Thursday, October 30, 2014

សរុប​ខ្លឹម​សាររួម​ នៃ​ជំ​នួប​ទ្វេរភាគី​រវាង​សម្តេច​តេជោ ហ៊ុន សែន​ ជា​មួយ​នាយករដ្ឋមន្ត្រី​ថៃ ឯកឧត្តម​ឧត្តមសេនីយ៍​ ប្រាយុទ្ធ ច័ន្ទ​អូចា នៅ​វិមាន​សន្តិភាព​

ក្នុង​ជំនួបពិភាក្សាជាង២ម៉ោង រវាងនាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន និង​នាយក​រដ្ឋ​មន្រ្តី​ថៃ ឯកឧត្តម​ឧត្តម​សេនីយ៍​ ប្រាយុទ្ធ ច័ន្ទអូចា នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ នេះ​ ភាគី​​ទាំង​ពីរ​បានពិភាក្សាគ្នាផ្តោតជាសំខាន់ទៅលើការពង្រីក កិច្ចសហប្រតិបត្តិការ វិនិយោគ ពាណិជ្ជ​កម្ម និង​ការកសាងសន្តិភាពតាមបន្ទាត់ព្រំដែន។ ក្នុងនោះ​នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បាន​​ស្នើឲ្យ​នាយក​រដ្ឋមន្ត្រីថៃ ចាត់វិធានការបញ្ឈប់ការបាញ់សម្លាប់ពលរដ្ឋខ្មែរ ដែលចូលកាប់ឈើ ខុស​ច្បាប់ក្នុងប្រទេសថៃ ដើម្បីកាត់បន្ថយ និងការចង់គំនុំរបស់ពលរដ្ឋខ្មែរ ។ នេះបើយោងតាម​ការ​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​របស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ក្រោយ​ពី​ជំ​នួប​ភ្លាម​ៗ។

ឯកឧត្តម​ អ៊ាង សុផល្លែត​ បាន​ឲ្យ​ដឹង​ទៀត​ថា ជាកិច្ចចាប់ផ្តើមនៃជំនួបពិភាក្សា គឺ​បាន​ប្រព្រឹត្តទៅ​ក្រោម​បរិយាកាស​រីករាយ ដោយ​ឯកឧត្តម​ ប្រាយុទ្ធ ច័ន្ទអូចា បានសម្តែងនូវ​ការអរគុណ​ចំពោះ​នាយក​រដ្ឋមន្រ្តីកម្ពុជា ដែលបានអញ្ជើញរូបលោក និងទទួលស្វាគមន៍ យ៉ាងកក់ក្តៅចំពោះ​ដំណើរ​លើកដំបូងមកកាន់ប្រទេសកម្ពុជា។ 


ឯកឧត្តម​ អ៊ាង សុផល្លែត បាន​បន្ត​ថា ក្នុងជំនួបប្រកបដោយភាតរភាពនោះ ឯកឧត្តម ប្រាយុទ្ធ  ច័ន្ទ​អូចា បាន​ថ្លែង​កោតសរសើរសម្តេចតេជោ ហ៊ុន សែន ថា ជាអ្នកនយោបាយជើងចាស់ និងចាស់​ទុំមួយរូប​នៅក្នុងតំបន់អាស៊ី។ ឯកឧត្តម អ៊ាង សុផល្លែត បាន​បន្ត​ថា ក្នុងជំនួបនេះ ឯកឧត្តម ប្រាយុទ្ធ ច័ន្ទ​អូ​ចា  បានថ្លែងថា ទំនាក់ទំនងកម្ពុជា-ថៃ កំពុងតែវិវឌ្ឍន៍ ទៅរកភាពល្អប្រសើរ និង​ថា ឯកឧត្តម​ប្រាយុទ្ធ បានជំរុញឲ្យជម្រុះ​ជម្លោះនាពេលកន្លងមក គប្បីជំនួសមកវិញដោយកិច្ចសហការអភិវឌ្ឍ។


ឯកឧត្តម​ ប្រាយុទ្ធ ក៏បានបង្ហាញបំណងរបស់ខ្លួនថា ចង់បង្កើនកិច្ចសហកាជាមួយកម្ពុជា កាន់តែ​ខ្លាំង​​ឡើងលើវិស័យ សេដ្ឋកិច្ច តាមរយៈបង្កើតតំបន់សេដ្ឋកិច្ចតាមបន្ទាត់ព្រំដែន ជាពិសេសការ​អភិវឌ្ឍ​ន៍​តាមព្រំដែន។ នាយករដ្ឋមន្រ្តីថៃ ក៏បង្ហាញការចង់ឃើញការបង្កើត​តំបន់សេដ្ឋកិច្ចពិសេស​នៅ​ខេត្តស្រះកែវ ជាប់ព្រំដែនកម្ពុជា ព្រមទាំងច្រកផ្សេងៗ ទៀត។

ឯកឧត្តម អ៊ាង សុផល្លែត  ក៏បាន​បញ្ជាក់​អំពី​ជំ​នួប​ជាលើកទី២ នៅ​ពេល​នេះ រវាងសម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ដែលលើកទី១ធ្វើឡើងនៅប្រទេសអ៊ី​តាលី កាលពីដើមខែតុលានោះ នាយក​​រដ្ឋមន្រ្តីថៃ ឯកឧត្តម ប្រាយុទ្ធ ច័ន្ទ​អូ​ចា  ក៏បានស្នើនាយករដ្ឋមន្រ្តីកម្ពុជា ជំរុញឲ្យ​មានកិច្ច​សហកា​រ​ទប់ស្កាត់ការជួញដូរមនុស្ស ពង្រឹងវិស័យសុខាភិបាល និង ពង្រីក ការតភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ ហើយ​ថា នៅ​ពេលនេះ​ ក៏​ឯកឧត្តម​ប្រាយុទ្ធ​ មាន​ប្រសាសន៍​អំពី​បញ្ហា​នេះ​ជា​ថ្មី​ផង​ដែរ។

ដោយ​ឡែក​ ពាក់ព័ន្ធនឹងការដឹកជញ្ជូនវិញ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងថា  ឯកឧត្តម ប្រាយុទ្ធ បានស្នើសុំសម្តេចតេជោ អនុញ្ញាតឲ្យថៃបន្ថែមរថយន្តចូលមកដឹកទំនិញនៅកម្ពុជា ចន្លោះពី ៤០-៥០០គ្រឿង។ បើតាមឯកឧត្តម ប្រាយុទ្ធ រថយន្តចូលទឹកទំនិញនៅកម្ពុជាពេលបច្ចុប្ប ន្នមិនគ្រប់​គ្រាន់​​នោះទេ។ ឯកឧត្តម ប្រាយុទ្ធ ក៏បានបង្ហាញពីបំណងក្នុងការពង្រីកខ្លួនទីផ្សារភាគហ៊ុន ចូលមក​ក្នុង ប្រទេសកម្ពុជា។ ឯកឧត្តម ប្រាយុទ្ធ ក៏បានស្នើឲ្យមានការបង្កើត​កញ្ចប់ទេស​ចរណ៍រវាងកម្ពុជា និង ថៃផងដែរ។

សម្តេចតេជោ ហ៊ុន សែន ជាកិច្ចស្វាគមន៍ នៃជំនួបពិភាក្សានេះ សម្តេចតេជោ បានសម្តែងការសាទរ ចំពោះការវិលត្រឡប់មករកស្ថេរភាពនៅក្នុងប្រទេសថៃ។ សម្តេចតេជោ បានបញ្ជាក់ថា ស្ថេរភាព​ក្នុងប្រទេសថៃ មានសារសំខាន់ណាស់សម្រាប់អាស៊ាន។

សម្តេចតេជោ បានថ្លែងជំរុញឲ្យមានការដោះស្រាយបញ្ហាដោយសន្តិភាពក្នុងនាមជាអ្នកជិតខាងល្អ ខិត​ខំដោះស្រាយខ្សែបន្ទាត់ព្រំដែនឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិ​វឌ្ឍន៍​ និង​មិន​ត្រូវទុកបញ្ហាមិនទាន់ដោះស្រាយ ឬបញ្ហាមួយកើតឡើងក្លាយជាឧបសគ្គ នៃទំនាក់ទំនង​គ្រប់​វិស័យ​ ហើយ​ក៏មិនត្រូវទុកឲ្យបញ្ហាមួយរីករាលដាលទៅបញ្ហាផ្សេងទៀត ត្រូវបំព្រួញ​ការមិនចុះ​សម្រុង ទំនាស់ ពង្រីកការដោះស្រាយ។

សម្តេចបានជំរុញឲ្យពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និង​វិស័យ​ផ្សេងៗទៀតឲ្យអស់សក្តានុពល រួមមាន ដូចជា៖ ការតភ្ជាប់ផ្លូវថ្នល់ ផ្លូវគោក ផ្លូវទឹក អាកាស និងបណ្តាញអគ្គិសនី ការបើកច្រកព្រំដែន និងការបង្កើតផ្សារតាមព្រំដែន។


សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ការជួញ​ដូរមនុស្ស គ្រឿងញៀន និងការកាប់ឈើ។ល។ បន្ថែម​ពី​លើ​នេះ សម្តេចតេជោ ក៏បាន​ជំរុញភាគិថៃ ឲ្យរួមសហការគ្នាដោះស្រាយគ្រោះមហន្តរាយធម្មជាតិ មានដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ។ ជា​មួយ​គ្នា​នេះ សម្តេចតេជោ បានស្នើឲ្យថៃរួមគ្នាការពារប្រយោជន៍​គ្នា​ជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម ឲ្យមានភាពល្អប្រសើរដូចឆ្នាំ ២០១៣ ដែលមានទំហំពាណិជ្ជកម្ម​ប្រទេស​ទាំងពីរមានរហូតដល់ ៤,៥៥ពាន់លានដុល្លារអាម៉េរិក។ សម្តេចតេជោ ក៏បានជំរុញឲ្យនាយករដ្ឋមន្រ្តី ថៃគិតគូរទៅលើការនាំយកទំនិញរបស់កម្ពុជាចូលទៅកាន់ទីផ្សាររបស់ថៃ ដែលមិនទាន់មាន។

