Saturday, August 10, 2019

ទិដ្ឋភាព និងសកម្មភាព ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ចូលរួមពិធីសម្ពោធលេខាធិការដ្ឋានអាស៊ានថ្មី នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី

ប្រធានាធិបតីស្រីលង្កាកោតសរសើរភាពឈ្លាសវៃរបស់ព្រះសង្ឃខ្មែរដែលកំពុងសិក្សាថ្នាក់បណ្ឌិតនៅប្រទេសស្រីលង្កា


ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ — ប្រធានាធិបតីនៃប្រទេសស្រីលង្កាបានថ្លែងកោតសរសើរព្រះ​ស​ង្ឃខ្មែរដែលកំពុងសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត ផ្នែកភាសាបាលី សំស្រឹ្កត និងទស្សនៈវិទ្យា​ព្រះពុទ្ធ​សា​ស​​នានៅប្រទេសស្រីលង្កាថា មានភាពឆ្លៀវឆ្លាត រៀនពូកែនិងមានសេចក្តីព្យាយាមខ្ពស់ក្នុងការសិក្សា។
ក្នុងពិធីដង្ហែដើមពោធិព្រឹក្សដែលយកមកពីក្រុងអនុរាធបុរៈ ប្រទេសស្រីលង្កាយកមកដាំក្នុងវត្ត​លង្កា​ក្នុង​រាជ​ធានីភ្នំពេញ នៅព្រឹ​កថ្ងៃ​ទី១​០ខែ​សី​ហា​នេះ លោកប្រធានាធិបតី  ម៉ៃទ្រី​ប៉ា​ឡា ស៊ីរីសេនា បានថ្លែងថា​«ខ្ញុំ​សូមកោ​តសរសើរ​ព្រះសង្ឃ​ខ្មែរ​សិ​ក្សា​​នៅប្រទេសស្រីលង្កា លោករៀនពូកែ លោកឆ្លាតហើ​យ​រៀ​ន​បា​ន​ពិ​ន្ទុ​ខ្ពស់» ។
ជាមួយគ្នានេះ លោកប្រធានាធិបតី ក៏បាននិមន្តព្រះសង្ឃនៅកម្ពុជាឱ្យ​ទៅបន្តការសិក្សា​នៅប្រ​ទេស​ស្រី​ល​ង្កាបន្ថែមទៀត ព្រោះ​ការ​សិក្សានៅទីនោះ​នឹងអាចមានសមត្ថភាពជួយផ្ស​ព្វផ្សាយព្រះពុទ្ធសា​សនាមិ​នត្រឹម​តែ​ក្នុ​ងប្រទេ​ស​ក​ម្ពុជាឬប្រទេសស្រីលង្កា​ទេ គឹអាចផ្សព្វផ្សាយព្រះពុ​ទ្ធសាស​នា​បានទូទាំង​ពិភ​ពលោ​ក។
ក្នុងដំណើរទេស្សនកិច្ចផ្លូវរដ្ឋរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០ខែសីហាឆ្នាំ២០១៩នេះ លោក​ប្រ​ធា​​​នាធិបតីបានបញ្ជាក់ថា លោក​​បា​ន​ពិ​ភាក្សាជាមួយសម្តេចអគ្គមហាសេនាបតី​ តេជោ ហ៊ុន សែន នាយក​រដ្ឋ​​មន្ត្រីនៃព្រះ​​រាជា​ណា​​ចក្រក​ម្ពុជារួចហើយ​​ពាក់ព័ន្ធការ​ស​ម្រួ​លដល់ការសិក្សា​របស់ព្រះសង្ឃ​ខ្មែ​រនៅ​ប្រទេ​ស​ស្រី​ល​ង្កាដែលជាការ​​ឆ្លើយត​ប​ទៅ​នឹ​ង​​សំណូមពររបស់ថ្នាក់ដឹកនាំ​ព្រះ​ស​ង្ឃ​នៃប្រ​ទេ​ស​ទាំងពី​រ​ឱ្យ​កា​ន់​តែ​ល្អ​ប្រសើរទាំងការគង់នៅ និង​កា​រ​សិ​ក្សា​រៀនសូត្រ។
