Friday, August 28, 2015

ឯកឧត្តម វ៉ា គឹមហុង៖ ទោះបីគណបក្សសង្គ្រោះជាតិ បន្តអុកឡុករឿងផែនទី តែរាជរដ្ឋាភិបាលនៅតែបន្តកិច្ចការបោះបង្គោលព្រំដែនជាមួយវៀតណាម

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ វ៉ា គឺមហុង​ ប្រធានគណៈកម្មា​ធិការកិច្ច​ការព្រំដែន ​បានមានប្រសាសន៍​នៅក្នុងសន្និ​សីទសារព័ត៌មាន ​នៅវិមានមិត្តភាព​ ទីស្តីការ​គណៈរដ្ឋមន្ត្រី ​នៅរសៀលថ្ងៃទី​ ២៨ ខែសីហា ​ឆ្នាំ២០១៥នេះថា ​ទោះបីជាមានការ​រំខានពីសំណាក់​តំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិជុំ​វិញបញ្ហា​ផែនទីយ៉ាង​ណាក្តី ប៉ុន្តែ​បច្ចុប្បន្នរាជ​រដ្ឋាភិបាល កំពុងតែ​ដំណើរការការ​ងារបោះបង្គោល​ព្រំដែនជាមួយប្រ​ទេសវៀតណាម​ជាប្រក្រតី។

ឯក​ឧត្តម ​វ៉ា គឺមហុង​ បានមាន​ប្រសាសន៍ថា ​«មកដល់ពេល​នេះដំណើរកា​របោះបង្គោលព្រំដែន​រវាងប្រទេស​កម្ពុជា ​និងប្រទេសវៀត​ណាម គឺសំរេចបាន​ជាង៨០% ​ហើយនៅសេសសល់​តែជាង១០%ទៀត ​ដែលនៅមាន​ភាពស្មុគស្មាញ​កំពុងចរចាររក​ដំណោះស្រាយ ​ដោយតម្លាភាព​រវាងប្រទេស​ទាំងពីរ​»។

គួរបញ្ជាក់ថា ​ការធ្វើសន្និសីទ​សារព័ត៌មាន ​របស់គណៈកម្មាធិ​ការកិច្ចការ​ព្រំដែន​ នៅថ្ងៃនេះ គឺធ្វើ​ឡើងបន្ទាប់ពី​ ឯកឧត្តម​ អ៊ុំ សំអាន ​ដែលកំពុង​ស្ថិតនៅសហរដ្ឋអា​មេរិក ​នៅតែបន្តធ្វើការរិះគន់​ និង ញុះញង់ម​តិជាតិ ​និងអន្តរជាតិរឿ​ងផែនទីកម្ពុជានេះ ​ដោយអះអាង​ថាផែនទី ដែលខ្លួនរក​ឃើញនៅសហរដ្ឋអា​មេរិក​ ជាផែនទី​ត្រឹមត្រូវ ​តាមការពិត​ផែនទីនេះ ​គឺគណៈកម្មការកិច្ច​ការព្រំដែនកម្ពុជា​បានទទួលតាំ​ងពីជាង១០ឆ្នាំ​មកហើយ។
ឯកឧត្តមទេ​សរដ្ឋមន្ត្រី ​វ៉ា គឺមហុង ​បានលើកឡើងថា ​«ការញុះញង់របស់​គណបក្សសង្គ្រោះជាតិ បាន​ធ្វើឲ្យគេមិនទុក​ចិត្តរាជរដ្ឋាភិបាល ​ក្នុងការប្រើ​ប្រាស់ផែនទី​ ហើយនេះជាកា​រធ្វើឲ្យខូចផលប្រយោជន៍ជាតិ​ទាំងមូល»​។