សម្តេចតេជោ ក៏បានលើកឡើងពីការព្រមព្រៀងគ្នារវាងក្រសួងការបរទេសកម្ពុជា-ថៃ ក្នុងការបើក​ច្រក​អន្តរជាតិស្ទឹងបត់ ការសាងសង់ស្ពាន រួមនិងការបើកច្រក៤ផ្សេងទៀត រួមមាន៖ ច្រកអានសេះ ក្នុងខេត្តព្រះវិហារ ទល់នឹងច្រក អានម៉ា ខេត្តអ៊ូប៊ុនរដ្ឋានី ប្រទេសថៃ, ច្រកភ្នំដី ខេត្តបាត់ដំបង ទល់នឹង​ច្រកបានខៅឌីន ខេត្តស្រះកែវ, ច្រកថ្មដា ខេត្តពោធិ៍សាត់ ទល់ច្រក បានថាសេន ខេត្តត្រាត ប្រទេសថៃ និង ច្រកជុំគិរី-សាយតាគូ។


សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យនាយករដ្ឋមន្រ្តីថៃ ចាត់វិធានការកុំឲ្យមានការ​បាញ់សម្លាប់​ពល​រដ្ឋខ្មែរ ដែលចូលទៅកាប់ឈើខុសច្បាប់ក្នុងទឹកដីថៃ ដែលនាំឲ្យមានថ្នាំងថ្នាក់ពីពលរដ្ឋខ្មែរ។ សម្តេច​​តេជោ បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងការបរទេសកម្ពុជា បានបង្កើត​លេខាធិ​ការ​ដ្ឋានអចិន្ត្រៃយ៍ថ្នាក់ជាតិមួយ ដើម្បីត្រួតពិនិត្យ និងល្បាតលើបញ្ហានេះ ហើយ​ថា ភាគី​ថៃនៅ​មិនទាន់​បង្កើតនៅឡើយទេ ។ ដូច្នេះ​ហើយ សម្តេចតេជោ ស្នើឲ្យភាគីថៃបង្កើតលេខាធិការដ្ឋាននេះ ដើម្បី​ធ្វើការល្បាត និងត្រួតពិនិត្យរួមគ្នា ពេលកើតមាន បញ្ហាកើតឡើង។

ជារួម​ ចំ​ណុចគន្លឹះនៃ​នយោបាយ ​សំ​ណើរ និង​ការ​ឯកភាព​គ្នា​រវាង​នាយករដ្ឋមន្ត្រី​ទាំង​ពីរ​៖
-  សម្តេចតេជោ ហ៊ុន សែន ស្នើនាយករដ្ឋមន្រ្តីថៃ ទប់​ស្កាត់​ កុំឲ្យមានការ​បាញ់ប្រហារ ពល​រដ្ឋ​​ខ្មែរចូលកាប់ឈើខុសច្បាប់
-   សម្តេចតេជោ ​ជំរុញឲ្យដោះស្រាយបញ្ហា តាមព្រំដែន ឲ្យទៅជាព្រំដែនសន្តិភាព
-   នាយករដ្ឋមន្រ្តីកម្ពុជា-ថៃ ព្រមព្រៀងបើក ច្រកអន្តរជាតិចំនួន៥

-   នាយករដ្ឋមន្រ្តីថៃ ស្នើឲ្យមានកិច្ចសហប្រតិបត្តិការល្អ ជម្រុះរាល់ជម្លោះ នាពេលកន្លងមក៕




សេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពញាចក្រី ហេង សំរិន



Wednesday, October 29, 2014

កម្រង​ឯកសារ ស្តីពី​ព្រះរាជ​សកម្មភាព ដ៏ឧត្តុង្គ​ឧត្តម​របស់​ព្រះ​ករុណា​ជា​អម្ចាស់​ជិវិត​លើត្បូង ព្រះបាទ​សម្តេចព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរា​ជាណា​ចក្រកម្ពុជា ជាទី​សក្កា​រៈដ៏ខ្ពង់​ខ្ពស់​បំផុត ក្នុង​ព្រះរាជកិច្ច​បម្រើ​ប្រទេស​ជាតិ និង​ប្រជា​រាស្រ្ត​កម្ពុជា រយៈ​ពេល​១០ឆ្នាំ

ព្រះ​​រាជ​​ពិធី​​បុណ្យ​ខួប​លើក​ទី១០ នៃ​ការយាង​​គ្រង​ព្រះ​បរម​​សេរីរាជ​​សម្បត្តិ ព្រះករុណាព្រះ​បាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

​ពិធី​​បិទ​​សន្និ​​សីទ​​ប្រចាំ​​ឆ្នាំ​​​លើក​​ទី៣​​ ​​ស្តី​ពី​​កិច្ច​​សហ​​ប្រតិ​​បត្តិ​​ការ​​​ ​កម្ពុជា​​ វៀត​​ណាម​​ ​​ឡាវ​៖​ ​​បញ្ហា​​ថ្មី​ៗ​​​និង​​ដំណោះ​​​ស្រាយ​​​ ​ក្រោម​​អធិ​ប​តី​ភាព​​ដ៏ខ្ពង់​​ខ្ពស់​ ​ឯក​ឧត្តម​​​បណ្ឌិត​​​សភា​ចារ្យ​ សុខ​ ​អាន​ ​ឧប​​នាយក​​​រដ្ឋ​មន្ត្រី​​ ​រដ្ឋ​មន្រ្តី​​ទទួល​​បន្ទុក​​ទីស្តី​ការ​​គណៈ​​រដ្ឋ​មន្រ្តី​ ​

ឧត្តម​​ក្រុម​ប្រឹក្សា​ព្រះ​មហាក្សត្រ រដ្ឋសភា រាជ​រដ្ឋា​ភិបាល និង​ព្រឹទ្ធសភា ចូល​ក្រាប​​ថ្វាយ​​បង្គំ ​ថ្វាយ​ព្រះពរ ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤

អង្គ​ទូត​នានា ចូលក្រាប​​ថ្វាយ​​បង្គំ​​ថ្វាយ​ព្រះពរ ព្រះ​ករុណា ព្រះបាទ​សម្តេច​ ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរា​ជាណាចក្រកម្ពុជា ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤

ព្រះ​មហាក្សត្រ និង​សម្តេច​ព្រះ​មហា​ក្សត្រី សព្វ​ព្រះរាជ​ហឫទ័យ​ស្តេច​យាង​ជា​ព្រះ​រាជាធិបតី​ដ៏ខ្ពង់​ខ្ពស់ បំផុតក្នុង​ព្រះរា​ជ​ពិធីចំរើន ព្រះបរិត្ត​ថ្វាយ​មហា​ព្រះរាជ​កុសល ក្នុងព្រះ​រាជ​ពិធី​បុណ្យ​យាង​គ្រងព្រះបរម​សិរីរាជ​សម្បត្តិ

ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ សុខ អាន គាំទ្រ និង​​ជម្រុញ​​ឲ្យ​បណ្ឌិត​សភា​​​​កម្ពុជា ​វៀត​ណាម ឡាវ បន្ត​កិច្ច​សហការ​​ស្រាវជ្រាវ

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​ឲ្យដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោមការ​ដឹកនាំ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន កំពុង​យក​ចិត្តទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​កាត់​បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​ទាំងឡាយ​លើ​បរិស្ថាន កសិកម្ម ផលិតកម្ម​សត្វ ព្រៃ​ឈើ និង​ជលផល ដោយ​បាន​ដាក់​ចេញ​ជាបន្ត​បន្ទាប់​នូវ​គោល​នយោបាយ​ជាតិ​និង​ផែនការ​យុទ្ធសាស្រ្ត​ជាតិ​ស្តីពី​ការអភិវឌ្ឍ​បៃតង​ឆ្នាំ​២០១៣-២០៣០។

នៅ​ក្នុង​ឱកាស​អញ្ជើញ​ជាអធិបតី​បិទ​សន្និសីទ​អន្តរជាតិ​លើក​ទី៣ ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​កម្ពុជា វៀតណាម ឡាវ បញ្ហា​ថ្មីៗ និង​ដំណោះ​ស្រាយ និង​សិក្ខា​សាលា​កសាង​សមត្ត​ភាព​ស្តីពី​ចីរភាព​សន្តិសុខ​ថាមពល តាមរយៈ​កំណើន​បៃតង​ក្នុង​អនុ​តំបន់​មេគង្គ ដែល​រៀបចំ​ដោយ​រាជបណ្ឌិត្យសភា​កម្ពុជា​នៅ​វិមាន​មិត្តភាព ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី នា​ល្ងាច​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០១៤ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា​ ភាព​ជាដៃគូដ៏​ពិតប្រាកដ​នៃកិច្ច​សហប្រតិបត្តិការ​ទៅវិញ​ទៅមក​ក្នុង​ចំណោម​រដ្ឋា​ភិបាលអង្គការ​សង្គមស៊ីវិល​ និង​សហគមន៍​នៃ​អ្នក​សិក្សាស្រាវ​ជ្រាវ​គឺ​ពុំមែន​ត្រឹមតែ​ជាទស្សនាទាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​អនុវត្ត​ជាក់​ស្តែង ​និង​ប្រកប​ដោយ​ផ្លែផ្កា​ក្នុង​តំបន់​របស់​យើង។ យើង​ទាំងអស់​គ្នាមាន​តួនាទី​ថែរក្សា​ និង​ពង្រឹង​សន្តិភាព​សន្តិ​សុខ ស្ថេរភាព និង​ការអភិវឌ្ឍរបស់​សង្គមជាតិ​រៀងៗ​ខ្លួន និង​របស់​តំបន់​យើង ទាំង​មូល ក្នុង​បរិបទ​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក​។

ទាក់ទង​នឹង​ការផ្លាស់ប្តូរ​បទពិសោធន៍ ​នៃការ​សិក្សា​ស្រាវជ្រាវ​ដោយ​បណ្ឌិត្យ​សភា​នៃ​ប្រទេស​ទាំង​បី កម្ពុជា វៀតណាម ឡាវ ឯកឧត្តមបណ្ឌិត​សភាចារ្យ​ឧបនាយក​រដ្ឋ​មន្រ្តី​បាន​បន្តថា​ ដោយ​សារ​បច្ចុប្បន្ន​នេះ ខណៈ​ពេល​ដែលយើង​កំពុង​រស់នៅ​ក្នុង​ពិភព​លោក​មួយ​នៃ​សកល​ភាវូបនីយកម្មយើង​ជួប​ប្រទះ​នូវបញ្ហា​ស្មុគស្មាញ និង​ភាពមិន​ប្រាកដ​ប្រជា​កាន់តែ​ច្រើន​ឡើងៗ ​ដែល​តម្រូវ​ឱ្យប្រទេស ​និង​រដ្ឋាភិបាល​ទាំងអស់ ជាពិសេស​ប្រទេស​ជិតខាង​ជាមិត្តត្រូវ​ធ្វើការ​រួមគ្នា​។

