស្លាប់ចំនួន១៨ករណី បើប្រៀបធៀបទៅនឹងរយៈពេល ដូគ្នាក្នុងឆ្នាំ២០១៥ គឺមានចំនួន១៤០០៩ករណី និងស្លាប់ចំនួន៣៦នាក់៕

No comments:

Post a Comment