Sunday, March 06, 2016

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានអន្តរាគមន៍ជួយពលករ ពលការីនីកម្ពុជាឱ្យបានវិលត្រឡប់មកមាតុប្រទេសវិញ

យោងតាមសេចក្ដីជូនដំណឹងដែលចុះហត្ថលេខាកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ដោយឯកឧត្តម ជុំ សុន្ទរី អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ ជួយពលករ-ពលការីនី​កម្ពុជា​ចំនួន ០៤រូប ដែលបានទៅធ្វើការនៅប្រទេស ម៉ាឡេស៊ី ហើយជួបប្រទះការ លំបាកក្នុង​ការងារ​ឱ្យបានវិលត្រឡប់មកមាតុប្រទេសវិញ។

ក្នុងសេចក្ដីជូនដំណឹងដដែលនោះបានប​ញ្ជាក់ថា ពលករ ពលការិនីទាំង ០៤រូបនោះ មានឈ្មោះដូចជា ៖ ១- ណន គុណធួន ភេទស្រី អាយុ​ ២២ ឆ្នាំ មានស្រុកកំណើតនៅភូមិវៀង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បានទៅធ្វើការជាអ្នកបោសសំអាត នៅ​ប្រទេសម៉ាឡេស៊ី​ តាំងពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៤ និងបានមក ស្ថានទូត នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ សុំឱ្យជួយទាមទារប្រាក់ខែ​ពីថៅកែ និងជួយឱ្យបានត្រឡប់មក កម្ពុជាវិញ។ ពលការិនីរូបនេះ បានទទួលប្រាក់ខែគ្រប់ចំនួន ហើយថៅកែបានបង់ថ្លៃពិន័យឱ្យរដ្ឋា​ភិបាល​ម៉ាឡេស៊ី ព្រមទាំងទិញសំបុត្រយន្តហោះឱ្យ ក្រោយ​ពីការអន្តរាគមទាមទារ​ដ៏ស្វិត​ស្វាញ​របស់ស្ថានទូត។ ២- ម៉ន ស្រីស្រស់ ភេទស្រី អាយុ​ ២៦​ឆ្នាំ មានស្រុកកំណើតនៅភូមិក្បាលជួរ ឃុំសំបុក ស្រុក​ចិត្របុរី ខេត្តក្រចេះ បានទៅធ្វើការជាអ្នកបោសសំអាត នៅ​ប្រទេសម៉ាឡេស៊ី​ តាំង​ពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤ និងបានមក ស្ថានទូតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ សុំជួយឱ្យ បានត្រឡប់មកកម្ពុជាវិញ។ ពលការិនី ម៉ន ស្រីស្រស់ ត្រូវបានស្ថានទូតចេញលិខិតធ្វើដំណើរ បណ្តោះឱ្យ។ ៣- ថាំង ប៉ុម ភេទស្រី អាយុ​ ២៨ ​ឆ្នាំ មានស្រុកកំណើត នៅភូមិ​ជ្រាំងក្រហម ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបានទៅធ្វើការជាអ្នកបោសសំអាត នៅ​ប្រទេស​ម៉ាឡេស៊ី​ តាំងពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៤ និងបានមកស្ថានទូត នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ សុំឱ្យជួយទាមទារប្រាក់ខែ​ពីក្រុមហ៊ុន GPGC International PTE.​LTD និងជួយឱ្យ បាន ត្រឡប់មកកម្ពុជាវិញ។

ក្រុមហ៊ុនបានផ្តល់ប្រាក់ខែឱ្យ​ពលការិនី ថាំង ប៉ុម បន្ទាប់ពីស្ថាន ទូតបានធ្វើការអន្តរាគមន៍ទៅក្រុម​ហ៊ុន។ ៤- ឡេះ យ៉ា ភេទប្រុស អាយុ​ ២៦ ​ឆ្នាំ មានស្រុក កំណើតនៅភូមិអូរក្រី ឃុំជីយោ ស្រុក​ចំការលើ ខេត្តកំពង់ចាម បានទៅប្រទេសម៉ាឡេស៊ី ​ តាំង​ពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣ ធ្វើការនៅកសិដ្ឋានដាំដំណាំ និងបានមកស្ថានទូត នៅថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ២០១៦ សុំជួយឱ្យ​បានត្រឡប់មកកម្ពុជាវិញ។

អំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅនិងបាន ផ្តល់អាហារជូនដល់​ពលករ ពលការិនីទាំង ០៤រូបនោះផងដែរ។ ពលពលករ-ពលការិនីទាំង០៤រូបនឹង​មកដល់អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ នៅថ្ងៃទី​០៧ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ០៧:៥០​នាទីព្រឹក តាមជើងយន្តហោះ AK ៥៣៦។

សេចក្ដីជូនដំណឹងនោះបានបញ្ជាក់ទៀតថា ដោយបញ្ហាពលការិនីនៅម៉ាឡេស៊ី និងបញ្ហាស្រ្តីខ្មែរទៅរៀបការ ប្តីនៅប្រទេសចិននៅ តែបន្តកើតមានជាបន្តបន្ទាប់សឹងតែរៀងរាល់ថ្ងៃ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិសូមធ្វើការអំពាវនាវជាថ្មី ម្តងទៀតដល់ឪពុក-ម្តាយ អាណាព្យបាល និងនារីគ្រប់រូបទាំងអស់សូម បង្កើនការប្រុងប្រយ័ត្នចំពោះឧបាយកលបោកប្រាសរបស់មេខ្យល់ហើយ ត្រូវជៀសវាងការធ្វើដំណើរខុស ច្បាប់ទៅកាន់ប្រទេសទាំងនោះ ដែលកន្លងមកបានបង្ហាញ ឱ្យឃើញថាពោរពេញដោយហានិភ័យ៕