នៅ​ក្នុង​តំបន់ ក៏ដូចជា​នៅ​លើ​ពិភពលោក​បច្ចុប្បន្ន​មាន​ការ​ប្រឈម​ថ្មីៗ​ជាច្រើន​ដែល​កើត​ចេញ​ពី​កត្តា​មនុស្ស និង​ធ​ម្មជាតិ។ ភាព​ក្រីក្រ​គម្លាត​នៃ​ការអភិវឌ្ឍ​យ៉ាងធំ និកម្ម​ភាព ការ​ប្រែប្រួល​អាកាស​ធាតុ និងគ្រោះ​ធម្មជាតិនៅ​តែ​ជាបញ្ហា​ប្រឈម​ជាចម្បង​យ៉ាង​សំខាន់​ដែល​ត្រូវ​ដោះ​ស្រាយ ដើម្បី​សម្រេច​បាន​នូវ​សង្គម​មួយ​ដែល​មាន​សន្តិសុខស្បៀង​ សន្តិ​សុខ​ថាមពល សន្តិ​សុខ​ធនធាន​ទឹក ការងារ​សមរម្យ យុត្តិធម៌​សង្គម ការការ​ពារ​បរិស្ថាន និង​អភិបាល​កិច្ច​ល្អ។

ទាក់ទង​នឹង​កាវិវឌ្ឍន៍​រីកចំរើន​នៅ​ក្នុង​ប្រទេស​កម្ពុជា វៀតណាម និង​ប្រទេស​ឡាវ ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ផ្តល់​ជាអនុសាសន៍​ថា​ កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​ប្រទេស​ទាំង​៣ បាន​នាំ​ឱ្យ​មានការ​កើន​ឡើង​យ៉ាងខ្លាំង​នូវ​តម្រូវ​ការប្រើ​ប្រាស់​ថាម​ពល។ ដើម្បី​ធានា​បាន​និរន្តរភាព​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​បញ្ហា​សន្តិ សុខ​ថាមពល និង​កិច្ច​ការពារ​បរិស្ថាន ​ត្រូវ​តែមាន​ដំណោះស្រាយ​សមស្រប ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ជាតិ និង​អន្តរជាតិ​ទាំង​អស់​។

លោក​ជំទាវ ខ្លូត ធីតា ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា​ សន្និ​សីទ​អន្តរជាតិ លើកទី៣​ស្តីពី​កិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម-ឡាវ ៖ បញ្ហា​ថ្មីៗ និង​ដំណោះ​ស្រាយ ត្រូវ​បាន​រៀបចំ​ឡើង ដោយ​រាជបណ្ឌិត្យសភា​កម្ពុជា​កាល​ព្រឹក​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ​២០១៤ នៅ​សណ្ឋាគារ​ភ្នំពេញ​ដោយ​មាន​ការចូលរួម​ពី​ប្រធាន​សភា​រាជបណ្ឌិត្យសភា​កម្ពុជា ប្រធាន​បណ្ឌិត្យ​សភា​វៀតណាម និង​ប្រធាន​រាជបណ្ឌិត​សភា​ឡាវ។

លោក​ជំទាវ ខ្លូត ធីតា មាន​ប្រសាសន៍​បន្ត​ថា​ វេទិកានេះ​ជាវេទិកា​វិទ្យាសាស្ត្រ​មួយ​មាន​បំណង​បើក​ឱកាស​ឱ្យអ្នក​ស្រាវជ្រាវ​អ្នក​វិទ្យាសាស្ត្រ​ បាន​បង្ហាញ​អំពី​លទ្ធផល​ស្រាវ​ជ្រាវ​ជជែក​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​ទៅវិញ​ទៅមក ដើម្បី​រក​ឱ្យ​ឃើញ​នូវ​គំនិត​ថ្មីៗ សម្រាប់​ជា​ប្រយោជន៍​ដល់​រដ្ឋាភិបាល និង​ប្រជាជន​នៃប្រទេស​ទាំងបី និយាយ​ដោយ​ឡែក និង​តំបន់ម​និយាយ​ជារួម។

លោកជំទាវ ខ្លូត ធីតា ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​ឲ្យដឹង​ថា អង្គសិក្ខា​សាលា​ដ៏​មាន​សារៈ​សំខាន់​នេះ បាន​ផ្តោត​លើ​ចំណុច​សំខាន់ លើ​គោល​នយោបាយ​បច្ចុប្បន្ន​នៃ​ប្រ​ទេស​នីមួយៗ​ក្នុង​ការជម្រុញ​ឲ្យ​មាននិរន្តរភាព​ថាមពល​ក្នុង​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ។

ផល​ប៉ះ​ពាល់​ដល់​វិស័យ​បរិស្ថាន បណ្តាល​មក​ពី​ការធ្លាក់ចុះ​ការ​ប្រើប្រាស់​ថាមពល​ធម្ម​ជាតិ ការ​លូត​លាស់​នៃ​សំណង់​អគារ និង​យាន​យន្ត។ ប្រធាន​បទ​ចំនួន​៤ ផ្សេង​ទៀត ត្រូវ​បាន​លើក​ឡើង​ជុំវិញ​បច្ចេកវិទ្យា​បៃតង​នៃ​ថាមពល​ករកើត​ឡើង​វិញ ជា​ពិសេស​លើ​ថាម​ពល​វារីអគ្គិសនី នៅ​អាងទន្លេ​មេគង្គ ព្រម​ទាំងមាន​ការលើក​ឡើង​ពីហានិភ័យ​មួយ​ចំនួន មាន​ការប៉ះ​ពាល់​ដល់​ការអភិវឌ្ឍ​តាម​តំបន់​មេគង្គ ដែល​អាច​កើតឡើង​ដោយ​សារ​តែ​ការវិវត្ត​នៃ​បច្ចេក​វិទ្យា៕








កម្ពុជា វៀតណាម ឡាវ បង្ហាញការប្តេជ្ញាចិត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមរួម

ខណៈពេលដែលយើងកំពុងរស់នៅក្នុងពិភពលោកមួយ នៃសកលភាវូបនីយកម្ម យើងជួបប្រទះ​នូវ​បញ្ហា​ស្មុគស្មាញ និងភាពមិនប្រាកដប្រជាកាន់តែច្រើនឡើងៗ ដែលតម្រូវឱ្យប្រទេសនិងរដ្ឋាភិបាលទាំងអស់ ជាពិសេស ប្រទេសជិតខាងជាមិត្ត ត្រូវតែធ្វើការរួមជាមួយគ្នាក្នុងការដោះស្រាយ។

ថ្លែងនៅទីស្តីការគណ:រដ្ឋមន្ត្រី កាលពីនារសៀលថ្ងៃទី២៨ តុលា ក្នុងពិធីបិទសន្និសីទប្រចាំឆ្នាំលើកទី៣ ស្តីពី​កិច្ចសហប្រតិបត្តិការ កម្ពុជា វៀតណាម ឡាវ បញ្ហាថ្មីៗ និងដំ ណោះស្រាយ និងពិធីបិទសិក្ខាសាលា កសាង​សមត្ថ​ភាព ស្តីពីចីរភាពសន្តិសុខថាមពលតាមរយៈកំណើនបៃតង​ក្នុងអនុតំបន់ទន្លេមេគង្គ ឯកឧត្តមបណ្ឌិត​សភា​ចារ្យ  សុខ អាន​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហាញពីការចាប់អារម្មណ៏ថា អង្គសន្និ​សីទទាំងមូលបានបង្ហាញនូវ​ការប្តេជ្ញាចិត្ត​យ៉ាង​មុត​មាំ​ក្នុង​ការរួមដៃគ្នា ដោះស្រាយបញ្ហាប្រឈមរួម ដែល​ប្រជាជននៃប្រទេសទាំងបីកំពុងជួបប្រទះ។ ឯកឧត្តមបានបន្តថា នៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោកបច្ចុប្បន្ន មាន​ការប្រ​ឈម​ថ្មីៗជាច្រើន ដែលកើតចេញពីកត្តាមនុស្ស និងធម្មជាតិ។ ភាពក្រីក្រ គម្លាតនៃការអភិវឌ្ឍយ៉ាងធំ និកម្មភាព ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ នៅតែ​ជា​បញ្ហា​ប្រឈមជាចម្បង​យ៉ាងសំខាន់​ដែលតម្រូវ​ឲ្យមានការរួមដៃគ្នាក្នុងការដោះស្រាយ នោះទើបយើងអាចធានា​បាននូវ​សន្តិ​សុ​ខ​ស្បៀង សន្តិសុខថាមពល សន្តិ​សុខ​ធនធានទឹក ការងារសមរម្យ យុត្តិធម៌សង្គម ការការពារបរិស្ថាន និងអភិ​បាល​កិច្ចល្អសម្រាប់​សង្គមជាតិ​នីមួយៗ​ក៏ដូចជាសម្រាប់តំបន់និងពិភពលោកទាំងមូល។​

ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងថា ប្រជាជនកម្ពុជា ឡាវ វៀតណាម មានសំណាង​ដោយបានឃើញ​ការ​អភិវឌ្ឍជាវិជ្ជមានដ៏ខ្លាំងក្លានៃប្រទេសទាំង៣ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់​ក្នុងការពង្រឹងកិច្ចសហប្រតិ​បត្តិ​ការ​ក្នុងតំបន់ និងនិម្មាបនកម្មក្នុងតំបន់អាស៊ីទាំងមូល។ កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់នេះ សម្រេច​បាន​សមិទ្ធ​ផលគួរឱ្យកត់សម្គាល់ ធំៗបីគឺ សន្តិភាព ស្ថេរភាព និងទំនាក់ទំនង​សេដ្ឋកិច្ច។ ឯកឧត្តម ក៏បាន​សំណូមពរ​ឲ្យ​មានការកែលម្អ និងថែរក្សាវប្បធម៌នៃភាពជាដៃគូ និងទំនាក់ទំនងរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងបី ដើម្បីរួមគ្នា​បន្តអភិវឌ្ឍតំបន់នេះប្រកបដោយជោគជ័យ ហើយត្រូវខិតខំឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីដោះស្រាយ​បញ្ហាប្រឈមដែលនៅសល់។

