Monday, May 13, 2024

ឯកឧត្តម សួស យ៉ារ៉ា ប្រធានកិត្តិយសក្រុមការងារគណបក្សចុះស្រុកកំពង់ស្វាយ ប្រធាន និងអនុប្រធាន ជួបសំណេះសំណាលជាមួយបេក្ខជនជាអង្គបោះឆ្នោត ក្រុមប្រឹក្សាខេត្ត ស្រុក



នៅរសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៤នេះ នៅស្នាក់ការគណៈកម្មាធិការគណបក្សស្រុកកំពង់ស្វាយ ក្នុងខេត្តកំពង់ធំ ឯកឧត្តម សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាល សមាជិករដ្ឋសភា និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ លោកជំទាវ ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្ស ឯកឧត្តម ទិត សុធា អនុប្រធានទី១ក្រុមការងារគណបក្ស និងលោកជំទាវ  លំ គន្ធារី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានជួបសំណេះសំណាលជាមួយអង្គបោះឆ្នោត ដែលជាសមាជិក សមាជិកាក្រុមប្រឹក្សាឃុំទាំង១១ក្នុងស្រុកកំពង់ស្វាយ ដោយផ្តោតជាសំខាន់សម្រាប់ដំណើរការឆ្ពោះទៅកាន់ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ ជាថ្ងៃបើកយុទ្ធនាការក្នុងក្របខណ្ឌទូទាំងប្រទេស ។


ឯកឧត្តម សួស យ៉ារ៉ា បានជម្រាបជូនបេក្ខជនជាអង្គបោះឆ្នោតទាំងអស់ដែលអញ្ជើញមកពីឃុំទាំង១១ នៃស្រុកកំពង់ស្វាយ សូមត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ពេលយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ ។ ឯកឧត្តម សួស យ៉ារ៉ា បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានគ្រឹះដ៏រឹងមាំ និងមានសាមគ្គីភាពផ្ទៃក្នុងស្អិតរមួតគ្រប់កំរិត ពីថ្នាក់លើដល់មូលដ្ឋាន និងតែងតែខិតខំបម្រើប្រជាពលរដ្ឋ ហើយជានិច្ចកាល សម្តេចតេជោ ប្រធានគណបក្ស និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ក្រៅពីការខិតខំស្វែងរកសន្តិភាពជូនប្រទេសជាតិហើយ គឺប្តេជ្ញាបម្រើអត្ថប្រយោជន៍ប្រជាពលរដ្ឋដោយឥតងាករេ និងគិតគូសព្វបែបយ៉ាងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានជីវភាពរស់នៅកាន់តែប្រសើរឡើង ជាមួយនឹងការកសាងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។ ឯកឧត្តម សួស យ៉ារ៉ា មាននូវសុទិដ្ឋិនិយមថា អង្គបោះឆ្នោតទាំងអស់ក្នុងស្រុកកំពង់ស្វាយ នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យសម្រេចជោគជ័យ១០០ភាគរយនៅពេលខាងមុខនេះ។ ទន្ទឹមនឹងនោះ ឯកឧត្តម សួស យ៉ារ៉ា ក៏បានលើកឡើងអំពីការប្រឹងប្រែងរបស់ក្រុមការងារទាំងថ្នាក់ស្រុក និងឃុំ នូវឱកាសអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ការផ្គត់ផ្គង់ទឹកស្អាត ការដោះស្រាយបញ្ហាប្រឈមនានាដូចជារឿងដីធ្លីជាដើម  និងសក្កានុពលនៃដំណាំ គ្រាប់ស្វាយចន្ទី ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសយកខេត្តកំពង់ធំ ជាខេត្តអាទិភាពក្នុងការ ជម្រុញការដាំដុះ ការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារក្រៅប្រទេស ហើយ ស្រុកកំពង់ស្វាយ ក៏ជាស្រុកដែលប្រជាពលរដ្ឋភាគច្រើនជាអ្នកដាំដំណាំស្វាយចន្ទីនេះស្រាប់។