ព្រះតេជគុណ កល្យាណចារី ឌិត វីរៈ ជាសមណនិស្សិតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រភាសាបាលីនៅ​សាក​ល​វិ​ទ្យា​ល័យព្រះសីហនុរាជនៅរាជធា​នីភ្នំពេញ​បានទទួលអាហារូបករណ៍ទៅសិក្សា​ថ្នាក់អនុបណ្ឌិតនិងបណ្ឌិត​ភា​សា​​​បាលីនៅប្រទេសស្រី​លង្កាអស់រយៈពេល៧ឆ្នាំហើយ។ ថ្មីៗនេះព្រះអង្គទើបនឹងការពារនិក្ខេបបទបញ្ចប់ថ្នាក់​បណ្ឌិ​តភាសាបាលី។ ព្រះតេជគុណ កល្យាណចារី ឌិត វីរៈ បានមានសង្ឃដីកាតាមបណ្តាញទំនាក់ទំន​ងស​ង្គ​ម​ហ្វេ​សប៊ុកប្រាប់ទីភ្នាក់ងារសារព័ត៌​មានកម្ពុជា​AKP​នៅ​ថ្ងៃ​ទី១០សីហានេះថា បច្ចុប្បន្នព្រះសង្ឃខ្មែរជិត១០​ព្រះ​អ​ង្គកំពុងសិក្សាថ្នា​ក់អនុបណ្ឌិតនិង បណ្ឌិ​ត​ផ្នែកភាសាបាលី សំស្ក្រឹត និងទស្សនៈវិទ្យា​នៅប្រ​ទេស​ស្រី​លង្កា។ ព្រះអង្គបានឱ្យដឹងថា ការសិក្សា​នៅ​ប្រទេសស្រីលង្កាគឺមានលក្ខណៈពិសេសច្រើនក្នុងការជំរុញឱ្យ​និ​ស្សិត​ស្រាវជ្រាវទៅ​លើមុខ​វិជ្ជា​នីមួ​យ​ៗ​ដែលធ្វើនិស្សិតមានភាពស្វិតស្វាញបំផុតក្នុងការសិក្សា។សម្រាប់ព្រះសង្ឃខ្មែរបានត្រៀមខ្លួនជានិច្ចក្នុងចាប់យកថ្នាក់អនុបណ្ឌិត និងបណ្ឌិតឱ្យបានមុននឹងត្រលប់មកកាន់ប្រទេសកំណើតវិញ​ជាមួយចំណេះជំ​នាញ​ដែល​បានសិក្សារៀនសូត្រ។
សម្រាប់ព្រះអង្គផ្ទាល់​បានមានសង្ឃដីកា ព្រះអង្គនឹងនាំយកចំណេះដឹងល្អៗ​ទាំ​ង​នោះមកជួយលើវិស័យ​អប់​រំ​នៅក្នុងប្រទេសកម្ពុជា តាមរយៈការបង្ហាត់បង្រៀនដល់សមណសិស្ស -សមណ​និ​ស្សិត​និងប្រជា​ពល​រដ្ឋ​ឱ្យ​ស្វែងយល់ស៊ីជម្រៅបន្ថែមទៀតផ្នែកវិស័យព្រះពុទ្ធសាសនា​ដើ​ម្បី​ជា​​ប្រយោជ​ន៍​ដល់​ការលើ​កកម្ព​ស់​សី​ល​ធម៌សង្គម។
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល៤ថ្ងៃនេះ លោកប្រធានាធិបតីស្រីលង្កា​បាន​ចូ​ល​គា​​ល់​ព្រះ​ម​ហា​​ក្សត្រ  ចូលគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ បំពាក់កម្រងផ្កានៅវិមានឯករាជ្យ ចូលរួម​វេ​ទិ​កា​​ធុរ​កិច្ច​កម្ពុជា-ស្រីលង្កា ព្រមទាំងជួបពិភាក្សាការងារទ្វេភាគី និង​ពិសាបាយសាមគ្គីជាមួ​យសម្តេ​ចតេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទស្សនាប្រាសាទអង្គរវត្តនិងប្រា​សាទបាយ័ន​ព្រមទាំង​អញ្ជើញ​ទៅ​ដាំដើមឈើតំណាងប្រទេសស្រីលង្កានៅមជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គផងដែរ៕
គង់ សិរីរ័ត្ន