រីឯសិក្ខាសាលាកសាងសមត្ថភាពស្តីពីចីរភាពសន្តិសុខថាមពលតាមរយៈកំណើនបៃតងក្នុងអនុតំបន់ទន្លេមេគង្គ ដែលបានបិទបញ្ចប់ព្រមគ្នានេះ ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុខ ​អាន ចាត់ទុកថាគឺជាវេទិកាវិទ្យាសាស្រ្ត​ដ៏​សំខាន់មួយទៀត ដែលបានផ្តល់ឱកាសឱ្យអ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរ​ជាតិ បានពិភាក្សា ផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ និងបង្ហាញនូវរបកគំហើញថ្មីៗនានា ពាក់ព័ន្ធនឹង​សន្តិសុខថាមពល និងកំណើនបៃតង​ក្នុងអនុតំបន់ទន្លេមេគង្គ។ សិក្ខាសាលានេះបានផ្តោត​ការយកចិត្តទុក​ដាក់លើប្រធានបទដ៏មានសារៈសំខាន់ ដូចជា សន្តិសុខថាមពលប្រកបដោយចីរភាពដែលនាំឱ្យ​មានការអភិវឌ្ឍ​ជានិរន្តរ៍ យុទ្ធសាស្ត្រថាមពលប្រកបដោយចីរភាព​ដើម្បីទ្រទ្រង់កំណើនបៃតង បច្ចេកវិទ្យាបៃតងនៃថាមពល​ក​កើត​ឡើងវិញ និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។សិក្ខាសាលានេះ បានផ្តល់នូវគំនិតថ្មីៗ និងអនុសាសន៍ល្អៗ សម្រាប់​រាជ​រដ្ឋា​ភិ​បាលកម្ពុជា ក៏ដូច​ជារដ្ឋាភិបាល​នៃប្រទេស​ទាំងអស់ក្នុងអនុតំបន់ទន្លេមេគង្គ ដែលអាចបម្រើដល់​ការកសាង​យន្ត​ការ ឬវិធាន​ការចាំ​បាច់នានា សំដៅធានាសន្តិសុខថាមពលប្រកបដោយចីរភាព ដែលជាសមាសភាគដ៏​ចាំ​បាច់​មួយ​នៃការ​អភិវឌ្ឍ​ប្រ​កបដោយចីរភាព។ កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុង​ការ​កាត់​បន្ថយ​​​ផលប៉ះ​ពាល់​អវិជ្ជមានទាំងឡាយលើបរិស្ថាន កសិកម្ម ផលិតកម្មសត្វ ព្រៃឈើ និងជលផល ដោយ​បាន​ដាក់​ចេញ​ជា​បន្ត​បន្ទាប់​នូវគោលនយោបាយជាតិ និងផែនការយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍបៃតងឆ្នាំ២០១៣-២០៣០៕




 

Tuesday, October 28, 2014

កម្រង​ឯកសារ​ ស្តីពី​ព្រះរាជសកម្មភាព​ ដ៏ឧត្តុង្គឧត្តម​របស់​ព្រះករុណា​ជាអម្ចាស់​ជិវិតលើត្បូង​ ព្រះបាទ​សម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃព្រះ​រាជាណាចក្រកម្ពុជា​ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជកិច្ច​បម្រើ​ប្រទេសជាតិ និងប្រជារាស្រ្តកម្ពុជា រយៈពេល​១០ឆ្នាំ

សារ​ថ្វាយ​ព្រះពរ សម្តេច​អគ្គ​មហាពញាចក្រី ហេង សំរិន ក្រាប​បង្គុំ​ទូល​ថ្វាយ ព្រះករុណា​​ ព្រះមហាក្សត្រ ក្នុងឱ​កាស​នៃព្រះ​រាជ​ពិធី​បុណ្យ​ខួប​លើក​ទី១០ នៃ​ការយាង​គ្រង​ព្រះបរម​សេរីរាជ​សម្បត្តិ



សារ​ថ្វាយ​ព្រះពរ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ក្រាប​បង្គុំ​ទូល​ថ្វាយ ព្រះករុណា​​ ព្រះមហាក្សត្រ ក្នុងឱ​កាស​នៃព្រះ​រាជ​ពិធី​បុណ្យ​ខួប​លើក​ទី១០ នៃ​ការយាង​គ្រង​ព្រះបរម​សេរីរាជ​សម្បត្តិ



សារ​ថ្វាយ​ព្រះពរ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក្រាប​បង្គុំ​ទូល​ថ្វាយ ព្រះករុណា​​ ព្រះមហាក្សត្រ ក្នុងឱ​កាស​នៃព្រះ​រាជ​ពិធី​បុណ្យ​ខួប​លើក​ទី១០ នៃ​ការយាង​គ្រង​ព្រះបរម​សេរីរាជ​សម្បត្តិ



សុន្ទរកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក្នុងពិធីបិទសន្និសីទប្រចាំឆ្នាំ​លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការ​ កម្ពុជា វៀតណាម ឡាវ៖ បញ្ហាថ្មីៗនិងដំណោះស្រាយ

ទីស្តីការគណៈរដ្ឋមន្រ្តី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤

- ឯកឧត្តម Thach Du ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គម
  និយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
- ឯកឧត្តម Prasith Sayasith ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
  ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
-​ ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន        
- សាស្ត្រាចារ្យ Byung-Wook Lee អតីតប្រធានវិទ្យាស្ថានបរិស្ថានកូរ៉េ KEI
- សាស្ត្រាចារ្យ Nguyen Xuan Thang ប្រធានបណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមវៀតណាម
- សាស្ត្រាចារ្យ Chaleum Yiapaoher ប្រធានបណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមឡាវ
- លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
- បណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ ឯកឧត្តម​ លោកជំទាវ ​អស់លោកលោកស្រី ភ្ញៀវកិត្តិយស​
  ជាតិ-អន្តរជាតិ ក្មួយនិស្សិតជាទីមេត្រី!

ខ្ញុំមាន​សេចក្តីសោមនស្សរីករាយ ចូលរួមក្នុងពិធីបិទសន្និសីទប្រចាំឆ្នាំ​លើកទី៣ ស្តីពី​កិច្ចសហប្រតិបត្តិការ​ កម្ពុជា វៀតណាម ឡាវ៖ បញ្ហាថ្មីៗនិងដំណោះស្រាយ និងពិធីបិទសិក្ខាសាលា កសាងសមត្ថភាព ស្តីពីចីរភាពសន្តិសុខថាមពលតាមរយៈកំណើនបៃតង​ក្នុងអនុតំបន់ទន្លេមេគង្គ ដែលរៀបចំឡើង​ដោយរាជបណ្ឌិត្យសភាកម្ពុជា នាពេលនេះ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្រ្តីរាជការ​​​​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀបចំសន្និសីទ និងសិក្ខាសាលាដ៏មាន​សារៈសំខាន់ទាំងពីរនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវិទ្យាស្ថានបរិស្ថានកូរ៉េ ដែល​បានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការរៀបចំសិក្ខាសាលាកសាងសមត្ថភាព និងសូមអរគុណចំពោះវត្តមានរបស់វាគ្មិន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិទាំងអស់ ដែលញ៉ាំងឱ្យ​វេទិកា​​វិទ្យាសាស្រ្ត​នៃការពិភាក្សា និងផ្លាស់ប្ដូរបទពិសោធន៍ ទទួលបានជោគជ័យ និងផ្លែផ្កាគួរឱ្យកត់សម្គាល់។

តាមរយៈសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៣ ស្ដីពីកិច្ចសហប្រតិបត្តិការ កម្ពុជា វៀតណាម ឡាវ កាលពីម្សិលមិញ វាគ្មិនបានធ្វើបទបង្ហាញអំពីប្រធានបទសំខាន់ៗជាច្រើន ជុំវិញ​កិច្ច​សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មតាមតំបន់ព្រំដែន បរិស្ថាននិងធនធានធម្មជាតិ ទេសចរណ៍ ព្រមទាំងសង្គមនិងវប្បធម៌។ ទន្ទឹមនឹងនេះដែរ ​សន្និសីទ​​នេះបាន​បង្ហាញនូវ​ការប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​រួម​ដៃគ្នា​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​រួម ដែល​​ប្រជាជននៃ​ប្រទេស​ទាំង​បី​​កំពុង​ជួប​ប្រទះ។ ខ្ញុំ​មាន​ជំនឿ​​ថា លទ្ធផល​​​​​នៃសន្និសីទនឹង​ចូលរួមជាទស្សនាទាន​ដ៏សំខាន់ សម្រាប់​​ការ​បង្កើនប្រសិទ្ធភាពនៃកិច្ច​សហប្រតិបត្តិការ​ត្រីភាគីនេះ​ ឱ្យ​ទទួលបាន​ការអភិវឌ្ឍ​កាន់តែ​ប្រសើរឡើង​ ប្រ​កប​ដោយ​សុខដុមរមនា និង​សមធម៌។

ភាព​ជាដៃគូដ៏​ពិតប្រាកដ​នៃកិច្ច​សហប្រតិបត្តិការ​ទៅវិញ​ទៅមក​ក្នុង​ចំណោម​ រដ្ឋា​ភិបាល អង្គការ​សង្គមស៊ីវិល​ និង​សហគមន៍​នៃ​អ្នក​សិក្សាស្រាវ​ជ្រាវ​ គឺពុំមែន​ត្រឹមតែ​ជា​ទស្សនាទាន​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​អនុវត្ត​ជាក់​ស្តែង​ និង​ប្រកប​ដោយ​ផ្លែផ្កា​ក្នុង​តំបន់​របស់​យើង។ យើង​ទាំងអស់​គ្នាមាន​តួនាទី​ថែរក្សា ​និង​ពង្រឹង​សន្តិភាព ​សន្តិសុខ ស្ថេរភាព និង​ការអភិវឌ្ឍរបស់​សង្គមជាតិរៀងៗខ្លួន និងរបស់​តំបន់​យើងទាំងមូល ក្នុងបរិបទនៃសមាហរណកម្មសេដ្ឋកិច្ច​តំបន់ និង​ពិភពលោក​។