ឯកឧត្តម​ វ៉ា គឺមហុង​ មានសង្កត់ធ្ងន់ថា ​រាជរដ្ឋាភិបាល​មិនដែលលាក់​លៀមរឿងផែន​ទីឡើយ ​«កន្លងមក ​យើងបានបង្ហាញអ្ន​កសារព័ត៌មានជាតិ​ និងអន្តរជាតិ ​នូវផែនទីផ្លូ​វការដែលរាជរដ្ឋាភិបាល​កំពុងប្រើប្រាស់ ​ក្នុងការបោះបង្គោល​ព្រំដែនជាមួយវៀ​តណាម ​ហើយផែនទីទាំងនោះ គឺ​យើងរកបានជាង​១០ឆ្នាំមកហើយ។ ​មិនមែនដូចកា​រលើកឡើងប្រាស​ចាកពីការពិត ដូចឯកឧត្តម​ អ៊ុំ សំអាន ​បាននិយាយថា ​រកឃើញនៅបណ្ណាល័យស​ភា សហរដ្ឋអា​មេរិក ជាន់ទី៥ ​នៅ Washington DC ​នោះទេ ការពិត ​ឯកឧត្តម វ៉ា​ គឺមហុង ​ធ្លាប់បានបញ្ជាក់ថាផែ​នទីហ្នឹង ​គណៈកម្មាធិការកិ​ច្ចការព្រំដែន ​បានតំកល់​ទុកនៅជាន់ទី៥ ​នៅអគារទីស្តីកា​រគណៈរដ្ឋមន្ត្រីប្រ​ទេសកម្ពុជា។​ ដូច្នេះការ​លើកឡើង ​របស់ឯកឧត្តម​ អ៊ុំ សំអាន​ គ្រាន់តែជាការ​មួលបង្កាច់ ​និងចោទប្រកាន់​ប្រាសចាក​ពីការពិតប៉ុណ្ណោះ»៕​




សេច​ក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៥




ឯកឧត្តម ប៉ាល់ ចន្ទតារា បាននាំយកកញ្ចប់ឃីត សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវទៅជូនដល់ស្ត្រីទើបឆ្លងទន្លេ៤នាក់

ឯកឧត្តម​ ប៉ាល់ ចន្ទតារា​ ទីប្រឹក្សារាជ​រដ្ឋាភិបាល ​និងប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ ចុះជួយឃុំកំណប់​ ស្រុកគីរីវង់​ ខេត្តតាកែវ​ និងឯកឧត្តម​ ចៅ សេរី​ អនុប្រធាន ​ដោយមានការ​ចូលរួម ពីយុវជន​កាកបាទ​ក្រហមស្រុក ​យុវជនកាយរិទ្ធិ​ស្រុក និងមន្រ្តីក្រុ​មប្រឹក្សាឃុំកំណប់​ បានពាំនាំកញ្ចប់​ឃីត ដែលជា​អំណោយរបស់​សាខាកាកបាទ​ក្រហមកម្ពុជា ​ខេត្តតាកែវ ​តាមរយៈការអំពាវ​នាវរបស់ ​ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ អាន​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រីទទួល​បន្ទុកទីស្តីការ​គណៈរដ្ឋមន្ត្រី ​និងជាប្រធានក្រុ​មការងារថ្នាក់​ជាតិចុះមូលដ្ឋាន​ ខេត្តតាកែវ ​ដើម្បីសួរសុខទុកដ​ល់ស្រ្តីបួននាក់​ ដែលទើប​នឹងឆ្លងទន្លេរួច​។

ក្នុងឱកាស​នោះដែរ ​ឯកឧត្តម​ ប៉ាល់ ចន្ទតារា ​ក៏បានគួចចំនង​ដៃដល់ចៅៗ ​ទើបនឹង​កើតក្នុងម្នាក់ ​100.000​ រៀល ដោយភ្ជាប់​នូវសំបុត្រ​កំណើតផងដែរ​។

នេះជាលើក​ទីពីរហើយ ដែ​លក្រុមការងារ​ថ្នាក់ជាតិ ​ដឹកនាំប្រតិភូ​សួរសុខទុក​ស្រ្តីឆ្លងទន្លេ ​នៅឃុំកំណប់​ ដែលម្នាក់ៗ​ ក្រៅពីកញ្ចប់ឃី​តសុទ្ឋតែបានថ​វិកាជាចំណងដៃ​ 100.000 រៀ​ល និងសំបុត្រ​កំណើតដូចគ្នាៗ។​


បន្ទាប់ពី​បានសួរសុខ​ទុក្ខ ស្រ្តីឆ្លង​ទន្លេហើយ ​ឯកឧត្តម ​ប៉ាល់ ចន្ទតារា ​បានទៅពិនិត្យការដ្ឋាន​សាងសង់​ សាលាធម្មសភា ​ដែលកំពុងសាង​សង់បាន ​៤០ភាគរយ ​ដែលឯកឧត្តម ​និងគ្រួសារទើប​នឹងសាងសង់​បាល័ង្ល​ និងជាវព្រះពុទ្ឋរូប​ មកតម្កល់​រួចនាពេលថ្មីៗនេះ៕




បណ្ឌិត សុខ ទូច ស្នើឲ្យ ឯកឧត្តម អ៊ុំ សំអាន ផ្តល់ផែនទី ដែលរកបានពីអាមេរិកដើម្បីធ្វើការផ្ទៀងផ្ទាត់