នាឱកាសនោះ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានមានប្រសាសន៍ ផ្តាំផ្ញើ និងជាការក្រើនរម្លឹកដល់មន្ត្រីគ្រប់រូប ត្រូវខិតខំដោះស្រាយសេវាសាធារណៈ ដើម្បីបម្រើប្រជាពលរដ្ឋ ទាំងសេវាតម្រូវការ និងទាំងសេវាសំណូមពរ និងសូមឱ្យសមាជិកក្រុមប្រឹក្សាគ្រប់ឃុំ ត្រូវក្តាប់ឱ្យបាននូវរាល់បញ្ហាប្រឈម សតិអារម្មណ៍របស់ប្រជាពលរដ្ឋ ដើម្បីរិះរកលទ្ធភាពនានាក្នុងការជួយបម្រើប្រជាពលរដ្ឋដោយស្មោះសរ ដោយឈរលើស្មារតី រួមសុខ រួមទុក្ខ និងរួមទទួលខុសត្រូវទាំងអស់គ្នា៕













សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤។





កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍


នាព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


ក្នុងឱកាសនៃជំនួប ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement - CEPA) ដែលជាកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាង អេមីរ៉ាតអារ៉ាប់រួម-កម្ពុជា ឱ្យកាន់តែរឹងមាំ។ បន្ថែមលើនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានបញ្ជាក់ថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តមនឹងខិតខំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើន រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍។ 


ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri និងគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូតរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ជាពិសេសការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement - CEPA) ហើយតាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសទាំងពីរនឹងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត។ 


ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលស្អាត ទេសចរណ៍ កសិកម្ម បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ គឺជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីអភិវឌ្ឍកម្ពុជាប្រកបដោយភាពធន និងបរិយាប័ន្ន។ ជាក់ស្ដែង ក្នុងវិស័យថាមពលស្អាត បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា បានសម្រេចនូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ ព្រមទាំងបានបញ្ឈប់ទាំងស្រុងនូវការបង្កើតរោងចក្រដំណើរការដោយថាមពលធ្យូងថ្ម ដោយជំនួសមកវិញនូវគម្រោងអភិវឌ្ឍថាមពលកកើតឡើងវិញ។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានបញ្ជាក់ពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាកញ្ចប់ ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់វិស័យទេសចរណ៍ ហើយតាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្តេចធិបតី មានជំនឿជាក់ថា ចំនួនភ្ញៀវទេសចរនឹងកាន់តែកើនឡើងបន្ថែមទៀត។ 


សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់ឯកឧត្តមឯកអគ្គរាជទូត ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបន្តជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវិស័យសក្ដានុពលផ្សេងៗទៀតផងដែរ។ ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរ ឯកឧត្តមឯកអគ្គរាជទូត ទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា៕




សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Ping M. Kitnikone អគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤។




ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជា ពេញចិត្តចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងកាណាដា-កម្ពុជា 

នាព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ពីង គិតនីកន (Ping M. Kitnikone) អគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ 

ក្នុងឱកាសនៃជំនួប លោកជំទាវអគ្គរដ្ឋទូត បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានបញ្ជាក់អំពីការពេញចិត្តចំពោះទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្ត និងកិច្ចសហប្រតិបត្តិការល្អ រវាងកាណាដា-កម្ពុជា ដែលជាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ហើយក្នុងអាណត្តិការទូតនៅកម្ពុជា លោកជំទាវឯកអគ្គរដ្ឋទូត ប្តេជ្ញាខិតខំបន្ត ពង្រឹង និងពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។ បន្ថែមលើនេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងកាណាដា-កម្ពុជា ក៏ដូចជាការពង្រឹងការវិនិយោគប្រកបដោយគុណភាពរបស់ក្រុមហ៊ុនកាណាដានៅកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកជំទាវ ពីង គិតនីកន និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ដែលជាចំណងការទូតជាង៧០ឆ្នាំមកហើយ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានចូលរួមចំណែកក្នុងការកសាងសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក ការកសាងធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលដល់កងកម្លាំងរក្សាសន្តិភាពមួកខៀវរបស់កម្ពុជា និងការគាំទ្រដល់វិស័យបោសសម្អាតមីន។ 

ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម និងវិនិយោគ សម្តេចធិបតី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះសភាពាណិជ្ជកម្មកម្ពុជាបានបង្កើតនូវតំណាងសភាពាណិជ្ជកម្មនៅប្រទេសកាណាដា ដែលជាផ្នែកមួយនៃការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ បន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់ជូនលោកជំទាវឯកអគ្គរដ្ឋទូតអំពីគោលនយោបាយទាក់ទាញ និងលើកទឹកចិត្តវិនិយោគិននៅកម្ពុជា តាមរយៈការអនុវត្តច្បាប់ស្តីអំពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការដាក់ចេញនូវគោលនយោបាយជាក់ស្ដែង ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក។ ទន្ទឹមនោះ សម្ដេចធិបតីក៏បានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការបន្ថែមទៀតក្នុងការគាំទ្រ និងដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិនិយោគិននៅកម្ពុជា តាមរយៈការរៀបចំនូវវេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន និងការបង្កើតក្រុមការងារតាមដានលើការអនុវត្តគោលនយោបាយ វិធានការ និងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា របស់វិនិយោគិន។

សម្តេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយផ្តោតលើគំនិតផ្តួចផ្តើមស្តីពីយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក របស់ប្រទេសកាណាដា និងការឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ដែលនឹងក្លាយជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ក៏ដូចជា ដើម្បី​សន្ដិភាព ស្ថិរភាព ​វិបុលភាព និង​ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ 

ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរលោកជំទាវឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា ៕







ប្រជាពលរដ្ឋប្រមាណ២.៩៣៨នាក់ នៅស្រុកតាំងគោក ទទួលបានការពិនិត្យនិងព្យាបាលដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យ TYDA



នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រមាណជាង ៣០០នាក់ ចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួនប្រមាណ២.៩៣៨ នាក់ ស្មើនឹង ៥.១៦៦ ករណី កំពុងរស់នៅភូមិគ្រើល ឃុំពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ការពិនិត្យ និងព្យាបាលនេះ បានប្រព្រឹត្តទៅក្នុងបរិវេណអនុវិទ្យាល័យ-បឋមសិក្សា ហ៊ុនសែនគ្រើលអណ្តូងពោធិ៍ ដោយមានការចូលរួមផងដែរពីសំណាក់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់។


មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតីនាយករដ្ឋមន្រ្តី តែងយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ជាក់ស្ដែង ថ្ងៃនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យនិងព្យាបាលជំងឺទាំងអស់រួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពង់ក, ថតកាំរស្មី, ពិនិត្យឈាម,  ព្រមទាំងបានបញ្ជូនករណីជំងឺធ្ងន់ធ្ងរចំនួន៧៧នាក់ ទៅព្យាបាលបន្ត ប្រកបដោយទឹកចិត្តនិងស្នាមញញឹមចេញពីបេះដូងមនុស្សធម៌ ដែលសកម្មភាពនេះ បានបង្កើតឡើងអស់រយៈពេលជាង១២ឆ្នាំ មកហើយ។


ក្នុងឱកាសនោះដែរ ក្រៅពីការពិនិត្យ និងព្យាបាលជំងឺ លោកជំទាវបណ្ឌិត ក៏បានចែកកាបូបស្ពាយ ដល់ក្មួយៗសិស្សានុសិស្ស ដែលមានវត្តមាននៅក្នុងបរិវេណសាលារៀន ផងដែរ។


ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកចំពោះសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលបានផ្តល់ឱកាសដ៏វិសេសវិសាលនេះដល់ពួកគាត់៕