ដោយ​សារ​បច្ចុប្បន្ន​នេះ ខណៈ​ពេល​ដែល​យើង​កំពុង​រស់នៅ​ក្នុង​ពិភព​លោក​មួយ​ ​នៃ​សកល​ភាវូបនីយកម្ម យើង​ជួប​ប្រទះ​នូវបញ្ហា​ស្មុគស្មាញ និង​ភាពមិន​ប្រាកដ​ប្រជា​កាន់តែ​ច្រើន​ឡើងៗ​ ដែល​តម្រូវ​ឱ្យប្រទេស​និង​រដ្ឋាភិបាល​ទាំងអស់ ជាពិសេស​ ប្រទេស​ជិតខាងជាមិត្ត ត្រូវ​​​ធ្វើការ​រួមគ្នា​។

នៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោកបច្ចុប្បន្ន មាន​ការ​ប្រឈម​ថ្មីៗ​ជាច្រើន ដែល​កើត​ចេញ​ពី​កត្តា​មនុស្ស និង​ធ​ម្មជាតិ។ ភាព​ក្រីក្រ ​គម្លាត​នៃ​ការអភិវឌ្ឍ​យ៉ាងធំ និកម្មភាព ការ​ប្រែប្រួល​អាកាស​ធាតុ និងគ្រោះ​ធម្មជាតិ នៅ​តែ​ជាបញ្ហា​ប្រឈម​ជាចម្បង​យ៉ាង​សំខាន់​ដែល​ត្រូវ​ដោះ​ស្រាយ ដើម្បី​សម្រេច​បាន​នូវ​សង្គម​មួយ​ ដែល​មាន​សន្តិ​សុខស្បៀង​ សន្តិ​សុខ​ថាមពល សន្តិ​សុខ​ធនធាន​ទឹក ការងារ​សមរម្យ យុត្តិធម៌​សង្គម ការការ​ពារ​បរិស្ថាន និង​អភិបាល​កិច្ច​ល្អ។

ខ្ញុំសូមលើកឡើងផង​ដែរ​ថា យើង​ ជាប្រជាជនកម្ពុជា​ ឡាវ វៀតណាម​ មាន​សំណាង​ដោយ​​​បាន​ឃើញ​ការ​អភិវឌ្ឍ​​ជា​វិជ្ជ​មាន​​​ដ៏ខ្លាំង​ក្លា​នៃប្រទេសទាំង៣​ ដែល​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការពង្រឹង​កិច្ច​សហ​​ប្រតិ​បត្តិ​ការ​ក្នុង​តំបន់ និងនិម្មាបនកម្មក្នុង​តំបន់អាស៊ី​​ទាំងមូល។ កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់នេះ សម្រេច​បានសមិទ្ធផល​គួរឱ្យកត់​សម្គាល់​ យ៉ាងហោច​ណាស់ចំនួន​បីធំៗ រួមមាន សន្តិភាព ​ស្ថេរភាព និងទំនាក់ទំនង​សេដ្ឋកិច្ច​។ ទន្ទឹមនឹងមោទ​នភាព​ ដែល​យើង​មានចំពោះ​សមិទ្ធផល​ដែល​យើង​សម្រេច​បាន យើង​ត្រូវតែ​ខិត​ខំ​ឱ្យ​កាន់តែខ្លាំង​ថែម​ទៀត ដើម្បីដោះ​ស្រាយ​បញ្ហា​ប្រឈម​ដែល​នៅសល់។ យើង​ត្រូវ​កែលម្អ និងថែ​រក្សា​វប្បធម៌​នៃ​ភាព​ជា​ដៃគូ និង​ទំនាក់​ទំនងរវាងប្រជាជន និង​រដ្ឋាភិបាលនៃ​ប្រទេសទាំងបី​ ដើម្បី​រួម​គ្នា​បន្តអភិវឌ្ឍតំបន់នេះ​ប្រកប​​ដោយ​ជោគជ័យ។

ឯកឧត្តម លោកជំទាវ អស់​លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់!
ដោយឡែក សិក្ខាសាលាថ្ងៃ​នេះ គឺ​ជា​វេទិកាវិទ្យាសាស្រ្ត​ដ៏សំខាន់​មួយទៀត​ ផ្តល់ឱកាស​ឱ្យ​អ្នក​សិក្សា​ស្រាវជ្រាវជាតិ​ និង​អន្តរជាតិ​ បាន​​​ពិភាក្សា​ ផ្លាស់​ប្តូរ​យោបល់​ ​ចែក​រំលែក​បទ​ពិសោធន៍​ និង​បង្ហាញ​​នូវ​របកគំហើញ​ថ្មីៗនានា ពាក់ព័ន្ធនឹងសន្តិសុខ​ថាមពល​ និង​កំណើន​បៃតង​ក្នុង​​អនុ​តំបន់​​ទន្លេ​មេគង្គ​​​។ ជាពិសេស សិក្ខាសាលា​បានផ្តោត​ការយកចិត្ត​ទុកដាក់​លើ​ប្រធាន​បទ​​​ដ៏មានសារៈសំខាន់​ ដូចជា​ សន្តិសុខ​ថាម​ពល​ប្រកបដោយ​ចីរភាព​ដែលនាំឱ្យ​មានការអភិវឌ្ឍ​ជានិរន្តរ៍ យុទ្ធសាស្ត្រ​ថាមពលប្រកបដោយចីរភាពដើម្បីទ្រទ្រង់កំណើនបៃតង បច្ចេកវិទ្យាបៃតង​នៃ​ថាមពល​​កកើត​ឡើងវិញ និង​ការវាយតម្លៃបរិស្ថានជា​យុទ្ធសាស្ត្រ​ ​ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

កំណើន​សេដ្ឋកិច្ចខ្ពស់​ក្នុង​ប្រទេសទាំង៣ បាន​នាំ​ឱ្យ​មានការកើន​ឡើង​យ៉ាងខ្លាំង​នូវ​តម្រូវការប្រើប្រាស់ថាមពល។ ដើម្បីធានាបាននិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​ បញ្ហា​​សន្តិសុខ​ថាមពល និង​កិច្ចការពារបរិស្ថាន​ ត្រូវ​តែមាន​ដំណោះស្រាយ​សមស្របដែលមាន​ការចូលរួម​ពីគ្រប់​ភាគីពាក់ព័ន្ធ​ជាតិ និង​អន្តរជាតិទាំងអស់​។ ក្នុងន័យ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា ​ក្រោមការ​ដឹកនាំ​ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់​យ៉ាង​ខ្លាំង ក្នុងការ​​កាត់បន្ថយ​ផលប៉ះពាល់អវិជ្ជមានទាំងឡាយលើបរិស្ថាន កសិកម្ម ផលិតកម្មសត្វ ព្រៃឈើ និងជលផល ដោយ​បាន​ដាក់​ចេញ​ជាបន្តបន្ទាប់នូវគោលនយោបាយជាតិ និងផែនការយុទ្ធសាស្រ្តជាតិ​ស្តីពីការអភិវឌ្ឍបៃតងឆ្នាំ២០១៣-២០៣០។

ដូច្នេះ សិក្ខាសាលានេះ​ ពិតជាបានផ្តល់នូវ​គំនិតថ្មីៗ និងអនុសាសន៍ល្អ​ៗជាច្រើន សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលនៃប្រទេសទាំងអស់ក្នុងអនុតំបន់ទន្លេមេគង្គ​ ដែល​អាចបម្រើដល់ការកសាងយន្តការ​ ឬវិធានការចាំបាច់នានា សំដៅ​ធានា​​សន្តិសុខ​ថាម​ពល​ប្រកបដោយ​​ចីរភាព ដែលជាសមាសភាគ​ដ៏ចាំបាច់មួយ​នៃ​ការអភិវឌ្ឍប្រកបដោយចីរភាព​។

មុននឹងបញ្ចប់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ជាថ្មីម្តងទៀត ​ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃ​រាជបណ្ឌិត្យសភា​កម្ពុជា ដែលបានរៀបចំសន្និសីទ និងសិក្ខាសាលានេះ ដោយ​ទទួល​បាន​លទ្ធផលជោគជ័យ​គួរឱ្យ​កត់​សម្គាល់​​។ ទន្ទឹមនឹងនេះដែរ​ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះវិទ្យាស្ថានបរិស្ថានកូរ៉េ និង​អង្គការជា​ដៃគូនានា​ ដែល​បានឧបត្ថម្ភ​គាំទ្រ​ដល់​ការរៀបចំ​សិក្ខាសាលា។

ជាទីបញ្ចប់នេះ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ បណ្ឌិតសភាចារ្យ សាស្រ្តាចារ្យ អស់​លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ សូម​ទទួលបាន​សុខភាពល្អ ជោគជ័យ​គ្រប់​ភារកិច្ច និង​មានសុភមង្គលក្នុងក្រុមគ្រួសារ​។ ខ្ញុំសូមប្រកាសបិទសន្និសីទ និងសិក្ខាសាលានៅពេលនេះ!
សូមអរគុណ !