យោងតាម​លិខិតរបស់​លោកបណ្ឌិត​ សុខ ទូច​ ប្រធានក្រុម​ស្រាវជ្រាវផែនទី​ នៃរាជបណ្ឌិត្យ​សភាកម្ពុជា ​ចុះថ្ងៃទី ២៧ ​ខែសីហា ​ឆ្នាំ២០១៥​ ផ្ញើជូនឯកឧត្តម ​អ៊ុំ សំអាន ​តំណាងរាស្រ្តមណ្ឌល​សៀមរាប​ របស់គណបក្ស​សង្គ្រោះជាតិ​ បានបញ្ជាក់ថា​ បន្ទាប់ពីបានទទួលដំ​ណឹងថា ឯកឧត្តម ​អ៊ុំ សំអាន ​ទទួលបានផែន​ទីព្រំដែនប្រទេសកម្ពុជា​ជាមួយប្រទេសវៀ​តណាម ពីបណ្ណាល័យសភា ​សហរដ្ឋអាមេរិក ​ដូច្នេះក្រុមស្រាវ​ជ្រាវនៃរាជបណ្ឌិត្យ​សភាកម្ពុជា​ស្នើសុំផែនទីដែលឯកឧត្តម ​អ៊ុំ សំអាន ​មានយកមកធ្វើការ​ផ្ទៀងផ្ទាត់ជាមួយផែ​នទី​ដែលរាជបណ្ឌិត្យ​សភាទទួល​បានពីប្រភពនានា។​

នៅក្នុងលិខិត​របស់ លោកបណ្ឌិត ​សុខ ទូច​ បានឲ្យដឹងថា ​តាមរយៈគណនីហ្វេសប៊ុក​ របស់  ឯកឧត្តម​ អ៊ុំ សំអាន​ បង្ហាញថា ​ឯកឧត្តមបានទៅរក​ផែនទី ​នៅបណ្ណាល័យ​សភា ​សហរដ្ឋអាមេរិក​ នៅ Washington DC ហើយបាន​រកឃើញ និ​ងទទួលផែនទីបោន ​របស់កម្ពុជា​ចំនួន ២៦ផ្ទាំង ​ទាំងផែនទី Digital ​និងផែនទីក្រដាស ​ហើយឯកឧត្តម​ អ៊ុំ សំអាន ​បានអះអាង​ថា ផែនទីទាំងនោះ គឺ​ជាផែនទីដែល​សម្តេចព្រះបរម​កោដ្ឋ នរោត្តម ​សីហនុ ​បានយកទៅសុំឲ្យសហ​រដ្ឋអាមេរិក​ទទួលស្គាល់​ខ្សែព្រំដែនកម្ពុជា​ នៅថ្ងៃទី ​០២ ខែមេសា ​ឆ្នាំ១៩៦៤។​

ការស្នើសុំឲ្យ ​ឯកឧត្តម ​អ៊ុំ សំអាន ​យកផែនទីដែលរក​បានពីបណ្ណាល័យសភា ​សហរដ្ឋអាមេរិក មក​ផ្ទៀងផ្ទាត់នេះ ​ដើម្បីឯកភាពជាតិ ​និងអាយុជីវិតជាតិ ​និងដើម្បីដោះស្រាយ ​និងការពារព្រំដែនប្រទេស​កម្ពុជាជាមួយ​ប្រទេសជិតខាង។ ​

គួរបញ្ជាក់ថា ​បច្ចុប្បន្ននេះ ​ផែនទីដែល​ក្រុមស្រាវជ្រាវផែនទី​ នៃរាជបណ្ឌិត្យស​ភាកម្ពុជាទទួលបាន​ពីប្រភពនានា​មានដូចជា៖​ ១. ផែនទីផ្លូវការ​ ដែលប្រើប្រាស់ដោ​យរាជរដ្ឋាភិ​បាល ចំនួន​ ២៦ផ្ទាំង, ២.​ ផែនទីពីគណបក្សសង្គ្រោះជាតិ​ ចំនួន២៤ផ្ទាំង ​៣. ផែនទីពីប​ណ្ណាល័យព្រឹទ្ធសភាសហរដ្ឋ​អាមេរិក​ ចំនួន ២៦ផ្ទាំង, ៤.​ ផែនទីពីអង្គការស​ហប្រជាជាតិ ​ចំនួន ១៨ផ្ទាំង, ៥.​ ផែនទីពីប​ណ្ណាល័យវិទ្យា​ស្ថានភូមិសាស្ត្រជាតិ(​បារាំង) ​ចំនួន ​២៦ផ្ទាំង៕



វីដេអូបទយកការណ៍ ការបន្ត​អភិរក្ស​ដើម្បី​អភិវឌ្ឍន៍ និង​ដើម្បី​បេតិកភណ្ឌមនុស្សជាតិ