Monday, October 16, 2023

សម្ដេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកដែលមិនទាន់ប្រើ iPhone15 ផ្អាកប្រើសិន កុំឲ្យរងគ្រោះដូចសម្ដេច


ភ្នំពេញៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី ១៦ ខែតុលានេះ បានផ្ញើសារជូន បងប្អូនដែលប្រើប្រាស់ទូរស័ព្ទត្រកូល iPhone  ដោផ្តាំទៅអ្នកដែលមិនទាន់ប្រើ iPhone15 ផ្អាកប្រើសិន កុំឲ្យរងគ្រោះដូចសម្ដេច។

សម្ដេចតេជោ ថ្លែងថា ខ្ញុំជាមនុស្សម្នាក់ដែលប្រើទូរស័ព្ទត្រកូល iPhone ក្នុងចំនួនច្រើននិងគ្រប់ជំនាន់។ ទូរស័ព្ទ iPhone នេះបានជួយការងារខ្ញុំយ៉ាងច្រើន ដែលខ្ញុំសូមអរគុណនិងកោតសរសើរ។

សម្ដេចបញ្ជាក់ថា អ្វីដែលជាការកត់សំគាល់គឺ iPhone 15 ដែល

ទើបចេញថ្មីជាប្រភេទទូរស័ព្ទដែលលំបាកប្រើបំផុត។ ខ្ញុំកំពុងប្រើ iPhone 15 ចំនួន៤គ្រឿងគឺពិបាកប្រើដូចគ្នា។

សម្ដេចថ្លែងថា ខ្ញុំកំពុងត្រៀមវិលទៅ iPhone 14.13.12 វិញ។ ខ្ញុំនៅតែស្រឡាញ់និងប្រើ iPhone ដដែលតែចង់ផ្តាំទៅអ្នកដែលមិនទាន់ប្រើ iPhone15 ផ្អាកប្រើសិន កុំឲ្យរងគ្រោះដូចខ្ញុំ។ សង្ឃឹមថាក្រុមហ៊ុន និងរកវិធីសម្រួលដើម្បីប្រើបានស្រួល៕


For people using iPhone!

I am a person who uses iPhone in large number and all generations. iPhone has helped me a lot in work which I thank and appreciate.

What I notice is that a newly released iPhone 15 is the most difficult phone to use.

I am using four items of iPhone 15 which are all difficult to use. I will return to use iPhone 14 iPhone 13 iPhone 12.

I still love and use iPhone, but I just want to tell those who have not used iPhone15, please hold if you do not want to suffer like me.

Hope the company will find a way to fix iPhone 15 for easy usage.

ថ្នាក់ដឹកនាំធនាគារចិនគ្រុប បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត, វិស័យហិរញ្ញវត្ថុនៅកម្ពុជា នឹងកាន់តែរីកចម្រើនជឿនលឿន និងរឹងមាំ ជាពិសេសនៅក្នុងយុគសម័យនៃសេដ្ឋកិច្ចឌីជីថល

 

នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក កឺ ហាយជែវ (GE Haijiao) ប្រធានក្រុមប្រឹក្សាភិបាលនៃ “ធនាគារចិនគ្រុប /BOC Group” ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។

ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារចិនគ្រុប បានថែ្លងអំណរគុណចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីការជួយជ្រោមជ្រែងរបស់ធនាគារចិនគ្រុប នៅក្នុងការជំរុញសកម្មភាពវិនិយោគពីប្រទេសចិនមកកម្ពុជា ។ ដោយឡែក លោក កឺ ហាយជែវ ក៏បានជម្រាបជូន សម្តេចធិបតី ផងដែរ អំពីគម្រោងនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងគោលបំណងដើម្បីជំរុញ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ តាមរយៈការនាំមកនូវផលិតផលហិរញ្ញវត្ថុថ្មីៗ  និងបទពិសោធន៍ដ៏សម្បូរបែបរបស់ធនាគារចិនគ្រុប ។ មួយវិញទៀត ថ្នាក់ដឹកនាំរបស់ធនាគារចិនគ្រុប បានថ្លែងនូវការកោតសសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេស នៅក្នុងវិស័យហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងរយៈកាលកន្លងមក ហើយលោកក៏បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត, វិស័យហិរញ្ញវត្ថុនៅកម្ពុជា នឹងកាន់តែរីកចម្រើនជឿនលឿន និងរឹងមាំថែមទៀត ជាពិសេសនៅក្នុងយុគសម័យនៃសេដ្ឋកិច្ចឌីជីថលនេះ ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់នាំរបស់ធនាគារចិន គ្រុប នាឱកាសនេះ និងបានបង្ហាញនូវសុទិដ្ឋិនិយមចំពោះរបាយការណ៍អំពីប្រតិបត្តិការអាជីវកម្ម ព្រមជាមួយនឹងការអបអរសាទរចំពោះជោគជ័យរបស់ធនាគារចិនគ្រុបនៅក្នុងប្រទេសចិន, ទីក្រុងហុងកុង និងបណ្តាប្រទេសនានាលើសកលលោក រួមទាំងនៅក្នុងប្រទេសកម្ពុជា ផងដែរ ។ យោងទៅលើសមិទ្ធផលរីកចម្រើន ដែលទទួលបានពីប្រតិបត្តិការអាជីវកម្មក្នុងរយៈពេលជាង ១០ ឆ្នាំ នៅក្នុងប្រទេសកម្ពុជា, សម្តេចធិបតី បានធ្វើការវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសំខាន់របស់ធនាគារចិនគ្រុប នៅក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាការជំរុញពាណិជ្ជកម្មកម្ពុជា-ចិន ដូចដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងគួរឱ្យកត់សម្គាល់នូវទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃទំនាក់ទំនងដ៏សកម្មរវាងប្រជាជន និងប្រជាជន នៅក្នុងវិស័យហិរញ្ញវត្ថុ ដែលពិតជាបានចូលរួមចំណែកមិនអាចខ្វះបានដល់កំណើននៃវិស័យទេសចរណ៍ ។ ជាងនេះទៀត សម្តេចធិបតី ក៏បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធហិរញវត្ថុនៃប្រទេសទាំងពីរ ដែលបានសម្រួលដល់ការទូទាត់សងប្រាក់ឆ្លងដែនរវាងប្រាក់រៀល និងប្រាក់យ័ន ដែលចូលរួមចំណែកដល់ការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក, ការសម្រួលដល់ភ្ញៀវទេសចរ និងការធ្វើពាណិជ្ជកម្មឆ្លងដែន ជាដើម ។ល។









ក្រុមហ៊ុន China Datang Corporation Ltd. បានបង្ហាញនូវជំនឿជឿជាក់លើការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងបានប្តេជ្ញាក្នុងការបង្កើនទុនវិនិយោគចំនួន ៦០០ លានដុល្លាអាមេរិក ដើម្បីជាការរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា

នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd. ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។

ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd. បានថែ្លងអំណរគុណ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម ព្រមទាំងបានថ្លែងអំណរគុណផងដែរចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកន្លងមកបានគាំទ្រដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា លើគម្រោងចំនួនពីរ គឺ (i) គម្រោងវារីអគ្គិសនីអានុភាព ១២០ មេហ្កាវ៉ាត់ និងគម្រោងខ្សែបញ្ជូន និង (ii) អនុស្ថានីយ៍តង់ស្យុងខ្ពស់ ពីភ្នំពេញ-បាត់ដំបង ប្រវែង ២៩០ គីទ្បូម៉ែត្រ ។ ជាមួយគ្នានេះ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានបង្ហាញនូវជំនឿជឿជាក់លើការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងបានប្តេជ្ញាក្នុងការបង្កើនទុនវិនិយោគចំនួន ៦០០ លានដុល្លាអាមេរិកបន្ថែមទៀត លើគម្រោងក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ដើម្បីជាការរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ ថ្មីនេះ ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន China Datang Corporation Ltd. និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលកន្លងមកបានបណ្តាក់ទុនវិនិយោគលើគម្រោងក្នុងវិស័យថាមពលនៅព្រះរាជាណាចក្រកម្ពុជា ហើយដែលបានដំណើរការដោយជោគជ័យ ។ ទន្ទឺមនឹងនេះ សម្តេចធិបតី ក៏បានបញ្ជាក់អំពីការគាំទ្រ និងការលើកទឹកចិត្តចំពោះគម្រោងវិយោគផ្សេងទៀតរបស់ក្រុមហ៊ុនក្នុងវិស័យថាមពល នៅប្រទេសកម្ពុជា ជាពិសេសគម្រោងដែលពាក់ព័ន្ធនឹងការផ្ទេរបច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ ដោយក្នុងនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់លើការវិនិយោគផ្នែកបច្ចេកវិទ្យាថ្មីៗ ដែលអាចជួយពង្រឹងបន្ថែមទៀតដល់ប្រសិទ្ធភាព និងការប្រកួតប្រជែងផ្នែកតម្លៃ ៕











សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងគាំទ្រចំពោះភាពជាដៃគូរវាងក្រុមហ៊ុន Royal Group របស់កម្ពុជា និង ក្រុមហ៊ុន CNEE របស់ចិន

នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម ខាង ហ៊ូពាវ (Kang Hubiao) អគ្គនាយកក្រុមហ៊ុន Genertec International Holding Co., Ltd. ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China National Energy Engineering & Construction Co., Ltd. (CNEE) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។

ក្នុងជំនួបនេះ ឯកឧត្ដម ខាង ហ៊ូពាវ បានថែ្លងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្ដមចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីប្រវត្តិសាវតាររបស់ ក្រុមហ៊ុន Genertec International Holding Co., Ltd. ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដោយផ្តោតលើអាជីវកម្មក្នុងវិស័យធំៗចំនួនបី គឺ៖ ផ្នែកផលិតកម្ម, ការវិនិយោគលើវិស័យសុខាភិបាល និងការវិនិយោគក្រៅប្រទេស ដែលក្នុងនោះ ក៏កំពុងមានគម្រោងវិនិយោគលើវិស័យថាមពលវារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជាក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Royal Group របស់កម្ពុជា ផងដែរ ។

ជាការឆ្លើយតប សម្តេចធិបតី បានបង្ហាញនូវក្តីរីករាយចំពោះជំនួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Genertec International Holding Co., Ltd. នាឱកាសថ្ងៃនេះ និងបានសម្តែងនូវការស្វាគមន៍ និងការគាំទ្រចំពោះភាពជាដៃគូរវាងក្រុមហ៊ុន Royal Group របស់កម្ពុជា និង ក្រុមហ៊ុន CNEE របស់ចិន នៅក្នុងគម្រោងវិនិយោគរួមលើវិស័យថាមពល ព្រមជាមួយនឹងក្តីសង្ឃឹមថា ក្រុមហ៊ុនអាចនឹងបន្តពង្រីកការវិយោគទៅលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនមានជំនាញ ៕










សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញទៅដល់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនប្រកបដោយសុវត្ថិភាព

នៅរសៀលថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ ធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញចូលរួមក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣។ 

វត្តមាននៃការអញ្ជើញដល់របស់សម្ដេចធិបតី និងលោកជំទាវនៅអាកាសយានដ្ឋានអន្តរជាតិ នា ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានទទួលការស្វាគមន៍ រាក់ទាក់ស្និទ្ធស្នាលជាទីបំផុតពីសំណាក់មន្ត្រីថ្នាក់ដឹកនាំ នៃរដ្ឋាភិបាលចិននិងមន្ត្រីថ្នាក់ដឹកនាំកម្ពុជាប្រចាំនៅប្រទេសចិនជាច្រើនផងដែរក្នុងនោះរួមមាន ឯកឧត្តម Tang Renjlan រដ្ឋមន្ត្រីកសិកម្ម និងកិច្ចការជនបទ, ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ 

ដំណើរអញ្ជើញចូលរួមវេទិកាខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីន ពីង ប្រធានាធិបតីចិន។ វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ (3o BRF) សម្រាប់កិច្ច សហ ប្រតិបត្តិការអន្តរជាតិ នឹងប្រព្រឹត្តពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានី ប៉េ កាំង ក្រោមមូលបទ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាព ខ្ពស់ ៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។

នៅក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវនេះ សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះ ស្ដីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។ អំឡុងពេលចូលរួមវេទិកានេះ សម្តេចធិបតី នឹងជួបពិភាក្សាជាមួយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុង ក្រប ខ័ណ្ឌ ទ្វេភាគី និងពហុភាគី ព្រមទាំងមានជំនួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយឥស្សរជន បរទេស ដទៃទៀតផងដែរ៕












សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ នៅសាធារណរដ្ឋប្រជាមានិតចិន


នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ​ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ដំណើរអញ្ជើញចូលរួមវេទិកាខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតីចិន។ វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ (3o BRF) សម្រាប់កិច្ច​សហ​ប្រតិបត្តិការអន្តរជាតិ នឹងប្រព្រឹត្តពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣ នៅរដ្ឋធានី​ប៉េ​កាំង ក្រោមមូលបទ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាព​ខ្ពស់​៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។
នៅក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវនេះ សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះ ស្ដីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។ អំឡុងពេលចូលរួមវេទិកានេះ សម្តេចធិបតី នឹងជួបពិភាក្សាជាមួយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុង​ក្រប​ខ័ណ្ឌ​ទ្វេភាគី និងពហុភាគី ព្រមទាំងមានជំនួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយឥស្សរជន​បរទេស​ដទៃទៀតផងដែរ៕





















សំណង់ព្រះវិហារដ៏ចំណាស់ និងស្ថាបត្យកម្មល្អឯក នៅវត្តល្អក់ ឬអារញ្ញរង្សី ត្រូវបានអភិរក្ស



វត្តល្អក់ ឬ អារញ្ញរង្សី ស្ថិតក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ទីអារាមមួយនេះមានព្រះវិហារចំណាស់មួយ ដែលមានអាយុកាលប្រមាណ៩០ឆ្នាំ ក្នុងកំឡុងគ្រប់គ្រងវត្តនេះដោយព្រះគ្រូចៅអធិការព្រះនាមដួង នេះបើយោងតាមអក្សរចារិកនៅលើបុស្បក ក្បែរបល្ល័ង្គព្រះ និងការផ្តល់ព័ត៌មានពីសំណាក់ព្រះគ្រូចៅអធិការ សព្វថ្ងៃ។


ព្រះវិហារបុរាណនេះជាទីសក្ការៈមួយ ដែលមានទម្រង់ស្ថាបត្យកម្ម និងសិល្បៈដ៏ល្អ និងរស់រវើកប្លែក ទៅតាមនិយមក្នុងតំបន់នោះ។ សំណង់នេះសង់ឡើងអំពីឈើ រួមមានសសរខាងក្នុង និងគ្រឿងបង្គំដំបូល លើកលែងតែជញ្ជាំង និងសសរជុំវិញតួព្រះវិហារ សង់អំពីឥដ្ឋ។ ដំបូលព្រះវិហារមានសណ្ឋានជាដំបូលកឹង ប្រក់ក្បឿងស្រកាលិញ និងមានជហ្វាចំនួនបួន ដែលជហ្វានេះសាងសង់អំពីឈើ ហើយមានសណ្ឋានជារូបនាគពេញលេញ និងប្លែកត្រង់គែនៃជហ្វា បានឆ្នៃឆ្លាក់ជារូបមុខមនុស្ស។ 


ចំពោះហោជាងសងខាងនៃព្រះវិហារ ត្រូវបានសាងអំពីឈើ នៅហោជាងខាងកើតមានឆ្លាក់រូបព្រះចូឡាមណីចេតិយ នៅឋានត្រ័យត្រិង្ស គឺឋានសួគ៌ជាន់ទី២ ដែលតម្កល់នូវព្រះកេសាព្រមទាំងស្នៀតព្រះកេស និងព្រះចង្កូមកែវខាងស្តាំ នៃព្រះសក្សមុនីសម្មាសម្ពុទ្ធ។


បច្ចុប្បន្នព្រះវិហារកំពុងធ្វើការជួសជុល និងអភិរក្សឡើងវិញ ដើម្បីរក្សានូវស្នាដៃ ដែលជាកេរដំណែលដ៏ពិសិដ្ឋ ដែលស្តែងឡើងតាមរយៈស្ថាបត្យកម្ម និងជាមរតករបស់បុព្វការីជនយើង ឱ្យនៅគង់វង្សជាបន្តទៅទៀត៕


អត្ថបទនិងរូបភាព៖ នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