សុន្ទរកថា លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ក្នុងពិធី​បិទសន្និសីទ​អន្តរជាតិ​ប្រចាំឆ្នាំ​លើកទី៣​ ស្តីពី​កិច្ច​សហប្រតិបត្តិការ កម្ពជា​វៀតណាម ឡាវ






ពិធី​បិទ​​​ការ​​ប្រកួត​​កីឡា​​ប៉េតង់ «ពាន​​រង្វាន់ ឯកឧត្តម សុខ អាន» លើក​ទី៥ ក្រោម​អធិ​បតីភាព​ដ៏ខ្ពង់​ខ្ពស់ ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ សុខ អាន ឧប​នាយក​​រដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី និងជា​ប្រធាន​សហព័ន្ធ​កីឡាប៊ូល និង​ប៉រតង់​កម្ពុជា

ឯកឧត្តម សុខ អាន ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបិទការប្រកួតកីឡា​ប៉េតង់កម្ពុជា​

ដោយ​ផ្អែក​ទៅ​លើ​ជោគ​ជ័យ​ដែល​កីឡាករ កីឡាការិនី ប៊ូល និង​ប៉េតង់​កម្ពុជា ទទួល​បាន​នា​ពេល​កន្លង​មក ឯកឧត្តមបណ្ឌិតសភាចារ្យ ​សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី បាន​មានប្រសាសន៍ណែនាំ ​ឲ្យ​សហព័ន្ធ​កីឡាប៉េតង់​កម្ពុជា សហការ​ជាមួយ​ស្ថាប័នផ្សេងៗ ដើម្បី​រក​ការ​គាំទ្រ និង​ពង្រឹងការ​ងារ​គ្រប់​គ្រប​ផ្ទៃក្នុង ជា​ពិសេស​ជ្រើស​រើស​គ្រូ​បង្វឹក​ឲ្យ​បានល្អ ក៏ដូច​ជា​ ជំរុញឲ្យ​កីឡាករ កីឡាការិនី ខិត​ខំ​ហ្វឹក​ហាត់ឱ្យបាន​ជាប់​ជា​ប្រចាំបង្កើន​​សមត្ថភាព ដើម្បី​ដណ្តើម​ជ័យ​លាភីថ្មី​ទៀតនៅ ក្នុងការប្រកួតលក្ខណៈ​អន្តរជាតិ​ជូន​ជាតិ​មាតុភូមិក្នុង​អំឡុង​ឆ្នាំ​២០១៥​ ខាង​មុខ​នេះ។

ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបិទការប្រកួតកីឡា​ប៉េតង់ ដណ្ដើម​ពានរង្វាន់ឯកឧត្តម សុខ អាន លើក​ទី០៥ នា​រសៀល​​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ២០១៤ នៅ​​ពហុកីឡដ្ឋាន​ជាតិ ឯក​ឧត្តម​​​បណ្ឌិត​សភា​ចារ្យ សុខ អាន ដែល​ជា​ប្រធាន​សហព័ន្ធ​កីឡាប៉េតង់​កម្ពុជាផង​ដែរ​ បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា កីឡា​ប៉េតង់​កម្ពុជាតែងតែ​ទទួល​បាន​ជោគជ័យ ​ក្នុង​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ជាច្រើន ទាំង​ក្របខណ្ឌពិភពលោក អាស៊ី និង​តំបន់ ក្នុង​នោះ​កម្ពុជា​ទទួល​បាន​មេដាយមាស​ចំនួន​៣៥ ប្រាក់​ចំនួន​៥៥  ​និងសំរិទ្ធ​ចំនួន​៥៩។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ឯកឧត្តម​នឹង​រៀប​ចំ​ឲ្យ​មានការ​ប្រកួត​ច្រើន​ថែម​ទៀត ដើម្បី​លើក​កម្ពស់​សមត្ថភាព​កីឡាប៉េតង់កម្ពុជា ពីព្រោះ​មាន​តែការ​ប្រកួត​ទេ ដែល​អាច​វាស់​ស្ទង់​ និង​បង្កើន​សមត្ថភាពកីឡាករ កីឡាការិនី​បានល្អ។

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន អំពាវនាវ​សុំ​ឲ្យ​សប្បុរសជន ដែល​ស្រឡាញ់​ចូល​ចិត្ត​កីឡា​ប៊ូល និង​ប៉េតង់ មេត្តា​បន្តជួយ​ឧបត្ថម្ភ​គាំទ្រ​ផង​ដែរ។

លោក មាស សារិន អគ្គលេខាធិការ​សហព័ន្ធ​ប៉េតង់កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការប្រកួតកីឡា​ប៊ូល និង​ប៉េតង់ ដណ្តើម​ពានរង្វាន់​ឯកឧត្តម ​សុខ អាន ​លើក​ទី០៥ ឆ្នាំ​២០១៤​នេះ មាន​សមាគម ​និង​ក្លឹប​ចូលរួម​ចំនួន​២៨​ ដែល​មាន​កីឡាករ កីឡាការិនី​ចូលរួម​ប្រកួតចំនួន២៣២​នាក់ ប្រៀប​នឹង​ការ​ប្រកួត​លើក​ទី​៤ ឆ្នាំ​២០១២ មាន​ក្លឹប និង​សមាគម ចំនួន​២៤ និងកីឡាករ កីឡាការិនី ចំនួន​តែ ១៨២នាក់ ប៉ុណ្ណោះ​ចូល​រួម​។ ​​វិញ្ញាសា​ដែល​ដាក់ឱ្យ​ប្រកួតក្នុង​រយៈពេល​បី​ថ្ងៃ ២៥-២៧ ខែតុលា ឆ្នាំ​២០១៤ រួម​មាន​ប្រកួត០៣​នាក់​ទល់​០៣​នាក់​បុរស ដែល​ត្រូវ​ប្រកួត​ដណ្ដើម​យក​ពានរង្វាន់​ធំ​សរុប​មាន ​២៩​ក្រុម ដោយ​ធ្វើការ​ប្រកួត​តាម​រូបមន្ត​វិលជុំ ​និង​ជម្រុះ​មាន​ចំនួន​៤៩ ​ប្រកួត។ វិញ្ញាសា​នារី​២​នាក់​ ទល់០២​នាក់ មាន​១៣​ក្រុម ប្រកួត​វិល​ជុំ​ជម្រុះ​ចំនួន​៣៩​ប្រកួត។ ផ្នែក​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ០២​នាក់​ទល់០២​នាក់ មាន​២០​ក្រុមប្រកួត​វិល​ជុំ​ជម្រុះ​ចំនួន​៣៧​ប្រកួត។ ផ្នែក​នារីអាយុ​ក្រោម​១៧​ឆ្នាំ វិញ្ញាសា០២​នាក់​ទល់០២​នាក់ មាន​០៥​ក្រុមប្រកួត​វិល​ជុំ​ជម្រុះ​ចំនួន​១០​ប្រកួត ផ្នែក​យុវជន​០១​នាក់ ​ទល់០១​នាក់មាន​៣០​ក្រុម ត្រូវជា​៥៤​ប្រកួត ផ្នែក​យុវនារី១​នាក់​ទល់០១​នាក់ មាន​១០​ក្រុមស្មើនឹង​៣២​ប្រកួត។ ផ្នែក​ពាន​សមាគម​បុរស៣​នាក់​ទល់ ០៣​នាក់ មាន​៣២​ប្រកួត និង ​ផ្នែក​ពាន​សមាគមនារី​០២​នាក់​ ទល់០២​នាក់មាន​ចំនួន​០៨​ប្រកួត០៣​នាក់​ទល់០៣​នាក់មាន​១២​ក្រុម និង​វិញ្ញាសា០២​នាក់​ទល់០២​នាក់នារី មាន​១៣​ក្រុម ដោយ​ប្រកួត​តាម​រូប មន្ត​ចាញ់០២​ដង។​

ចំពោះ​លទ្ធផល​ចំណាត់ថ្នាក់លេខ០១​ពាន​ធំផ្នែក​បុរស បាន​ទៅលើ​ក្រុម​យោធភូមិភាគ​ពិសេស។ ផ្នែក​នារី០២​នាក់​ទល់០២​នាក់ ចំណាត់ថ្នាក់​លេខ០១ក្រសួងការពារជាតិ ។ ផ្នែក​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ ម្នាក់​ទល់​ម្នាក់ចំណាត់ថ្នាក់​លេខ០១មន្ទីរអប់រំ​ យុវជន ​និង​កីឡា​ខេត្ត កណ្តាល។ ផ្នែក​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ០២​នាក់​ទល់០២​នាក់ លេខ ០១ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ផ្នែក​នារី​អាយុ​ក្រោម​១៧​ឆ្នាំ ប្រកួត​ម្នាក់​ទល់​ម្នាក់ លេខ០១ក្រុម​នាគរាជ០១  ផ្នែក​យុវនារី​អាយុ​ក្រោម​១៧​ឆ្នាំ ប្រកួត​ពីរ​នាក់​ទល់​ពីរ​នាក់លេខ០១ ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

ចំពោះ​ពាន​សមាគម​បុរស ចំណាត់ថ្នាក់​លេខ០១បាន​ទៅ​ក្រសួងមហាផ្ទៃ និង​ពាន​សមាគម​​នារី០២​នាក់​ទល់០២​នាក់ លេខ០១​បាន​ក្រសួងមហាផ្ទៃ​។

សូម​បញ្ជាក់​ថា នៅក្នុង​ពិធីបិទការប្រកួតកីឡា​ប៉េតង់ ដណ្ដើម​ពានរង្វាន់ឯកឧត្តម សុខ អាន លើក​ទី០៥ ឆ្នាំ​២០១៤​នេះ ក៏​មាន​វត្ត​មាន​លោក អេឌី លីម ប្រធាន​ក្រុម​ប្រឹក្សា​សហព័ន្ធ​កីឡា​ប៉េតង់​អាស៊ី និង​ ឯកឧត្តម ពិត ចំណាន រដ្ឋលេខា​ធិការ​ក្រសួង​អប់រំ យុវជន និងកីឡា ចូល​រួម​​ជា​កិត្តិយស​ផង​ដែរ​៕






Monday, October 27, 2014

បទអត្ថាធិប្បាយ​ដោយ៖​​ Allen Myers ៖ បាត​ដៃ​គណ​បក្ស​សង្រ្គោះ​ជាតិ​ប្រឡាក់​ដោយ​ពាក្យ​បណ្ដឹង តុលាការ​ព្រហ្ម​ទណ្ឌ​អន្ដរជាតិ

ដោយ៖ Allen Myers
ពាក្យបណ្ដឹងមួយអំ​ពីករណី «ប្រឆាំងនឹងមនុស្សជាតិ» ត្រូវបានបញ្ជូនទៅកាន់​​តុលាការ ព្រហ្មទណ្ឌអន្ដរជាតិ កាលពីថ្ងៃទី៧ ខែតុលា កន្លងទៅ​នេះ ចោទ​លើ​មនុស្ស​មួយចំនួននៅកម្ពុជាដែលមិនចេញឈ្មោះ។ អត្ថបទរបស់ខ្ញុំកាលពីលើកមុន បាន​ពិនិត្យមើលខ្លឹមសារនៃពាក្យបណ្ដឹងនេះ ដែលពុំបានផ្សាយទូលាយ​ជាសា​ធារ​​ណៈ​នោះទេ

​​​​សូម​មើល​គេហទំព័រ​៖​ http://letters2pppapers.wordpress.com/2014/10/16/a-very-strange-complaint-to-the-icc/
ដោយឡែកក្នុងអត្ថបទខ្ញុំទីពីរ​នេះ​នឹងមើល​ទៅ​ លើការចោទប្រកាន់នោះ តើវាចេញមកពីប្រ​ភព​​ណា? ហេតុអ្វី​បាន​ជាអ្នក​ប្រ​ឌិតនោះ ជ្រើស​រើសការដាក់ពាក្យបណ្ដឹងនេះទៅតុលាការ​ព្រហ្មទណ្ឌអន្ដរជាតិ?

នេះគឺជាលើកទីពីរហើយក្នុងឆ្នាំនេះ ដែលមេធាវីទាំងនេះបានដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិពាក់ព័ន្ធនឹងកម្ពុជា។ ពាក្យបណ្ដឹងទី១​ ដាក់កាលពីខែមីនា ឆ្នាំ២០១៤ បានចោទប្រកាន់ លោក ហ៊ុន សែន ពីបទ «ប្រល័យពូជសាសន៍» ដោយសន្មត​ថា​ បានជ្រៀតជ្រែកចូលក្នុងរឿង​តុលាការកាត់ទោសខ្មែរក្រហម។នេះសឲ្យ​​ឃើញថា​ ប្រ​សិន​បើ​គេមាលុយគ្រប់គ្រាន់​ គេនឹងអាចរកបានមេធាវីដ៏ប៉ិនប្រសប់ម្នាក់ ដែលអាចជជែកវែកញែកអ្វីៗបានទាំងអស់ ។

ទោះបីវាជាបញ្ហាគួរអោយអស់សំណើចក៏ដោយ​​ គឺពាក្យបណ្ដឹងថ្មីនេះបាន​រៀប​ចំឡើងដោយមេធាវីអង់គ្លេសម្នាក់ ឈ្មោះ Richard Rogers មកពីការិយាល័យ​មេធាវីឈ្មោះ Global Diligence។ ពាក្យបណ្ដឹងនេះត្រូវបានទាត់ចោលពីសំណាក់​រាជ​រដ្ឋាភិបាល ដោយលើក​ថា​ ​គ្មានអ្វីក្រៅតែពីការព្យាយាមប្រើប្រាស់តុលាការអន្តរជាតិ​នេះ ដើម្បីលើកម្ពស់គណបក្សសង្រ្គោះជាតិតែប៉ុណ្ណោះ។ អ្នកនាំពាក្យទីស្តីការ​គណៈរដ្ឋមន្ដ្រី លោក ផៃ ស៊ីផាន បានចង្អុលថា កញ្ញា កឹម មនោវិទ្យា ដែលជា​អនុ​ប្រធាន​កិច្ចការ​សាធារណៈរបស់គណបក្សសង្រ្គោះជាតិ និងជាកូនស្រីរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានចេញមុខជាសាធារណៈ​ថា​ ខ្លូនបាន​​ពាក់​ព័ន្ធនឹងរឿងនេះ។ តែករណីនេះត្រូវបានបដិសេធដោយគណបក្សសង្រ្គោះជាតិថ្វីត្បិតតែ កញ្ញា កឹម មនោវិទ្យា បានទទួលស្គាល់ថាឈ្មោះនាង មាន​​នៅក្នុងសេចក្តីប្រកាសព័ត៌មាន​ដំបូង​ដែលទាក់ទងនឹងពាក្យបណ្ដឹង ហើយដែលត្រូវ​​បានផ្សាយ​ក្នុងទំព័រ​កាសែតភ្នំពេញប៉ុស្ដិ៍ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ ក៏ដោយ។

ក្នុងអត្ថបទភ្នំពេញប៉ុស្ដិ៍ដែលសរសេរដោយលោក Kevin Ponniah បានលើកថា​​«... ក្នុងពេល​ដែល​មានការ​ផ្ទុះតវ៉ាប្រកបដោយអំពើហិង្សាកាល​ពី​ខែ​មករា គណបក្សសង្រ្គោះជាតិបាន​ផ្សាយថា ខ្លូនបានភ្ជាប់កិច្ចសន្យាជាមួយលោក Rogers​ សុំ​ឲ្យធ្វើការស៊ើបអង្កេតឧក្រិដ្ឋកម្មនានា ដែលបាន​ប្រព្រឹត្តដោយកម្លាំងសន្ដិសុខរបស់រដ្ឋាភិបាលទៅលើប្រជាជនស៊ីវិល ហើយ​ដែល​ករណី​នេះ​ គេ​ថាគេអាចប្ដឹង​ទៅតុលាការ​ព្រហ្ម​ទណ្ឌអន្តរជាតិបាន»។ អត្ថបទនោះបានពន្យល់ផងដែរថា ទោះជា​​លោក ​Rogers ជាទីប្រឹក្សាយោបល់អន្តរជាតិរបស់គណបក្សសង្រ្គោះជាតិក៏​ដោយ​ ក៏ «ពាក្យបណ្ដឹង​នោះបានរៀបចំប្តឹក្នុង​នាមជនរងគ្រោះទេ ពុំមែនក្នុងនាមបក្ស​នយោ​បាយទេ។» តើគេ​យល់​យ៉ាង​ណា​ក្នុង​រឿងនេះ? តើយើងគឹតស្មានថា ​គេយើងជឿ លោក សម រង្ស៊ី និងលោក កឹម សុខា ថា​បានឲ្យយោបល់ទៅអ្នកដើមបណ្ដឹងទាំងនោះ កុំ​ឲ្យ​គេ​ប្ដឹង ប៉ុន្ដែ​អ្នកដើមបណ្ដឹងមិន​ស្ដាប់ពួក​គាត់​ មែន? ហើយលោក​ Rogers ក៏​ហាក់ដូចជាភ្លេច​ខ្លួន​ថា អ្វីដែលខ្លួនបាន​ធ្វើនោះ គឺគេជួលឲ្យខ្លួនធ្វើតាំងពីដំបូងទីមក?

ស្នាមនៅជាប់បាតដៃរបស់គណបក្សសង្គ្រោះជាតិ បានបង្ហាញភស្ដុតាងយ៉ាងច្បាស់នៅក្នុងពាក្យបណ្តឹងទៅ​​តុលាការព្រហ្មទណ្ឌអន្តរជាតិ កាលពី​ខែមីនា ឆ្នាំ២០១៤ ទោះជាវាមិនជាក់ស្ដែងណាស់ណាក៏ដោយ។ នៅពេល​​នោះ​ លោក Ponniah  អ្នក​កាសែតភ្នំពេញប៉ុស្ដិ៍បានសរសេរថា «ពុំមានអ្វីទាក់ទង» ជាមួយនឹងគណបក្ស​សង្រ្គោះ​ជាតិទេ តែ​គាត់​មិន​បាន​បញ្ជាក់ថា តើនរណាបានធានារឿង​នេះ ---យ៉ាងនេះហើយ គឺកាន់​តែ​ធ្វើ​ឲ្យ​គេ​សង្ស័យ​កាន់​តែ​ខ្លាំងឡើង​។ក្នុង​នេះ​មានតែខ្មែរមួយរូប ​និងអង្គការខ្មែរមួយប៉ុណ្ណោះ ដែលត្រូវបានបញ្ចេញឈ្មោះជា​សា​ធារ​ណៈថា​ ខ្លួន​ជា​អ្នក​​ដើម​បណ្ដឹង ហើយអ្នក​ទាំង​នេះត្រូវគេដឹងថា បាន​ពាក់ព័ន្ធ​យ៉ាងជិតស្និតបំផុតជា​មួយអា​ណិក ជន​ខ្មែរ-អាមេរិកកាំង នៅ​ស..អា. ដែលគាំទ្រគណបក្សសង្រ្គោះជាតិ ដូច​ដែល​​​ខ្ញុំបាន​ចង​ក្រង​​ជា ឯកសារនៅ http://letters2pppapers.wordpress.com/archives/2014-2/the-company-they-keep/


ហេតុអ្វីបានជាពាក់​ព័ន្ធនឹង​តុលាការព្រហ្ម​ទណ្ឌអន្តរជាតិ?
ហេតុអ្វីបានជា​គណបក្សសង្រ្គោះជាតិ ឬអ្នកគាំទ្ររបស់ខ្លួនទៅយកតុលាការ​ព្រហ្មទណ្ឌ អន្តរជាតិធ្វើជាមធ្យោបាយដើម្បីវាយប្រហារលើរាជ​រដ្ឋាភិបាល? យន្តការ​ច្បាប់​របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ជាយន្ដការមួយដែលមាន​ការគិតគូរពិចារណា​ដែលមានដំណើរការ​យឺតៗនិងយ៉ាង​ប្រ​យ័ត្នជា​ទី​បំ​ផុត។​ វាមិនមែនជាឧបករណ៍ជំរើសសម្រាប់អ្នក​ដែល​ចង់​កែខៃអ្វីមួយ​ឲ្យ​បានឆាប់រហ័សនោះ​ទេ។ ដូចដែលលោក Kevin Ponniah នៅក្នុងភ្នំពេញប៉ុស្ដិ៍​លើកកាល​ពីថ្ងៃទី០៨ខែតុលា ឆ្នាំ២០១៤ ថាមាន​​សេចក្ដី​សម្រេច​មួយ​​របស់ព្រះរាជអាជ្ញា ដែលអាចនឹង​បើកឲ្យ​មាការស៊ើបអង្កេតបឋមបាន​ គឺនឹង​​ប្រព្រឹត្តទៅបានយ៉ាង​ហោចណាស់​ក្នុងអំឡុងពេល៦ខែ ហើយ​ត្រូវ​ការ​ប្រើពេល​វេលា​រាប់ឆ្នាំឯណោះ។ ម្យ៉ាងវិញ​ទៀត ដំណើរការរបស់តុលាការមិនធានា​ថា​ នឹង​មានការស៊ើបអង្កេត ឬការកាត់ទោស មួយជាផ្លូវការនោះដែរ

ប៉ុន្ដែក្បួនវិន័យពន្យឺតពេល​វេ​លា​នេះ គឺជាឧត្តមភាពរបស់តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ ដើម្បីទប់ទល់នឹងអ្នកដែលមានគោលដៅមិន​ល្អ ចង់​យក​តុ​លា​ការ​នេះ​ធ្វើ​ជា​ទី​លាន​ឃោសនា​នយោបាយមិនមែនស្វែងរកផ្លូវច្បាប់ពិតប្រាកដនោះទេ។ ជា​ការ​ចាប់ផ្ដើមរ​ណាក៏ដោយ ក៏អាចដាក់ពាក្យបណ្ដឹងនេះបានដែរ ហៅថា​​ «communication» (ការ​ប្រាប់​ឲ្យ​ដំណឹង)

ធ្វើដូច្នេះ វាចាំបាច់ណាស់គឺត្រូវចោទថា បទឧក្រិដ្ឋកម្មត្រូវបានប្រព្រឹត្តឡើង ដែលស្ថិត​នៅ​ក្រោមយុត្ដាធិការរបស់តុលាការ និងការពន្យល់ព្រះរាជអាជ្ញាឲ្យជឿថា​ ករណីនេះ​​ វា «សមហេតុម​ផលជាមូលដ្ឋាន» ថាបទឧក្រិដ្ឋនេះបានប្រ​ព្រឹត្ត​ទៅ​មែន។ ដូបដែលបានដាក់ក្នុងការផ្សព្វផ្សាយរួមមួយរបស់ Global Diligence និង​អង្គការ​ក្រៅ​រដ្ឋាភិបាលមួយឈ្មោះសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH) ថា «នៅ​ដំ​ណាក់​កាល​នេះ ពាក្យបណ្ដឹងមិនចាំបាច់បញ្ជាក់ ការប្រព្រឹត្តឧក្រិដ្ឋប្រឆាំងមនុស្ស​ជាតិ»​ ឡើយ ភាពងាយស្រួលនៃការ​ចាប់ផ្ដើម​ការ​ប្តឹង​នេះ វា​ងាយ​យល់ណាស់ គឺ​បាន​ន័យថា ជាការ​ព្យាយាម​ដើម្បីធានាដល់អ្នកដែលចាញ់ប្រៀប​គេ និង​អ្នកដែល​ងាយរងគ្រោះ ហើយដែលខ្វះសមត្ថភាពរកអ្នកតំណាងខាងផ្លូវច្បាប់ នៅតែអាច​ពាំនាំ​យករឿង​រ៉ាវ​របស់​​ពួកគេដល់តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ឲ្យចាប់អារម្មណ៍បាន​ផង​ដែរ។

ប៉ុន្ដែក្នុងប្រទេសមួយដែលមានបក្សប្រឆាំងមានវោហារសាស្រ្តខ្លាំងក្លា  និងមានតំណាងខ្លាំងនៅក្នុងសភា ហើយ​ដែលប្រ​ទេស​នោះ​មានអង្គការក្រៅរដ្ឋាភិបាលជាច្រើនប្រកួតប្រជែងគ្នាដើ​ម្បីឲ្យ​គេ​ល្បី ថា​ពួកគេពូ​កែខាង​រិះគន់រដ្ឋាភិបាលយ៉ាង​ដំ​ណំ ហើយ​ពួក​នេះ​គិ​ថា តម្រូវការបឋមរបស់​តុលា​ការ ដើម្បីដាក់​ពាក្យ​បណ្ដឹង​ករណីណាមួយ វា​ហាក់ដូច​ជាសាមញ្ញពេក ដែល​នេះជាច្រក​មួយឲ្យ​មាន​ការបំពានបាន។ ក្នុង​ន័យ​នេះហើយ បាន​ជា​មាន​ពួកពុត​ត្បុតមួយ​ចំនួន ដែលមានលុ​យអាចជួលមេធាវី ដាក់​ពាក្យ​បណ្ដឹងចោទផ្តេស​ផ្តាស់គ្មាន​សម​ហេតុ​ផល​ ហើយថែម​ទាំងទទួល​បានផល​កេ​ចំណេញ តាម​រយៈការផ្សព្វផ្សាយក្នុង​ប្រព័ន្ធឃោសនានានា ដែលពួក​នេះ​គិត​ថា ការ​ចោទ​ប្រកាន់​នោះមានន័យធំ​ដុំណាស់  ក៏ព្រោះតែតុ​​លាការព្រហ្មទណ្ឌអន្តរជាតិនេះ​មិន​បាន​បដិសេធភ្លាមៗ នូវ​ពាក្យបណ្ដឹងនោះ (​ដែល​តុលាការនេះ មិន​​ដូចជា​​តុលាការ​​ព្រហ្មទណ្ឌ​​ដ៏ទៃទៀតនៅ​លើ​ពិភពលោក ហើយអ្នកដើមបណ្ដឹងនោះ​​ដឹងថាវាគ្មាន​ទោស​​ពៃ​អ្វីទេ បើ​គ្រាន់​តែ​ដាក់​ពាក្យបណ្ដឹងផ្តេស​ផ្តាស់មិនត្រឹម​ត្រូវ​នោះ។

និយាយពីរឿងមេធាវីម្ដង
ការផ្សព្វផ្សាយរួមគ្នាមួយ​របស់ FIDH និង Global Diligence ដែលបាន​រៀបរាប់​ខាងលើ​(សំដៅពន្យល់ពាក្យបណ្ដឹងនេះទៅសាធា​ណៈ​ជន) និយាយថា Global ​​Diligence គឺជា «ការិយាល័យផ្ដល់ការប្រឹក្សាច្បាប់ ធ្វើការងារផលប្រយោជន៍សាធារ ណៈ។ គេហទំព័ររបស់ Global Diligence ផ្សាយថា ការិយាល័យ​នេះ​មាន​សេវាកម្មផ្ដល់យោបល់ខាងផ្លូវច្បាប់ និងយកកម្រៃធ្វើការងារដែលពាក់ព័ន្ធនឹងប្រយោជន៍សាធារ​ណៈ»។

ការពណ៌នាពីដំបូង អាចឲ្យអ្នកអានគិតថា Global Diligence ធ្វើអ្វីគឺ​ដើម្បីផលប្រយោជន៍សាធារណៈតែប៉ុណ្ណោះ --គឺថាវាដូចជាអង្គការក្រៅរដ្ឋាភិបាលទទួលខាង​ច្បាប់​  ដែលមិនគិតពីកម្រៃផ្ទាល់ខ្លួន --ការពណ៌នានៅលើគេហទំព័រមាន​បន្ថែម​​ពាក្យសំខាន់ៗទៀត:​ «ដើម្បីកម្រៃ» គឺថា គេធ្វើអ្វីក៏ដោយ ក៏ត្រូវ​មាន​អ្នកបង់លុយ​​សេវា​ដែរ។ ផល​ប្រយោជន៍សាធារណៈ --ជាប្រធានបទមួយធំដែលគេជជែកវែកញែកគ្នា --គឺអ្វី​ក៏​ដោយ តែអតិថិជនអ្នកបង់លុយនិយាយថាម៉េចគឺវាយ៉ាងនោះហើយ។

តាម​រយៈការផ្សាយ​ដ៏ដែល​នោះ គេពណ៌នាថា ការងារអាជីពខា​ង​​ច្បាប់របស់​គាត់ ក្នុង​នោះ​​មាន ជា «ប្រធានមេធាវីកាពារ​កូន​ក្ដី​ចុងចោទ នៅអង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុងតុលាការកម្ពុជា​ (ឬ​សាលា​​ក្ដី​ខ្មែរក្រហម)»។ ស្ដាប់ទៅហាក់ដូចជា​មាន​តួ​នាទី​ខ្ពស់ ​ហើយ​​មាន​អំណាច តំណាងឲ្យកូនក្ដីចុង​ចោទនៅ​តុលា​ការ។ ប៉ុន្ដែ​សេចក្ដី​ថ្លែង​នេះ​មិន​ពិតទេ។

នៅពេលដែលសាលាក្ដីខ្មែរក្រហម ត្រូវបានបង្កើតឡើងនៅខែមិថុនា ឆ្នាំ២០០៦ អង្គការសហប្រជាជាតិបានតែងតាំង «ប្រធានមេធាវីកា​រ​ពា​រ​កូន​ក្តីចុងចោទ» មួ​យរូប «ពុំមែនលោក Rogersទេ»។ មុខងារគាត់ត្រូវបានដកស្រង់ចេញ​​អំពី​តុលាការ​មួយ​ផ្សេង​ទៀតដែលមានការពាក់ព័ន្ធ​នឹង​ង្គការសហប្រជាជាតិដែរ តែវាមិនស៊ីគ្នាទៅនឹងកិច្ចការនៃតំណែងនៅ​សា​លា​ក្តី​ខ្មែរ​ក្រ​ហម​ទេ ហើយ​ភារកិច្ច​គាត់​ទទួល​ខុស​ត្រូវ​ផ្នែក​រដ្ឋបាលសុទ្ធសាគឺទាក់ទងនឹងកាងារកជ្រើសរើស និង​ការចំណាយលើ​មេធាវី​ការ​ពារកូនក្ដីចុងចោទប៉ុណ្ណោះ។ ដូច្នេះ​ហើយ បាន​ជា​ពេលដែលបទបញ្ជាផ្ទៃក្នុងរបស់តុលាការ​ក្ដីខ្មែរក្រហមនេះត្រូវបានអនុម័តមួយឆ្នាំក្រោយមក តំណែង​និងតួនាទី​ត្រូវ​បានផ្លាស់ប្តូរឈ្មោះទៅជា «ប្រធានផ្នែកផ្គត់ផ្គង់ការពារកូន​ក្ដីចុង​ចោទ»។ ជាងមួយ​ឆ្នាំ​កន្លះក្រោយមកទៀត នៅខែកុម្ភៈ ឆ្នាំ២០០៩ លោក Rogers ត្រូវបាន​តែង​តាំង​ជា​ប្រធានផ្នែក​ផ្គត់ផ្គង់​ការពារ​កូន​ក្ដីចុង​ចោទ​នេះ។ គាត់មិនដែលត្រូវបានតែងតាំងជា «ប្រធានមេធាវី​ការ​ពារកូនក្ដីចុងចោទ» ម្ដងណាឡើយ។​

ប្រសិនបើលោក Richard Rogers មិនទាំង​នឹកឃើញច្បាស់ ​​នូវរបរ​អាជីព​ផ្ទាល់​របស់​ខ្លូនបាន​ផង​នោះ​ គឺវា​ធ្វើឲ្យគេ​មាន​ការសង្ស័យថា តើគាត់អាច​នឹងរាយការណ៍​ពី​ការ​ចោទ​ប្រកាន់អំពី«ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»​ នៅកម្ពុជា​​បានត្រឹម​ត្រូវ​ឬ​ទេ?